‹‹មេរៀនស្រាវជ្រាវ បង្កើតឡើងក្នុង គោលបំណង ដើម្បើប្រមូល ព័ត៌មាន និង កំណត់ត្រាព្រឹត្តិការណ៍ និងប្រវត្តិសាស្រ្ត ផ្សេងៗ ដូចជា ចំណេះដឹងទូទៅ សេដ្ឋកិច្ច កសិកម្ម ប្រវត្តិសាស្រ្ត សុខភាពជាដើមចេញពីប្រភពផ្សេងៗ ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ គេហទំព័រ ជាដើម សម្រាប់ មិត្តអ្នកអាន ទាំងអស់ ទុកជាដំណឹង បទពិសោធន៍ ចំណេះដឹងថ្មី ។ ទំព័រនេះគឺជាប្រភេទ បណ្តាល័យ អេឡិកត្រូនិកតូច មួយ ដែល ចារឹក ប្រមូលផ្តុំ រក្សាទុក និង ចែករំលែក ឯកសារ ដែលបាន ចេញផ្សាយ ជាសាធារណៈ ដល់ មិត្តអ្នកអានទូទៅ ទុកជា ចំណេះដឹង ឯកសារយោងសម្រាប់ ការសិក្សា ការងារ និង បុព្វហេតុត្រឹមត្រូវ ។ ខ្ញុំសង្ឃឹមថាគេហទំព័រនេះអាចជាជ្រុងមួយសម្រាប់ជាជំនួយដល់បងប្អូនរួមជាតិក្នុងការសិក្សាស្រាវជ្រាវ សូមអរគុណ!

Wednesday, December 6, 2017

តួនាទី និងភារកិច្ច របស់ចៅក្រម និងព្រះរាជអាជ្ញាអមសាលាដំបូង​


ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

វិទ្យាស្ថានក្រុងអង្គរ

ស្ថាប័នយុត្តាធិការ


មហាវិទ្យាល័យនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច
Faculty of Law and Economic




កិច្ចការស្រាវជ្រាវ

តួនាទី និងភារកិច្ច របស់ចៅក្រម និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ
 បង្រៀនដោយលោកសាស្រ្ដាចារ្យ  សួន កុសល

ស្រាវជ្រាវដោយសិស្សនិស្សិត

               ​១-ទីន សុភ័ក្រមន្នី                          ២-ជួន ពិសី

និស្សិតឆ្នាំទី២ ឆមាសទី២ ជំនាន់ទី១៤ វគ្គសៅរ៍-អាទិត្យ ឆ្នាំសិក្សា២០១៦-២០១៧




ជំពូកទី១
តួនាទី និងភារកិច្ចរបស់ព្រះរាជអាជ្ញា

             I.   លក្ខណៈសម្បត្តិរបស់ព្រះរាជអាជ្ញា
       ១.១ ជំនាញវិជ្ជាជីវៈ
ព្រះរាជអាជ្ញា គឺជាមន្រ្ដីដែលស្ថិតនៅក្នុងស្ថាប័នអយ្យការ ជាអ្នកទទួលបន្ទុកស្វែងរកបទ​​ល្មើស​ព្រហ្មទណ្ឌ  ធ្វើការចោទប្រកាន់  និងសុំឱ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៊ើបសួរ​ និងយុត្តាធិការជំនុំជំម្រះ ក្នុងនាមផលប្រយោជន៍សង្គម ។​
អង្គការអយ្យការក៏ធានារ៉ាប់រងការ​អនុវត្តន៍សេចក្ដីសម្រេចខាងបទល្មើសព្រហ្មទណ្ឌព្រមទាំងធា​នា​​​ យកចិត្តទុក​ដាក់លើការផ្សព្វ​ផ្សាយដីកាបង្គាប់ឱ្យចាប់ខ្លួន ។
១.២ ការជ្រើសរើស
ការជ្រើសរើស និងការបណ្ដុះបណ្ដាលព្រះរាជអាជ្ញា ត្រូវអនុវត្តរួមគ្នាជាមួយនឹងការ​បណ្ដុះ​​​​បណ្ដាល​ចៅក្រម ។
យោងតាមគោលការណ៍ណែនាំស្ដីពី តួនាទីរបស់ព្រះរាជអាជ្ញា រដ្ឋត្រូវធានាថា បុគ្គល​​ដែលត្រូវបានជ្រើសរើសឱ្យធ្វើជាព្រះរាជអាជ្ញាត្រូវតែ ជាបុគ្គលដែលមានសុចរិត មានសមត្ថភាព​មានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានគុណសម្បត្តិ
១.៣ ការបណ្ដុះបណ្ដាល
ដូចគ្នាជាមួយនឹងចៅក្រមដែរមុននឹងក្លាយជាព្រះរាជអាជ្ញា គឺត្រូវបណ្ដុះបណ្ដាលបឋម​​​​ខាងវិជ្ជាជីវៈ​ ដែលមានរយៈពេល ២ឆ្នាំនៅសាលាភូមិន្ទចៅក្រម ព្រមទាំងឆ្លងកាត់កម្មសិក្សា​ដែលត្រូវបានកំណត់ ។
១.៤ ការតែងតាំង
សិស្សព្រះរាជអាជ្ញា ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយជោគ​ជ័យ​​ត្រូវតែង តាំង​ដោយព្រះរាជក្រឹត្យជាព្រះរាជអាជ្ញាកម្មសិក្សា ក្នុងឋានន្ដរសក្ដិជាអនុព្រះរាជអាជ្ញា​ថ្នាក់ដំបូងគេ ។
បន្ទាប់ពីបំពេញកម្មសិក្សាចប់សព្វគ្រប់ហើយ ព្រះរាជអាជ្ញាកម្មសិក្សាត្រូវតាំងស៊ុបក្នុងក្របខណ្ឌព្រះរាជអាជ្ញា និងមានឋានន្ដរសក្តិជាអនុព្រះរាជអាជ្ញាថ្នាក់ដំបូងគេ។
             II.     ​រចនាសម្ព័ន្ទ
          ព្រះរាជអាជ្ញាអមសាលាដំបូង មានឋានន្ដរសក្ដិជាវរៈព្រះរាជអាជ្ញា។ ព្រះរាជអាជ្ញារង​
អមសាលាដំបូងទាំងអស់មានឋានន្ដរសក្ដិជាវរៈព្រះរាជអាជ្ញា ឬអនុព្រះរាជអាជ្ញាឡើងទៅ។
          នៅអមសាលាដំបូងរាជធានីខេត្ត ត្រូវមានអង្គការអយ្យការមួយ ហៅថា “អយ្យការអមសាលាដំបូង”​ ។ អយ្យការអមសាលាដំបូង ត្រូវដឹកនាំដោយព្រះរាជអាជ្ញា ១រូប និងអមដោយព្រះរាជអាជ្ញារងមួយចំនួនតាមការចាំបាច់។ ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូង ជាតំណាងអយ្យការអមសាលាដំបូងដែលខ្លួនបំពេញការងារ។
          សមាសភាពអយ្យការអមសាលាដំបូងមាន៖
          -ព្រះរាជអាជ្ញា
          -ព្រះរាជអាជ្ញារង
          -ក្រឡាបញ្ជី
          -មន្រ្ដីរដ្ឋបាល និងអាចមានមន្រ្ដីជំនាញផ្នែកច្បាប់ផ្សេងទៀត ដែលបម្រើការងារ​នៅ​អយ្យការអមសាលាដំបូង។
២.១ ការគ្រប់គ្រង
ចៅក្រមអយ្យការគ្រប់រូប ត្រូវគោរពតាមធិបញ្ជាថ្នាក់លើរបស់ខ្លួនតាមឋានានុក្រម​ដែលរួមមាន ៖
-រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ គឺជានាយឋានានុក្រមនៃអង្គការអយ្យការ ហើយអាចធ្វើ​អធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរទៅអង្គការអយ្យការគ្រប់ជាន់ថ្នាក់ ។
អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ ជាសេនាធិការឱ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌លើកិច្ចការនេះ។
-អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល គឺជានាយឋានានុក្រមនៃមហាអយ្យការអម​តុលាការកំពូល​
-ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល​ត្រូវធ្វើការក្រោមការដឹកនាំ និងការទទួលខុសត្រូវរួមរបស់អគ្គព្រះរាជអាជ្ញាដែលជានាយ​ឋានានុក្រមរបស់ខ្លួន។
-អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ គឺជានាយឋានានុក្រមនៃមហាអយ្យការអម​​សាលាឧទ្ធរណ៍​
-ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍​ត្រូវធ្វើការក្រោមការដឹកនាំ និងការទទួលខុសត្រូវរួមរបស់អគ្គព្រះរាជអាជ្ញា ដែលជានាយ​ឋានានុក្រមរបស់ខ្លួន។
-ព្រះរាជអាជ្ញាអមសាលាដំបូង គឺជានាយឋានានុក្រមនៃ​អយ្យការអម​​សាលាដំបូង។ ព្រះរាជអាជ្ញាទាំងអស់នៃ​អយ្យការអមសាលាដំបូង ត្រូវធ្វើការក្រោមការដឹកនាំ និងការទទួលខុសត្រូវរួមរបស់​ព្រះរាជអាជ្ញា ដែលជានាយ​ឋានានុក្រមរបស់ខ្លួន។
២.២ ហិរញ្ញវត្ថុ
សាលាដំបូង និងអយ្យការអមសាលាដំបូង សាលាឧទ្ធរណ៍ និងមហាអយ្យការអម​សាលាឧទ្ធរណ៍ ព្រមទាំងតុលាការកំពូល និងមហាអយ្យការតុលាការកំពូល មានកញ្ចប់​ថវិកាដោយឡែកសម្រាប់ដំណើការ ដែលស្ថិតនៅក្នុងកញ្ចប់ថវិការបស់ក្រសួងយុត្តិធម៌។​ប្រធានសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ជាអាណាប័កទទួលសិទ្ធិពីរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌។
ការគ្រប់គ្រង និងការចាត់ចែងថវិការបស់សាលាជម្រះក្ដី និងអយ្យការអមសាលា​ជម្រះក្ដីត្រូវកំណត់ដោយអនុក្រឹត្យ។
           III.          តួនាទីរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង
៣.១ ទទួលពាក្យបណ្ដឹង
ព្រះរាជអាជ្ញា ទទួលបណ្ដឹងទាមទារ ឬបរិហារ ពី៖
-នគរបាលយុត្តិធម៌
-ជនរងគ្រោះ
ព្រះរាជអាជ្ញាថ្លឹងថ្លែងអំពីចំណាត់ការលើពាក្យប្ដឹង និងពាក្យបរិហារដែលខ្លួន​បាន​ទទួលដោយផ្ទាល់ ឬដែលមន្រ្ដីនគរបាលយុត្តិធម៌បញ្ជូនមក ។
៣.២ បើកការស៊ើបសួរ
នៅពេលព្រះរាជអាជ្ញា ទទួលពាក្យបណ្ដឹងទាមទារ ឬបណ្ដឹងបរិហារ ដែលខ្លួនបាន​ទទួលតាមរយៈ​មន្រ្ដី​នគរបាលយុត្តិធម៌ ព្រះរាជអាជ្ញាត្រូវចុះ ឬបង្គាប់ឱ្យក្រឡាបញ្ជីអយ្យការ​​ណាមួយឱ្យចុះពាក្យបណ្ដឹងក្នុងបញ្ជីនៃពាក្យបណ្ដឹងជាបន្ទាន់ ទោះជាបទល្មើសជាក់ស្ដែងក្ដី​ឬមិនជាក់ស្ដែងក្ដី វាខុសគ្នាត្រង់ថា មានខ្លួនជនជាប់សង្ស័យ ឬគ្មាន ។
បើសិនជាបទល្មើស​ជាក់ស្ដែងមានខ្លួនជនជាប់សង្ស័យព្រះរាជអាជ្ញាអាចសួរចម្លើយបាន ដោយគាត់អាចបង្គាប់​ឱ្យ​ក្រឡាបញ្ជីអយ្យការណាម្នាក់ សួរនាំយកចម្លើយជំនួសខ្លួន ហើយ​​​ព្រះរាជអាជ្ញាធ្វើដីកា​សន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរដោយចុះលេខពិសេស ហើយបញ្ជូនទៅប្រធានតុលាការ​ ដើម្បីចាត់ចៅក្រមស៊ើបសួរ ។
បើសិនគ្មានជនជាប់សង្ស័យទេ ក្រោយពីទទួលសំណុំរឿងពីមន្រ្ដីនគរបាលយុត្តិធម៌​មកនោះ ព្រះរាជអាជ្ញា ត្រូវធ្វើការស៊ើបសង្គេតបឋមរកវិមតិសង្ស័យតទៅទៀតនូវតម្រុយ​ចំណុចត្រង់ណាដែសង្ស័យ ដើម្បីធ្វើការចោទប្រកាន់ដោយសាកសួរ ដើមបណ្ដឹងរដ្ឋប្បវេណី ជនរងគ្រោះ ឬសាក្សី ។
ការផ្ដើមចោទប្រកាន់មិនទាន់ស្ថាពរទេ ហើយធ្វើការផ្ដើមចោទប្រកាន់ដោយតម្រុយ​ទៅចៅក្រមស៊ើបសួរ ។ កាលណាបានដឹងអំពីអំពើដែលអាចជាបទឧក្រិដ្ឋ បទជ្ឈឹម ឬបទលហុ​ មន្រ្ដីនគរបាលយុត្តិធម៌ អាចធ្វើការស៊ើបអង្កេតបឋមដោយខ្លួនឯង ឬតាមការសុំរបស់​ព្រះរាជអាជ្ញា។
                  IV.     អំណាច
៤.១ ការតម្កល់រឿងទុកឥតចាត់ការ
ប្រសិនបើព្រះរាជអាជ្ញាយល់ឃើញថា អំពើដែលគេប្ដឹងមកមិនមែនជាបទល្មើស​ព្រហ្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទណ្ឌ ឬគ្មានភស្ដុតាងណាមួយឱ្យជឿថា ពិតជាមានបទល្មើសកើតឡើងមែននោះ មានន័យថា អំពើប្រព្រឹត្តមិនមែនជាបទឧក្រឹដ្ឋ បទមជ្ឈិម ឬបទលហុ ដែលច្បាប់កំណត់ផ្ដន្ទាទោស ឬក៏គ្មានពិរុទ្ធភាពគ្រប់គ្រាន់សម្រាប់ធ្វើការចោទប្រកាន់ ឬគ្មានភស្ដុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទដូច្នេះព្រះរាជអាជ្ញានឹងចេញដីកាតម្កល់រឿងទុកឥតចាត់ការ​ ដោយមានសំអាងច្បាប់ និងសំអាងហេតុ។ ទោះជាយ៉ាងណាក្ដី សេចក្ដីសម្រេចនេះពុំមាន​អាជ្ញាអស់ជំនុំទេដោយព្រះរាជអាជ្ញា អាចរើកែប្រែសេចក្ដីសម្រេចរបស់ខ្លួនវិញ នៅពេល​ដែលបណ្ដឹងអាជ្ញាមិនទានរលត់។
សូមបញ្ជាក់ថាផងដែថា ព្រះរាជអាជ្ញា អាចធ្វើការរំលត់បណ្ដឹងអាជ្ញាបានដែរ​ ក្នុង​លក្ខខណ្ឌដូចខាងក្រោមនេះ ៖
-មរណភាពនៃជនល្មើស
-ការផុតអាជ្ញាយុកាល
-ការលើកលែងទោសជាទូទៅ
-អាជ្ញាអស់ជំនុំ
៤.២ សេចក្ដីសម្រេចក្នុងការចោទប្រកាន់
នៅពេលដែលមានភស្ដុតាង​​ធួនល្មមអាចជឿបានថា ជនសង្ស័យអាចនឹងប្រព្រឹត្ត​អំពើដែលគេប្ដឹងមកនោះមែន ព្រះរាជអាជ្ញានឹងចាប់ផ្ដើមធ្វើការចោទប្រកាន់។ ដោយឡែក​ការផ្ដើមចោទប្រកាន់មានច្រើនសណ្ឋានក្នុងករណីមន្រ្ដីរាជការណាម្នាក់ត្រូវបានតុលាការ​ចោទប្រកាន់ព្រះរាជអាជ្ញាត្រូវជូនដំណឹងអំពីការចោទប្រកាន់នោះទៅប្រធានស្ថាប័នសាមី​ក្នុងរយៈពេល៧២ម៉ោងយ៉ាងយូ។
ទាក់ទងទៅនឹងអនីតិជនដែលជាជនជាប់សង្ស័យ សេចក្ដីណែនាំអំពីការអនុវត្តន៍គោលការណ៍នានាក្នុងច្បាប់ជាតិ និងអន្ដរជាតិដែលកំពុងនៅជាធរមានទាក់ទងនឹងយុត្តិធម៌អនីតិជនចេញដោយរដ្ឋមន្រ្ដីក្រសួង​យុត្តិធម៌ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៩ បានកំណត់ថា “ប្រសិនបើមានភាពមិនច្បាស់លាស់អំពីអាយុរបស់អនីតិជនដែលជាប់សង្ស័យនោះ ព្រះរាជអាជ្ញាគប្បីធ្វើការស៊ើបអង្គេតបន្ថែមដើម្បីស្វែងរកការពិតនៃអាយុរបស់អនីតិជនដែល​ជាប់សង្ស័យនោះ “។
ក-បើកការស៊ើបសួរ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ គឺជាដីកាដែលព្រះរាជ​​​អាជ្ញាប្ដឹងទៅចៅក្រម​ស៊ើបសួរឱ្យធ្វើការស៊ើបសួរលើអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរត្រូវមាន​និទ្ទេសដូចកំណត់ក្នុងមាត្រា ៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ពោលគឺ៖
-សេចក្ដីសង្ខេបនៃអង្គហេតុ
-ការកំណត់ឈ្មោះបទល្មើស
-ការបង្ហាញអត្ថបទច្បាប់ដែលកំណត់ និងបង្រ្កាបបទល្មើស
-ឈ្មោះបុគ្គលដែលត្រូវរងការស៊ើបសួរ ប្រសិនបើអាចកំណត់បាន (ក្នុងករណី​មិនអាចកំណត់បានអាចបើកការស៊ើបសួរប្រឆាំងនឹង អញ្ញាតជន ពោលគឺជនមិនស្គាល់
-ជនជាប់ចោទជានីតិជន
-រឿងក្ដីមានលក្ខណៈគ្រប់គ្រាន់ល្មមជំនុំជម្រះបាន។
            ខ-ការបញ្ជូនទៅជំនុំជម្រះផ្ទាល់ ក្នុងករណីនេះ ព្រះរាជអាជ្ញា ចេញដីកាបញ្ជូនរឿងទៅ​ជំនុំជម្រះផ្ទាល់ ហើយការបញ្ជូនទៅជំនុំជម្រះផ្ទាល់នេះអាចធ្វើបានតែចំពោះបទល្មើស​មជ្ឈិមជាក់ស្ដែង និងបទល្មើសលហុតែប៉ុណ្ណោះ ។
          គ-នីតិវិធីបង្ហាញខ្លួនភ្លាម ប្រសិនបើលក្ខខណ្ឌនៃមាត្រ ៤៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ត្រូវបានបំពេញ ព្រះរាជអាជ្ញាអាចប្រើប្រាស់នីតិវិធីនេះបាន ដោយគ្រាន់តែធ្វើកំណត់​ហេតុ​ប៉ុណ្ណោះ ពុំមានចេញដីកាសន្និដ្ឋានអ្វីទេ ។ លក្ខខណ្ឌដែលអាចឱ្យប្រើប្រាស់នីតិវិធីនៃការ​បង្ហាញខ្លួនភ្លាមបាន មានដូចជា
          -បទមជ្ឈិមជាក់ស្ដែង
          -បទល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារយ៉ាងតិ១ឆ្នាំ និងយ៉ាងច្រើន៥ឆ្នាំ ។
ហេតុ​នេះប្រសិនបើជនល្មើសត្រូវចោទប្រកាន់ ពីបទប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នីតិវិធីនៃការបង្ហាញខ្លួនភ្លាមមិនអាចយកមកប្រើបានឡើយ ។
          -ជនជាប់ចោទជានីតិជន
          -រឿងក្ដីមានលក្ខណៈគ្រប់គ្រាន់ល្មមអាចជំនុំជម្រះបាន ។
         V.            មុខងារអង្គការអយ្យការ
៥.១ មុខងាររបស់អយ្យការនៅក្នុងរឿងព្រហ្មទណ្ឌ
យោងតាមមាត្រា ១៣០ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ​បានចែងថា “មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្ដឹងអាជ្ញា” ។
យោងមាត្រា​ ៥​កថាខណ្ឌ២ នៃច្បាប់ស្ដីពីការចាត់តាំង និងសកម្មភាពសាលាជម្រះក្ដី ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៩៣ បានចែងថាក្នុងរឿងព្រហ្មទណ្ឌក្រុមអយ្យការជាម្ចាស់នៃបណ្ដឹងអាជ្ញា និងធ្វើ​ការ​សន្និដ្ឋានទោសដោយតាំងខ្លួនជាគូក្ដីដើមជាដរាប។
យោងមាត្រា ៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ​២០០៧ បានចែងបន្ថែមទៀតថា បណ្ដឹង​អាជ្ញា ត្រូវអនុវត្តក្នុងនាមនៃផលប្រយោជន៍ដោយអយ្យការ បានន័យថាព្រះរាជអាជ្ញាជាម្ចាស់បណ្ដឹងអាជ្ញា និងជាគូក្ដីដើមក្នុងរឿងព្រហ្មទណ្ឌ​ដើម្បីការពារ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម តាមរយៈការចោទប្រកាន់ប្រឆាំងនឹង​​បុគ្គលទាំងឡាយណាដែលបានរំលោភច្បាប់។
យោងមាត្រា ៨ កថាខណ្ឌ​ ៤ នៃសេចក្ដីព្រាងច្បាប់រៀបចំអង្គការតុលាការ និងមាត្រា​ ២៧ កថាខណ្ឌ ៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ បានចែង​បញ្ជាក់ថា ព្រះរាជអាជ្ញាត្រូវតែមានវត្តមាននៅគ្រប់សវនាការទាំងអស់នៃរឿងក្ដីព្រហ្ម​ទណ្ឌ ដែលក្នុងរឿងក្ដីព្រហ្មទណ្ឌនេះព្រះរាជអាជ្ញាជាអ្នកប្ដឹងទៅតុលាការ ហើយត្រូវតែ​បង្ហាញឱ្យបានច្បាស់នូវអ្វីដែលខ្លួនបានចោទប្រកាន់។ ក្នុងពេលជំនុំជម្រះតំណាងអយ្យការ​​ត្រូវចូលរួម ជាចំបាច់ បើពុំដូច្នោះទេ តុលាការមិនអាចធ្វើការជំនុំជម្រះ ឬកាត់ទោសជនល្មើសបានឡើយ ។ ព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ខាងព្រហ្មទណ្ឌ និងសន្និដ្ឋានឱ្យមាន​ការអនុវត្តន៍ច្បាប់ ហើយព្រះរាជអាជ្ញា ក៏ធានារ៉ាប់រងការអនុវត្តន៍សេចក្ដីសម្រេចខាងព្រហ្មទណ្ឌ និងសិទ្ធិធ្វើបណ្ដឹងអាជ្ញា សិទ្ធិអំណាចធ្វើការស៊ើបអង្គេតបឋមក្នុងករណីកើតមានបទ​ល្មើស ឧក្រិដ្ឋ ឬបទល្មើសមជ្ឈិមជាក់ស្ដែង អំណាចធ្វើការចាប់ខ្លួន ការឃាត់ខ្លួន ចោទប្រកាន់ និងសិទ្ធិអំណាចច្រើនទៀតដែលច្បាប់បានផ្ដល់ឱ្យ ។
 ៥.២ មុខងារនៅក្នុងការអនុវត្តន៍សាលក្រម
សាលក្រមចូលជាស្ថាពរ គឺមានន័យថាផុតរយៈពេលប្ដឹងទាស់ និងប្ដឹងឧទ្ធរណ៍ហើយ​គឺមិនអាចធ្វើការកែប្រែបានឡើយ សូម្បីតែព្រះរាជអាជ្ញា ហើយតុលាការសាមីដែល​ចេញសាលក្រមនោះក៏មិនអាចកែប្រែសេចក្ដីសម្រេចរបស់ខ្លួនបានដែរ។
ចំពោះសាលក្រមព្រហ្មទណ្ឌ ដែលចូលជាស្ថាពរហើយតម្រូវឱ្យមានការដាក់ទោស​ជនសង្ស័យ ឬជនត្រូវចោទទោះបីមិនមានការស្នើសុំពីភាគីដើមបណ្ដឹង ក៏ព្រះរាជអាជ្ញាត្រវ​អនុវត្តភ្លាមដែរព្រោះគាត់ជាដើមបណ្ដឹងអាជ្ញា។
ការចុះអនុវត្តសាលក្រមនេះ ត្រូចបែងចែកជាពីរផ្នែក គឺ៖
ក-សាលក្រមស្ថាពរចំពោះមុខ
ព្រះរាជអាជ្ញា ជាអ្នកអនុវត្តសាលក្រមដោយក្នុងករណីចាំបាច់ ព្រះរាចអាជ្ញា អាចកេណ្ឌកម្លាំងសាធារណៈបាន បើសាលក្រមស្ថាពរសម្រេចត្រូវផ្ដន្ទាទោសជនជាប់ចោទដាក់​ពន្ធនាគារ ដូច្នេះព្រះរាជអាជ្ញា ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទដាក់ពន្ធនាគារតាម​អំណាចរបស់សាលក្រម ។
ចំណាំ
ក្នុងករណីសាលក្រមមិនទាន់ចូលជាស្ថាបរ ភាគីអាច៖
-ប្ដឹងទាស់ចំពោះសាលក្រមចំពោះមុខ
-ប្ដឹងឧទ្ធរណ៍ចំពោះសាលក្រមចំពោះមុខ
ខ-សាលក្រមកំបាំងមុខ
សាលក្រមកំបាំមុខក៏ជាអំណាចរបស់ព្រះរាជអាជ្ញាផងដែរ ក្នុងការអនុវត្តន៍សាល​ក្រមនេះ
ហើយការអនុវត្តន៍សាលក្រមនេះវាមានលក្ខណៈស្រដៀងគ្នាទៅនឹងការអនុវត្តន៍​សាលក្រមចំពោះមុខដែរ។ បន្ទាប់ពីទទួលសម្រង់សាលក្រមព្រហ្មទណ្ឌរួចមក ក្រឡាបញ្ជី​ត្រូវ​​​ចុះហត្ថលេខាទទួល​យកសម្រង់សាលក្រមនេះ ប្រសិនបើត្រូវផ្ដន្ទាទោសឱ្យដាក់ពន្ធនាគារនោះជាមួយ​សម្រង់សាលក្រមរបស់ចៅក្រមជំនុំជម្រះមកដាក់ពន្ធនាគារតាមសាលក្រម ហើយបញ្ជូនទៅ​ស្នងការដ្ឋាននគរបាលគ្រប់ទីកន្លែងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរក​ចាប់ខ្លួនជនល្មើស។
ចំណាំ
ក្នុងករណីសាលក្រមមិនទាន់ចូលជាស្ថាបរ ភាគីអាច៖
-ប្ដឹងទាស់ចំពោះសាលក្រមកំបាំងមុខ
-ប្ដឹងឧទ្ធរណ៍ចំពោះសាលក្រមកំបាំងមុខ

ជំពូកទី២
តួនាទី និងភារកិច្ចរបស់ចៅក្រមស៊ើបសួរ

             I.            លក្ខណៈសម្បត្តិរបស់ចៅក្រម
            ១.១ ជំនាញវិជ្ជាជីវៈ
ចៅក្រម គឺជាមន្រ្ដីសាធារណៈដែលទទួលការជ្រើសតាំងឱ្យដឹកនាំគ្រប់គ្រងកិច្ចការ​ច្បាប់នៅតាមសាលាជម្រះក្ដី ។ មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្ដី ដែលចៅក្រម​ត្រូវ​បំពេញភារកិច្ចនេះដោយគោរពយ៉ាងម៉ឺងម៉ាត់ឱ្យអស់ពីដូងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន ។
នៅក្នុងអាជីបរបស់ខ្លួនចៅក្រមអាចត្រូវបានតែងតាំងជាព្រះរាជអាជ្ញា ហើយព្រះរាជ​អាជ្ញា ក៏អាចត្រូវតែងតាំងជាចៅក្រមវិញបានដែរ។
​          ១.២ ការជ្រើសរើស
បុគ្គលដែលត្រូវការជ្រើសរើសសម្រាប់ឱ្យបំពេញមុខងារជាចៅក្រម​ត្រូវតែជាអ្នក​មានសមត្ថភាព ​ និងជាអ្នកសុចរិតមានសីលធម៌ស្អាតស្អំ បើយោងតាមសេចក្ដីព្រាងច្បាប់​ស្ដីពីលក្ខន្ដិកៈចៅក្រម​ និងព្រះរាជអាជ្ញា បុគ្គលដែលត្រូវបានអនុញ្ញាតឱ្យប្រឡងជ្រើសរើសជា​សិស្សចៅក្រម ចាំបាច់ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
-ត្រូវមានសញ្ជាតិខ្មែរពីកំណើត
-មានអាយុ៣៥ឆ្នាំយ៉ាងច្រើន ចំពោះបេក្ខជនជានិស្សិត និងមានអាយុ៤០ឆ្នាំយ៉ាង​ច្រើនចំពោះបេក្ខជនជាមន្រ្ដីរាជការ គិតដល់ថ្ងៃប្រឡង
-ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
-មិនដែលមានទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ
-ត្រូវមានកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន។
ការជ្រើសរើសបញ្ជូលក្នុងក្របខណ្ឌចៅក្រម ក៏អាចធ្វើឡើងតាមរយៈការប្រឡង​ប្រជែងផ្ទៃក្នុងពីក្នុងចំណោមមន្រ្ដីរាជការ និងក្រឡាបញ្ជី ដែលមានលក្ខខណ្ឌដូចខាងក្រោម៖
-ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
-មានបទពិសោធន៍ក្នុងវិស័យច្បាប់ ឬយុត្តិធម៌យ៉ាងតិច ៥ឆ្នាំ
-មានអាយុមិនលើសពី ៤៥ឆ្នាំ គិតដល់ថ្ងៃប្រឡង។
ចំពោះមេធាវី ក៏អាចប្រឡងចូលក្របខណ្ឌនេះបានដែរតោយត្រូវគោរពតាមគោលការណ៍ទាំង ៣ ចំណុច ខាងលើនេះ ។
១.៣ ការបណ្ដុះបណ្ដាល
សាលាភូមិន្ទចៅក្រមជ្រើសរើស និងធានារ៉ាបរង ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈចៅក្រម ការបណ្ដុះបណ្ដាលបន្ដ និងវិក្រឹត្យការ ចៅក្រម និងព្រះរាជអាជ្ញាដែលកំពុងបំពេញ​ការងារនៅតាមសាលាជម្រះក្ដីនៃព្រះរាជាណាចក្រកម្ពុជា។ សិស្សចៅក្រមទទួលការបណ្ដុះបណ្ដាលដែលមានរយៈពេល ២ឆ្នាំនៅសាលាភូមិន្ទចៅក្រម ព្រមទាំងឆ្លងកាត់កម្មសិក្សា​ដែលត្រូវបានកំណត់ ។
១.៤ ការតែងតាំង
សិស្សចៅក្រម ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយជោគ​ជ័យ​​ត្រូវតែងតាំងដោយព្រះរាជក្រឹត្យជាចៅក្រមកម្មសិក្សា ក្នុងឋានន្ដរសក្ដិជាអនុចៅក្រម​ថ្នាក់ដំបូងគេ ។
បន្ទាប់ពីបំពេញកម្មសិក្សាចប់សព្វគ្រប់ហើយ ព្រះរាជអាជ្ញាកម្មសិក្សាត្រូវតាំងស៊ុបក្នុងក្របខណ្ឌចៅក្រម និងមានឋានន្ដរសក្តិជាអនុចៅក្រមថ្នាក់ដំបូងគេ។
       II.        រចនាសម្ព័ន្ធ
សាលាដំបូងគឺជាសាលាជម្រះក្ដីថ្នាក់ទីមួយ ដែលត្រូវបង្កើតឡើងឱ្យមាននៅគ្រប់​រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ។
ការដាក់ឱ្យដំណើការសាលាដំបូងនានា ត្រូវធ្វើឡើយដោយព្រះរាជក្រឹត្យ សាលា​ដំបូង ត្រូវបែងចែកជាតុលាការជំនាញ ហើយក៏ជាសាលាជម្រះក្ដីទូរទៅដែលមានសមត្ថកិច្ច​ជំនុំជម្រះក្ដីទៅលើរឿងក្ដីទាំងអស់ លើកលែងតែរឿងក្ដីដែលស្ថិតនៅក្រោមសមត្ថកិច្ចនៃសាលាជម្រះក្ដីពិសេស ឬសាលាជម្រះក្ដីវិសមញ្ញដែលបង្កើតឡើងដោយច្បាប់ដោយឡែក។
សមាសភាពសាលាដំបូងរូមមាន ៖
-ប្រធាន
-អនុប្រធាន
-ចៅក្រម
-ក្រឡាបញ្ជី
-មន្រ្ដីរដ្ឋបាល និងអាចមានមន្រ្ដីជំនាញផ្នែកច្បាប់ផ្សេងទៀត ដែលបម្រើការងារ​នៅ​អយ្យការ​អម​សាលាដំបូង។
v  សាលាដំបូងនីមួយៗ បែងចែកជាតុលាការជំនាញ ដូចខាងក្រោម ៖
-តុលាការរដ្ឋប្បវេណី
-តុលាការព្រហ្មទណ្ឌ
-តុលាការពាណិជ្ជកម្ម
-តុលាការការងារ
-តុលាការបរិស្ថាន
v   តុលាការជំនាញផ្សេងទៀតរបស់សាលាដំបូង ចេញសេចក្ដីសម្រេចរបស់ខ្លួនប្រកប​​​ដោយស្វ័យភាពក្នុងដែលសមត្ថកិច្ចរបស់ខ្លួន ក្នុងនាមសាលាដំបូងដែលតុលាការជំនាញនោះស្ថិតនៅ​​​។
          សមាសភាពតុលាការជំនាញនីមួយៗរួមមាន៖
          -ប្រធានតុលាករ
          -ចៅក្រម
          -ក្រឡាបញ្ជី
            ២.១ ការគ្រប់គ្រងរដ្ឋបាល
          នៅសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់មានអង្គភាពរដ្ឋបាលមួយស្ថិតនៅក្រោមរដ្ឋបាល​កណ្ដាលរបស់ក្រសួងយុត្តិធម៌សម្រាប់គាំទ្រដល់កិច្ចដំណើរការរបស់អង្គការតុលាការ និងអង្គការអយ្យការ ។ នៅថ្នាក់សាលាដំបូង អង្គភាពរដ្ឋបាលនេះហៅហាថា “លេខាធិការដ្ឋាន​រដ្ឋបាលសាលាដំបូង” មានថ្នាក់ស្មើនឹងនាយកដ្ឋាន ។
            ២.២ ហិរញ្ញវត្ថុ
សាលាដំបូង និងអយ្យការអមសាលាដំបូង សាលាឧទ្ធរណ៍ និងមហាអយ្យការអម​សាលាឧទ្ធរណ៍ ព្រមទាំងតុលាការកំពូល និងមហាអយ្យការតុលាការកំពូល មានកញ្ចប់​ថវិកាដោយឡែកសម្រាប់ដំណើការ ដែលស្ថិតនៅក្នុងកញ្ចប់ថវិការបស់ក្រសួងយុត្តិធម៌។​ប្រធានសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ជាអាណាប័កទទួលសិទ្ធិពីរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌។
ការគ្រប់គ្រង និងការចាត់ចែងថវិការបស់សាលាជម្រះក្ដី និងអយ្យការអមសាលា​ជម្រះក្ដីត្រូវកំណត់ដោយអនុក្រឹត្យ។
 III.            ចៅក្រមស៊បសួរ
៣.១ សមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ
ចៅក្រមដែលមានសមត្ថកិច្ចគឺ
-ចៅក្រមស៊ើបសួរនាទីកន្លែងបទល្មើស
-ចៅក្រមស៊ើបសួរនាលំនៅដ្ឋាន ឬ ទីសំណាក់របស់បុគ្គលដែលជាប់សង្ស័យថាបាន​ប្រព្រឹត្តបទ​មើស
-ចៅក្រមស៊ើបសួរនាទីកន្លែងចាប់ខ្លួនបុគ្គលដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស
        IV.            តួនាទីរបស់ចៅក្រមស៊ើបសួរ
៤.១ ទទួលពាក្យបណ្ដឹង
ចៅក្រមស៊ើបសួរ ទទួលពាក្យបណ្ដឹងអំពីអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋាន​​​​បញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា ។
៤.២ បើកការស៊ើបសួរ
ចៅក្រមស៊ើបសួរ ត្រូវស៊ើបសួរតែអង្គហេតុតែប៉ុណ្ណោះ ប្រសិនបើលេចអង្គហេតុថ្មី ដែលអាចជាបទល្មើសព្រហ្មទណ្ឌនៅក្នុងពេលស៊ើបសួរ ចៅក្រមស៊ើបសួរត្រូវជូនព័ត៌មាន​អំពីអង្គហេតុថ្មីនោះទៅព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញាអាចប្ដឹងសុំឱ្យចៅក្រមស៊ើបសួរបើកការស៊ើបសួរអំពីអង្គហេតុថ្មីនោះតាម ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែម បើ​គ្មានដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមទេ ចៅក្រមស៊ើបសួរគ្មានសិទ្ធិអំណាចស៊ើប​សួរអំពីអង្គហេតុថ្មីនោះបានឡើយ ។ ប៉ុន្ដែចៅក្រមស៊ើបសួរ មិនចាំបាច់សុំដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមទេ ប្រសិនបើអង្គហេតុថ្មីនោះជាស្ថានទម្ងន់ទៅលើអង្គហេតុ​ដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរដំបូង។
ចៅក្រមស៊ើបសួរ អាចសុំឱ្យចៅក្រមផ្សេង ឬមន្រ្ដីនគរបាលយុត្តិធម៌ ឬអង្គភាពនគរ​បាលយុត្តិធម៌បំពេញកិច្ចខ្លះ តាមដីកាចាត់ឱ្យស៊ើបសួរជំនួស ។
ចៅក្រមស៊ើបសួរ អាចចុះទៅដល់ទីកន្លែងជាមួយក្រឡាបញ្ជីរបស់ខ្លួននៅលើវិសាលភាពសមត្ថកិច្ចដែលដីនៃតុលាការជាន់ដំបូង ដើម្បីបំពេញកិច្ចស៊ើបសួរដែលខ្លួនយល់ថាមានប្រយោជន៍ ជាអាទិ៍ ការពិនិត្យសម្ភារៈ ការឆែកឆេរ និងការចាប់យកវត្ថុតាង តែចៅក្រមស៊ើបសួរត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញាអំពីការចុះទៅពិនិត្យនោះ ក្នុងករណីនោះ ព្រះរាជអាជ្ញាអាចចុះទៅជាមួយចៅក្រមស៊ើបសួរនោះ។
ក- ដីកាដំណោះស្រាយ
​សេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរ គឺគេចង់សំដៅទៅលើសេចក្ដីសម្រេចរបស់​ចៅក្រមស៊ើបសួរដែលត្រូវបានគេឱ្យឈ្មោះថា “សេចក្ដីសម្រេច” វាជាការសម្រេចសេចក្ដី​ដែលតុលាការ ឬចៅក្រមអាចធ្វើដោយមិនឆ្លងកាត់ការទាញហេតុផលដោយផ្ទាល់មាត់បាន​ចៅក្រមស៊ើបសួរបិតការស៊ើបសួរតាមដីកាដំណោះស្រាយ ដីកានេះអាចជាដីការបញ្ជូនទៅ​ជំនុំជម្រះ ឬដីកាលើកលែងចោទប្រកាន់ ។
ក-កាលលើកលែងចោទប្រកាន់
ចៅក្រមស៊ើបសួរ ចេញដីការលើកលែងចោទប្រកាន់នៅក្នុងករណីដូចតទៅ៖
-អំពើប្រព្រឹត្តមិនមែនជាបទឧក្រិដ្ឋ បទមជ្ឈឹម ឬបទលហុ
-ជនប្រព្រឹត្តអំពើនោះនៅតែមិនស្គាល់
-គ្មានភស្ដុតាងដាក់បន្ទុកគ្រប់គ្រន់លើជនត្រូវចោទ។
ករណីនេះចៅក្រមស៊ើបសួរ មិនអាចដោះលែងជននោះភ្លាមបានទេ លុះត្រាតែផុត​ររយៈពេលប្ដឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញា ដែលមានរយៈពេល១ខែ គិត​ពីពេលប្រកាសដីកា សម្រាប់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និង៥ថ្ងៃ គិតចាប់ពី​ថ្ងៃ​ជូនដំណឹងពីដីកាសម្រាប់អគ្គព្រះរាជអាជ្ញា ជនត្រូវចោទ ដើមបណ្ដឹងរដ្ឋប្បវេណី និងជនដែលសុំឱ្យប្រគល់វត្ថុចាប់យកឱ្យខ្លួនវិញ ។
ខ-បញ្ជូនទៅជំនុំជម្រះ
ប្រសិនបើយល់ឃើញថា អំពើនោះជាបទឧក្រិដ្ឋ បទមជ្ឈឹម ឬបទលហុ ចៅក្រមស៊ើបសួរសម្រេច​បញ្ជូនជនត្រូវចោទទៅមុខតុលាការជំនុំជម្រះ ការបញ្ជូនជនត្រូវចោទ​ទៅតុលាការជំនុំ​ជម្រះ​​នេះធ្វើឡើយតាមរយៈ “ដីកាបញ្ជូនសំណុំរឿងទៅជំនុំជម្រះ” ដោយដីកា​នេះត្រូវរៀបរាប់អំពើដែលត្រូវចោទប្រកាន់ និងឈ្មោះបទល្មើសតាមច្បាប់។

ដីកានេះ ត្រូវជូនដំណឹងក្នុងរយៈពេលខ្លីបំផុតដល់ ព្រះរាជអាជ្ញា ជនត្រូវចោទ និង​ដើមបណ្ដឹងរដ្ឋប្បវេណី។
ជំពូកទី៣
តួនាទី និងភារកិច្ចរបស់ចៅក្រមជំនុំជម្រះ

            I.             ចៅក្រមជំនុំជម្រះ
    ១.១ សមត្ថកិច្ចរបស់ចៅក្រមជំនុំជម្រះ
          តុលាការដែលមានសមត្ថកិច្ចខាងដែនដី គឺ៖
          -តុលាការនាកន្លែងបទល្មើស
          -តុលាការនាលំនៅឋានរបស់ជនជាប់ចោទ
          -តុលាការនាទីកន្លែងចាប់ខ្លួនជនជាប់ចោទ។
          ក្នុងករណីដែលមានតុលាការ ពីរ ឬច្រើន ដែលស្ថិតនៅក្នុងមណ្ឌលនៃសាលា​ឧទ្ធរណ៍តែមួយបានទទួលពាក្យបណ្ដឹងលើសំណុំរឿងតែមួយដូចគ្នា ប្រធានសាលាឧទ្ធរណ៍​ចាត់តាំងតុលាការដែលនឹងត្រូវទទួលបន្ទុកលើសំណុំរឿង។
            វិវាទដែនដីរវាងតុលាការច្រើនដែលមានថ្នាក់ស្មើគ្នា ត្រូវសម្រេចដោយប្រធាន​តុលា​ការជាន់ខ្ពស់ដោយការសម្រេចនេះបិតផ្លូវតវ៉ា។
         II.            តូនាទីរបស់ចៅក្រមជំនុំជម្រះ
                ២.១ ទទួលពាក្យបណ្ដឹង
យោងតាមមាត្រ ២៩១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ​២០០៧ ចែងថាក្នុងរឿងក្ដីព្រហ្មទណ្ឌ សាលាដំបូងត្រូវទទួលបណ្ដឹងដោយ៖
-ដីកាបញ្ជូនរបស់ចៅក្រមស៊ើបសួរ ឬសាលដីកាបញ្ជូនរបស់សភាស៊ើបសួរ
-ដីកាបញ្ជូនទៅតុលាការជំនុំជម្រះដោយផ្ទាល់របស់ព្រះរាជអាជ្ញា
-កំណត់ហេតុស្ដីពីការចូលបង្ហាញខ្លួនភ្លាមដែលធ្វើដោយព្រះរាជអាជ្ញា។
នៅពេលដែលពាក្យបណ្ដឹងត្រូវបានដាក់ហើយ ប្រធានតុលាការ ត្រូវធ្វើកំណត់កាល​បរិច្ឆេទនៃសវនាការ ។
២.២ សវនាការ
សាលាដំបូងជំនុំជម្រះបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ ។ សាលាដំបូងសម្រេច​ជា​ក្រុមសមូហភាពដែលមានចៅក្រម៣រូប ចំពោះបទឧក្រិដ្ឋ ព្រមទាំងបទមជ្ឈិម និងបទលហុ ដែលជាប់ទាក់ទង សាលាដំបូងក៏អាចសម្រេចជាចៅក្រមទោលបានដែរ ចំពោះបទមជ្ឈិម និងបទលហុ។
មានតែសាលាជម្រះក្ដីតែប៉ុណ្ណោះទើបមានសិទ្ធិអំណាចកាត់សេចក្ដី និងប្រកាស​​​​សេចក្ដីសម្រេចរបស់តុលាការបាន ។ ចៅក្រម គឺជាបុគ្គលតែមួយគត់ដែលមានសិទ្ធិអំណាចក្នុងការជម្រះក្ដីផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរក៏ដូចជាសង្គមជាតិ។រាល់​ការ​ជម្រះ​​​ក្ដីរបស់ចៅ​ក្រមត្រូវធ្វើក្នុងនាមប្រជារាស្រ្ដខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន ដោយត្រូវគោរពច្បាប់​យ៉ាងម៉ឺងម៉ាត់ឱ្យអស់ពីដូងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន។
ការពិភាក្សាដេញដោលប្រព្រឹត្តទៅនៅពេលសវនាការជាសាធារណៈ ប៉ុន្ដែប្រសិនបើ​តុលាការយល់ឃើញថា ភាពជាសាធារណៈនាំឱ្យមានគ្រោះថ្នាក់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬដល់ទំនៀមទម្លាប់ តុលាការអាចបង្គាប់ឱ្យធ្វើការពិភាក្សាដេញដោលជាសម្ងាត់ទាំងស្រុង ឬ​​មួយផ្នែកបានតាមសេចក្ដីសម្រេចដោយសំអាងហេតុ។
២.៣ សេចក្ដីសម្រេចរបស់តុលាការ
សេចក្ដីសម្រេចរបស់តុលាការជាន់ទាប់តូ្រវបានគេឱ្យឈ្មោះថា សាលក្រម
 សាលក្រម គឺជាការសម្រេចសេចក្ដីដែលតុលាការធ្វើលិខិតសាលក្រមដែលមាន​លក្ខណៈ
គ្រប់គ្រាន់ទៅតាមទម្រង់ដែលច្បាប់បានកំណត់ ហើយកើតមានអានុភាពដោយសារការប្រកាសដោយផ្អែកលើលិខិតសាលក្រមនេះ ។ គ្រប់សាលក្រម ត្រូវតែប្រកាសនៅពេល​សវនាការសាធារណៈ ផ្នែកនៃសេចក្ដីសម្រេចត្រូវអានឱ្យខ្លាំងៗដោយប្រធានសវនាការ ។
          ចំពោះការប្រកាសអំពីពិរុទ្ធភាពតុលាកាត្រូវពិនិត្យមើល ៖
          -តើអំពើនោះជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ
          -ជនជាប់ចោទបានប្រព្រឹត្តអំពើដែលចោទប្រកាន់លើខ្លួន ឬទេ?
ប្រសិនបើពិនិត្យឃើញពិរុទ្ធភាពលើជនជាប់ចោទ តុលាការប្រកាសផ្ដន្ទាទោសតាម​ច្បាប់បញ្ញត្តិ ។ បើសិនតុលាការយល់ឃើញថាអំពើនោះមិនមែនជាបទល្មើសទេ ឬក៏ជនជាប់ចោទគ្មានកំហុសទេ ជនជាប់ចោទនោះត្រូវបានសម្រេចឱ្យរួចផុតពីបទចោទ។
 សាលក្រមអាចត្រូវបែងចែកជា ៣ប្រភេទ គឺ៖
-សាលក្រមចំពោះមុខ ៖ ប្រសិនបើជនជាប់ចោទចូលមកបង្ហាញខ្លួននៅពេល​សវនាការនោះសាលក្រមជាសាលក្រមចំពោះមុខជនជាប់ចោទ ។
-សាលក្រមដែលត្រូវចាត់ទុកថាចំពោះមុខ ប្រសិនបើជនជាប់ចោទមិនចូលបង្ហាញ​​ខ្លួននៅពេលសវនាការទេ ប៉ុន្ដែសាមីខ្លួនបានដឹងអំពីការបញ្ជូនខ្លួនទៅជំនុំជម្រះផ្ទាល់ ឬ​បាន​ដឹងពីការកោះហៅហើយនោះ សាលក្រមចាត់ទុកថា ជាសាលក្រមចំពោះមុខជនជាប់ចោទ ។​
-សាលក្រមកំបាំងមុខ ៖ ប្រសិនបើជនជាប់ចោទមិនចូលបង្ហាញខ្លួននៅពេលសវនាការទេ ហើយគ្មានភស្ដុតាងបង្ហាញឱ្យឃើញថា សាមីខ្លួនបានដឹងពីការបញ្ជូនខ្លួនទៅជំនុំជម្រះ ឬបានដឹងអំពីការកោះហៅនោះទេ សាលក្រមនោះត្រូវបានប្រកាសកំបាំងមុខជនជាប់ចោទ​។
       III.            បណ្ដឹងទាស់អំពីសាលក្រម
សាលក្រមព្រហ្មទណ្ឌ អាចត្រូវប្ដឹងទាស់ និងប្ដឹងឧទ្ធរណ៍ដោយភាគីបាន ។
៣.១ បណ្ដឹងទាស់
ក្រោយពីសាលក្រម ត្រូវបានប្រកាស ភាគីនៅក្នុងរឿងក្ដីព្រហ្មទណ្ឌ មានពិរុទ្ធជន ដើមបណ្ដឹងរដ្ឋប្បវេណី និងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី អាចប្ដឹងទាស់ក្នុងករណីដែលសាល​ក្រមនោះត្រូវបានសម្រេចដោយកំបាំងមុខខ្លួនបាន ។
៣.២ បណ្ដឹងឧទ្ធរណ៍
ជនដែលអាចប្ដឹងឧទ្ធរណ៍បាន គឺព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង អគ្គ​ព្រះ​រាជអាជ្ញាអមសាលាឧទ្ធរណ៍ ពិរុទ្ធជន ដើមបណ្ដឹងរដ្ឋប្បវេណី និងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី
៣.៣ អានុភាពនៃសាលក្រមចូលជាស្ថាពរ
នៅពេលដែលផុតរយៈពេលប្ដឹងឧប្រាស្រ័យដែលបានកំណត់ដោយច្បាប់​នោះសាល​​​ក្រមនឹងចូលជាស្ថាពរ ហើយមានអានុភាពដូចខាងក្រោម៖
ក-ការបិតផ្លូវតវ៉ា ៖ ក្រោយពេលចូលជាសាលក្រមស្ថាពរ ភាគីនៃរឿងក្ដីនោះមិនអាច​ធ្វើការប្ដឹងឧប្រាស្រ័យនឹងសាលក្រមនោះជាថ្មីម្ដងទៀតឡើយ លើកលែងតែបណ្ដឹងសើរើ​ក្នុងករណីពិសេសមួយ។
ខ-អានុភាពអនុវត្ត ៖ សាលក្រមដែលបានចូលជាស្ថាពររួចហើយ មានន័យថា សាល​​​ក្រមនោះមានអានុភាពអនុវត្តដោយព្រះរាជអាជ្ញា ត្រូវចាប់ផ្ដើមអនុវត្តទៅតាមអំណាច​​​​នៃសាល​ក្រមនោះជាដាច់ខាត ។
គ- អាជ្ញាអស់ជំនុំ ៖ នៅពេលសាលក្រមចូលជាស្ថាពរហើយ អានុភាពនៃអាជ្ញាអស់ជំនុំត្រូវកើតឡើង ។

 សេចក្ដីសន្និដ្ឋាន

យោងទៅតាមការបកស្រាយបំភ្លឺ ទៅលើចំណុចជាច្រើនទាក់ទងទៅនឹងប្រធានបទស្ដីពី តួនាទី និងភារកិច្ចរបស់ចៅក្រម និងព្រះរាជអាជ្ញា រួចមក ធ្វើឱ្យយើងខ្ញុំអាចសន្និដ្ឋានបានថា អំណាច តួនាទី និងភារកិច្ចចៅក្រម និងព្រះរាជអាជ្ញា ពិតជាមាសារៈសំខាន់មិនអាចខ្វះបានជាដាច់​ខាត ដើម្បីធានាការពារយុត្តិធម៌នៅក្នុងសង្គមជាតិ ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការប្រព្រឹត្តទៅនៅក្នុងរដ្ឋ​មួយស្ថិតនៅក្នុងនិរន្ដភាព។
ព្រះរាជអាជ្ញាជាអ្នកទទួលបន្ទុកស្វែង​រកបទល្មើសព្រហ្មទណ្ឌ ធ្វើការចោទប្រកាន់ពីបទល្មើសអាជ្ញាសុំឱ្យអនុវត្តច្បាប់ចំពោះមុខយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ ពិសេសធានារ៉ាប់រងការអនុវត្តន៍សេចក្ដីសម្រេចខាងព្រហ្មទណ្ឌក្នុងនាមផលប្រយោជន៍សង្គមជាតិ។
រីឯចៅក្រមវិញមានអំណាចក្នុងការស៊ើបសួរ និងជម្រះក្ដីស្វែងរកយុត្តិធម៌ជូនប្រជាជាតិ ដោយគោរពតាមច្បាប់យ៉ាងម៉ឺងម៉ាត់ឱ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈនៃវិជ្ជាជីវៈឯករាជ្យភាពរបស់ខ្លួនទៅតាមនីតិវិធីច្បាប់ជាធរមាន ។
ដូច្នេះតួនាទី និងភារកិច្ចរបស់ចៅក្រម និងព្រះរាជអាជ្ញា ជាឧបករណ៍តែមួយគត់​សម្រាប់ច្រោះ ឬរាវរកយុត្តិធម៌ពិតប្រាកដ ដែលជាយន្ដការមិនអាចខ្វះបានក្នុងការធានានូវ​យុត្តិធម៌ និងស្ថេរភាពនៅក្នុងសង្គមជាតិកម្ពុជាយើង ។



ឯកសារយោង
-រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣
-សារណាបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ នីតិសាស្រ្ដ ឆ្នាំ២០១៤ របស់លោក ឡោ ក្រឹម និងលោក លី កុសល​ ។
​ -សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញា ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្រ្ដីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ ​។
-សេ​​ច​ក្ដី​ព្រា​ង​ច្បា​ប់ស្ដី​ពី​​​​​​​​​ការរៀបចំអង្គការតុលាការ ដែលទទួលបានការឯកភាពពីគណៈរដ្ឋមន្រ្ដីសម័យប្រជុំពេញអង្គ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤។
-សេ​ច​ក្ដី​ព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ដែលទទួលបានការឯកភាពពីគណៈរដ្ឋមន្រ្ដីសម័យប្រជុំពេញអង្គ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤។
-​ព្រះរាជក្រមលេខ នស/រកម/០៨០៧ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧ ដែលប្រកាស​​​​​ឱ្យប្រើក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។
-www.google.com.kh
-www.murielle-cahen.com
-www.google.translate.com


 ចប់ សូមអរគុណ!

            










No comments:

Post a Comment