​ហេតុអ្វីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ? នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមីនាដើម្បីអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រ និងទូទាំងប្រទេសលើពិភពលោក។ ទិវានេះ ត្រូវបានគេស្គាល់ផងដែរថា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ។ ប្រវត្តិ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ការប្រជុំគ្នាថ្ងៃទី៨ ខែមីនា នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹកឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។ ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទ ប្រឆាំងនឹងបុរសដើម្បីបញ្ចប់ សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក "សេរីភាព សមភាព ភាតរភាព" ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។ គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។ ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖ ឆ្នាំ១៩០៩ យោងតាមសេចក្ដីថ្លែងការណ៍របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរពអបអរសាទរទូទាំងសហរដ្ឋ អាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយនៃខែនោះនាឆ្នាំ១៩១៣។ ឆ្នាំ១៩១០ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវានារីមួយដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកល សម្រាប់នារី។ សំណើនេះត្រូវបានទទួលអបអរដោយមានការអនុមតិជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់មកពីប្រទេស១៧ដែលរួមមាននារីដំបូងគេ បីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធីអបអរនិងគោរពទិវានេះទេ។ ឆ្នាំ១៩១១ ជាលទ្ធផលនៃកិច្ចពិភាក្សាដែលបានសម្រេចនៅទីក្រុង Copenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង (នៅ ថ្ងៃទី១៩ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់បានមកចូល រួមគាំទ្រទាំងអស់គ្នា។ ជាបន្ថែមទៅលើសិទ្ធិក្នុងការបោះឆ្នោតនិងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិ ទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះ ការងារ។ ជិតមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សាបណ្ដាលមកពីអគ្គីភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។ ព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះត្រូវបានគេ ស្មិងស្មាធិ៍ រំលឹកប្រតិស្ឋ អធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ដើម្បីរំលឹកទិវានារី អន្តរជាតិ។ ឆ្នាំ១៩១៣-១៩១៤ ជាផ្នែកមួយនៃចលនាសន្តិភាពដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សីបានធ្វើពិធីរំលឹកខួបទិវានារីអន្តរជាតិរបស់គេជាលើក ទីមួយ នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុង[អឺរ៉ុប] នៅថ្ងៃ ឬប្រហែលថ្ងៃទី៨ខែមិនា នៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នាដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬមួយដើម្បីសម្ដែងសាមគ្គីភាពជាមួយបងប្អូននារីៗរបស់គេ។ ឆ្នាំ១៩១៧ ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀតបានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ "ចំណីអាហារហូបចុក និង សន្តិភាព"។ មេដឹកនាំនយោបាយបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។ ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្នបានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ជាប្រវត្តិសាស្ត្រនោះបាន ប្រព្រឹត្តឡើងចំថ្ងៃទី២៣ខែកុម្ភៈ តាមប្រតិទិន ជូល្យ៉ិនៀ [Julian Calendar =ប្រតិទិនបង្កើតដោយរដ្ឋបុរស Julius Caesar ក្នុងឆ្នាំ៤៦មុនគ្រិស្តសករាជ ដែលកំណត់ពេល១ឆ្នាំម្ដង មាន១២ខែ មួយខែៗមាន៣០ឬ ៣១ថ្ងៃ លើកលែងតែខែកុម្ភៈចេញ] ដែលកាលនោះត្រូវបានគេប្រើប្រាស់ក្នុងប្រទេសរុស្សី ប៉ុន្តែវាត្រូវចំថ្ងៃទី៨មិនា តាមប្រតិទិន Gregorian [(គឺប្រតិទិនជូល្យ៉ិន ដែលត្រូវគេ កែទម្រង់និងដែលគេប្រើប្រាស់សព្វថ្ងៃ] ដែលត្រូវគេប្រើនៅទីដទៃទៀត។ |ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការរីកធំធាត់នៃចលនារីអន្តរជាតិ ដែលត្រូវពង្រឹងដោយសន្និសីទនារីជាសកលរបស់អង្គការសហប្រជាជាតិ ចំនួនបួន បានជួយធ្វើឲ្យពិធីបុណ្យរំលឹកខួប ទិវានេះជាចំណុចប្រមូលផ្ដុំមួយសម្រាប់សម្របសម្រួលកម្លាំងដើម្បី ទាមទារសិទ្ធិនារី និងទាមទារឲ្យនារីអាចចូលរួមក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ច។ ទិវានារីអន្តរជាតិកាន់តែប្រែក្លាយទៅជាពេលវេលាមួយសម្រាប់ឆ្លុះ បញ្ចាំង លើការរីកចម្រើនដែលទទួលបាន ដើម្បីអំពាវនាវឲ្យមានការប្រែប្រួល និងធ្វើពិធីអបអរសាទរសកម្មភាពទាំងឡាយដែលធ្វើដោយសេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដោយនារីសាមញ្ញដែលបានបំពេញតួនាទីវិសាមញ្ញ ក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិរបស់នារី។

Recent Comments

នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! On International Women's Day, March 8, 2019, we would like to wish everyone a happy, healthy, prosperous, healthy, wise person if they wish. Special wishes, let's be beautiful, thank you !!

Thursday, February 14, 2019

នីតិអាពាហ៍ពិពាហ៍








      
ជំពូកទី១ សេចក្ដីផ្ដើម
      បើពិនិត្យមើលទៅលើគ្រប់បណ្ដាប្រវត្តិសាស្រ្ត នៃប្រទេសនៅលើសាកលលោកនោះនឹងឃើញ​​ថាជាតិសាសន៍ណាក៏ដោយ សុទ្ធតែមានប្រពៃណី ទំនៀមទំលាប់របស់ខ្លួនជាមូលដ្ឋាន ។ប្រទេសណាដែលមានប្រពៃណីទំនៀមទំលាប់ចាស់ជាងគេ រីកលូតលាស់ជាងគេ ត្រូវបានគេចាត់ទុកថាជាប្រទេសដែលរុងរឿងជាងគេនាសម័យនោះ។
          
នៅក្នុងឯកសារប្រវត្តិសាស្រ្តដែលបានបន្សល់ទុកឱ្យឃើញថាខ្មែរធ្លាប់មានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់​និងល្បីសុះសាយពេញពិភពលោក ហើយបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ ដូចជាប្រាង្គប្រាសាទ ព្រែកជីក វត្ថុបុរាណ រូបចំលាក់.....ជាដើម ។ ប៉ុន្តែអ្វីដែលពិសេសជាងគេហើយប្រជាពលរដ្ឋនៅតែប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននោះ គឺប្រពៃណីទំនៀមទំលាប់ក្នុងការរៀបអាពាហ៍អាពាហ៍តែម្ដង។
      ទាំងនេះបញ្ជាក់ឱ្យឃើញថា នៅក្នុងសង្គមខ្មែរ ពីធីរៀបមង្គលការជាប្រពៃណីមួយដែលបាន
បញ្ញត្តិប្រហែលគ្នា និងកាតព្វកិច្ចដែរ ព្រោះអ្នកដែលយកគ្នាជាប្ដី ប្រពន្ឋត្រូវតែរៀបការបើគេវេសពិធីនេះនិងត្រូវគេចាត់ទុកថាជាអ្នក គ្មានសិរីសួស្ដី គ្មានកិត្តិយស ។ ហេតុដូច្នេះហើយបានជាអាពាហ៍ពិពាហ៍ដែលកើតឡើងពីសម័យមុនគឺមិនសូវជាមានបញ្ហា និងលែងលះគ្នាដូចសម័យបច្ចុប្បន្ននេះទេពីព្រោះថាការរៀបអាពាហ៍ពិពាហ៍ពីសម័យមុនគឺហាក់ដូចជាទំនៀមទំលាប់ច្រើនច្បាប់។ក្រោយមកដោយសារតែមានការរីកចម្រើន ពីសម័យមួយទៅសម័យមួយ សង្គមមានការរីកដុះដាលគួបផ្សំនឹងធនធានមនុស្ស មានចំណេះដឹងវិជ្ជាលូតលាស់ ទំនៀមទំលាប់ក៏ត្រូវប្រែក្លាយមកជាច្បាប់គឺកែប្រែពីស្ថានភាពព្រឹត្តិការណ៍ មកជាស្ថានភាពច្បាប់ ដែលពីមុនមកធ្លាប់មានត្រឹមតែពិធីសែនព្រេនឬមង្គលការ។
សង្គមបច្ចុប្បន្នការរៀបអាពាហ៍ពិពាហ៍ចាំបាច់ត្រូវមានការចុះបញ្ជីជាលាយលក្ខ័អក្សរ ដើម្បីទុកជាភស្តុតាងថាជាប្ដីប្រពន្ឋពេញច្បាប់ ។ ការធ្វើបែបនេះ ដើម្បីការពារនៅពេលអនាគត ប្រសិនបើមានវិវាទកើតឡើង ដំណោះស្រាយត្រូវផ្អែកទាំងស្រុងទៅលើភស្តុតាងដែលជាអាពាហ៍ពិពាហ៍គតិយុត្តិ។ ដូច្នោះអាពាហ៍ពិពាហ៍បច្ចុប្បន្ននៅព្រះរាជាណាចក្រកម្ពុជាជាទូទៅប្រជាពលរដ្ឋគោរពទៅតាមបញ្ញត្តិច្បាប់ដែលបានកំណត់ និងរៀបពិធីអាពាហ៍ពិពាហ៍ទៅតាមទំនៀមទំលាប់ប្រពៃណី ដើម្បីការពារផលប្រយោជន៍ដល់គូស្វាមីភរិយាក្នុងការបង្កើតជាគ្រួសារល្អនៅក្នុងសង្គមរហូតដល់ថ្ងៃអនាគត។
                  I.                             ហេតុអ្វីបានជាគេត្រូវរៀបអាពាហ៍ពិពាហ៍?
​ក្រោយការភ្ជាប់ពាក្យ ការរៀបការត្រូវតែប្រារព្ធធ្វើឡើងតាមប្រពៃណីជាតិ បន្ទាប់ពីបានសុំការអនុញ្ញាតច្បាប់។ ពិធីរៀបមង្គលការ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស ស្រីឲ្យក្លាយជាប្ដីប្រពន្ធ។ នៅក្នុងប្រទេសកម្ពុជាយើង គូស្វាមីភរិយាថ្មីតែបានទទួលដំបូន្មានពីអាចារ្យ មាតាបិតា និងចាស់ទុំញាតិមិត្តទាំងសងខាង។ ដំបូន្មានទាំងនោះទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីលើកកំពស់ ទំនាក់ទំនងប្រកបដោយសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍របស់គេ។
ហេតុអ្វីបានជាគេត្រូវរៀបអាពាហ៍ពិពាហ៍?
មនុស្សត្រូវតែរៀបការព្រោះមូលហេតុដូចខាងក្រោម៖
កសាងគ្រួសារមួយដោយមានការទទួលស្គាល់ ពីច្បាប់ ពីប្រពៃណី និងពីសង្គម
§   បង្កើត និងចិញ្ចឹមបីបាច់ថែរក្សាកូន ដើម្បីបន្តពូជពង្សវង្សត្រកូល
§   បំពេញតម្រូវការខាងជីវសាស្ត្រ មានមិត្តរួមជីវិត
§   ធ្វើឲ្យអ្នកដែលយើងស្រឡាញ់មានចិត្តសប្បាយរីករាយ ធានាសុវត្ថិភាព សេចក្ដីស្រឡាញ់ និងអារម្មណ៍
§   រស់នៅដោយខ្លួនឯង មិនពឹងផ្អែកលើម្ដាយឪពុក។
§   ការរៀបអាពាហ៍ពិពាហ៍អាចមានហេតុផលផ្សេងៗទៀត ប៉ុន្តែចំណុចសំខាន់ដែលត្រូវចងចាំគឺការរួមរស់ស្របច្បាប់រវាងបុរស និងស្ត្រី។ ការរៀបការមានសារៈសំខាន់ណាស់ព្រោះវាជាសញ្ញានៃការចាប់ផ្ដើមជីវិតគ្រួសារថ្មី។
            II.                             ទំនួលខុសត្រូវរបស់គូស្វាមីភរិយាថ្មី
គូស្វាមីភរិយាថ្មីមានទំនួលខុសត្រូវដូចខាងក្រោម៖
§  រក្សាទំនាក់ទំនងក្នុងគ្រួសារឲ្យល្អប្រកបដោយសុភមង្គល
§  រៀបចំ និងអនុវត្តផែនការគ្រួសារ
§  មានមុខជំនាញដើម្បីងាយរកការងារធ្វើ
§  ថែរក្សា និងរៀបចំគេហដ្ឋានឲ្យស្អាត មានអនាម័យ
§  រក្សាទំនាក់ទំនងល្អ និងយោគយល់ចំពោះសាច់ថ្លៃ និងញាតិមិត្តជិតឆ្ងាយ
§  លើកកម្ពស់សុខភាព និងសុខុមាលភាពគ្រួសារ
§  គោរព ទទួលខុសត្រូវ យោគយល់ និងថែរក្សាគ្រួសារគ្រប់ពេលវេលា។

III.            ពិធីរៀបអាពាហ៍ពិពាហ៍
នៅក្នុងប្រទេសកម្ពុជាត្រូវបានរៀបចំឡើងតាមលំដាប់លំដោយដូចខាងក្រោម៖
§  ស្វែងយល់ថា តើភាគីទាំងសងខាងអាចរស់នៅបានសេចក្ដីសុខនឹងគ្នាឬទេ?
§  ដំណាក់ចែចូវ
§  ការកំណត់វេលាភ្ជាប់ពាក្យ
§  ពិធីរៀបមង្គលការ។
ពិធីដែលបានរៀបរាប់ខាងលើនេះ គេអាចធ្វើជាលក្ខណៈធំ ឬតូចទៅតាមលទ្ធភាពស្ថានភាពគ្រួសារ។ តែគេក៏មិនភ្លេចដែរថា អ្វីដែលសំខាន់ក្នុងជីវិតអាពាហ៍ពិពាហ៍ គឺសុភមង្គលក្នុងគ្រួសារ។ ការរៀបចំពិធីរៀបមង្គលការត្រូវបានធ្វើឡើងតាមដំណាក់កាលដូចខាងក្រោម៖
៣.១.​ ការរៀបចំមុន
ជាធម្មតាមុននឹងឈានចូលដល់ថ្ងៃរៀបមង្គលការ ប្រជាជនកម្ពុជា ត្រូវគោរពតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងច្បាប់អាពាហ៍ពិពាហ៍។មាតាបិតាទាំងសង​​ខាង និងសាមីខ្លួនទាំងពីរត្រូវរៀបចំឯកសារមួយចំនួន ដើម្បីសុំការអនុញ្ញាតពីរដ្ឋអំណាចមូលដ្ឋាន និងរៀបចំពិធីមង្គលការដូចខាងក្រោម៖
     
ក. សំបុត្រកំណើតមួយច្បាប់
§  វិញ្ញាបនប័ត្របញ្ជាក់ទីលំនៅ និងនៅលីវ
§  សេចក្ដីប្រកាសពីកន្លែងរៀបការ
§  លិខិតយល់ព្រមពីរដ្ឋអំណាច ដោយសុំសំបុត្រអាពាហ៍ពិពាហ៍ពីរដ្ឋអំណាច និងបិទប្រកាសជាសាធារណៈឲ្យបាន១0ថ្ងៃមុនថ្ងៃរៀបការចូលមកដល់
§  រៀបចំសម្លៀកបំពាក់រៀបការ និងវត្ថុចាំបាច់ដទៃទៀត បើគូស្វាមីភរិយាថ្មីត្រូវទៅរស់នៅផ្ទះផ្សេង
§  រៀបចំបញ្ជីឈ្មោះភ្ញៀវ និងសំបុត្រអញ្ជើញ
§  រកអាចារ្យ និងនិមន្តព្រះសង្ឃ
§  រៀបចំកន្លែង និងអាហារសម្រាប់ទទួលភ្ញៀវ
§  រៀបចំអញ្ជើញភ្ញៀវឲ្យបានយ៉ាងតិច ៥ថ្ងៃមុនពេលរៀបការ
§  សម្អាត និងតុបតែងផ្ទះសម្បែងឲ្យបានមុនពេលរៀបការ ១ថ្ងៃ ឬ២ថ្ងៃ។

ខ. ពិធីរៀបអាពាហ៍ពិពាហ៍
តាមប្រពៃណីខ្មែរ ពិធីរៀបមង្គលការត្រូវធ្វើឡើងរយៈពេលបីថ្ងៃ តាមកម្មវិធីដូចខាងក្រោម៖
§  ថ្ងៃទី១ ជាថ្ងៃចូលរោង គឺថ្ងៃដែលគេដង្ហែកូនកម្លោះចូលទៅរោងដែលគេសង់នៅក្បែរផ្ទះកូនក្រមុំមុននឹងនាំឡើងទៅផ្ទះខាងស្រី។ នៅពេលដង្ហែនោះមានភ្លេងលេងកំដរផង។

§  ថ្ងៃទី២ ជាថ្ងៃដែលគេប្រារព្ធពិធី៖
§  ពិធីលើកកំណត់៖ គេដង្ហែគ្រឿងភស្តុភារបណ្ណាការ(ជំនូន)ឡើងទៅលើផ្ទះខាងស្រី។
§  ពិធីសែនជំនាងផ្ទះ៖ គេដាក់ចំណីក្នុងកន្ទោង លើកដាក់ទៅក្នុងច្រម ជាកន្លែងសម្រាប់តង្វាយជូនដល់ជំនាងផ្ទះ។
  • ពិធីសែនដូនតា៖ គេរៀបចំសែនដូនតាទាំងសងខាង។
  • ពិធីស៊ីស្លា៖ គេលើកម្លូស្លាជូនមេបាចាស់ទុំពិសា។
  • ពិធីកាត់សក់៖ ជាដំបូងអាចារ្យបួងសួងសុំរបស់ទិព្វពីទេវតា និងវត្ថុស័ក្តិសិទ្ធិ រួចឧទ្ទិសរំងាប់ចង្រៃ ហើយឧបកិច្ចកាត់សក់បីកន្ត្រៃដាក់ក្នុងកន្ទោងដែលដាក់បណ្តែតក្នុងផ្តិល។ បន្ទាប់មកអ្នកច្រៀងកំប្លែងបានបួងសួងសុំកន្ត្រៃ ក្រាស កាំបិតកោរ កញ្ចក់… រួចច្រៀងរៀបរាប់ពីព្រៃព្រឹក្សា និងការដើរលក់កន្ត្រៃ។
  • ពិធីសូត្រមន្ត៖ គេនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។
  • ពិធីរៀបភោជនាហារជូនភ្ញៀវ៖ គេនិយមរៀបចំពិធីជប់លៀងភ្ញៀវនៅពេលយប់។
  • ថ្ងៃទី៣ ជាថ្ងៃផ្ទឹម ដែលគេមានរៀបចំពិធីដូចតទៅ៖
  • ពិធីលាងជើងឲ្យកូនប្រុស
  • ពិធីសំពះផ្កាស្លា៖ កូនប្រុសយកដៃកែផ្កាស្លាចំនួនបីដង
  • ពិធីរាំបើកវាំងនន៖ គេច្រៀងអញ្ជើញកូនស្រីឲ្យចេញមកផ្ទឹម។
  • ពិធីបង្វិលពពិល
  • ពិធីសែនចងដៃ ឬ សែនកូចដៃ
  • ពិធីធ្វើធ្មេញ ពិធីបុកល័ក្ខ ពិធីរៀបផ្លែឈើ
  • ពិធីបាចផ្កាស្លា
  • ពិធីតោងស្បៃចូលក្នុងបន្ទប់។
គឺថ្ងៃនេះហើយ ដែលគូស្វាមីភរិយាសន្មតជាថ្ងៃជោគមង្គលសម្រាប់ការចាប់ផ្ដើមដំណើរជីវិតរួមគ្នា។
ប៉ុន្តែសព្វថ្ងៃនេះ គេបានបំព្រួញពិធីរៀបអាពាហ៍ពិពាហ៍ឲ្យមកនៅត្រឹមតែមួយថ្ងៃប៉ុននោះ គឺចាប់ពីព្រលឹម គេហែកូនកម្លោះទៅផ្ទះកូនក្រមុំដោយនាំគ្រឿងភស្តុភារទៅជាមួយផង។ បន្ទាប់មកគេរៀបចំពិធីផ្សេងៗទៀតជាបន្តបន្ទាប់ ដូចបានរៀបរាប់ខាងលើ។ ដល់ពេលល្ងាចគេរៀបចំពិធីជប់លៀងនៅគេហដ្ឋានខាងស្រី ឬនៅភោជនីយដ្ឋានជាកិច្ចបញ្ចប់ពិធី។ ដោយមានគូស្វាមីភរិយាថ្មី អមដោយយុវជន យុវនារីកិត្តិយស(អ្នកកំដរ) ឈរនៅច្រកចូលរោងពិធី ចាំទទួល និងជូនផ្កាថ្លែងអំណរគុណចំពោះភ្ញៀវដែលបានអញ្ជើញមកចូលរួម។ មាតាបិតាទាំងសងខាងត្រូវឈរទទួលភ្ញៀវដែលអញ្ជើញមកចូលរួមជិតកូនកម្លោះ កូនក្រមុំ។

ជំពូកទី២: ប្រវត្តិអាពាហ៍ពិពាហ៍

    ប្រវត្តិអាពាហ៍ពិពាហ៍ គឺជាដំណើររឿងមួយដែលបានកើតឡើងតាំងពីសម័យបុព្វកាលមកម៉្លេះ​ដែលគ្មានអ្នកណាម្នាក់បានដឹងរឿងរ៉ាវនេះពិតប្រាកដ និងល្អិតល្អន់នោះទេ។ប៉ុន្តែអ្វីដែលគ្រប់គ្នាបានដឹងនោះគឺតាមរយៈចាស់ដែលជាឪពុកម្ដាយ ជីដូនជីតា នឹងស្នាដៃអក្សរសិល្ប៍មួយចំនួនរបស់អ្នកស្រាវជ្រាវដែលបានសរសេរចងក្រងជាឯកសារទុកសំរាប់កូនខ្មែរជំនាន់ក្រោយៗឲ្យបានដឹង។ ទោះបីជា ឯកសារប្រវត្តិសាស្រ្តទាំងនោះមានលក្ខណៈខ្វះចន្លោះយ៉ាងណាក៏ដោយ ក៏វាបានបន្សល់ទុករហូត​​​​មកដល់ពេលបច្ចុប្បន្ននេះ។
        
ខាងក្រោមនេះ គឺជាពត៌មានមួយចំនួនដែលទាក់ទងទៅ នឹងប្រវត្តិសាស្រ្តអាពាហ៍ពិពាហ៍របស់ខ្មែរយើងដែលបានរៀបរាប់នៅក្នុងសៀវភៅប្រវត្តិសាស្រ្ត និងជាទស្សនៈរបស់អ្នកស្រាវជ្រាវដែលគាត់បានផ្ដល់មតិយោបល់ទាក់ទងទៅនឹងប្រវត្តិនៃអាពាហ៍ពិពាហ៍នេះដូចខាងក្រោមៈ

   I.            ទំនៀមទំលាប់ប្រពៃណី
១.១ សម័យនគរភ្នំ
      នៅក្នុងសម័យនគរភ្នំ ជាសម័យសង្គម "មេនិយម" ឬស្រ្តីជាអធិបតី គឺគេទុកស្រ្តីជាធំក្នុង
គ្រួសារនិងក្នុងសង្គមជាតិ។ ដូច្នេះស្រ្តីត្រូវទៅដណ្ដឹងប្រុសៗ។

      ១.២ សម័យចេនឡា
    នៅក្នុងសម័យចេឡា គេរាប់ខ្សែខាងម្ដាយ ដោយចាត់ទុកស្រ្តីជាធំដដែល ដូចសម័យនគរភ្នំដែរ។តែនៅសម័យនេះការជ្រើសរើសគូស្រករ ប្រុសៗត្រូវទៅដណ្ដឹងស្រីៗ។ ត្រង់នេះឃើញថាមានការវិវត្តប្លែកពីសម័យនគរភ្នំ ដែលស្រីៗត្រូវទៅដណ្ដឹងប្រុសៗ មុនដំបូងខាងប្រុសត្រូវលើកជំនូនទៅជូនគ្រួសារខាងស្រីដែលខ្លួនពេញចិត្ត។បន្ទាប់មកខាងស្រីត្រូវជ្រើសរើសថ្ងៃមង្គល ដើម្បីនាំកូនស្រីទៅផ្ទះខាងប្រុសតាមមេអណ្ដើកម្នាក់។គ្រួសារទាំងសងខាងស្ថិតក្នុងផ្ទះទាំងអស់ ៨ថ្ងៃដោយពុំមានចេញទៅណាមកណាហើយដោយមានដុតចង្កៀងទាំងយប់ទាំងថ្ងៃ។លុះពីធីមង្គលចប់សព្វគ្រប់ហើយកូនប្រុសទទួលមត៌កពីឪពុកម្ដាយបង្កើតរបស់ខ្លួន ហើយចែកផ្ទះទៅនៅដោយឡែក។ដល់ពេលឪពុកម្ដាយ​​​​​ស្លាប់ទៅ ពួកកូនដែលនៅលីវអាចទទួលមរតកដែលនៅសេសសល់ទាំងអស់ ។ ប៉ុន្តែប្រសិនបើកូនទាំងអស់នោះមានប្ដីប្រពន្ឋហើយ បានទទួលមរតករួចហើយ នោះទ្រព្យដែលនៅសល់ត្រូវបញ្ជូនទៅក្នុងឃ្លាំងជាតិ។

   II.            អាពាហ៍ពិពាហ៍តាមច្បាប់
      ២.១ សម័យសង្គមរាស្រ្តនិយម
    ច្បាប់សម័យសង្គមរាស្រ្តនិយមបានឱ្យតំលៃលើបុរសធំជាងស្រ្តី នេះដោយសារប្រទេសកម្ពុជានាសម័យនោះប្រកាន់របបរាជាណាចក្រ ដែលស្ដេចមានអំណាចជាធំ ទើបច្បាប់ក៏តែងតម្រូវតាមផ្នត់គំនិតរបស់ថ្នាក់ដឹកនាំនិងតម្រូវតាមស្ថានភាព ជាក់ស្ដែងនៃសម័យនោះផង។
    ក្នុងអត្ថបទច្បាប់អាពាហ៍ពិពាហ៍ ក្នុងសម័យសង្គមរាស្ត្រនិយម ដែលអនុម័តដោយរដ្ឋសភាជាតិនាសម័យនោះ ឈរលើគោលការណ៍ៈ
    . បុរសមានសិទិ្ឋជាងស្រ្តី គឺបុរសមានសិទិ្ឋរៀបការប្រពន្ឋបានច្រើន ចំណែកនារីមានសិទិ្ឋជ្រើសរើសគូស្រករបានតែម្នាក់គត់។ យោងតាមមាត្រា ១៤១ ក្រមរដ្ឋប្បវេណីសង្គមចាស់ បានចែងថា"បុរសអាចយកប្រពន្ឋបានច្រើននាក់ " ចំណែកមាត្រា ១៤០​ បានចែងថា " ស្រ្តីអាចយកប្ដីបានតែម្នាក់គត់ "
    . អំណាចរបស់ប្ដីធំជាងប្រពន្ឋ ក្នុងការចាត់ចែងគ្រួសារ គឺប្រពន្ឋគ្មានសិទិ្ឋផ្ដល់យោបល់ឱ្យប្ដីស្ដាប់ទេ បើប្ដីមិនចង់ស្ដាប់ គឺស្រេចតែប្ដី ប៉ន្តែបើប្ដីឱ្យដំបូន្មានប្រពន្ឋត្រូវស្ដាប់ ទោះបីដំបូន្មាននោះខុសឬត្រូវក៏ដោយ ។ យោងតាមមាត្រា ១៨៩ ក្រមរដ្ឋប្បវេណីសង្គមចាស់ " ប្រពន្ឋទាំងឡាយត្រូវស្ដាប់ឳវាទប្ដី ត្រូវអោនលំទោនហើយស្លូតត្រង់ជាមួយប្ដី "
    . មាត្រា ១៩៥ "ប្រពន្ឋទាំងឡាយអាចនឹងប្ដី តុលាការ និងចុះហត្ថលេខាកិច្ចសន្យាផ្សេងៗបានតែកាលណាបើប្ដីអនុញ្ញាតិផង "
    . បុរសត្រូវមានអាយុ ១៧ឆ្នាំហើយនារីមានអាយុ១៤ឆ្នាំទើបច្បាប់អនុញ្ញាតិឳ្យរៀបអាពាហ៍ពិពាហ៍បាន ។ ផ្អែកលើមាត្រា ១១៦ ក្រមរដ្ឋប្បវេណីសង្គមចាស់ ចែងថា  "បុរសមានអាយុមិនដល់១៧ឆ្នាំស្រីមានអាយុមិនដល់ ១៤ឆ្នាំ  មិនអាចរៀបអាពាហ៍ពិពាហ៍បានឡើយ ។
    . មាត្រា ១១៥ "​អាពាហ៍ពិពាហ៍អាចរៀបបានរវាងបុគ្គល ដែលមានភេទផ្សេងគ្នា"មានន័យថាបុគ្គលមិនអាចរៀបការជាមួយបុគ្គល ដែលមានភេទដូចគ្នាទេ គឺហាមដាច់ខាត។
    . មាត្រា ១១៨ "ច្បាប់ហាមមិនឳ្យរៀបអាពាហ៍ពិពាហ៍ រវាងបុគ្គលដែលមានជាប់ចំណងញាតលោហិតឬ ញាតិពន្ឋនឹងគ្នា ក្នុងក្រសែផ្ទាល់គ្រប់ថ្នាក់ ទោះជាចំណងមានខាន់ស្លាក្ដី ឥតខាន់ស្លាក្ដី ឬសាច់ចិញ្ចឹមក្ដី "
    . មាត្រា ១១៩ "អាពាហ៍ពិពាហ៍រវាងញាតិសាខា ទោះមានខាន់ស្លាក្ដី ឥតខាន់ស្លាក្ដី សាច់ចិញ្ចឹមក្ដី រួមផ្ទៃក្ដី រួមលោហិតក្ដី  រួមឪពុកក្ដី ខ្សែផ្ទាល់ក្ដី រហូតដល់ថ្នាក់ទី៣ ចាប់តាំងថ្នាក់ទី៣ នេះត្រូវហាមមិនអោឱ្យរៀបការទ្បើយ​"
    .មាត្រា ១២៤ " ប៉ុន្តែចំពោះព្រះរាជវង្សានុវង្ស ព្រះករុណានិងប្រទានអនុញាតិឱ្យ​​​ញាតិសាខាគ្នាបាន"
    . មាត្រា ១២៥ " អនីតិជនអាចរៀបអាពាហ៍ពិពាហ៍បាន លុះណាតែឪពុកម្តាយបានយល់ព្រមផង"
    ១០. មាត្រា ១៣៣ " ប្រុសនិង ស្រីជានីតិជន ដែលចង់រៀបអាពាហ៍ពិពាហ៍នឹងគ្នានោះក៏ត្រូវតែមាន អនុញាតិ ពី បុព្វញាតិ ទាំងទ្បាយដូចអនីតិជនដែរ"
    ១១. មាត្រា ១៣៤ " ក៏ប៉ុន្តែបើជនដែលកូនត្រូវសុំការអនុញាតិនោះប្រកែក មិនព្រមឱ្យទេ កូនមានខាន់ស្លា ជានីតិជន នោះ អាចសុំឱ្យមេឃុំខាងលំនៅខ្លួនប្រចាំក្រុមប្រឹក្សាញាតិ ដើម្បីនឹង ផ្សះផ្សារសំរួលឱ្យស្រួល នឹងគ្នាបាន។ ឯកូនឥតខាន់ស្លា ជានីតិជនវិញ វាអាចប្តឹងមេឃុំឱ្យហៅ ឪពុកម្តាយទៅកាន់សាលាដំបូងខាងលំនៅរបស់វា ជាមួយនឹងវា ដើម្បីឱ្យចាងហ្វាងសាលានោះ ផ្សះផ្សារឱ្យបានដូចគ្នា។
    ១២. មាត្រា ១៣៧ " អាពាហ៍ពិពាហ៍អាចនិងរៀបបានតែនៅថ្ងៃខាងក្រោយ នៃការបិទប្រកាស ចំនួន ៨ថ្ងៃ។

      ២.២ សម័យសាធារណះរដ្ឋប្រជាមានិតកម្ពុជា
    ការរៀបអាពាហ៍ពិពាហ៍ ក្នុងសម័យនោះឃើញថា តាមទីស្នាក់ការឃុំនីមួយៗមានអង្គការសមា​គមន៍​​​​យុវជនយុវនារីដែលជាអង្គការមានសមត្ថកិច្ចអនុញាតិ ឱ្យរៀបអាពាហ៍ពិពាហ៍ដោះស្រាយបណ្តឹងទាស់ ដោះស្រាយរាល់ពាក្យបណ្តឹងលែងលះ  ( ផ្សះផ្សារ និងអនុញាតិឱ្យលែងលះ ) ហើយប្រធាន យុវជន យុវនារី គឺជាមេឃុំ។
    សម័យកាលនោះយុត្តិធម៌ឃុំ-ស្រុក-សង្កាត់ ជាអ្នកផ្សព្វផ្សាយ ដោះស្រាយរឿងរដ្ឋប្បវេណីនិងរឿងគ្រួសារ ដើម្បីរក្សានូវសណ្តាប់ធ្នាប់សង្គម។ តែបើរឿងណាមានលក្ខណះស្មុគស្មាញទើបបញ្ជូនទៅតុលាការ មានន័យថា គ្រប់រឿងរដ្ឋប្បវេណី និងរឿងគ្រួសារ គេប្រគល់សមត្ថកិច្ចទៅឱ្យយុត្តិធម៌មូលដ្ឋានផ្សះផ្សា ដោះស្រាយ អោយអស់លទ្ធភាពជាមុនសិន។ បើផ្សះផ្សានិងដោះស្រាយមិនបានសម្រេច ទើបធ្វើរបាយការណ៍វាយតំលៃ ពីការមិនស្រុះស្រួលគ្នា បញ្ជូនទៅតុលាការ។ ក្នុងករណីនេះ​​​ គឺដើម្បីជួយសំរួលដល់ការងារ ដែលមានចំនួនច្រើនហួសប្រមាណ ចំពោះតុលាការ។

    ចំណែកច្បាប់នាពេលបច្ចុប្បន្ន ដែលយើងលើកយកមកធ្វើការដោះស្រាយនេះបានឆ្លងកាត់នូវដំណាក់កាលជាច្រើន  តាំងពីសម័យបូរាណរហូតមកដល់សម័យទំនើប   ហើយដែលបានធ្វើការផ្លាស់ប្តូរនូវអត្ថន័យ ក៏ដូចជាខ្លឹមសារ មួយចំនួន ដើម្បីឱ្យមានលក្ខណះល្អប្រសើរទៅតាមសម័យកាល នីមួយៗ របស់​ប្រទេស។

ជំពូកទី៣ : អាពាហ៍ពិពាហ៍

    នៅក្នុងសង្គមខ្មែរ ពីធីរៀបអាពាហ៍ពីពាហ៍ជាប្រពៃណីមួយដែលមានបញ្ញតិ្តប្រហែលគ្នា និងកាតព្វកិច្ចដែរ ព្រោះអ្នកដែលបានគ្នាជាប្តីប្រពន្ធ ត្រូវតែឆ្លងកាត់អាពាហ៍ពិពាហ៍ បើរគេចវេសពិធីនេះនឹងត្រូវបានគេចាត់ទុកថាជា អ្នកគ្មានសិរីសួស្តី គ្មានកិត្តិយស។
    បើតាមប្រពៃណីខ្មែរ កូនប្រុស និង​ កូនស្រី ដែលបានរៀបអាពាហ៍ពីពាហ៍ពេញច្បាប់ តែងមានអារម្មណ៍ ស្ងប់ស្ងាត់ រីករាយនិងមានជំនឿរលើជីវិតរស់នៅរបស់ខ្លូន ដែលពាក្យខ្មែរហៅថា "ការរស់នៅពេញមុខ" ។ ផ្ទុយទៅវិញ ចំពោះគូស្វាមីភរិយាណាដែលមិនបានរៀបអាពាហ៍ពិពាហ៍ទោះបីមានទ្រព្យសម្បត្តិច្រើនក៏ដោយ  ក៏តែងមានការពេបជ្រាយ ខ្លះៗពីសង្គមដែរ។ ហើយនៅពេលដែលគេមានកូន កូននោះត្រូវបានគេហៅថា "កូនឥតខាន់ស្លា"
កត្តានេះបណ្តាលឱ្យបុរសស្រីដែលស្រលាញ់គ្នាតាមបែប " មិនពេញមុខ " ចាកចោលលំនៅឋាន ភូមិស្រុកទៅរស់នៅទីកន្លែងឆ្ងាយ។ នេះជាការផ្តន្ទាទោសរបស់សង្គម ចំពោះគូស្វាមីដែលមិនបានរៀបអាពាហ៍ពិពាហ៍។ដូចនេះក្នុងចិត្តគំនិតខ្មែរ មាតាបិតាមានកាតព្វកិច្ចរៀបអាពាហ៍ពិពាហ៍ឱ្យបុត្រធីតា ដើម្បីបន្តកសាងគ្រួសារ របស់គេ។
    ហេតុដូច្នេះហើយ នៅខាងក្រោមនេះមានធ្វើការបកស្រាយ អំពីអាពាហ៍ពីពាហ៍ដែលមានលក្ខណះស្រប ច្បាប់ដូចតទៅ:

        I.               អាពាហ៍ពិពាហ៍គតិយុត្ត
    អាពាហ៍ពិពាហ៍ គឺជាមូលដ្ឋានរបស់គ្រួសារ ព្រោះបុរសនិងស្រី្ត ជ្រើសរើសយកគ្នាជាគូស្វាមីភរិយាមានគោលបំណងកសាងគ្រួសារមួយ។ចំណែកឯគ្រួសារវិញគឺជាកោសិការបស់សង្គមអនុវត្តភារះសំខាន់ៗរបស់សង្គមគឺភារះពីការបង្កើត ភារះពីការអប់រំនិង ​ភារះពីការកសាងសេដ្ឋកិច្ច។
    ម្យ៉ាងទៀតអាពាហ៍ពីពាហ៍ គឺជាចំណងមនោសញ្ចេតនារវាង បុរសម្នាក់ជាមួយស្រី្តម្នាក់ដោយឈរលើមូលដ្ឋានស្ម័គ្រចិត្ត និងសមភាព
ហើយត្រូវបានទទួលស្គាល់។

    ១.១ និយមន័យ:
   អាពាហ៍ពីពាហ៍ គឺជាកិច្ចសន្យាដ៏ឧទ្យារឹកមួយធ្វើទ្បើងដោយបុរសម្នាក់ និង ស្រី្តម្នាក់ ដែលប្តេជ្ញាថាខ្លួននឹងរួមសមគ្គសង្វាសជាមួយគ្នាតាមបញ្ញតិ្តច្បាប់ ហើយដែលមិនអាចរំលាយទៅវិញតាមទំនើងចិត្តរបស់ខ្លួនទ្បើយ។ ការផ្ដល់និយមន័យខាងលើនេះ គឺជាការវិភាគទៅលើអត្ថបទច្បាប់ ដែលមានចែងនៅក្នុង
ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ត្រង់មាត្រា ៣ វាក្យខណ្ឌទី១។
    ប៉ុន្តែបើយោងទៅតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត គឺអាពាហ៍ពិពាហ៍វាក្លាយចេញពីពាក្យសំស្រឹ្កត និងបាលីលាយគ្នាមានអត្ថន័យថាគឺជាមង្គលការគូបុរសស្រ្តីដែលបាននាំមកហើយនាំត្រឡប់ទៅវិញ (ពីរលើក) សំស្រ្កឹតបាលី គឺអាពាហ៍មកពីពាក្យ អាវាហ + វិវាហ តាមរូបសព្ទ អាវាហ( អាពាហ៍ ) ប្រែថា  " នាំមកវិវាហ ( ពិពាហ៍ ) ប្រែថា   " នាំត្រឡប់ទៅវិញ  " តាមតាមអធិប្បាយគម្ពីកែសព្ទថា ការនាំកូនស្រីមកខាងលំនៅកូនប្រុស ហៅថា អាវាយៈ (អាពាហ៍)ការនាំកូនប្រុស​​​ត្រឡប់ទៅលំនៅកូនស្រីវិញហៅថា វិវាហៈ (ពិពាហ៍)។ ប៉ុន្តែតាមទំនៀមទំលាប់ខ្មែរត្រូវនាំកូនប្រុសមកខាងលំនៅកូនស្រីមុន ហៅថាពិពាហ៍ មង្គលការដែលបានធ្វើទាំងពីរបែបនេះទើបហៅថា មង្គលការអាពាហ៍ពិពាហ៍ បើបានធ្វើត្រឹមតែអាពាហ៍ ហៅថា អាវាហមង្គល បើធ្វើតែពិពាហ៍ ហៅថា វិវាហមង្គល។ ពាក្យកាព្យ បញ្ជាក់សព្ទ " អាពាហ៍ និងពិពាហ៍ "ថាអាពាហ៍ប្រែថាការនាំមកនូវប្រុសពន្លកជាគូភ្ញាមកផ្ទះខាងស្រីតាមវេលា ពិពាហ៍ ថានាំស្រីទៅវិញ។
    ដើម្បីឳ្យអាពាហ៍ពិពាហ៍មានលក្ខណៈស្របច្បាប់ កិច្ចអាពាហ៍ពិពាហ៍នោះត្រូវតែគោរពលក្ខខណ្ឌគ្រឹះក៏ដូចជាលក្ខខណ្ឌទម្រង់។

                        II.               លក្ខខណ្ឌគ្រឹះនៃអាពាហ៍ពិពាហ៍
              ២.១ លក្ខខណ្ឌធម្មជាតិ
           . លក្ខខណ្ឌទាក់ទងទៅនឹងរូបរាងកាយបុគ្គល
    ដើម្បីឳ្យអាពាហ៍ពិពាហ៍មួយអាចប្រព្រឹត្តទៅបាន លុះត្រាតែគូភាគីដែលជាអនាគតប្ដីប្រពន្ឋបានបំពេញទៅតាមលក្ខខណ្ឌ ដូចជាត្រូវមានភេទខុសគ្នា ត្រូវមានអាយុពេញលក្ខណៈច្បាប់ ហើយត្រូវមានសុខភាពល្អផងដែរ។
        
អនាគតប្ដីប្រពន្ឋ ចាំបាច់ត្រូវមានភេទផ្ទុយគ្នា ទើបច្បាប់ទទួលស្គាល់។ អាពាហ៍ពិពាហ៍រវាងមនុស្សភេទដូចគ្នា ច្បាប់មិនទទួលស្គាល់ឡើយ ដូច្នេះដើម្បីឳ្យអាពាហ៍ពិពាហ៍មួយស្របច្បាប់សាមីជនត្រូវមានភេទផ្ទុយគ្នា
          
អាពាហ៍ពិពាហ៍នឹងចាត់ទុកថាត្រឹមត្រូវតាមលក្ខណៈច្បាប់បាន គឺបុរសត្រូវមានអាយុចាប់ពី២០ឆ្នាំឡើងនិងនារីត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើង។        ក្នុងករណីពិសេស បុរសដែលមានអាយុមិនទាន់ដល់ ២០ឆ្នាំ និងនារីដែលមានអាយុមិនទាន់ដល់១៨​ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍ស្របច្បាប់បានប្រសិនបើនារីមានផ្ទៃពោះហើយមានការអនុញ្ញាតិពីឪពុកម្ដាយឬអ្នកអាណាព្យាបាល
          
ប្រសិនបើយើងក្រឡេកមកមើលក្រមរដ្ឋប្បវេណីថ្មី ២០០៧នេះវិញនោះយើងនឹងឃើញថាវាមានលក្ខណៈខុសគ្នាដោយ បុរស និងនារីដែលមិនទាន់ដល់នីតិភាព មិនអាចរៀបអាពាហ៍ពិពាហ៍បានឡើយ​។ ប៉ុន្តែក្នុងករណីខុសគ្នាដែលភាគីម្ខាង បានដល់នីតិភាពហើយភាគីម្ខាងទៀតជាអនីតិជនដែលមានអាយុមិនតិចជាង ១៦ឆ្នាំអាចរៀបអាពាហ៍ពិពាហ៍បាន ដោយទទួលការយល់ព្រមពីអ្នកដែលមានអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់អនីតិជននោះ
    សុខភាពត្រូវមានការពិនិត្យពីគ្រូពេទ្យ    ច្បាប់អាពាហ៍ពិពាហ៍ខ្មែរ ពុំបានកំណត់ឳ្យគូ​ភាគី​នៃ​អនាគតប្ដី ប្រពន្ឋត្រូវទទួលការពិនិត្យពីគ្រូពេទ្យនោះទេ​។ ដូច្នេះទោះជាគ្មាន​វិញ្ញាណប័ត្រ​បញ្ជាក់​ពីគ្រូ​ពេទ្យ ក៏មន្ត្រីអត្រានុកូលដ្ឋានអនុញ្ញាតិឳ្យរៀបការដែរ។ប៉ន្តែបើយើងពិនិត្យ​មើលមាត្រា ៦ នៃ​ច្បាប់​អាពាហ៍ពិពាហ៍ និងគ្រួសារគឺហាក់ដូចជាតម្រូវឳ្យអនាគតប្ដី ប្រពន្ឋត្រូវទៅមន្ទីរ​ពេទ្យ​មើល​ពី​ស្ថានភាពខ្លួនឯងថា តើមានជំងឺឬទេ។
    នៅក្នុងមាត្រានេះបញ្ជាក់ថាគេពុំអាចរៀបអាពាហ៍ពិពាហ៍បានទេប្រសិនបើៈ
         -
បុគ្គលមានភេទដូចគ្នា
         -
បុគ្គលគ្មានពលានុភាពនៃលិង្គ
         -
បុគ្គលមានជំងឺឃ្លង់ របេង មហារីក កាមរោគ ដែលមិនទាន់បានព្យាបាលជាសះស្បើយ
         -
ជនវិកលចរឹកមិនដឹងខុសត្រូវ
        
ដូច្នេះចំណុចទាំងប៉ុន្មានខាងលើមានតែគ្រូពេទ្យទេទើបអាចបញ្ជាក់បាន។
   ខ. ការព្រមព្រៀងពីភាគីប្ដីប្រពន្ឋ
    ចំពោះការព្រមព្រៀងនេះ រវាងភាគីប្ដីប្រពន្ឋ ធ្វើឡើងដោយការស្ម័គ្រចិត្តទាំងបុរស ទាំងនារីដោយខ្លួនឯងពោលគឺគេមានសេរីភាពគ្រប់គ្រាន់ក្នុងការសំរេចអំពីរឿងនេះ ដោយភាគីម្ខាងមិនអាចបង្ខំឆន្ទះរបស់ភាគីម្ខាងទៀតបានឡើយ។ឪពុកម្ដាយក៏ពុំអាចបង្ខិតបង្ខំកូនបានដែរ
        
គ.ការព្រមព្រៀងមុនកិច្ចអាពាហ៍ពិពាហ៍
        
មេអណ្ដើកនិងអ្នកចូលចែចូវ គឺជាមនុស្សណាម្នាក់ដែលមានវ័យចំណាស់ពូកែនិយាយ​បញ្ចុះ​បញ្ចូល​ឳ្យមេបាខាងស្រីមានការទុកចិត្តលើកូនកំលោះ។ការចូលចែចូវនេះ គេត្រូវសួរដេញដោលគ្នា​ពី​ពូជ​ពង្សាវតាថាតើជាមនុស្សល្អ ឬអាក្រក់? នេះជាការសុំឳ្យមានការព្រមព្រៀងលើកទី១ប៉ុណ្ណោះ។​ ពិធីនេះប្រហែលជាមានតែក្នុងអាពាហ៍ពិពាហ៍ខ្មែរទេ ព្រោះកូនកំលោះក្រមុំ និងឪពុកម្ដាយ​​​​​​ពុំបាន​ស្គាល់​គ្នាពីមុនមក ។ ដូចនេះអាចនិយាយបានថា ពិធីនេះធ្វើឡើង ដើម្បីឳពុកម្ដាយទាំងសង​​​ខាងបានស្គាល់គ្នាផងនិងភាគីអនាគតប្ដីប្រពន្ឋបានស្គាល់គ្នាផង។
    ពេលភាគីខាងស្រីយល់ព្រមហើយ ពិធីលើកជំនូនត្រូវកើតមានឡើងក្រោយពេលនោះប្រហែលជាពីរឬបីថ្ងៃឬក៏អាចច្រើនជាងនេះប៉ុ​ន្តែមិនយូរថ្ងៃទេ។
        
ជំពូកទី៤ ពិធីកំជាប់ពាក្យឬ ការភ្ជាប់ពាក្យ
        I.          និយមន័យ
    កំជាប់ពាក្យ គឺជាពិធីតាមទំនៀមទំលាប់ប្រពៃណី ដែលច្បាប់ទទួលស្គាល់ដែលតាមរយៈ​​ពិធីនេះបុរស និង នារីសន្យាថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានាពេលអនាគត ។
បើតាមក្រមរដ្ឋប្បវេណីចាស់ឆ្នាំ១៩៦៧ កំជាប់ពាក្យអាចចាត់ទុកជាបានការលុះត្រាតែពិធី នោះត្រូវរៀបចំឡើងជាឳឡារិកមួយដែលហៅថាពិធីលើកស្លា(មាត្រា១០៦និង១០៧)
          
តែទោះជាយ៉ាងណាក៏ដោយ ច្បាប់អាពាហ៍ពិពាហ៍ឆ្នាំ១៩៨៩ ដែលកំពុងនៅជាធរមានសព្វ ថ្ងៃមិនមានចែងពីកំជាប់ពាក្យនេះឡើយ ហើយយើងអាចសន្និដ្ឋានបានថា កំជាប់ពាក្យមិនមាន​​​​​​​​​​​​អនុភាពគតិយុត្តិដល់គូភាគីឡើយវាគ្រាន់តែជាចំណងផ្លូវចិត្តឬផ្លូវសីលធម៌មួយប៉ណ្ណោះ។បានន័យថាកំជាប់ពាក្យមិនមែនជាកិច្ចសន្យា​គតិយុត្តិឳឡារិកណាមួយឡើយ។ប៉ុន្តែសំរាប់ក្រមរដ្ឋប្បវេណី​​ថ្មីក៏បានចែងអំពីកំជាប់ពាក្យនេះដែរដូច្នេះវា​មានអានុ​ភាពខាងផ្លូវច្បាប់ចំពោះគូភាគីទាំងសង​ខាង​​ដែលត្រូវគោរពនិងអនុវត្តដើម្បីការពារផលប្រយោជន៍របស់បុគ្គលម្នាក់ៗនៅពេលដែលមាន​​​​​បញ្ហា​​​កើតឡើងថ្ងៃក្រោយ។

     II.          អនុភាពនិងផលវិបាកនៃកំជាប់ពាក្យ
    កំជាប់ពាក្យធ្វើឳ្យគូដណ្ដឹងខាងប្រុស និងភាគីខាងស្រី ដែលត្រូវរៀបការ​នៅពេលខាងមុខ​នោះ​មាន​កាតព្វ​កិច្ចត្រូវគោរព និងស្រលាញ់ចំពោះគ្នាទៅវិញទៅមករហូត​ដល់ថ្ងៃរៀប​អាពាហ៍ពិពាហ៍​។
      យោងតាមក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ បើកំជាប់ពាក្យត្រូវផ្ដាច់ដោយភាគីណាមួយដោយ​គ្មានហេតុផលនោះ ភាគីដែលខូចប្រយោជន៍អាចផ្ដឹងទាមទារសំណងជំងឺចិត្តពីភាគីដែលផ្ដាច់​ពាក្យ​នោះបាន។ដូចជាបើខាងស្រីធ្វើការផ្ដាច់កំជាប់ពាក្យដោយគ្មានមូលហេតុអ្វីបន្តិចនោះភាគីខាង​​ប្រុស​​​​អាចប្ដឹងទាមទារឳ្យសងបណ្ណាការវិញ ព្រមទាំងជំងឺចិត្តផ្សេងៗទៀត បើខ្លួនយល់ថាការ​​ដែល​ផ្ដាច់​ពាក្យនោះបានធ្វើឳ្យខូចប្រយោជន៍យ៉ាងធ្ងន់ធ្ងរ ។ ការប្ដឹងសុំជួសជុលការខូចខាតត្រូវធ្វើតែ​ក្នុង​អំឡុង​ពេល ១២ខែ(ក្រមរដ្ឋប្បវេណីចាស់)។អំឡុងពេល១ឆ្នាំគិតចាប់ពីថ្ងៃដែលកំជាប់ ពាក្យនោះ​ត្រូវបានរំលាយ១០
    កំជាប់ពាក្យត្រូវផ្ដាច់ដោយសារភាគីដែលលើកជំនូននោះស្លាប់សំណងជំងឺចិត្តមិនត្រូវបាន។តែអ្នកនៅរស់អាចទាមទារជំនូនមកវិញបាន១១
 III.          កាព្រមព្រៀងក្នុងពេលរៀបអាពាហ៍ពិពាហ៍
   
    ៣.១ ការយល់ព្រមរបស់គូស្រករ
    ការយល់ព្រមត្រូវតែប្រកាសដោយផ្ទាល់ពីសាមីខ្លួនផ្ទាល់ នៅចំពោះមុខមន្ត្រីអត្រានុកូល​ដ្ឋាននិងចុះលិខិតអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។ ការយល់ព្រមត្រូវតែមាន​លក្ខណៈ​​ប្រាកដប្រជានិងសម្បជញ្ញៈ។


           ៣.២ ការយល់ព្រមដែរមានលក្ខណៈប្រាកដប្រជា
    នៅក្នុងច្បាប់ខ្មែរពុំបានចែង​ច្បាស់លាស់​ទេ ​គឺបើមានរឿងក្ដីកើតឡើង​គឺអាស្រ័យទៅលើ​ចៅក្រម​ជាអ្នក​ធ្វើ​មូលវិចារ។ ប៉ុន្តែក្នុងច្បាប់បារាំង​​បាន​ប្រកាសមោឃភាពនៃអាពាហ៍ពិពាហ៍ រវាង​មន្ត្រី​​​ណាម្នាក់ជាមួយស្រ្តីដែលរស់នៅក្នុងស្រុកក្រោម​ការ​ត្រួតត្រានៃប្រទេសបារាំង ដើម្បីទទួលបាន​សញ្ជាតិ ។ ដូចគ្នានេះដែរសាលាវិនិច្ឆ័យបារាំង​បាន​សំ​រេ​ច​​ឳ្យមានមោឃភាពដាច់ខាត ចំពោះ​អាពាហ៍​​​ពិពាហ៍ដែលធ្វើឡើង ដោយគ្មានឆន្ទៈបង្កើត​គ្រួសារ ពោល​​​គឺគេរៀបអាពាហ៍ពិពាហ៍ ដើម្បីទទួលបានសញ្ជាតិឬដើម្បីជៀសវៀងពីកាតព្វកិច្ច​យោធា។


      ៣.៣ ការយល់ព្រមដោយសតិសម្បញ្ញ
    ការយល់ព្រមនេះ ត្រូវតែបានមកពីជនគ្មានវិកលចរឹក​។ ការរៀបអាពាហ៍ពិពាហ៍ក្នុងពេល​មាន​ភាពមិនវិកលចរឹកនៃបុគ្គលណាមួយ មានន័យថានៅចន្លោះ​នៃភាព វិកលចរឹកច្បាប់​ចាត់ទុកថា​ជាត្រឹមត្រូវ ព្រោះអាពាហ៍ពិពាហ៍មានសុពលភាព ដោយមនុស្ស​វិកលចារឹតអាចធ្វើកិច្ចសន្យាបាន​ក្នុងចន្លោះពេលដែលខ្លួនមិនវិកលចរឹត។

           ៣.៤ ការចុះលិខិតអាពាហ៍ពិពាហ៍​:  
    អាពាហ៍ពិពាហ៍នឹងចាត់ទុកជាត្រឹមត្រូវតាមច្បាប់បានលុះ​ត្រា​តែបុរស និងនារីដែលស្ម័គ្រ​ចិត្តយក​គ្នាជាប្តីប្រពន្ធចុះកិច្ចសន្យាអាពាថហ៍ពិពាហ៍នៅចំពោះមុខមន្រ្តី​អត្រានុកូលដ្ឋាន​ខាង​លំនៅដ្ឋានខាងរបស់នារី។ កិច្ចសន្យានេះត្រូវចុះក្នុងសៀវភៅអាពាហ៍ពិពាហ៍​ហើយត្រូវចុះហត្ថលេខាដោយមន្ត្រីអត្រានុកូលដ្ឋានរួមប្ដីនិងប្រពន្ឋនិងសាក្សីគ្រប់អាយុការពីរ​នាក់​។​ មន្ត្រីអត្រានុកូលដ្ឋាន ពេលសាមីខ្លួនជាប្ដីនិងប្រពន្ឋមករាយការណ៍សុំចុះសៀវភៅអាពាហ៍ពិពាហ៍​ត្រូ​វតែចុះសៀវភៅអាពាហ៍ពិពាហ៍ រួចហើយត្រូវប្រគល់ឳ្យសាមីខ្លួននូវសំបុត្រអាពាហ៍-ពិពាហ៍ច្បាប់​ដើមមួយសន្លឹក និងចេញសេចក្ដីចំលងតាមការស្នើសុំរបស់សាមីខ្លួន។     
  IV.               វិបត្តិក្នុងការព្រមព្រៀង
      ការយល់ព្រមអាចមានការភ័ន្តច្រឡំ ពោលគឺមានការភ័ន្តច្រឡំលើអត្តសញ្ញាណនិងការភ័ន្តច្រឡំលើគុណសម្បត្តិ។
          
ចំពោះការភ័ន្តច្រឡំលើអត្តសញ្ញាណ : គឺអាចមានការច្រឡំទៅលើអត្តសញ្ញាណបុគ្គលដូចជាមានការជំនួសគ្នារវាងកូនភ្លោះ។
          
ចំពោះការភ័ន្តច្រឡំលើគុណសម្បត្តិ : គឺដោយយល់ឃើញថា អនាគតប្ដី ឬប្រពន្ឋជាបណ្ឌិតតែការពិតគឺជាមនុស្សធម្មតាប៉ុណ្ណោះ។

         ៤.១ ការព្រមព្រៀងពីឪពុកម្ដាយ
    ជាប្រពៃណីកូនត្រូវគោរពឪពុក កូនស្ថិតក្រោមការគ្រប់គ្រង ថែរក្សា និងអប់រំរបស់ឪពុកម្ដាយ។ក្នុងបញ្ហារើសគូស្រករគួរត្រូវបានសំរេចនិងយល់ព្រមពីឪពុកម្ដាយ។
        
*ក្នុងករណីបុរសមានអាយុ២០ឆ្នាំ និងនារីអាយុ១៨ឆ្នាំឡើងទៅ : អាចរៀបអាពាហ៍ពិពាហ៍បានដោយពុំចាំបាច់មានការអនុញ្ញាតិពីឪពុកម្ដាយ បើទោះជាអាពាហ៍ពិពាហ៍នោះផ្ទុយ ឬមិនផ្ទុយពីឆន្ទៈរបស់ឪពុកម្ដាយក៏ដោយ។
        
*ក្នុងករណីជាអនីតិជន : អាពាហ៍ពិពាហ៍អាចប្រព្រឹត្តទៅបាន ដាច់​ខាត​ត្រូវតែមានការ​អនុញ្ញាត​​យល់ព្រមពីឪពុកម្ដាយឬអាណាព្យាបាល។
        
នៅក្នុងករណីដែលភាគីម្ខាងក្នុងចំណោមភាគី ដែលមានបំណងរៀបអាពាហ៍ពិពាហ៍ជាអនី​តិជន អនីតិជននោះចាំបាច់ត្រូវមានការយល់ព្រមពីសំណាក់អ្នកដែលមានអំណាចមេបា ឬអាណា​ព្យា​បាលសម្រាប់អនីតិជននោះ ។ ប៉ុន្តែបើអ្នកដែលមានអំណាចមេបាណាម្ខាងមិនយល់ព្រមទេ​គ្រាន់​​​តែមានការយល់ព្រមពីសំណាក់អ្នកដែលមានអំណាចមេបាម្ខាង ជាការគ្រប់គ្រងហើយ។ក្នុង​ករណីអ្នកដែលមានអំណាចមេបា ឬអាព្យាបាលសម្រាប់អនីតិជន បដិសេធការយល់ព្រមដោយគ្មានមូលហេតុសមរម្យ អនីតិជនដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍អាចទាមទារទៅតុលាការឳ្យសម្រេចសេចក្ដីជំនួសការយល់ព្រមនោះបាន១២
        
ចំពោះជននៅក្រោមអាណាព្យាបាលទូទៅ អាចរៀបអាពាហ៍ពិពាហ៍បាន ក្នុងករណីដែលមានសមត្ថភាពបង្ហាញឆន្ទៈ ក្នុងកម្រិតអប្បបរិមាដែលចាំបាច់ដើម្បីរៀបអាពាហ៍ពិពាហ៍។ក្នុងករណីនេះមិនចាំបាច់មានការយល់ព្រមពីអ្នកអាណាព្យាបាលទូទៅឡើយ១៣

         ៤.២ ការយល់ព្រមឳ្យអនីតិជនរៀបអាពាហ៍ពិពាហ៍
      * ចំពោះកូនមានខាន់ស្លា : បើឪពុក និងម្ដាយនៅរស់ជាគោលការណ៍ច្បាប់អនីតិជនត្រូវមានការយល់ព្រមពីឪពុកម្ដាយទាំងពីរ។ តែបើយល់ព្រមតែឪពុកម្ដាយ ឬម្ដាយ ករណីនេះច្បាប់ខ្មែរបច្ចុប្បន្នមិនបានចែងទេ។តែបើច្បាប់បារាំង ការយល់ព្រមតែពីឪពុក ឬម្ដាយគឺជាការគ្រប់គ្រាន់។ ប៉ុន្តែបើជាគោលការណ៍ បើឪពុក ម្ដាយ មានម្នាក់ស្លាប់ ឬស្ថិតនៅក្នុងស្ថានភាពមិនអាច​សំ​ដែង​​​ឆន្ទៈបាននោះការយល់ព្រមតែម្ខាងគឺជាការគ្រប់គ្រាន់។
          
បើឪពុកម្ដាយរបស់អនីតិជនស្លាប់ទាំងអស់ សិទិ្ឋនៃការយល់ព្រមឳ្យរៀបអាពាហ៍អាពាហ៍​ធ្លាក់លើបុព្វញាតិរបស់គេ។
          
*ចំពោះកូនឥតខាន់ស្លា : បើឪពុកម្ដាយទទួលស្គាល់កូននោះទាំងអស់គ្នា  ការយល់ព្រមត្រូ​វ​មានពីឪពុកម្ដាយទាំងពីរ ហើយដំណើរការផ្សេងៗកើតមានឡើងដូចគ្នា នឹងកូនមានខាន់ស្លា​ដែរ។ បើមានតែឪពុក ឬមានតែម្ដាយ ទទួលស្គាល់កូននោះ ការយល់ព្រមទុកជាមានសុពលភាព​គឺ​ត្រូវចេញពីឪពុកឬម្ដាយដែលទទួលស្គាល់កូននោះ។
          
បើកូនឥតខាន់ស្លានោះ ឪពុក និងម្ដាយមិនទទួលស្គាល់ទេ ឬឪពុកម្ដាយទាំងពីរស្លាប់ឬពុំ​អាច​​​​បញ្ចេញឆន្ទៈបានការផ្ដល់ការយល់ព្រមជាសមត្ថកិច្ចរបស់រដ្ឋអំណាច។
          
*ចំពោះកូនចិញ្ចឹម : វាមានដំណើរការដូចគ្នា នឹងដំណើរការនៃការផ្ដល់ការយល់ព្រមទៅ​ឳ្យ​កូនមានខាន់ស្លាដែរ។

         ៤.៣ ភស្តុតាងនៃការយល់ព្រម
      ជាធម្មតាឪពុកម្ដាយឬ បុព្វញាតិត្រូវផ្ដល់ការយល់ព្រមដោយផ្ទាល់មាត់ក្នុងពេលរៀបអាពាហ៍​ពិពាហ៍ជាពិសេសពេលពេលឆ្លើយតបនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។
          
ហើយគេក៏អាចធ្វើការយល់ព្រមជាលាយលក្ខណ៍អក្សរផងដែរ តែត្រូវធ្វើក្រោមរូបភាពជា​លិខិតយថាភូត។
          
ចំពោះការអនុញ្ញាតពីររដ្ឋអំណាច គឺការផ្ដល់ការយល់ព្រមត្រូវធ្វើជាលក្ខណៈ-ពិសេស​និង មាន​ភាពច្បាស់លាស់ដោយបញ្ជាក់ថា "អនីតិជននេះ ត្រូវបានអនុញ្ញាតឳ្យរៀបអាពាហ៍ពិពាហ៍"​។

      V.         លក្ខខណ្ឌពាក់ពន្ឋ័នឹងសីលធមិ
    បុគ្គលដែលមានសហព័ទ្ឋហើយពុំអាចរៀបអាពាហ៍ពិពាហ៍ទៀតបានឡើយ១៤
    ៥.១ បំរាមទេ្វពន្ឋភាព
    បំរាមទេ្វពន្ឋភាពគឺជាការហាមឃាត់ចំពោះស្ថានភាពរបស់បុគ្គលម្នាក់ ដែលរៀបអាពាហ៍ពិពាហ៍ថ្មីទៀត នៅពេលដែរអាពាហ៍ពិពាហ៍ចាស់មិនទាន់រលាយ។
ទាំងបុរស ទាំងស្រ្តីមិនអាចរៀបអាពាហ៍ពិពាហ៍ថ្មីទៀតបានទេ​ប្រសិនបើ​ចំណងអាពាហ៍​ពិពា​ហ៍​មុនមិនទាន់រលាយ១៥ ចំពោះបុគ្គលដែលមានចំណងអាពាហ៍ពិពាហ៍រួចហើយ ហើយ​​មក​រៀប​​ការថ្មីទៀតនោះអាពាហ៍ពិពាហ៍ក្រោយត្រូវទុកមោឃៈ១៦
      បុរស ឬស្រ្តីអាចរៀបអាពាហ៍ពិពាហ៍ថ្មីទៀតបានក្រោយពីអាពាហ៍ពិពាហ៍រលាយដោយមូលហេតុៈ
              - មរណភាពរបស់សហព័ទ្ឋណាមួយ
         - មោឃៈភាពនៃអាពាហ៍ពិពាហ៍
- មានសាលក្រមនៃការលែងលះ
   - មានសាលក្រមប្រកាសពីការបាត់ខ្លួន  ( ១៥ថ្ងៃ គិតពីថ្ងៃប្រកាសសាលក្រមដែលបញ្ជាក់ជននោះបានបាត់ខ្លួនពិតមែន)

        ៥.២ ការគោរពវិធវភាព
         នៅពេលដែលអាពាហ៍ពិពាហ៍មុនត្រូវ បានរលាយដោយមូលហេតុមរណភាព ​​ ការលែងលះឬដោយមោឃៈភាពនៃអាពាហ៍ពិពាហ៍នោះ បុរសអាចរៀបការនៅពេលណាក៏បាន។ ប៉ុន្តែចំពោះស្រ្តីវិញគឺមិនអាចរៀបអាពាហ៍ពិពាហ៍ថ្មីទៀតបានឡើយ ប្រសិនបើអំឡុងពេល ១២០ថ្ងៃ ពុំទាន់បានកន្លងផុតគិតចាប់ពីថ្ងៃ ដែលអាពាហ៍ពិពាហ៍មុនត្រូវរលាយ  ឬ លុបចោល ១៧ ។ ផ្ទុយទៅវិញ ចំពោះករណីដែលមានលិខិតបញ្ជាក់ពី ការគ្មានផ្ទៃពោះពីវេជ្ជបណ្ឌិត   នោះនារីអាចរៀប អាពាហ៍ពិពាហ៍ថ្មីទៀតបាននៅពេលណាក៏បាន ១៨
         ប្រសិនបើយើងមើលទៅ  ច្បាប់អាពាហ៍ពិពាហ៍  និង  គ្រួសារត្រង់មាត្រា   ៩  បានចែងថា"ក្រោយ​​ពីអាពាហ៍ពិពាហ៍រលាយ ដោយមូលហេតុប្ដីស្លាប់ មោឃភាពនៃអាពាហ៍ពិពាហ៍ ឬលែងលះគ្នានារីអាចរៀបអាពាហ៍ពិពាហ៍ថ្មីមួយទៀតបាន ប៉ុន្តែត្រូវស្ថិតនៅក្នុងវិធវភាព " ភាពមេម៉ាយ" ៣០០ថ្ងៃគិតពីថ្ងៃដែលប្ដីស្លាប់ ឬពីថ្ងៃប្រកាសសាលក្រមដែលសម្រេចពីមោឃភាព នៃអាពាហ៍ពិពាហ៍ឬពីថ្ងៃប្រកាសសាលក្រមស្ថាពរនៃការលែងលះ ។  " ចំពោះការខុសគ្នារវាងពេលវេលានៃវិធវភាព រវាងច្បាប់អាពាហ៍ពិពាហ៍  និង គ្រួសារ និង ក្រមរដ្ឋប្បវេណី ២០០៧ ដោយសារហេតុថា  នៅសម័យមុនវេជ្ជសាស្រ្តមិនទាន់មានការរីកចម្រើន ដែលធ្វើឳ្យយើងមានការពិបាកក្នុងការ  ពិនិត្យថាតើនារីមានផ្ទៃពោះ ឬអត់ដែលជាហេតុធ្វើឳ្យយើងត្រូវចំណាយពេលវេលាយូរក្នុងការរងចាំរហូតដល់ទៅ ៣០០ថ្ងៃ ។ តែសំរាប់ពេលបច្ចុប្បន្ន វេជ្ជសាស្ត្រមានការជឿនលឿន ហេតុដូច្នោះហើយទើបបានជាក្រមរដ្ឋប្បវេណី ២០០៧ បន្ថយមកត្រឹមតែ   ១២០  ថ្ងៃវិញ ដើម្បីជួយសម្រួលដល់ការរៀបអាពាហ៍ពិពាហ៍ថ្មីរបស់​នារី។
      ក្នុងករណីដែលតុលាការចេញដីកាឳ្យប្ដី ប្រពន្ឋបែកលំនៅសង្វាស នោះសាលក្រមនៃការលែងលះត្រូវគិតវិធវភាពតាំងពីថ្ងៃដែលចេញដីកានោះ។
          
ប៉ុន្តែបើស្ត្រីរៀបអាពាហ៍ពិពាហ៍មុនរយៈពេលវិធវភាពនេះ ប្ដីដែលបានរៀបអាពាហ៍ពិពាហ៍មុនពេលកំណត់វិធវភាពនោះ ប្ដីដែលបានរៀបអាពាហ៍ពិពាហ៍ថ្មីនេះ ត្រូវចាត់ទុកថាជាឪពុករបស់កូនដែលកើតក្នុង អាពាហ៍ពិពាហ៍ថ្មី លើកលែងតែមានការជំទាស់ពីប្ដីមុន ដោយមានភស្តុតាងច្បាស់លាស់។

៥.៣.បំរាមទាស់មុខស្មន់
           ច្បាប់ហាមឃាត់ចំពោះអាពាហ៍ពិពាហ៍: រវាងបុគ្គលដែលជាប់ចំ​ណងសាច់ញាតិលោហិត ឬញាតិពន្ឋក្នុងខ្សែផ្ទាល់គ្រប់ថ្នាក់ ទោះចំណងនោះមានខាន់ស្លាក្ដីឥតខាន់ស្លាក្ដីឬសាច់ចិញ្ចឹមក្ដី១៩
រវាងបុគ្គលនៅក្នុងសាខាញាតិ ទោះសាខាញាតិនោះមានខាន់ស្លាក្ដី ឥតខាន់ស្លាក្ដី សាច់ចិញ្ចឹម​ក្ដី រួមម្ដាយក្ដី រួមឪពុកក្ដី រួមឪពុកម្ដាយក្ដី ឬញាតិពន្ឋក្ដី រហូតដល់ថ្នាក់ទី៣ រាប់ទាំងថ្នាក់នេះ​ផង។
* ការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ខាងលើនេះ មិនអាចផុតអាជ្ញាយុកាលឡើយ។
សំគាល់ : ក្នុងករណីពិសេស ប្រសិនបើសហពទ័្ឋណាមួយស្លាប់ សហពទ័្ឋដែលនៅរស់អាចរៀបអាពាហ៍ពិពាហ៍ជាមួយសាខាញាតិពន្ឋថ្នាក់ទី២ ឬទី៣បាន។ ចំណុចនេះ ច្បាប់បានចែងដើម្បីបង្កលក្ខណៈងាយស្រួលដល់សហពទ័្ឋ និងការពារដល់កុមារជាកូនចៅសហព័ទ្ឋ ព្រោះបុគ្គលសាខាញាតិដែលបានរៀបអាពាហ៍ពិពាហ៍ក្រោយនេះ ធ្លាប់មានមនោសញ្ចេតនាស្រលាញ់រាប់អានដល់កូនរបស់សហពទ័្ឋដែលមានរួចមកហើយ ដូច្នេះការអប់រំការចិញ្ចឹមបីបាច់ថែរក្សារបស់សហពទ័្ឋថ្មីនឹងបានល្អ២០
នៅក្នុងក្រមរដ្ឋប្បវេណី ២០០៧ ត្រង់មាត្រា ៩៥១ ការហាមឃាត់មិនឳ្យរៀបអាពាហ៍ពិពាហ៍រវាងញាតិលោហិត បានចែងថា " អាពាហ៍ពិពាហ៍មិនអាចធ្វើបានឡើយ រវាងញាតិលោហិតផ្ទាល់ឬសាខាញាតិលោហិតក្នុង៣ថ្នាក់ រាប់ទាំងថ្នាក់ទី៣ ផង។ បញ្ញត្តិនេះក៏ត្រូវអនុវត្តផងដែរ នៅក្រោយពេលដែលទំនាក់ទំនងញាតិ ត្រូវបានបញ្ចប់ ដោយបញ្ញត្តិនៃមាត្រា ១០១៤ (ការបញ្ចប់នូវញាតិភាពជាមួយនឹងឪពុកម្ដាយបង្កើត) មាត្រា ១០១៦ (ការកាត់កាល់នៃស្មុំកូនពេញលេញ) ឬមាត្រា ១០៣២ (អានុភាពនៃការកាត់​កាល់​ស្មុំកូនធម្មតា)"
          
ទន្ទឹមនឹងនេះផងដែរ មាត្រា ៩៥២នៃក្រមរដ្ឋប្បវេណី ២០០៧ ក៏បានចែងពីការហាមឃាត់ឳ្យរៀបអាពាហ៍ពិពាហ៍រវាងញាតិពន្ឋដែលថា " អាពាហ៍ពិពាហ៍ពុំអាចធ្វើបានឡើយ រវាងញាតិពន្ឋនៃខ្សែផ្ទាល់។ បញ្ញត្តិនេះក៏ត្រូវយកមកអនុវត្តផងដែរ នៅក្រោយពេលដែលបានបញ្ចប់ទំនាក់ទំនងញាតិពន្ឋ ដោយបញ្ញត្តិមាត្រា ៩៤១ (ការរលត់ទំនាក់ទំនងញាតិពន្ឋ) ឬមាត្រា ១០១៦​ (ការកាត់កាល់​នៃស្មុំកូនពេញលេញ)"។ ម្យ៉ាងវិញទៀតអាពាហ៍ពិពាហ៍ពុំអាចធ្វើបានឡើយ រវាងសាខាញាតិនៅក្នុង ៣ថ្នាក់ រាប់ទាំងថ្នាក់ទី៣ផង។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរក្រោយពេលបានបញ្ចប់ទំនាក់ទំនងញាតិពន្ឋ តាមបញ្ញត្តិនៃមាត្រា ៩៤១ (ការរលត់នៃទំនាក់ទំនងញាតិពន្ឋខាងលើនេះ ។ ប៉ុន្តែបើសហព័ទ្ឋណាម្ខាងបានទទួលមរណភាព សហព័ទ្ឋដែលនៅរស់ អាចរៀបអាពាហ៍ពិពាហ៍ជាមួយបុគ្គលដែលធ្លាប់ជាសាខាញាតិពន្ឋនៅក្នុង៣ថ្នាក់បាន។

           ៥.៤.បំរាមអសមត្ថភាពផ្លូវកាយនិងស្មារតី
           ច្បាប់ហាមឃាត់មិនឳ្យរៀបអាពាហ៍ពិពាហ៍:
           -
បុគ្គលមានភេទដូចគ្នា
           -
បុគ្គលគ្មានពលានុភាពនៃលិង្គ
           -
បុគ្គលមានជំងឺឃ្លង់ របេង មហារីក កាមរោគ ដែលមិនទាន់បានព្យាបាលជាសះស្បើយ
           -
ជនវិកលចរឹកមិនដឹងខុសត្រូវ
         
សំគាល់:
           -ញាតិលោហិត:ញាតិដែលមានឈាមជ័រជាមួយគ្នា
          
ឧទាហរណ៍: ឪពុកនិងកូនឬម្ដាយនិងកូនជាដើម។
      - ញាតិពន្ឋ : ចំណងគតិយុត្តរវាងសហព័ទ្ឋម្ខាង និងញាតិលោហិត របស់សហព័ទ្ឋម្ខាងទៀត(សាច់ថ្លៃ)
          
ឧទាហរណ៍ : ឪពុកម្ដាយក្មេក និងកូនប្រសា បងថ្លៃ ប្អូនថ្លៃ (ខាងប្ដី ឬខាងប្រពន្ឋ) ។ល។
           -
សាខាញាតិ:ញាតិដែលបែកចេញជាមែកធាងពីអ្នកបង្កើតរួម
          
ឧទាហរណ៍:មីងមានិងក្មួយបងប្អូនបង្កើតបងប្អូនជីដូនមួយ។
           -
បងប្អូនបង្កើត : កូនដែលកើតពីឪពុក ម្ដាយជាមួយគ្នា គឺរួមឪពុក ម្ដាយជាមួយគ្នា ឬរួមតែឪពុកគឺឪពុកតែមួយម្ដាយទីទៃឬរួមតែម្ដាយគឺម្ដាយតែមួយឪពុកទីទៃ។
           -
បុព្វញាតិ :. តាមន័យទូទៅ : មានន័យដូចបុព្វជន (ជនដែលកើតមុនហើយបង្កើតជនមួយពួកទៀត ។ ឧទាហរណ៍ : ជីដូន ជីតា ឪពុក ម្ដាយ ជាបុព្វជនរបស់កូនចៅ..........)
                          
. តាមក្រមរដ្ឋប្បវេណី មានន័យថា ជនដែលស្ថិតក្នុងថ្នាក់ញាតិខ្ពស់ជាងខ្លួន
          
ឧទាហរណ៍ : ជីដូន ជីតា ឪពុក ម្ដាយ មា មីង ជាបុព្វញាតិរបស់ចៅ កូន ក្មួយ.......
           -
បច្ឆាញាតិ : ជនឬពួកជនដែលកើតពីជនមួយពួកទៀត ។ ឧទាហរណ៍ : កូន ចៅ ចៅទួត ជាបច្ឆាញាតិរបស់ឪពុកម្ដាយជីដូនជីតាជីតាទួត។
           -
ជួរ-ខ្សែ:ជាមនុស្សទាំងអស់ដែលកើតចេញពីឪពុកម្ដាយរួម
           -
ជួរញាតិផ្ទាល់-ខ្សែញាតិត្រង់ : គឺជាអ្នកដែលកើតតគ្នាពីមួយទៅមួយតាមលំដាប់ គឺឪពុក
ម្ដាយទៅកូនចៅចៅទួត។ល។

                        VI.            លក្ខខណ្ឌទម្រង់
៦.១.លក្ខខណ្ឌមុនពេលរៀបអាពាហ៍ពិពាហ៍
.ការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍
អាពាហ៍ពិពាហ៍នឹងមានអានុភាព ដោយការដាក់ពាក្យ សុំរៀបអាពាហ៍ពិពាហ៍ ការជូន​ដំណឹង​​​​ជាសាធារណៈការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ និងការចុះបញ្ជីនៅចំពោះ​មុខមន្ត្រី​អត្រានុ​កូលដ្ឋាន​។

                ខ. ការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍
ការជូនដំណឹងជាសាធារណៈការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ និងការចុះបញ្ជី​អាពាហ៍​ពិពាហ៍​​​ត្រូវកំណត់ទៅតាមនីតិវិធីស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន២១
ចំពោះការផ្ដល់ឯកសារត្រូវមាន:
-
ត្រូវមានការយល់ព្រមពីឪពុកម្ដាយ ឬអាណាព្យាបាល ចំពោះក្មេងមិនទាន់ពេញវ័យ(បុរសអាយុ២០ឆ្នាំនារីអាយុ១៨ឆ្នាំ)
-
ភស្តុតាងនៃការរំលាយអាពាហ៍ពិពាហ៍មុន : សាលក្រមលែងលះ សាលក្រមប្រកាសពីការបាត់ខ្លួនឬសំបុត្រមរណភាពឬមោឃភាពនៃអាពាហ៍ពិពាហ៍។
-
សំបុត្របញ្ជាក់ថាបានគោរពវិធវភាព
-
ការអនុញ្ញាតិក្នុងករណីដែលគូស្រករមានជាប់ញាតិនិងញាតិពន្ឋ
-
លិខិតបញ្ជាក់ពីមន្រ្តីអត្រានុកូលដ្ឋាន ឬពីកន្លែងធ្វើការ ថាខ្លួនពិតជានៅលីវ (លិខិតនេះហៅថាកិច្ចសន្យាសាមីជនកូនប្រុសកូនស្រី)
-
ពាក្យសុំរៀបអាពាហ៍ពិពាហ៍របស់កូនប្រុស (ករណីកូនប្រុស និងកូនស្រីមានលំនៅក្នុងឃុំសង្កាត់ខុសគ្នា)
-
ក្រោយពីបានឯកសារនេះហើយ ខាងប្រុសត្រូវយកលិខិតនេះមកភ្ជាប់ជាមួយបែបបទសុំរៀបអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានឃុំឬសង្កាត់នាលំនៅរបស់នារី។ពាក្យសុំរៀបអាពាហ៍​ពិពាហ៍​ពុំអាចទទួលយកបានឡើយ បើបានទទួលស្គាល់ថាអាពាហ៍ពិពាហ៍នោះ ផ្ទុយនឹងបញ្ញត្តិច្បាប់ ចាប់ពីមាត្រា ៩៤៨ (អាយុគ្រប់លក្ខណៈរៀបអា​ពាហ៍​ពិពាហ៍) រហូតដល់មាត្រា ៩៥៤ (ការរៀបអាពាហ៍​ពិពាហ៍​របស់ជននៅក្រោម​អាណាព្យា​បាល​​​ទូទៅ)ឬបទដ្ឋានគតិយុត្តផ្សេងទៀត២១
                                                  
                    VII.            ការប្រកាសផ្សាយ

៧.១ គោលបំណង
      ការបិទប្រកាសនេះ មានគោលដៅបង្កលទ្ឋភាពដល់ជនដែលមានប្រយោជន៍នៅក្នុងរឿងនេះដឹងឮ ហើយអាចប្ដឹងទាស់នឹងអាពាហ៍ពិពាហ៍នេះបាន ប្រសិនបើមានការមិនយល់ព្រម​ឬក៏ការរៀបអាពាហ៍​ពិពាហ៍នោះប៉ះពាល់ដល់សិទិ្ឋ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនហើយ​ត្រូវបានច្បាប់ការពារសិទិ្ឋនិងផលប្រយោជន៍ទាំងនោះ។

              ៧.២ បែបបទប្រកាសផ្សាយ
      មន្ត្រីអត្រានុកូលដ្ឋាន ត្រូវបិទប័ណ្ណប្រកាសផ្សាយអំពីអាពាហ៍ពិពាហ៍នៅសាលាឃុំឬសង្កាត់របស់ខ្លួននាលំនៅរបស់នារី ។ ប័ណ្ណប្រកាសពីរទៀត ត្រូវផ្ញើរទៅមន្ត្រីអត្រានុកូលដ្ឋានឃុំឬសង្កាត់ខាងបុរស ដើម្បីយកទៅបិទនៅលំនៅបុរស និងសាលាឃុំ ឬសង្កាត់របស់ខ្លួន។
ប័ណ្ណប្រកាសត្រូវតែមានចុះពត៌មានដូចខាងក្រោមនេះ:
           -​
នាមត្រកូល នាមខ្លួន អាយុ មុខរបប និងលំនៅដ្ឋាននៃអនាគតប្ដី ប្រពន្ឋ
     - នាមត្រកូល នាមខ្លួន អាយុ មុខរបប និងលំនៅដ្ឋានរបស់ឪពុកម្ដាយ នៃអនាគតប្រពន្ឋបើឪពុកម្ដាយស្លាប់គឺដាក់ថាស្លាប់។
        -
ត្រូវដាក់រយៈពេលកំណត់ដែលអាចប្ដឹងទាស់បាននឹងអាពាហ៍ពិពាហ៍នោះ (គឺរយៈពេល១០ថ្ងៃគិតចាប់ពីថ្ងៃបិទប័ណ្ណប្រកាសផ្សាយជាសាធារណៈ)

              ៧.៣ រយៈពេលប្រកាសផ្សាយ
ការប្រកាសផ្សាយអាពាហ៍ពិពាហ៍នេះមានរយៈពេល១០ថ្ងៃ ។ អាពាហ៍ពិពាហ៍អាចប្រព្រឹត្តទៅបានក្រោ​​យរយៈពេលបិទផ្សាយនេះមានន័យថា បើក្នុងរយៈពេល១០ថ្ងៃនេះ គ្មាននរណាប្ដឹងជំទាស់នឹង អាពាហ៍​ពិពាហ៍របស់ពួកគេទេនោះពិធីរៀបអាពាហ៍ពិពាហ៍អាចប្រព្រឹត្តទៅបាន២២
          
បើមានបណ្ដឹងទាស់ ការរៀបអាពាហ៍ពិពាហ៍នោះមិនអាចប្រព្រឹត្តទៅបានទេប្រសិនបើបណ្ដឹងនោះមិនត្រូវបានដោះស្រាយចប់។


៧.៤ លក្ខខណ្ឌក្នុងពេលរៀបអាពាហ៍ពិពាហ៍
  -វត្តមានគូស្រករ  តាមគោលការណ៍គូស្រករត្រូវតែមានវត្តមាន។
     -ពិធីរៀបអាពាហ៍ពិពាហ៍
           អាពាហ៍ពិពាហ៍នឹងចាត់ទុកថាជាត្រឹមត្រូវតាមលក្ខណៈច្បាប់បាន លុះត្រាតែបុរសនិង នារី ដែលស្ម័គ្រចិត្តយកគ្នាជា ប្ដី ប្រពន្ឋ ចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ នៅចំពោះមុខមន្រ្តី​អត្រា​នុកូលដ្ឋានខាងលំនៅរបស់នារី ។ កិច្ចសន្យានេះត្រូវចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍ ហើយត្រូវចុះ​ហត្ថា​លេខាដោយមន្រ្តីអត្រានុកូលដ្ឋានប្ដីប្រពន្ឋនិងសាក្សីគ្រប់អាយុការពីរនាក់។

                VIII.  បណ្ដឹងទាស់មិនឳ្យរៀបអាពាហ៍ពិពាហ៍
      អាពាហ៍ពិពាហ៍ដែលប្រព្រឹត្តទៅផ្ទុយពីលក្ខខណ្ឌ ដែលត្រូវមានដើម្បីរៀបអាពាហ៍គឺជាអាពាហ៍ពិពាហ៍ពុំស្របច្បាប់ លើកលែងតែក្នុងករណីពិសេសខ្លះ ដែលច្បាប់អាពាហ៍ពិពាហ៍នឹង
គ្រួសារបានកំណត់នៅក្នុងមាត្រា៥និងមាត្រា៨។

      ៨.១.សញ្ញាណនៃបណ្ដឹងទាស់
           បណ្ដឹងទាស់ គឺជាបណ្ដឹងដែលឪពុកម្ដាយ ឬជនគ្រប់រូបដែលមានប្រយោជន៍ក្នុងរឿងនោះ ដើម្បីធ្វើឳ្យមន្រ្តីអត្រានុកូលដ្ឋានដឹងថា ខ្លួននឹងប្ដឹងជំទាស់មិនឳ្យរៀបអាពាហ៍ពិពាហ៍បានដោយមានមូលហេតុណាមួយដែលច្បាប់ហាមឃាត់។

           ៨.២.អ្នកមានសិទិ្ឋប្ដឹងជំទាស់
          .ជនដែលមានប្រយោជន៍
          ជនដែលមានប្រយោជន៍ក្នុងរឿងក្ដីនេះអាចជា:
           -
សាមីខ្លួនផ្ទាល់
           -
បងប្អូនបង្កើត
           -
ញាតិលោហិត
           -
សាខាញាតិ
           -
ជនដែលមានប្រយោជន៍ផ្សេងៗទៀត
          
សាច់ញាតិរបស់ភាគី ឬជនដែលមានប្រយោជន៍ណាមួយ អាចប្ដឹងជំទាស់អាពាហ៍ពិពាហ៍ក្នុងចន្លោះ១០ថ្ងៃចាប់តាំងពីការបិទប្រកាសអំពីអាពាហ៍ពិពាហ៍ដែលគ្រោងនឹងរៀបនេះ២៣
អ្នកប្ដឹងទាស់ត្រូវចុះហត្ថលេខាលើពាក្យរបស់ខ្លួនផ្ទាល់ និងចង្អុលបង្ហាញឳ្យបានច្បាស់លាស់អំពីចំណុចដែលខ្លួនប្ដឹងជំទាស់ ហើយបញ្ជូនទៅមេឃុំ ឬចៅសង្កាត់ខាងលំនៅនៃអនាគតប្រពន្ឋ ។
      .មន្រ្តីអត្រានុកូលដ្ឋាន
              
ក្នុងករណីពិសេស មន្រ្តីអត្រានុកូលដ្ឋានអាចប្ដឹងជំទាស់មិនឳ្យរៀបអាពាហ៍ពិពាហ៍នៅពេលដែល ដឹងថាបុរស ឬនារីជាអសមត្ថជនឬមានប្រការណាមួយដែលច្បាប់ហាមឃាត់ដូចជា:
              -អាយុមិនគ្រប់តាមច្បាប់កំណត់
           -
អសមត្ថភាពខាងផ្លូវកាយនិងស្មារតី
     
.ទម្រង់នៃបណ្ដឹងទាស់
បណ្ដឹងទាស់នឹងយកជាការបាន លុះត្រាតែអ្នកប្ដឹងទាស់ចុះហត្ថលេខាលើពាក្យបណ្ដឹងរបស់ខ្លួន ដោយផ្ទាល់ដៃខ្លួនឯង ហើយចង្អុលបង្ហាញឳ្យបានច្បាស់លាស់អំពីចំណុចដែលខ្លួនប្ដឹងទាស់ រួចហើយបញ្ជូនទៅមេឃុំ ឬចៅសង្កាត់ ខាងលំនៅនៃអនាគតប្រពន្ឋ ។
     ឃ.មូលហេតុនៃបណ្ដឹងទាស់ 
         
មូលហេតុដែលអាចយកមកប្ដឹងទាស់បានគឺព្រោះវាមានប្រការណាមួយដែលច្បាប់ហាមឃាត់ចំពោះអនាគតប្ដីប្រពន្ឋដូចជាៈ
           -
អនាគតប្ដីប្រពន្ឋមានអាយុក្រោមការកំណត់របស់ច្បាប់ (បុរសអាយុតិចជាង២០ឆ្នាំនារីអាយុតិចជាង១៨ឆ្នាំ)
           -
អនាគតប្ដីប្រពន្ឋទទួលរងនូវប្រការណាមួយ ដែលច្បាប់បានហាមឃាត់មិនឳ្យរៀបការដូចជា ភេទដូចគ្នា គ្មានពលានុភាពនៃលិង្គ មានជម្ញឺឃ្លង់ របេង មហារីក កាមរោគ ដែលមិនទាន់ព្យាបាលបានជាដាច់ជនវិកលចរិតជនមិនដឹងខុសត្រូវ។
           -
អនាគតប្ដីប្រពន្ឋត្រូវបានហាមឃាត់ ដោយសារគេជាប់ចំណងញាតិលោហិតឬញាតិពន្ឋក្នុងខ្សែផ្ទាល់គ្រប់ថ្នាក់។
           -
អនាគតប្ដីប្រពន្ឋត្រូវហាមឃាត់មិនឳ្យរៀបអាពាហ៍ពិពាហ៍ ដោយសារគេជាសាខាញាតិរហូតដល់ថ្នាក់ទី៣រាប់ទាំងថ្នាក់ទី៣ផង។
     ង.រយៈពេលនៃបណ្ដឹងទាស់
         
នៅមុនពេលអនាគតប្ដី ប្រពន្ឋរៀបអាពាហ៍ពិពាហ៍ មន្រ្តីអត្រានុកូលដ្ឋានខាងលំនៅរបស់បុរស និងនារីត្រូវបិទប័ណ្ណប្រកាសផ្សាយក្នុងរយៈពេល ១០ថ្ងៃ មុនថ្ងៃរៀបអាពាហ៍ពិពាហ៍។នៅក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃបិទប័ណ្ណប្រកាសផ្សាយនេះ ញាតិក្ដី ជនដែលមានប្រយោជន៍ក្នុងរឿងនេះក្ដី អាចប្ដឹងទាស់មិនឳ្យរៀបអាពាហ៍ពិពាហ៍បាន បើឃើញថា ការរៀបអាពាហ៍ពិពាហ៍នោះមានប្រការណាមួយដែលច្បាប់បានហាមឃាត់។
     ច.ការសម្រេចលើបណ្ដឹងទាស់
         
 ក្រោយពេលទទួលបានបណ្ដឹងទាស់ មេឃុំ ឬចៅសង្កាត់នេះត្រូវសម្រេចក្នុងរយៈពេល​ ០៣ថ្ងៃ គិតចាប់ពីថ្ងៃទទួលបណ្ដឹងទាស់ ។
      បើអ្នកប្ដឹងទាស់ ឬអនាគតប្ដី ប្រពន្ឋ មិនសុខចិត្តនឹងសេចក្ដីសម្រេចនេះមេឃុំ ឬចៅ​សង្កាត់​ត្រូវបញ្ជូនសំណុំរឿងទៅតុលាការក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរគិតពីថ្ងៃទទួលសំណុំរឿង។
          
តុលាការត្រូវសម្រេចសេចក្ដីពីបណ្ដឹងទាស់ក្នុងរយៈពេល ៧ថ្ងៃយ៉ាងយូរ គិតចាប់ពីថ្ងៃ​ទទួល​សំណុំរឿង។ បើតុលាការបដិសេធបណ្ដឹងទាស់ចោល អនាគតប្ដី ប្រពន្ឋអាចរៀបអាពាហ៍ពិពាហ៍បាន។ បើតុលាការចាត់ទុកបណ្ដឹងទាស់នោះថាត្រឹមត្រូវមន្ត្រីអត្រានុកូលដ្ឋានត្រូវបញ្ឈប់មិនឳ្យរៀបអាពាហ៍ពិពាហ៍។
          
.បណ្ដឹងតវ៉ា
         
ប្រសិនបើមេឃុំ-សង្កាត់ដែលសម្រេចលើបណ្ដឹងទាស់ បានចេញសេចក្ដីសម្រេចទាន់ពេលវេលា ហើយដើមបណ្ដឹង ឬ អនាគតប្ដីប្រពន្ឋមិនយល់ស្របទៅនឹងសេចក្ដីសម្រេចរបស់មន្រ្តីឃុំ-សង្កាត់ដែលបានធ្វើសេចក្ដីសម្រេចបណ្ដឹងទាស់ មន្រ្តីឃុំ-សង្កាត់នោះត្រូវបញ្ជូនសំណុំរឿងទៅតុលាការ។ ពេលនោះតុលាការត្រូវពិនិត្យសំណុំរឿងឡើងវិញ ហើយចេញសេចក្ដីសម្រេចក្នុងរយៈពេល៧ថ្ងៃ គិតពីថ្ងៃបានទទួលសំណុំរឿង។ បើសិនជាបណ្ដឹងទាស់ត្រូវបានគាំទ្រ មន្ត្រីអត្រានុកូលដ្ឋានពុំអាចអនុញ្ញាតិឳ្យធ្វើពិធីរៀបអាពាហ៍ពិពាហ៍បានឡើយ។ តាមមាត្រា ១៩ នៃច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ បើសិនជាបណ្ដឹងទាស់ត្រូវបានបដិសេធចោលពិធីរៀបអាពាហ៍ពិពាហ៍អាចប្រព្រឹត្តឡើងដោយស្របច្បាប់បាន។
          
សេចក្ដីសម្រេចរបស់តុលាការមិនអាចប្ដឹងតវ៉ាបានឡើយ។ វាហាក់ដូចជាមិនមានសិទិ្ឋប្ដឹងឧទ្ឋរណ៍​ ឡើយហើយគ្មានយន្តការណាមួយបើកសវនាការឡើងវិញទេ ទោះបីជាមានការខុសឆ្គងធ្ងន់ធ្ងរក៏ដោយ ។ ច្បាប់មិនបានចែងអំពីគោលការណ៍ណែនាំណាមួយស្ដីអំពីរបៀបលើកយកអង្គហេតុទៅបង្ហាញនៅតុលាការ និងខ្នាតគំរូនៃភស្តុតាងដែលតុលាការនឹងប្រើក្នុងការសម្រេចថាតើត្រូវអនុញ្ញាតឳ្យអាពាហ៍ពិពាហ៍ប្រព្រឹត្តទៅបានដែរឬទេ។

ជំពូកទី៥ អានុភាពនៃអាពាហ៍ពិពាហ៍
      នៅពេលរៀបអាពាហ៍ពិពាហ៍ប្ដី ប្រពន្ឋអាចប្រើនាមត្រកូលរបស់ប្ដី ឬប្រពន្ឋ ឬអាចប្រើនាមត្រកូលដើមរៀងៗខ្លួនដែលមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍បាន២៤
            
ប្ដី ប្រពន្ឋត្រូវរួមរស់ជីវភាពជាមួយគ្នា ហើយត្រូវសហការ សង្គ្រោះគ្នាទៅវិញទៅមក២៥
            
មិនតែប៉ុណ្ណោះ ប្ដី ប្រពន្ឋមានសេរីភាពក្នុងការជ្រើសរើសវិជ្ជាជីវៈ ហើយអាចចូលរួមក្នុងសកម្មភាព នយោបាយ វប្បធម៌ សង្គម រៀងៗខ្លួនបាន២៦
      ម្យ៉ាងវិញទៀត ប្រសិនបើអនីតិជនបានរៀបអាពាហ៍ពិពាហ៍ អនីតិជននោះត្រូវបានចាត់​ទុកថាបានដល់នីតិភាពដោយអាពាហ៍ពិពាហ៍នោះ២៧
        I.               សិទិ្ឋ និងកាតព្វកិច្ចរបស់សហព័ទ្ឋ           
      ១.១ ទំនាក់ទំនងគតិយុត្តិនៃសហព័ទ្ឋ
ការរៀបអាពាហ៍ពិពាហ៍តាមច្បាប់ ធ្វើឳ្យកើតឡើងនូវចំណងទាក់ទងរវាងគូភាគីប្ដីនិងប្រពន្ឋ ទំនាក់ទំនងនេះជាទំនាក់ទំនងគតិយុត្តិអំពីបុគ្គល និងទំនាក់ទំនងគតិយុត្តិអំពីទ្រព្យសម្បត្តិរវាងប្ដី និងប្រពន្ឋហើយក៏ធ្វើឳ្យកើតមានឡើងនូវសិទិ្ឋនិងករណីយកិច្ចរបស់សហព័ទ្ឋផងដែរ
     ក.ទំនាក់ទំនងគតិយុត្តិអំពីបុគ្គល
         
ប្ដីនិង ប្រពន្ឋ គឺជាទំនាក់ទំនងសង្គមដែលកើតឡើងរវាងពលរដ្ឋពីរនាក់ ម្ខាងជាបុរស និងម្ខាងទៀតជានារីហើយបានរៀបការនឹងគ្នាតាមបញ្ញាត្តិច្បាប់។ គូភាគីមានទំនាក់ទំនងគ្នាអំពីខ្លួនប្រាណ និងត្រូវបានច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារសំរបសំរួលឡើង។  ដោយសារទំនាក់ទំនងស្របច្បាប់ ធ្វើឳ្យបុរស និងនារី ចាកផុតពីការចោទប្រកាន់ក្នុងបទរំលោភសេពសន្ឋវៈ។
      .ទំនាក់ទំនងគតិយុត្តិអំពីទ្រព្យសម្បត្តិ
         
ទំនាក់ទំនងគតិយុត្តិអំពីទ្រព្យសម្បត្តិរបស់ប្ដី និងប្រពន្ឋ គឺជាទំនាក់ទំនងគតិយុត្តិអំពីផលប្រយោជន៍​​​របស់ប្ដី ឬប្រពន្ឋមានទៅលើទ្រព្យសម្បត្តិ។ ចំណងអាពាហ៍ពិពាហ៍ស្របច្បាប់មានអានុភាពឳ្យប្ដីឬប្រពន្ឋទទួលបាននូវទ្រព្យសម្បត្តិទៅតាមចំណែករៀងៗខ្លួន។
          
ទ្រព្យទាំងឡាយណាដែលកើតមានមុនពេលរៀបអាពាហ៍ពិពាហ៍ និងទ្រព្យសម្បត្តិដែលទទួលបានជាមត៌កក្ដី ជាអំណោយក្ដី ជាអច្ច័យទានក្ដី ចាត់ទុកជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងពេលមានចំណងអាពាហ៍ពិពាហ៍ ។ ក្រៅពីនេះ សហព័ទ្ឋម្នាក់ៗមានសិទិ្ឋត្រូវបានទ្រព្យសម្បត្តិរួមពាក់កណ្ដាលម្នាក់។ ប៉ុន្តែក្នុងករណីពិសេស និងតាមសំណើរបស់សហព័ទ្ឋណាមួយ តុលាការអាចសម្រេចសេចក្ដីចែកទ្រព្យសម្បត្តិរួមផ្សេងពីគោលការណ៍ខាងលើនេះបាន ដោយគិតទៅដល់ផលប្រយោជន៍របស់កូននិងផលិតកម្ម។
          
ការងារនៃគេហកិច្ចត្រូវចាត់ទុកថាមានតំលៃស្មើនឹងការងារផលិតកម្ម។
          
     II.               សិទិ្ឋនិងករណីកិច្ចរបស់សហព័ទ្ឋ
      ២.១ សិទិ្ឋស្មើគ្នាក្នុងការជ្រើសរើសមុខវិជ្ជាជីវៈរបស់ខ្លួន
សិទិ្ឋនេះផ្ដើមចេញពីសិទិ្ឋស្មើគ្នារវាងបុរស និងស្រ្តី ។ ច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារបានចែងច្បាស់ពីសិទិ្ឋស្មើគ្នារវាងប្ដី និងប្រពន្ឋក្នុងគ្រួសារ ប្ដី ប្រពន្ឋត្រូវមានភាពស្មើគ្នាលើគ្រប់ទស្សនៈ២៩
      ប្ដី និងប្រពន្ឋ មានសិទិ្ឋជ្រើសរើសដោយសេរីនូវវិជ្ជាជីវៈរបស់ខ្លួន មានសិទិ្ឋចូលរួមប្រាស្រ័យដោយសេរីក្នុងសកម្មភាពនយោបាយ វប្បធម៌ និងសង្គម៣០ ។ ត្រង់មាត្រា ៣១ នេះមានលក្ខណៈដូចគ្នាទៅនឹងមាត្រា៩៦៧នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ផងដែរ។    
     
      ២.២ សិទិ្ឋស្មើគ្នាក្នុងការប្រើប្រាស់ អាស្រ័យផល និងចាត់ចែងទ្រព្យសម្បត្តិរួម
     ក. ទ្រព្យសម្បត្តិរួម
គឺជាទ្រព្យសម្បត្តិទាំងឡាយ ដែលប្ដីប្រពន្ឋទាំងសងខាងឬតែម្ខាងទទួលបាននៅក្នុងអំឡុងពេលមានចំណងអាពាហ៍ពិពាហ៍ លើកលែងតែទ្រព្យសម្បត្តិដោយឡែក។
ក្នុងពេលមានចំណងអាពាហ៍ពិពាហ៍នឹងគ្នា ទោះប្រពន្ឋ ឬប្ដីរកបានទ្រព្យសម្បត្តិប្រាក់កាសជាចំណូលក្នុងគ្រួសារច្រើន ឬតិចជាងប្ដី ឬប្រពន្ឋក៏ដោយ ទ្រព្យសម្បត្តិនឹងប្រាក់កាសទាំងនោះ ចាត់ទុកថាជាទ្រព្យសម្បត្តិរួមរបស់សហព័ទ្ឋទាំងពីរ៣១។ ក្នុងករណីដែលប្រពន្ឋពុំបានចេញទៅរកស៊ី ប៉ុន្តែប្រពន្ឋនោះមានតួនាទីជាមេផ្ទះ ថែរក្សាអប់រំកូន....ការងារគេហកិច្ចទាំងនេះ ត្រូវចាត់ទុកស្មើនឹងការងារផលិតកម្មរបស់ប្ដី។
          
សិទិ្ឋស្មើគ្នានេះមានន័យថា សហព័ទ្ឋទាំងពីរនាក់ត្រូវគ្រប់គ្រងទ្រព្យសម្បត្តិរួមជាមួយគ្នា ។ សហព័ទ្ឋម្នាក់ៗអាចប្រើប្រាស់សម្ភារៈដែលជាទ្រព្យសម្បត្តិរួម និងអាចលក់ដូរ ឬធ្វើ អំណោយបានលុះត្រាតែមានការព្រមព្រៀងពីសហព័ទ្ឋទាំងពីរ។
          
ចំពោះមាត្រា ៣៧ នេះវាមានន័យដូចគ្នា និងមាត្រា ៩៧៦ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ ដែរ។ប៉ន្តែបើមានស្ថានភាពមិនអាចជៀសវាងបាន សម្រាប់ការថែទាំជីវភាពរួមក្នុងអាពាហ៍ពិពាហ៍និងដើម្បីរក្សាជីវភាពរស់នៅ នោះប្ដីប្រពន្ឋណាម្ខាងអាចលក់ ឬធ្វើការចាត់ចែងផ្សេងទៀតនូវទ្រព្យសម្បត្តិរួមបានដោយទទួលការអនុញ្ញាតពីតុលាការ។
          
មិនត្រឹមតែប៉ុណ្ណោះ ក្នុងករណីដែលប្ដី ឬប្រពន្ឋណាម្ខាង បានលក់ ឬធ្វើការចាត់ចែងផ្សេងទៀតនូវទ្រព្យសម្បត្តិរួម ដោយគ្មានការយល់ព្រមពីសហព័ទ្ឋម្ខាងទៀតផង និងគ្មានការអនុញ្ញាតពីតុលាការផង សហព័ទ្ឋដែលមិនបានផ្ដល់ការយល់ព្រម អាចទាមទារឳ្យលុបចោលនូវការចាត់ចែងនោះទៅតុលាការបាន នៅក្នុងអំឡុងពេល ២ឆ្នាំ គិតចាប់ពីពេលដែលបានដឹងអំពីការចាត់ចែងនោះ បើទ្រព្យសម្បត្តិរួមដែលត្រូវបានចាត់ចែងនោះ ជាអចលនវត្ថុនឹង នៅក្នុងអំឡុងពេល ១ឆ្នាំគិតចាប់ពីពេលដែលបានដឹងអំពីការចាត់ចែងនោះ បើទ្រព្យសម្បត្តិរួមដែលត្រូវបានចាត់ចែងនោះជាទ្រព្យសម្បត្តិផ្សេង។ សហព័ទ្ឋម្នាក់អាចទាមទារឳ្យសហព័ទ្ឋម្នាក់ទៀតយល់ព្រមពីវិធានការចាំបាច់ ដើម្បីថែរក្សាទ្រព្យសម្បត្តិរួមឬរក្សាទុកតម្លៃរបស់ទ្រព្យសម្បត្តិនោះ៣២
          
ទ្រព្យសម្បត្តិរួមរបស់សហព័ទ្ឋមានបន្ទុកដោះស្រាយបញ្ហាដូចខាងក្រោមៈ
           -
ការផ្គត់ផ្គង់គ្រួសារនិងចំណាយដើម្បីអប់រំនិងបណ្ដុះបណ្ដាលកូន
           -
បំណុល និងកាតព្វកិច្ចទាំងឡាយណា ដែលសហព័ទ្ឋទាំងពីរបានព្រមព្រៀងគ្នាសម្រេចក្នុងពេលមានចំណងអាពាហ៍ពិពាហ៍
           -
ការថែរក្សានិងការគ្រប់គ្រងទ្រព្យសម្បត្តិរួម៣៣
          
នៅត្រង់មាត្រា ៣៥ និង ៣៦ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ មានលក្ខណៈដូចគ្នាផងដែរចំពោះមាត្រា ៩៧៤ នៃក្រមរដ្ឋប្បវេណី ២០០៧។ប៉ុន្តែបើការពិភាក្សាអំពីគ្រប់គ្រង ឬប្រើប្រាស់ទ្រព្យសម្បត្តិរួមរបស់ប្ដីប្រពន្ឋមិនបានសម្រេច ឬបើពុំអាចពិភាក្សាបានទេ ភាគីម្ខាងទៀតអាចទាមទារទៅតុលាការឳ្យធ្វើការចាត់ចែងចំពោះការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរួមបាន។
      ចំណែកឯទ្រព្យសម្បត្តិផ្ទាល់ខ្លួនវិញ សហព័ទ្ឋម្នាក់ៗមានសិទិ្ឋពេញលេញក្នុងការប្រើប្រាស់ការអាស្រ័យ​ផលនិងការចាត់ចែងទ្រព្យសម្បត្តិទាំងនោះ។
          
នៅពេលដែលបុរស និងស្រ្តីរៀបអាពាហ៍ពិពាហ៍ហើយ រស់នៅជាមួយគ្នាជាប្ដីប្រពន្ឋបញ្ហាដែលកើតឡើងគឺ សិទិ្ឋលើទ្រព្យសម្បត្តិរបស់ពួកគេទាំងពីរនាក់ពីព្រោះថានៅមុនពេលប្ដីឬប្រពន្ឋរៀបអាពាហ៍ ​​​​​​​ពិពាហ៍នឹងគ្នា ពួកគេអាចមានទ្រព្យសម្បត្តិរៀងៗខ្លួន ដែលយើងហៅថា ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

         
-ទ្រព្យសម្បត្តិដោយឡែក
ជាទ្រព្យសម្បត្តិដែលសហព័ទ្ឋម្នាក់ៗមានមុនពេលរៀប​​អាពាហ៍ពិពាហ៍ឬបានដោ​យ​ប្រទាន​​កម្ម សន្តតិកម្ម ឬអច្ច័យទាន នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍៣៤
-ចំពោះទ្រព្យសម្បត្តិរួម និងទ្រព្យសម្បត្តិដោយឡែក ដែលមានចែងនៅក្នុងច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារត្រង់មាត្រា ៣៣ (ទ្រព្យសម្បត្តិរួម) និងមាត្រា ៣៤ (ទ្រព្យសម្បត្តិផ្ទាល់)មានលក្ខណៈដូចគ្នា និងក្រមរដ្ឋប្បវេណី ២០០៧ត្រង់មាត្រា ៩៧២ (ទ្រព្យសម្បត្តិដោយឡែក) និងមាត្រា៩៧៣(ទ្រព្យសម្បត្តិរួម)
           ចំពោះការអាស្រ័យនៅទ្រព្យសម្បត្តិដោយឡែក ប្ដី ប្រពន្ឋម្ខាងអាចអាស្រ័យនៅអចលនវត្ថុដែលជាទ្រព្យសម្បត្តិដោយឡែករបស់សហព័ទ្ឋម្ខាងទៀត ហើយដែលត្រូវបានប្រើសម្រាប់ការអាស្រ័យនៅរបស់គ្រួសារបាន។ នៅក្នុងករណីដែលប្ដីប្រពន្ឋម្ខាងអាស្រ័យនៅអចលនវត្ថុដែលបានកំណត់ខាងលើនេះ ទោះ​​បីជាសហព័ទ្ឋម្ខាងទៀតបានចាត់ចែងអចលនវត្ថុនោះក៏ដោយក៏អាចបន្តអាស្រ័យនៅអចលនវត្ថុនោះបានដែរ៣៥
            
.ករណីកិច្ចគោរពស្រលាញ់គ្នាទៅវិញទៅមក
           សហព័ទ្ឋម្នាក់ៗត្រូវគោរពស្រលាញ់គ្នាទៅវិញទៅមក ថែរក្សាគ្នានិងជួយគ្នាទៅវិញទៅមក។
            
.ករណីកិច្ចចិញ្ចឹមបីបាច់ថែរក្សាអប់រំកូន
         
សហព័ទ្ខទាំងពីរ ត្រូវយកចិត្តទុកដាក់ក្នុងការចិញ្ចឹមថែរក្សា និង អប់រំកូនឳ្យបានល្អ ។ មាត្រា ១១៩ នៃច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ បានហាមឃាត់ដាច់ខាតចំពោះអំពើដែលប្រព្រឹត្តផ្ទុយពីករណីកិច្ចខាងលើ។

 III.                ប្រព័ន្ឋទ្រព្យសម្បត្តិរបស់ប្ដីប្រពន្ឋ
      ៣.១.ប្រព័ន្ឋទ្រព្យសម្បត្តិតាមកិច្ចសន្យា
នៅមុន ឬក្រោយពេលរៀបអាពាហ៍ពិពាហ៍ ប្ដីប្រពន្ឋ អាចធ្វើកិច្ចសន្យាអំពីទំនាក់ទំនងទ្រព្យសម្បត្តិបាន។ ប៉ុន្តែកិច្ចសន្យានេះ មិនអាចធ្វើផ្ទុយនឹងបញ្ញត្តិស្ដីពីសិទិ្ឋទាមទារអាហារកិច្ច និងភាគបម្រុងបានឡើយ។
          
ប្រសិនបើប្ដីប្រពន្ឋមិនបានធ្វើកិច្ចសន្យាពិសេសចំពោះទ្រព្យសម្បត្តិនោះទេ ទំនាក់ទំនងទ្រព្យសម្បត្តិនោះត្រូវអនុឡោមទៅតាមប្រព័ន្ឋទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់៣៦
          
ទន្ទឹមនឹងនោះផងដែរ កិច្ចសន្យាទ្រព្យសម្បត្តិប្ដីប្រពន្ឋ ត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ ។ ក្នុងករណីដែលប្ដីប្រពន្ឋបានធ្វើកិច្ចសន្យា ផ្សេងពីប្រព័ន្ឋទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ បើមិនបានចុះបញ្ជីទេមិនអាចយកកិច្ចសន្យានោះមកតតាំងជាមួយនឹងតតិយជនបានឡើយ៣៧

           ៣.២.ប្រព័ន្ឋទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់
          នៅក្នុងប្រព័ន្ឋទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ ប្ដីប្រពន្ឋត្រូវមានចំណែកបន្ទុកលើសោហ៊ុយដែលកើតចេញពីអាពាហ៍ពិពាហ៍ ដោយពិចារណាទៅលើទ្រព្យសម្បត្តិ ប្រាក់ចំណូលនិងស្ថានភាពផ្សេងៗទៀត៣៨
          
ប្ដី ប្រពន្ឋត្រូវទទួលខុសត្រូវដោយសាមគ្គីភាពចំពោះកាតព្វកិច្ចដែលកំណត់ដូចខាងក្រោមៈ
           -
សោហ៊ុយដើម្បីរក្សាជីវភាពរួមរបស់ប្ដីប្រពន្ឋ និងសោហ៊ុយដើម្បីការអប់រំ ឬការព្យាបាលថែទាំកូន។
           -
កាតព្វកិច្ច និងករណីយកិច្ចផ្សេងទៀត ដែលប្ដី ឬប្រពន្ឋទាំងសងខាងបានព្រមព្រៀងតាមលិខិតជាលាយល័ក្ខណ៍អក្សរ ជាមួយម្ចាស់បំណុល នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ឬកាតព្វកិច្ចនិងករណីយកិច្ចផ្សេងៗទៀត ដែលប្ដី ឬប្រពន្ឋណាម្ខាងបានទទួលបន្ទុក ដោយមានការយល់ព្រមតាមលិខិតជាលាយល័ក្ខណ៍ពីប្រពន្ឋឬប្ដីម្ខាងទៀតនៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។
           -
សោហ៊ុយដើម្បីគ្រប់គ្រងនិងរក្សាទ្រព្យសម្បត្តិរួម៣៩ 





           សេចក្ដីសន្និដ្ឋាន និង អនុសាសន៍
      បន្ទាប់ពីបានធ្វើការបកស្រាយពីខាងដើមរួចមក សបង្ហាញឳ្យឃើញថានៅគ្រប់សម័យកាលទាំងអស់របស់ប្រវត្តិសាស្រ្តខ្មែរ ការរៀបការគឺគ្រាន់តែជាប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរតែប៉ុណ្ណោះ។ តែសំរាប់ពេលបច្ចុប្បន្នទំនៀមទំលាប់នេះ បានប្រែក្លាយទៅជាច្បាប់ ដែលបានបង្កលក្ខណៈងាយស្រួលដល់ប្រជាជន ក៏ដូចជាសង្គមទាំងមូល ដែលមិននាំឳ្យមានផលវិបាកទៅថ្ងៃអនាគត។
      គួរកត់សំគាល់បានថា អាពាហ៍ពិពាហ៍គឺមានសារៈសំខាន់ណាស់សំរាប់មនុស្សគ្រប់រូបដែលចង់បង្កើតគ្រួសារមួយពោរពេញទៅដោយសេចក្ដីសុខ និងសុភមង្គល ។ កាលបើអាពាហ៍ពិពាហ៍នោះកើតឡើងដោយមានការចាប់បង្ខំរបស់បុគ្គលណាម្នាក់ នោះអាពាហ៍ពិពាហ៍នោះក៏មិនអាចនៅស្ថិតស្ថេរជាយូរអង្វែងបានដែរ ព្រោះដោយសារ តែពួកគេទាំងពីរគ្មានការយល់ចិត្តគ្នាទៅវិញទៅមក។
           ម្យ៉ាងវិញទៀតគ្រួសារ និងសង្គមជាតិ គឺមានការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ឋិ ហើយវាអាចជះឥទ្ឋិពលឳ្យគ្នាទៅវិញទៅមក ពីព្រោះថាបើមានគ្រួសារល្អ ដែលពោរពេញទៅដោយសុភមង្គលនោះក៏នាំឳ្យសង្គមមានរបៀបរៀបរយ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពផងដែរ។                               
         
ដោយសារមូលហេតុនេះហើយ ទើបបានជាច្បាប់ពុំអនុញ្ញាតិឳ្យរៀបអាពាហ៍ពិពាហ៍ទៅតាមទំនើងចិត្តរបស់ពួកគេនោះទេ ព្រោះវាអាចធ្វើឳ្យខូចនិងប៉ះពាល់ដល់សណ្ដាប់ធ្នាប់របៀបរៀបរយសង្គមក៏ដូចជាផលប្រយោជន៍បុគ្គលផ្ទាល់។ រាល់ការរៀបអាពាហ៍ពិពាហ៍ត្រូវតែគោរពទៅតាមច្បាប់និងគ្រួសារ។ផ្ទុយទៅវិញ បើបុគ្គលណាមិនបានគោរពទេនោះនឹងអាចត្រូវបានអាជ្ញាធរដែនដីឬក៏តុលាការធ្វើការរារាំងចំពោះមង្គលការនោះដែល ដែលនាំឳ្យខាតបង់នូវទ្រព្យសម្បត្តិ ឬក៏អាចឈានទៅដល់ការដាក់ដាក់ទោសថែមទៀត។
          
ទោះបីជាមានច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារហើយក៏ដោយ ប៉ុន្តែបើយើងពិនិត្យឳ្យបានល្អិតល្អន់ទៅនឹងឃើញថា វានៅមានភាពខ្វះចន្លោះ និងចំនុចខ្វះខាតមួយចំនួនដែលគួរធ្វើការកែប្រែដើម្បីឳ្យវាមានលក្ខណៈលំអិតជានេះ។ជាពិសេសនោះ រដ្ឋាភិបាលគួរតែធ្វើការផ្សព្វផ្សាយ ឳ្យមានលក្ខណៈទូលំទូលាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ និងទីដាច់ស្រយាលនានាដើម្បីឳ្យពួកគេមានការយល់ដឹងអំពីសិទិ្ឋរបស់ខ្លួននិងជៀសវាងនូវការរំលោភបំពានច្បាប់។
          







មាត្រា ៦ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ
មាត្រា ៥ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ
មាត្រា ៩៤៨ នៃ ក្រមរដ្ឋប្បវេណី ២០០៧
មាត្រា ៤ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ
មាត្រា ៩៤៥ និង មាត្រា៩៤៦ ក្រមរដ្ឋប្បវេណី ២០០៧
១០ មាត្រា ៩៤៧ ក្រមរដ្ឋប្បវេណី ២០០៧
១១ មាត្រា ១១២ នៃ ក្រមរដ្ឋប្បវេណី ២០០៧
១២ មាត្រា ៩៥៣ ក្រមរដ្ឋប្បវេណី ២០០៧
១៣ មាត្រា ៩៥៤ ក្រមរដ្ឋប្បវេណី ២០០៧
១៤ មាត្រា ៩៤៩ ក្រមរដ្ឋប្បវេណី ២០០៧
១៥ មាត្រា ៦ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ
១៦ មាត្រា ២៤ នៃច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ
១៧ មាត្រា ៩៥០ ក្រមរដ្ឋប្បវេណី ២០០៧
១៨ មាត្រា ៩៥០ ក្រមរដ្ឋប្បវេណី ២០០៧
១៩ មាត្រា ៧ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ
២០ មាត្រា ៨ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ
២១ មាត្រា ៩៥៦ ក្រមរដ្ឋប្បវេណី ២០០៧
២២ មាត្រា ១៣ នៃច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ
២៣ មាត្រា ១៥ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ
២៤ មាត្រា ៩៦៥ ក្រមរដ្ឋប្បវេណី ២០០៧
២៥ មាត្រា ៩៦៦ ក្រមរដ្ឋប្បវេណី ២០០៧
២៦ មាត្រា ៩៦៧ ក្រមរដ្ឋប្បវេណី ២០០៧
២៧ មាត្រា ៩៦៨ ក្រមរដ្ឋប្បវេណី ២០០៧
២៩ មាត្រា ២៩ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ
៣០ មាត្រា ៣១ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ
៣១ មាត្រា ៣៧ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ
៣២ មាត្រា ៣៦ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ
៣៣ មាត្រា ៣៥ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ
៣៤ មាត្រា ៩៧២ ក្រមរដ្ឋប្បវេណី ២០០៧
៣៥ មាត្រា ៩៧៧ ក្រមរដ្ឋប្បវេណី ២០០៧
៣៦ មាត្រា ៩៦៩ ក្រមរដ្ឋប្បវេណី ២០០៧
៣៧ មាត្រា ៩៧០ ក្រមរដ្ឋប្បវេណី ២០០៧
៣៨ មាត្រា ៩៧១ ក្រមរដ្ឋប្បវេណី ២០០៧
៣៩ មាត្រា ៩៧៥ ក្រមរដ្ឋប្បវេណី ២០០៧





No comments:

Post a Comment