អារម្ភកថា
យើងខ្ញុំជាសិស្សនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្ត្រ
ឆ្នាំទី៣ ជំនាន់ទី១៤ ឆ្នាំសិក្សា ២០១៧-២០១៨ នៃវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំនេះ
ខ្ញុំសង្ឃឹមថាប្រធានបទស្រាវជ្រាវស្តីពី “ កិច្ចសន្យាទិញ-លក់ ” ប្រធានបទមុខវិជ្ជា “ នីតិកិច្ចសន្យាពិសេស ” នៃថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ដ
ឆ្នាំទី៣ ឆមាសទី២ នៃវិទ្យាស្ថានក្រុងអង្គរ ខេត្តកំពង់ធំ បង្រៀនដោយលោកសាស្រ្ដាចារ្យ តុប ពុទ្ធី ដែលសៀវភៅនេះស្រាវជ្រាវ និងប្រមូលផ្តុំមកចងក្រងឡើងនូវខ្លឹមសារខ្លះៗ ដែលត្រូវបានដក់ស្រង់មកពីការសិក្សាផ្នែកទ្រឹស្តីនៅក្នុងសាលា
និងការស្រាវ ជ្រាវតាមប្រព័ន្ធអ៊ីនធើណេត
និងសៀវភៅច្បាប់ដែលបានកម្ពុជាបានអនុវត្ត និងកំពុងនៅជាធរមាន។
មិនត្រឹមតែប៉ុណ្ណោះ
សៀវភៅនេះក៏ជាជំនួយស្មារតីដល់សិស្សនិស្សិតជំនាន់ក្រោយក្នុងការសិក្សាពង្រឹងស្មារតីក្នុងការអនុវត្តច្បាប់នៅក្នុងស្ថាប័នតុលាការ
មេធាវី អាជ្ញាសាលា និងមន្ត្រីអនុវត្តច្បាប់ផ្សេងៗ ។
ខ្ញុំសង្ឃឹមថាស្នាដៃនេះនឹងត្រូវបានចូលរួមចំណែកក្នុងការការពារសន្តិសុខ
និង សណ្តាប់ធ្នាប់សាធារណៈ អភិវឌ្ឍន៍សង្គមឱ្យមានការរីកចំរើនជឿនលឿនលើគ្រប់វិស័យ
ដែលពុំឱ្យកើតមានអស្ថិរភាព នត្ថិភាពនៃបទល្មើស
និងពង្រឹងនីតិរដ្ឋក្នុងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទៅអនាគត់ ដែលប្រជាពេលរដ្ឋជាក្តីសង្ឃឹមនៃសសរស្តម្ភទ្រទ្រង់ប្រទេសជាតិ
ទើបគេចាត់ទុកជាសង្គមមួយបានស្របតាមធាតុផ្សំបណ្តាបទដ្ឋាន ឬទម្លាប់ គតិយុត្តិនានានៃសង្គម
ដែលចាំបាច់ត្រូវមានប្រជាជន ទឹកដី លទ្ធិប្រជាធិបតេយ្យ
និងបទបញ្ញត្តិច្បាប់ជាលំដាប់។
ខ្ញុំសូមសំណូមពរដល់ជនរួមជាតិទាំងអស់
ពិសេសស្ថាប័នតុលាការ ឬស្ថាប័នអនុវត្តច្បាប់នានាផ្តល់ការគាំទ្រ
និងចូលរួមចំណែកយ៉ាងសកម្មស្មើៗគ្នានូវ “តួនាទី និងភារកិច្ចរបស់ខ្លួន” ប្រកបដោយចលនា
លេចចេញជាផ្លែផ្កានៃឧត្តមប្រយោជន៍ ក្នុងលំហូរសសៃឈាមនៃប្រព័ន្ធយុត្តិធម៌របស់ព្រះរាជាណាចក្រកម្ពុជាយើង។
ក្នុងការជ្រើសរើសប្រធានបទដែលខ្ញុំបានសរសេរនេះ
ប្រាដកជាមានចំនុចខ្វះខាត និងមានកំហុសឆ្គងមួយចំនួនជាក់ជាពុំខានឡើយ
ហើយស្នាដៃនេះខ្ញុំបានសម្រិតសម្រាងធ្វើជាក្រុមមានគ្នាចំនួនប្រាំនាក់
ហេតុនេះយើងខ្ញុំទាំងអស់គ្នាមានចិត្តសោមនុស្សរីករាយ សម្រាប់ប្រិយមិត្តអ្នកអាន
សិក្សាស្រាវជ្រាវ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្នុងការរិះគន់
ក្នុងន័យស្ថាបនាចំពោះប្រធានបទនេះ ខ្ញុំទន្ទឹងរង់ចាំគ្រប់ពេលវេលា។
សូមអគុណ!
ខ្ញុំសូមសម្ដែងទឹកចិត្តសមនោសដ៏ស្មោះស្ម័គ្រ
និងសេចក្តីគោរពជូនពរដល់ជនរួមជាតិទាំងអស់នៅគ្រប់ទិសទីដែលផ្តល់ជំនឿ
និងការគាំទ្រដល់ប្រធានបទនេះយ៉ាងធំធេង។ ដោយផ្អែកតាមការសន្និដ្ឋាននៃការគាំទ្របែបនេះ
ខ្ញុំបានខិតខំស្រាវជ្រាវឯកសារដែលពាក់ព័ន្ធនានា រួមទាំងផ្នែកទ្រឹស្តី
និងការអនុវត្តជាក់ស្តែងក្នុងស្ថាប័នអនុវត្តច្បាប់ណាមួយ ពិសេសស្ថាប័នតុលាការដែលជាស្ពានយុត្តិធម៌
សេចក្តីថ្លែងអំណរគុណ
ក្នុងនាមយើងខ្ញុំជាសិស្សនិស្សិតថ្នាក់បរិញ្ញាបត្រដែលកំពុងសិក្សា
ឯកទេសនីតិសាស្ត្រ ជំនាន់ទី១៤
ឆមាសទី២ ឆ្នាំទី៣ ឆ្នាំសិក្សា ២០១៧-២០១៨
នៃវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំ ។
សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រាវបំផុតចំពោះ ៖
លោកឪពុក អ្នកម្តាយ ដ៏មានគុណធ្ងន់ពុំអាចកាត់ថ្លៃបានចំពោះកូន
ដែលលោកខិតខំចិញ្ចឹមបីបាច់ ថែរក្សា ផ្គត់ផ្គង់ ទូន្មានប្រៀនប្រដៅកូនប្រកបដោយព្រហ្មវិហារធម៌
ទាំងកម្លាំងកាយ និងកម្លាំងចិត្ត
ដោយក្តីស្រឡាញ់តាំងពីកូនចាប់កំណើតរហូតដល់កូនពេញវ័យ ដោយមិនគិតពីការនឿយហត់
លំបាកយ៉ាងនោះទេ ដើម្បីឱ្យកូនមានអនាគតភ្លឺស្វាង និងបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។
លោកនាយក
លោកនាយករង ព្រមទាំងលោក-លោកស្រីសាស្ត្រាចារ្យ ទាំងអស់
នៃវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំ ដែលបានប្រឹងប្រែងលះបង់ទាំងកម្លាំងកាយ
និងកម្លាំងចិត្តខិតខំបង្ហាត់បង្រៀនផ្ទេរចំណេះវិជ្ជាមកដល់រូបខ្ញុំបាទ
នូវគ្រប់មុខវិជ្ជាដ៏មានតម្លៃ និងបានបង្ហាញផ្លូវបង្គាប់ដោយខ្លឹមសារនៃអត្ថបទ
ដែលធ្វើឱ្យខ្ញុំបាទទទួលបាន នូវចំនេះដឹងដ៏ខ្ពង់ខ្ពស់មានឧត្តមភាព
រហូតរូបខ្ញុំបាទបានបញ្ចប់ការសិក្សាពីមុខវិជ្ជាមួយទៅមុខវិជ្ជាមួយទៀតប្រកបដោយជោគជ័យ
ដើម្បីទុកជាទៀនសម្រាប់អុចបំភ្លឺផ្លូវនៃដំណើរជីវិតទៅថ្ងៃអនាគត់។
ជាពិសេស
លោកសាស្ត្រាចារ្យ តុប ពុទ្ធី ដែលបានចំណាយពេលយ៉ាងមមាញឹកដ៏មានតម្លៃបង្ហាត់បង្រៀន
ផ្តល់ជាយោបល់ណែនាំ
តម្រង់ទិសដល់យើងខ្ញុំក្នុងការសរសេរកិច្ចការស្រាវជ្រាវនេះពោរពេញដោយអត្ថន័យ
និងមានខ្លឹមសារល្អតាមទម្រង់។
លោកគ្រូអ្នកគ្រូ
ដែលបានធ្វើការបង្ហាត់បង្រៀនដល់ខ្ញុំបាទតាំងពីបឋមសិក្សា អនុវិទ្យាល័យវិទ្យាល័យ
រហូតដល់ខ្ញុំបាន បរិញ្ញាបត្រឆ្នាំទី៣នេះប្រកបដោយជោគជ័យ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ
និងសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិមានបារមីទាំងពួងនៅលើសកលលោកយើងនេះ
សូមជួយតាមថែរក្សាជនរួមជាតិទាំងអស់ឱ្យសមប្រកប និងជួបប្រទះនូវសេចក្តីសុខ សេចក្តីចម្រើន ប្រកបដោយពុទ្ធិពរទាំងបួនប្រការ គឺ អាយុ
វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ!
សេចក្ដីផ្ដើម
ប្រទេសកម្ពុជាជាប្រទេសនីតិរដ្ឋ
ដែលរាជរដ្ឋាភិបាលបច្ចុប្បន្នបានគោរពប្រតិបត្តិឲ្យតម្លៃទៅលើច្បាប់
និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាធំ ក្នុងការដឹកនាំរៀបចំគ្រប់គ្រងប្រទេសជាតិមួយនេះ
ឲ្យមានការអភិវឌ្ឍន៍ឈានឡើងជាលំដាប់។
ដើម្បីបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋស្របតាមឥទ្ធិពលនៃសមាហរណកម្ម
និងសាកលភាវូបនីយកម្មកិច្ចការជំនួញ
រដ្ឋបានអនុញ្ញាតឲ្យមានវិធានជាច្រើនដែលបង្កើតឡើងតាមការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ ផ្អែកតាមគោលការណ៍ស្វ័យភាពឆន្ទៈសេរីរបស់បុគ្គលឯកជន ដែលវិធាននៃទំនាក់ទំនងទាំងនោះមិនត្រូវមានបំណងបង្ករព្យៈសនកម្មដល់សង្គម
មិនបំពានទៅនឹងទំនៀមទំលាប់ល្អ និងសណ្ដាប់ធ្នាប់សាធារណៈឡើយ។
វិធានទាំងនោះបានកំណត់បានថាជាបញ្ញត្តិអនុវត្តតាមការស្ម័គ្រចិត្ត
គឺជាវិធានផ្នែកឯកជនដែលបង្កើតឡើងស្របតាមតម្រូវការរបស់គូរភាគីដោយសន្មត់ថាជាកិច្ចសន្យា។
មានន័យថា កិច្ចសន្យា គឺជាច្បាប់របស់គូរភាគី
ដោយការបង្កើតត្រូវស្ថិតនៅលើសិទ្ធិសេរីភាព និងជម្រើសរបស់គូរភាគីនៃទំនាក់ទំនង
ហើយខ្លឹមសារនៃកាតព្វកិច្ចមិនត្រូវផ្ទុយទៅនឹងបញ្ញត្តិអនុវត្តដោយបង្ខំ (វិធាននៃច្បាប់សារធាតុ
គឺសំដៅដល់ខ្លឹមសារនៃក្រមរដ្ឋប្បវេណី)។
ដូចនេះវិធាននៃកិច្ចសន្យាគឺ
ជាវិធានដែលត្រូវបានបង្កើតឡើងដោយផ្អែកទៅលើទ្រឹស្ដីស្វ័យភាពនៃឆន្ទៈសេរីរបស់បុគ្គលឯកជន
ដោយការបង្កើតវិធាននៃកិច្ចសន្យាឯកជនទាំងនោះ តម្រូវឲ្យគូរភាគីគិតអំពីខ្លឹមសារ
និងគោលការណ៍នៃច្បាប់សារធាតុ
មានន័យថាខ្លឹមសារនៃកិច្ចសន្យាដែលជាជម្រើសរបស់គូភាគីត្រូវតែមានអត្ថន័យស្របទៅនឹងវិធានក្រមរដ្ឋប្បវេណី។
ដោយឡែកនៅក្នុងស្ថានភាពនៃទំនាក់ទំនងមួយចំនួន
ភាគីបានព្រមព្រៀងបង្កើតកិច្ចសន្យាដែលមានអត្ថន័យផ្ទុយទៅនឹងខ្លឹមសារច្បាប់
ឬនៃវិធានក្រមរដ្ឋប្បវេណី
តែទោះជាយ៉ាងនោះក៏ដោយទំនាក់ទំនងដែលសម្រេចឡើងគឺនៅតែទទួលស្គាល់អានុភាពអនុវត្ត
ដោយហេតុថាជម្រើសរបស់គូរភាគី
ហើយគូភាគីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តកិច្ចសន្យា។
ករណីស្ថានភាពនៃទំនាក់ទំនងខាងលើនេះភាគច្រើនកើតចេញពីទម្លាប់នៃកិច្ចការជំនួញ
ដោយហេតុថាខ្លឹមសារនៃកិច្ចសន្យាមិនមានគោលដៅបំពានដល់ផលប្រយោជន៍សាធារណជនទូទៅ
ហើយការជ្រើសរើសបែបនេះ គឺទទួលស្គាល់បានថាមានអានុភាពគតិយុត្តិ។
ជារួមកិច្ចសន្យា ត្រូវបានសន្មតថា
ជាការព្រមព្រៀងរវាងបុគ្គលពីរ ឬច្រើន
ដែលសម្រេចបាននូវការបង្កើតឡើងទំនាក់ទំនងគតិយុត្តរួមមួយ
ដោយមានខ្លឹមសារស្របទៅនឹងបញ្ញត្តិអនុវត្តដោយបង្ខំ
និងស្របទៅនឹងប្រពៃណីទំនៀមទំលាប់ល្អ សណ្ដាប់ធ្នាប់សាធារណៈក្នុងគោលដៅដើម្បីបង្កើត
កែប្រែ រំលត់សិទ្ធិ និងកាតព្វកិច្ចមួយចំនួនដែលទាក់ទិនទៅនឹងគូភាគី
ខាងក្រោមនេះគឺជាប្រធានបទស្រាវជ្រាវស្ដីពី “កិច្ចសន្យាទិញលក់”។
សូមអរគុណ!
ប្រធានបទស្ដីពី
កិច្ចសន្យាទិញ-លក់
I. និយមន័យ
តាមនិយមន័យ
ដែលមានចែងក្នុងមាត្រា ៥១៥ នៃក្រមរដ្ឋប្បវេណី កិច្ចសន្យាទិញលក់ គឺជាកិច្ចសន្យាមួយ
ដែលភាគីម្ខាង ហៅថា “អ្នកលក់” មានករណីយកិច្ចត្រូវផ្ទេរកម្មសិទ្ធិលើវត្ថុណាមួយ
ទៅឲ្យភាគីម្ខាងទៀត ហៅថា “អ្នកទិញ” ហើយអ្នកទិញនេះ
មានករណីយកិច្ចទូទាត់លុយ ជាថ្លៃវត្ថុនោះ ទៅឲ្យអ្នកលក់។
II. សញ្ញាណទូទៅនៃកិច្ចសន្យាទិញលក់
បើផ្នែកទៅលើនិយមន័យនេះ
យើងឃើញថា កិច្ចសន្យាទិញលក់ គឺជាកិច្ចសន្យា ដែលយើងធ្វើញឹកញាប់ជាងគេ
នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ពេលខ្លះយើងក៏ចាប់អារម្មណ៍ដឹងថា
វាជាកិច្ចសន្យាទិញលក់ ដូចជា ការទិញលក់ដីធ្លី ផ្ទះ ជាដើម។
ពេលខ្លះក៏យើងធ្វើកិច្ចសន្យាទិញលក់ ដោយមិនចាប់អារម្មណ៍ដឹងខ្លួនថា
កំពុងតែចុះកិច្ចសន្យាទិញលក់ ដូចជា ពេលយើងទៅផ្សារទិញខោអាវ ទិញសាច់ត្រី បន្លែ
ឬក៏ទៅទិញគ្រឿងទេស (ប៊ីចេង អំបិល ស្ករ) គឺសុទ្ធសឹងជាកិច្ចសន្យាទិញលក់។
ក កិច្ចសន្យាដោយផ្ទាល់មាត់
នៅក្នុងការទិញលក់ ដូចដែលរៀបរាប់ខាងក្រោយនេះ
យើងមិនដែលមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរទេ គឺធ្វើឡើងត្រឹមតែផ្ទាល់មាត់ទទេ។
តើវាជាកិច្ចសន្យាទិញលក់
ដែលមានសុពលភាពតាមផ្លូវច្បាប់ដែរឬទេ?
កិច្ចសន្យាទិញលក់ជាទូទៅ
ច្បាប់មិនតម្រូវថាត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរទេ (មាត្រា ៥១៦
នៃក្រមរដ្ឋប្បវេណី) លើកលែងតែករណីដែលមានបញ្ញត្តិពិសេសណាមួយ
(ឧទាហរណ៍ កិច្ចសន្យាទិញលក់ផ្ទះ ឬដីធ្លី ជាដើម)។
ដូច្នេះការព្រមព្រៀងទិញលក់ ធ្វើឡើងដោយផ្ទាល់មាត់
គឺជាកិច្ចសន្យា ដែលមានសុពលភាពពេញលេញ តាមផ្លូវច្បាប់។
ក៏ប៉ុន្តែ គូភាគីនៃកិច្ចសន្យាអាចព្រមព្រៀងគ្នា
កំណត់ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរបាន។ អាចធ្វើត្រឹមតែជាលិខិតឯកជន (កិច្ចសន្យាធ្វើឡើងជាលក្ខណៈឯកជន
រវាងអ្នកលក់ និងអ្នកទិញ) ឬអាចធ្វើជាទម្រង់លិខិតយថាភូត (កិច្ចសន្យាដែលតាក់តែង និងមានប្រថាប់ត្រាដោយមន្រ្តីសាធារណៈ)។
ខ កិច្ចសន្យាជាលាយលក្ខណ៍អក្សរ
ផលប្រយោជន៍នៃការធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ (បើទោះបីជាច្បាប់មិនតម្រូវក៏ដោយ) គឺទាក់ទងនឹងភស្តុតាង នៅក្នុងករណីមានវិវាទ។ បើធ្វើត្រឹមតែផ្ទាល់មាត់
កិច្ចសន្យាទិញលក់នេះមានសុពលភាពពេញលេញពិតមែន ក៏ប៉ុន្តែ នៅពេលមានវិវាទ
ការបង្ហាញភស្តុតាង អំពីអ្វី ដែលនិយាយគ្នាតែមាត់ទទេ គ្មានលិខិតជាលាយលក្ខណ៍អក្សរ
វាអាចនឹងមានបញ្ហាស្មុគស្មាញ។ ណាមួយទៀត ការព្រមព្រៀងគ្នាត្រឹមតែផ្ទាល់មាត់
វាអាចនាំឲ្យមានភាពស្រពិចស្រពិល ការយល់ច្រឡំទៅលើអ្វីដែលបានព្រមព្រៀងគ្នា
ឬក៏ការភ្លេចភ្លាំងជាដើម។ បើសរសេរជាលាយលក្ខណ៍អក្សរ
វាអាចធ្វើឲ្យគូភាគីយល់ច្បាស់លាស់ជាង អំពីខ្លឹមសារនៃកិច្ចសន្យា។
ដូច្នេះកិច្ចសន្យាទិញលក់
បើទោះបីជាច្បាប់មិនតម្រូវក៏ដោយក៏គូភាគីគួរតែពិចារណារៀបចំធ្វើជាលាយលក្ខណ៍អក្សរដែរ
ជាពិសេស ចំពោះកិច្ចសន្យា ដែលមានទំហំទឹកប្រាក់ច្រើន ឬក៏មានលក្ខណៈស្មុគស្មាញ
អាចនាំឲ្យមានការយល់ច្រឡំ ឬយល់មិនច្បាស់អំពីខ្លឹមសារនៃកិច្ចសន្យា។
បើសិនជាការធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរនេះ
ចាំបាច់ត្រូវរកមេធាវីឲ្យសរសេរឲ្យ សោហ៊ុយធ្វើលិខិត ឬសោហ៊ុយផ្សេងៗទៀត
ដែលចំណាយក្នុងការធ្វើកិច្ចសន្យាលក់ទិញ ភាគីទាំងសងខាងត្រូវចេញស្មើគ្នា (ពាក់កណ្តាលម្នាក់)។
ក៏ប៉ុន្តែ បើសិនជាគូភាគីព្រមព្រៀងគ្នា ចង់កំណត់ផ្សេងក្រៅពីនេះ
ក៏ច្បាប់មិនហាមឃាត់ដែរ (មាត្រា ៥២២)។
ត្រង់ចំណុចនេះ យើងសង្កេតឃើញថា ក្រមរដ្ឋប្បវេណីខ្មែរចែងខុសពីច្បាប់បារាំង
ព្រោះក្រមរដ្ឋប្បវេណីបារាំងចែងកំណត់ឲ្យអ្នកទិញជាអ្នកទទួលបន្ទុក លើសោហ៊ុយ
ក្នុងការធ្វើលិខិត និងសោហ៊ុយពាក់ព័ន្ធផ្សេងទៀត ក្នុងការធ្វើកិច្ចសន្យាទិញលក់
គឺជាបន្ទុករបស់អ្នកទិញ (មាត្រា ១៥៩៣
ក្រមរដ្ឋប្បវេណីបារាំង)។ ដូចជា
នៅក្នុងកិច្ចសន្យាទិញលក់ផ្ទះ អ្នកទិញ
គឺជាអ្នកត្រូវទទួលបន្ទុកបង់ថ្លៃធ្វើលិខិតស្នាមផ្ទេរកម្មសិទ្ធិ
ដែលត្រូវធ្វើដោយសាការី (Notaire)។
នៅក្នុងការអនុវត្តជាក់ស្តែង យើងឃើញនៅក្នុងការទិញលក់
ពេលខ្លះ មានការតម្រូវឲ្យអ្នកទិញកក់លុយទុកជាមុន។ តើការបង់លុយកក់នេះ
មានចែងកំណត់នៅក្នុងច្បាប់ដែរឬទេ?
នៅក្នុងកិច្ចសន្យាទិញលក់
ការបង់ប្រាក់កក់មិនមែនជាកាតព្វកិច្ចដែលត្រូវតែធ្វើទេ ក៏ប៉ុន្តែ
ច្បាប់ក៏មិនបានហាមឃាត់ដែរ មានន័យថា វាអាស្រ័យទៅតាមការកំណត់របស់អ្នកទិញ និងអ្នកលក់។
ក្រមរដ្ឋប្បវេណីមានចែងអំពីរឿងប្រាក់កក់នេះ គឺចែងត្រង់មាត្រា ៥១៨ ដែលថា
បើអ្នកទិញបានបង់ប្រាក់កក់ទៅឲ្យអ្នកលក់ អ្នកទិញអាចរំលាយកិច្ចសន្យាទិញលក់វិញ
ដោយបោះបង់ប្រាក់កក់នេះចោល។ ចំពោះអ្នកលក់វិញ ក៏អាចរំលាយកិច្ចសន្យានេះបានដែរ
ដោយត្រូវសងប្រាក់ស្មើនឹង ២ដង នៃប្រាក់កក់នេះមកវិញ (មានន័យថា
ត្រូវប្រគល់ប្រាក់កក់មកឲ្យអ្នកទិញវិញ ហើយត្រូវបូកបន្ថែមពីលើ នូវប្រាក់សំណង ដែលស្មើនឹងប្រាក់កក់នេះ)។
III. កិច្ចសន្យាឯកជន ឬលិខិតឯកជន
កិច្ចសន្យាឯកជន
គឺជាកិច្ចសន្យាដែលធ្វើឡើងដោយគូរភាគី តាមការព្រមព្រៀងណាមួយ
ដើម្បីបង្កើតឲ្យមានលក្ខណៈ គតិយុត្តិតាមផ្លូវច្បាប់។
កិច្ចសន្យាឯកជនគឺជាកិច្ចសន្យាដែលធ្វើឡើងតែគ្នាឯង គ្មានមានមន្ត្រីរាជការសាធារណៈណាមួយជួយដឹងឮផងទេ
មានតែហត្ថលេខានៃគូភាគីតែប៉ុណ្ណោះ។
កិច្ចសន្យាឯកជន គឺគេអាចធ្វើឡើងដោយផ្ទាល់មាត់ និងជាលាយល័ក្ខអក្សរ។
កិច្ចសន្យាអាចធ្វើឡើងដោយផ្ទាល់មាត់ ឬលាយល័ក្ខអក្សរ។
ច្បាប់អាចកំណត់ឲ្យមានទម្រង់មួយជាក់លាក់ក្នុងការធ្វើកិច្ចសន្យា។
៣.១ការសន្យាលក់ទិញជាមុនដោយឯកតោភាគី(មាត្រា ៥១៧)
កិច្ចសន្យាលក់ទិញ
អាចត្រូវបានបង្កើតដោយមានការព្រមព្រៀងគ្នារវាងភាគីទាំងសងខាងតែប៉ុណ្ណោះ
លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេសក្នុងច្បាប់។ ប៉ុន្តែ ភាគីអាច
កំណត់ការធ្វើលិខិតយថាភូត ឬលិខិតឯកជន ជាលក្ខខណ្ឌ សម្រាប់ការបង្កើតកិច្ចសន្យាបាន។
តាមមាត្រានេះ មានន័យថា កិច្ចសន្យាលក់ទិញអាចធ្វើឡើងដោយផ្ទាល់មាត់បាន
តែត្រូវធ្វើដោយលិខិតឯកជនបាន លើកលែងតែកិច្ចសន្យាមួយចំនួន
ដែលច្បាប់បានកំណត់នៅទម្រង់មួយជាក់លាក់ ដូចជាកិច្ចសន្យាលក់អចលនវត្ថុជាដើម
ដែលត្រូវធ្វើឡើងតាមទម្រង់លិខិតយថាភូត។
៣.២ លិខិតយថាភូត
លិខិតយថាភូត
គឺជាលិខិតដែលធ្វើឡើងដោយសារការី ឬលិខិតឯកជនដែលសារការីចុះនិទ្ទេសថា
លិខិតនោះមានភាពត្រឹមត្រូវតាមច្បាប់ និងចុះកាលបរិច្ឆេទ
និងហត្ថលេខាក្រោយពេលខ្លួនបញ្ជាក់ថា លិខិតនោះមានភាពត្រឹមត្រូវតាមច្បាប់។
ការធ្វើកិច្ចសន្យាតាមលិខិតយថាភូតនោះ គឺដាច់ខាតត្រូវតែមាន
មន្រ្តីដែលមានសមត្ថកិច្ចចូលរួមក្នុងការធ្វើ ដូចជាតាមច្បាប់ភូមិបាល ឆ្នាំ២០០១
មាត្រា៦៥ បានចែងថា” ការផ្ទេរកម្មសិទ្ធិមុនអាចជំទាស់ពីអាជ្ញាធរមានសមត្ថកិច្ច ហើយត្រូវបានចុះបញ្ជីនៅអង្គការសុរិយោដី”។
កិច្ចសន្យាលក់ឯកជន
មិនអាចចាត់ទុកជាការផ្ទេរកម្មសិទ្ធិទ្រព្យសម្បត្តិនោះពេញលេញលក្ខណៈច្បាប់បានឡើយ។
តាមក្រមរដ្ឋប្បវេណីថ្មីនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ១៣៤ និង១៣៥
បានកំណត់អំពីលក្ខខណ្ឌនៃការតតាំងចំពោះសិទ្ធិប្រត្យក្ស ទាល់តែមានការចុះបញ្ជី
ទើបតតិយជនមិនអាចជំទាស់បាន ចំពោះអចលនវត្ថុ។
កិច្ចសន្យាទិញលក់អចលនទ្រព្យត្រូវធ្វើដោយលិខិតយថាភូតពីព្រោះ
មាត្រា៣៣៦ កថាខណ្ឌ២បានចែងថា
កិច្ចសន្យាដែលភាគីម្ខាងទទួលករណិកិច្ចធ្វើអនុប្បទាននូវកម្មសិទ្ធិលើអចលនវត្ថុ
ឬករណីកិច្ចធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើអចលនវត្ថុ និងមានអានុភាព
លុះត្រាតែបានធ្វើលិខិតយថាភូត។ ដូចនេះ កិច្ចសន្យា លក់ទិញអចលវត្ថុត្រូវតែ
ធ្វើតាមលិខិតយថាភូត បើមិនដូច្នោះទេ កិច្ចសន្យានោះ និងត្រូវទុកជាមោឃៈ
ព្រោះបញ្ញត្តិដែល មានចែងក្នុងមាត្រា៣៣៦គឺជាបញ្ញត្តិដែលអនុវត្តដោយបង្ខំ។
តាមមាត្រា៣៥៧ ប្រសិនបើសកម្មភាពនេះបានធ្វើផ្ទុយ
និងបញ្ញត្តិដែលអនុវត្តដោយបង្ខុំត្រូវទុកជាមោឃៈ
៣.៣ តើការទិញលក់មាននិយាយក្នុងច្បាប់ណាផ្សេងទៀតក្រៅពីកិច្ចសន្យា?
ការលក់ទិញសំដៅទៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាងហៅថា អ្នកលក់
មានករណីយកិច្ចត្រូវផ្ទេរកម្មសិទ្ធិ ឬសិទ្ធិផ្សេងទៀតលើ
ទ្រព្យសម្បត្តិឲ្យទៅភាគីម្ខាងទៀតហៅថា អ្នកទិញ
ហើយអ្នកទិញមានករណីយកិច្ចត្រូវចេញថ្លៃជាប្រាក់ឲ្យអ្នកលក់ (មាត្រា៥១៥
នៃក្រមរដ្ឋប្បវេណី)។ ការទិញលក់នេះផងដែរ ក៏មានចែងនៅក្នុងមាត្រា
៦៥នៃច្បាប់ភូមិបាល និងមាត្រា ៣៤ នៃក្រឹត្យច្បាប់ លេខ ៣៨ផងដែរ។ កិច្ចសន្យា
គឺជាកិរិយារបស់បុគ្គលពីរនាក់ ឬច្រើននាក់មានឆន្ទៈត្រូវគ្នា ព្រមគ្នាបង្កើត
កែប្រែ ឬរំលត់កាតព្វកិច្ច។ មានន័យថា នៅពេលដែលកិច្ចសន្យាមួយ
ត្រូវបានបង្កើតឡើងស្របទៅតាមឆន្ទៈរបស់គូភាគីហើយនោះ សិទ្ធិ និងកាតព្វកិច្ចរបស់
គូភាគី គ៏ត្រូវបានកើតឡើងស្របពេលនោះផងដែរ។
៣.៤ ការបង្កើតកិច្ចសន្យាទិញលក់
ដើម្បីអាចធ្វើការសិក្សាលម្អិត
ថាតើកិច្ចសន្យាមួយអាចបង្កើតឡើងដោយត្រូវតែ គោរពតាមលក្ខខណ្ឌអ្វីខ្លះនោះ
យើងនឹងធ្វើសិក្សាទៅលើលក្ខខណ្ឌក្នុងការបង្កើតកិច្ចសន្យាជាមុនសិន។
ភាគីទាំងសងខាងមានសិទ្ធិ
និងកាតព្វកិច្ចដូចគ្នា
ដូច្នេះហើយក្រៅពីពួកគេមានសិទ្ធិអាចធ្វើការបង្កើតកិច្ចសន្យាហើយ ពួកគេក៏អាចកែប្រែ
ឬរំលត់កិច្ចសន្យាទាំងនោះបានថែមទៀតផង។ ប៉ុន្តែបញ្ហា គឺនូវត្រង់ថា
តើមានលក្ខណៈសំគាល់អ្វីខ្លះ ដែលអាចឲ្យយើងសន្និដ្ឋានបានថា
កិច្ចសន្យាដែលត្រូវបានបង្កើតនោះ មានអានុភាពអាចអនុវត្តទៅបាន។ តើមានលក្ខខណ្ឌអ្វីខ្លះ
ដែលអាចឲ្យគូភាគីធ្វើការកែប្រែ ឬរំលត់កិច្ចសន្យាណាមួយបាននោះ។
ដើម្បីដោះស្រាយនូវរាល់ចម្ងល់ទាំងអស់នេះ យើងនឹងធ្វើការសិក្សាដូចខាងក្រោម៖
ជាគោលការណ៏
កិច្ចសន្យាមួយអាចត្រូវបានបង្កើតឡើងដោយមាន សំណើ និងស្វីការត្រូវគ្នា (មាត្រា
៥១៦ នៃក្រមរដ្ឋប្បវេណី)។
មានន័យថា
កិច្ចសន្យាអាចនឹងមានអានុភាពដោយមានការព្រមព្រៀងគ្នាទៅវិញទៅមករវាងគូភាគីទាំងសងខាង។
ការចែងបែបនេះ គឺបានបញ្ជាក់ឲ្យដឹងពីសេរីភាពក្នុងការបង្កើតកិច្ចសន្យាមានន័យថា
កិច្ចសន្យាមួយអាចត្រូវបានបង្កើតឡើង ដោយគ្រាន់តែមានការព្រមព្រៀងរវាងគូភាគីទៅ
គឺគ្រប់គ្រាន់ហើយមិនចាំបាច់មានលក្ខខណ្ឌអ្វីផ្សេងទៀតក៏បានដែរ។
ប៉ុន្តែ
ដើម្បីឲ្យកិច្ចសន្យាមួយមានសុពលភាពត្រឹមត្រូវតាមច្បាប់ និងអាចដាក់ឲ្យភាគីប្រត្តិបត្តិតាមបាន
លុះត្រាតែកិច្ចសន្យានោះបានគោរពនូវ គោលការណ៏សុពលភាពមួយចំនួនដូចជា៖
-ការព្រមព្រៀងរបស់គូភាគី
សមត្ថភាពក្នុងការចុះកិច្ចសន្យា កម្មវត្ថុនៃកិច្ចសន្យាទិញលក់
និងតម្លៃនៃកិច្ចសន្យាទិញលក់ជាដើម។
៣.៥ ការព្រមព្រៀងរបស់គូភាគីនៅក្នុងកិច្ចសន្យា
កិច្ចសន្យាទិញលក់អាច ត្រូវបានបង្កើតឡើងដោយមានការព្រមព្រៀងគ្នារវាងភាគីទាំងសងខាងតែប៉ុណ្ណោះ
លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេសក្នុងច្បាប់។
ប៉ុន្តែភាគីអាចកំណត់ការធ្វើលិខិតយថាភូត ឬលិខិតឯកជន
ជាលក្ខខណ្ឌសម្រាប់ការបង្កើតកិច្ចសន្យាបាន។
កិច្ចសន្យាលក់ទិញ
ត្រូវតែកើតឡើងពីការព្រមព្រៀងដោយសេរី និងពិតប្រាកដមានន័យថា
ជាការព្រមព្រៀងដោយគ្មានវិការៈ។
ក ការព្រមព្រៀងដោយសេរី
មានន័យថា
ការព្រមព្រៀងនោះកើតចេញពីឆន្ទៈ ដោយផ្ទាល់របស់បុគ្គលនោះ ដោយគ្មានការបង្ខិតបង្ខំ
ទាំងទៅលើរាង្គកាយ និងទៅលើផ្លូវចិត្ត។ ក្នុងន័យនេះ ភាគីអ្នកលក់ និងអ្នកទិញ
ត្រូវតែមានការព្រមព្រៀងគ្នាដោយគ្មានការបង្ខិតបង្ខំ ក្នុងការលក់ ឬទិញ មានន័យថា
អ្នកទិញមានឆន្ទៈក្នុងការទិញ ចំណែកអ្នកលក់ ក៏មានឆន្ទៈក្នុងការលក់ដេរ។
ខ ការព្រមព្រៀងដោយមានវិការៈ
សំដៅទៅលើការព្រមព្រៀងដែលកើតចេញ ពីការបន្លំបោកប្រាស់ ការភាន់ច្រឡំ
ការប្រើអំពើហិង្សា និងការឆ្លៀតឱកាសចំណេញហួសហេតុ។ រាល់ការព្រមព្រៀងរវាងផ្នែកលក់
និងអ្នកទិញ ត្រូវតែគ្មានវិការៈ កាលណាការព្រមព្រៀងនោះមានវិការៈ
ភាគីទាំងពីរអាចសុំលុបកិច្ចសន្យានោះចោលបាន ដោយបង្ហាញភស្ដុតាងថា
ការព្រមព្រៀងនៃកិច្ចសន្យានោះមានវិការៈ។ ក្រៅពីការព្រមព្រៀង
ភាគីនៃកិច្ចសន្យាត្រូវមានសមត្ថភាពយ៉ាងពេញលេញ។
IV. សមត្ថភាពអ្នកលក់ និងអ្នកទិញ
៤.១ សមត្ថភាពអ្នកលក់
សមត្ថភាពក្នុងន័យនេះមានន័យថា
អ្នកលក់ត្រូវតែជាមនុស្សដែលមានសមត្ថភាព ពោលគឺត្រូវតែជានីតិជន។ នីតិជន
គឺជនដែលមានអាយុគ្រប់តាមការកំនត់របស់ច្បាប់។
តាមក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
មាត្រា១៧ បានឲ្យនិយមន័យ អនីតិជនថាជាជនដែលមានអាយុក្រោម ១៨ឆ្នាំ។ តាមមាត្រានេះ
យើងឃើញថា ដើម្បីមានសមត្ថភាពទទួលបានសិទ្ធិពេញលេញ ជននោះត្រូវតែមានអាយុចាប់ពី
១៨ឆ្នាំឡើងទៅទើបអាចធ្វើសកម្មភាពបានពេញលេញ។ តាមរយៈសមត្ថភាពនេះ មិនមែនមានន័យថា
ឲ្យតែជននោះមានអាយុគ្រប់១៨ឆ្នាំហើយ
គឺសុទ្ធតែមានសមត្ថភាពពេញលេញក្នុងការធ្វើសកម្មភាពនេះទេ (មាត្រា
១៥ នៃក្រមរដ្ឋប្បវេណី)។ ដើម្បីឲ្យជននោះ មានសមត្ថភាពពេញលេញ
ក្នុងការធ្វើសកម្មភាពបានត្រឹមត្រូវតាមច្បាប់នោះ គឺ ទាល់តែបុគ្គលនោះមិនត្រូវបានកម្រិតសមត្ថភាពតាមច្បាប់ក្នុងការធ្វើសកម្មភាពរបស់ខ្លួនឡើយ។
មាត្រា ១៦
នៃក្រមរដ្ឋប្បវេណីបានចែងថា មានធ្វើការកម្រិតជនដែលមិនអាចធ្វើសកម្មភាពបានមាន
អនីតិជន ជននៅក្រោមអាណាព្យាបាលទូទៅ ជននៅក្រោមរបបហិតូបត្ថម្ភ។
បញ្ជាក់អនីតិជនមានអត្តាធិនភាព
មានសមត្ថភាពពេញលេញក្នុងការចុះកិច្ចសន្យាដូចនីតិជនដែល (មាត្រា ២២ នៃក្រមរដ្ឋប្បវេណី) ។
លើសពីនេះទៅទៀតអ្នកលក់ត្រូវតែជាម្ចាស់កម្មសិទ្ធិស្របច្បាប់ទៅលើទ្រព្យ
ឬវត្ថុដែលខ្លួនលក់ បើមិនដូច្នេះទេ ការលក់នេះត្រូវទុកជាមោឃៈ។
ការលក់ទ្រព្យសម្បត្តិរួមរបស់សហព័ទ្ធដោយគ្មានការយល់ព្រមពីសហព័ទ្ធម្ខាងទៀត
ត្រូវទុកជាមោឃៈ ដើម្បីធ្វើការចាត់ចែងទ្រពរបស់សហព័ទ្ធបានទាល់តែមានការយល់ព្រមពីសហព័ទ្ធតាំងសងខាង (មាត្រា
៩៧៦ នៃក្រមរដ្ឋប្បវេណី)។
៤.២ សមត្ថភាពអ្នកទិញ
មិនមែនមានន័យថាឲ្យតែ
រូបវន្តបុគ្គល ឬនីតិបុគ្គល សុទ្ធតែអាចក្លាយជាអ្នកទិញបានទាំងអស់នោះទេ
មានបុគ្គលមួយចំនួន ដែលច្បាប់បានធ្វើការហាមឃាត់
មិនឲ្យក្លាយជាអ្នកទិញហើយការដែលច្បាប់ធ្វើការហាមឃាត់នេះ
គឺដើម្បីផលប្រយោជន៏របស់ភាគីអ្នកលក់់។
សមត្ថភាពរបស់អ្នកទិញ
មានលក្ខណៈដូចគ្នា និងសមត្ថភាពរបស់អ្នកលក់ដែរ តែអ្វីដែលមានលក្ខណៈប្លែកនោះគឺ
ច្បាប់បានធ្វើការហាមឃាត់នៅបុគ្គលមួយចំនួនតាមផ្លូវច្បាប់
មិនឲ្យធ្វើសកម្មភាពក្នុងការទិញ ដើម្បីជៀសវាងការបាត់បង់តម្លៃនៅក្នុងការទិញ។
បុគ្គលដែលច្បាប់បានធ្វើការហាមឃាត់មិនអាចក្លាយជាអ្នកទិញតាមផ្លូវច្បាប់ (មាត្រា
៥២៥នៃក្រមរដ្ឋប្បវេណី) មានដូចជា៖
អ្នកគ្រប់គ្រង ទ្រព្យសម្បត្តិតាមច្បាប់ តាមផ្លូវតុលាការ
ឬតាមកិច្ចសន្យា មិនអាចក្លាយជាអ្នកទិញ ឬជាអ្នកទិញដោយការលក់ដោយ
បង្ខំនូវទ្រព្យសម្បត្តិ ដែលខ្លួនបានទទួលភារកិច្ចលក់ដោយផ្ទាល់ខ្លួន
ឬតាមរយៈអន្តរការីបានឡើយ។ មន្រ្តីរាជការដែលទទួលបន្ទុកចាត់ការការលក់ដោយបង្ខំ
ឬទទួលបន្ទុកគ្រប់គ្រងការលក់ដោយបង្ខំ។ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី
ឬមន្រ្តីតុលាការផ្សេងទៀត មិនអាចក្លាយជាអ្នកទិញ ឬជាអ្នកទិញដោយ ការលក់ដោយ បង្ខំដោយ
ផ្ទាល់ខ្លួន ឬតាមរយៈអន្តរការីនូវវត្ថុ ឬសិទ្ធិដែលជាកម្មវត្ថុនៃវិវាទ ដែលកំពុងចាត់ការនៅតុលាការ
ដែលខ្លួន បំពេញ ភារកិច្ចបានទេ។ មេធាវី ឬសារការី ក្លាយជាអ្នកទិញ
ឬជាអ្នកទិញដោយការលក់ដោយបង្ខំនូវវត្ថុ ឬសិទ្ធិដែលទាក់ទងនឹងរឿង
ក្ដីដែលខ្លួនទទួលបន្ទុក។
V. លក្ខណៈកម្មវត្ថុនៃកិច្ចសន្យាលក់ទិញ
៥.១ ជាវត្ថុជាក់លាក់
ត្រូវតែជាវត្ថុជាក់លាក់ ដែលអាចធ្វើកិច្ចសន្យាលក់ទិញបាន ធ្វើការសំគាល់ ឬក៏អាចកំណត់នៅរូបរាងបរិមាណ
និង គុណភាព។ តាមក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ មាត្រា ១១៩ បានឲ្យនិយមន័យនៃវត្ថុថា
សំដៅទៅលើរបស់ដែលមានរូបរាង្គជា សារធាតុរាវ ជាសារធាតុរឹង។
៥.២ វត្ថុអាចធ្វើកើត
កម្មវត្ថុត្រូវតែជាវត្ថុអាចធ្វើកើត បើកាលណាវត្ថុនៅក្នងកិច្ចសន្យាលក់ទិញ
គឺជាវត្ថុមួយ ដែលមិនអាចធ្វើកើតនោះ
វាជាមូលហេតុដែលនាំឲ្យមានការមោឃៈភាពនៃកិច្ចសន្យាលក់ទិញនោះ។ ភាពអាចធ្វើកើតនេះ
ត្រូវតែមានភាពទូទៅ មានន័យថា មនុស្សទូទៅសុទ្ធតែមានលទ្ធភាពអាចធ្វើបានទាំងអស់គ្នា
មិនមែនអាចធ្វើបានឡើយ។
វត្ថុដែលមិនអាចធ្វើកើតមានមកពីបញ្ហាពីរយ៉ាង៖
-ភាពមិនអាចធ្វើកើតដោយសារតែអំពើ។ ឧទាហរណ៏៖ សង់ផ្ទះវីឡាក្នុងរយៈពេល១យប់។ល។
-ភាពមិនអាចធ្វើកើតដោយសារតែច្បាប់។ ឧទាហរណ៏៖ សាងសង់ផ្ទះលើដីដែលច្បាប់មិនអនុញ្ញាតឱ្យសាងសង់។
តែដើម្បីកំណត់ថាកិច្ចសន្យានោះត្រូវមោឃៈភាព
ឬយ៉ាងណានោះ គឺយើងត្រូវតែកំណត់ទៅលើលក្ខណៈដាច់ខាត ឬមិនដាច់ខាត បើលក្ខណៈដាច់ខាតនោះ
វានាំឱ្យមានមោឃៈកិច្ចសិន្យាតែបើ លក្ខណៈមិនដាច់ខាតនោះ
កិច្ចសន្យានៅតែមានសុពលភាពដ៏ដែល។
ឧទាហរណ៏៖ លោក “ក” បានទទួលចុះកិច្ចសន្យាជាមួយលោក “ខ” ថា
លោក នឹងធ្វើការសាងសង់ផ្ទះឱ្យលោក “ខ” មិនចេះសាងសង់។
៥.៣ វត្ថុស្ថិតនៅក្នុងពេលបច្ចុប្បន្ន
មានន័យថា នៅពេលដែលគូភាគី បានធ្វើការចុះកិច្ចសន្យាទិញលក់
វត្ថុដែលត្រូវលក់ ត្រូវតែមានយ៉ាពិតប្រាកដ ហើយស្ថិតនៅនាពេលបច្ចុប្បន្នទៀតផង។
ប៉ុន្តែមានកិច្ចសន្យាលក់ទិញនូវវត្ថុមួយចំនួន អាចធ្វើបានផងដែរ
ទោះបីជាវត្ថុដែលលក់នោះមិនស្ថិតនៅក្នុងពេលបច្ចុប្បន្នក៏ដោយ
ក៏កិច្ចសន្យានោះនៅតែមានសុពលភាពដ៏ដែល ដោយសារកម្មវត្ថុនៃកិច្ចសន្យានោះ
វាអាចកើតឡើងនាពេលអនាគត។ ឧទាហរណ៏៖ កិច្ចសន្យាសាងសង់ផ្ទះលក់ ដែលផ្ទះនោះ
នឹងត្រូវបានសាងសង់ ហើយនៅពេលអនាគតខាងមុខ។
លក្ខខណ្ឌមួយទៀតគឺតម្លៃនៃកិច្ចសន្យាលក់ទិញ។
VI. លក្ខណៈតម្លៃនៃកិច្ចសន្យាទិញលក់
កិច្ចសន្យាលក់ទិញ ជាកិច្ចសន្យាអញ្ញមញ្ញ
ដែលតម្រូវឲ្យភាគីទាំងពីរ ត្រូវមានកាតព្វកិច្ចទៅវិញទៅមក មានន័យថា
ភាគីម្ខាងត្រូវមានកាតព្ចកិច្ចប្រគល់វត្ថុ ហើយភាគីម្ខាងទៀត
មានកាតព្វកិច្ចប្រគល់លុយជាថ្នូរនឹងវត្ថុដែលបានប្រគល់។
គេអាចនិយាយម៉្យាងទៀតថា កិច្ចសន្យាលក់ទិញ
ជាកិច្ចសន្យាមូលា ព្រោះកិច្ចសន្យានេះ
ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រយោជន៏ និងថ្នូរទៅវិញទៅមក។
តម្លៃ
គឺពិតជាមានសារៈសំខាន់ណាស់ចំពោះកិច្ចសន្យាលក់ទិញ ពីព្រោះកិច្ចសន្យាលក់
ត្រូវតែមានតម្លៃជាថ្នូរ ដែលខុសពីកិច្ចសន្យាដូរ ដែលគ្មានតម្លៃជាថ្នូរឡើយ
ដូចច្នេះ ការកំណត់តម្លៃ វាជាកត្តាមួយសំខាន់ណាស់ចំពោះភាគីអ្នកលក់
តែអ្វីដែលសំខាន់នោះ គឺជារបៀប និងបច្ចេកទេសនៃការកំណត់តម្លៃ
ថាតើយើងត្រូវធ្វើតាមរបៀបណា ដើម្បីឲ្យមានភាពសុក្រឹត្យនោះ។
ការកំណត់នូវតម្លៃ អាចយកតាមទីផ្សារ
ឬតាមការព្រមព្រៀងរបស់ភាគីទាំងសងខាង។ ក្នុងន័យនេះ
ទោះបីជាតម្លៃនោះមិនទាន់ត្រូវបានប្រគល់ទៅភាគីម្ខាងទៀតក៏ដោយ
ក៏កិច្ចសន្យាអាចកើតមានបានដែរ។ មានកិច្ចសន្យាមួយចំនួន ការបង់ថ្លៃត្រូវបានធ្វើតាមក្រោយ។
នៅថ្ងពុធក្រោយ សំណប់
នឹងលើកឡើងអំពីទំរង់នៃកិច្ចសន្យាទិញលក់អចលនទ្រព្យមកជូនលោកអ្នកបន្តទៀត។
VII. កាតព្វកិច្ចអ្នកទិញ និងអ្នកលក់
តើអ្នកទិញ និងអ្នកលក់ត្រូវមានកាតព្វកិច្ចអ្វីខ្លះ?
៧.១ ករណីយកិច្ចរបស់អ្នកទិញ
ចំពោះអ្នកទិញ កាតព្វកិច្ចមានតិចជាងអ្នកលក់
ហើយកាតព្វកិច្ចធំបំផុតរបស់អ្នកទិញ គឺបង់ថ្លៃទិញ ទៅតាមកិច្ចសន្យា។
ការបង់ថ្លៃទិញនេះ គឺត្រូវធ្វើទៅតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់
នៅក្នុងកិច្ចសន្យា។
កាតព្វកិច្ចមួយទៀត
គឺកាតព្វកិច្ចទទួលវត្ថុ ទៅតាមការកំណត់ក្នុងកិច្ចសន្យា។ ប្រសិនបើអ្នកទិញមានការយឺតយ៉ាវក្នុងការបំពេញករណីយកិច្ចទទួលវត្ថុ
អ្នកលាក់អាចទាមទារសំណង ប្រសិនបើការយឺតយ៉ាវនេះនាំឲ្យគាត់ទទួលរងនូវការខូចខាតអ្វីមួយ
ឬក៏អាចទាមទាររំលាយកិច្ចសន្យាទិញលក់នេះវិញបាន។ ម្យ៉ាងទៀត
ប្រសិនបើដល់ថ្ងៃកំណត់ទទួលវត្ថុ ហើយអ្នកទិញមកមិនទទួលទេ អ្នកទិញត្រូវជាអ្នកទទួលបន្ទុកហានិភ័យ
នៃការបាត់បង់ ឬខូចខាតវត្ថុនេះ។
ក ការយឺតយ៉ាវក្នុងការបំពេញករណីយកិច្ចទទួល(មាត្រា ៥៥៩)
១-ក្នុងករណីដែលអ្នកទិញមានការយឺតយ៉ាវក្នុងការបំពេញករណីយកិច្ចទទួលអ្នកលក់អាចទាមទារសំណងនៃការខូចខាត ឫ រំលាយកិច្ចសន្យា តាមបញ្ញត្ដិនៃផ្នែកទី ៣ (សំណងនៃការខូចខាត) និង ផ្នែកទី ៤(ការរំលាយកិច្ចសន្យា) ជំពូកទី ៤ នៃគន្ថីទី ៤ បាន ។
២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើវត្ថុដែលជាកម្មវត្ថុត្រូវបានបាត់បង់ ឫ ខូចខាត ដោយនាកំហុសរបស់អ្នកលក់ អ្នកទិញត្រូវទទួលបន្ទុកហានិភ័យនោះ ។
៣-ក្នុងករណីដែលអ្នកលក់បានផ្ដល់នូវការសង តែអ្នកទិញនៅតែមិនព្រមទទួលវត្ថុដែលជាកមវត្ថុ អ្នកលក់អាចតម្កល់ ឫ លក់វត្ថុដែលជាកមវត្ថុនោះ តាមបញ្ញត្ដិមាត្រា៤៥៧ (ការតម្កល់) និង មាត្រា ៤៥៨ (សិទ្ធិលក់ដោយខ្លួនឯង) នៃក្រមរដ្ឋវេណី
ឆ្នាំ២០០៧ ។
ខ សិទ្ធិបដិសេធមិនបង់ថ្លៃទិញ ក្នុងករណីដែលតតិយជនអះអាងសិទ្ធិរបស់ខ្លួនលើវត្ថុដែលជាកម្មវត្ថុនៃការលក់ទិញ
(មាត្រា ៥៥៧)
១-ក្នុងករណីដែលមានអ្នកអះអាងសិទ្ធិលើវត្ថុដែលជាកមវត្ថុនៃការលក់ទិញហើយមានការបារម្ភថា អ្នកទិញនឹងបាត់បង់នូវសិទ្ធិទាំងអស់
ឫ មួយភាគដែលខ្លួនបានទិញនោះអ្នកទិញអាចបដិសេធមិនបង់ថ្លៃទិញទាំងអស់ឫ មួយភាគ ទៅតាមទំហំនៃហានិភ័យនោះបាន ។ ប៉ុន្ដែ បញ្ញត្ដិនេះមិនត្រូវបានយកមកអនុវត្ដឡើយ ចំពោះករណីដែលអ្នកលក់បានដាក់ប្រាតិភោគសមរម្យ ។
២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី១ ខាងលើនេះ អ្នកលក់អាចទាមទារឲ្យអ្នកទិញតម្កល់ ថ្លៃទិញបាន ។
គ សិទ្ធិតវ៉ាឲ្យអនុវត្ដព្រមគ្នា និង សិទ្ធិតវ៉ាដោយមានការបារម្ភ (មាត្រា ៥៥៨)
-អ្នកទិញអាចមិនព្រមបង់ថ្លៃទិញបាន រហូតដល់ពេលដែលអ្នកលក់បានផ្ដល់នូវការសងចំពោះ កាតព្វកិច្ចរបស់ខ្លួន ។ ប៉ុន្ដែបញ្ញត្ដិនេះមិនត្រូវយកមកអនុវត្ដឡើយ ចំពោះករណីដែលកាតព្វកិច្ចរបស់អ្នកលក់មិនទាន់ដល់ពេលកំណត់ត្រូវសង ឫ ករណីដែលមានការព្រមព្រៀងគ្នាអំពីការអនុវត្ដកាតព្វកិច្ចបង់ថ្លៃជាមុន ។
-ទោះបីជាអ្នកទិញបានអនុញ្ញាត
ឲ្យអ្នកលក់មានពេលកំណត់ដើម្បីអនុវត្ដកាតព្វកិច្ចក៏ដោយ ប្រសិនបើមានការបារម្ភយ៉ាងជាក់ស្ដែងថាអ្នកលក់នឹងមិនអនុវត្ដកាតព្វកិច្ចរបស់ខ្លួន
ក៏អ្នកទិញអាចប្រកែកមិនបង់ថ្លៃទិញបានដែរ ។ ប៉ុន្ដែបញ្ញត្ដិនេះមិនត្រូវយកមកអនុវត្ដឡើយ ចំពោះករណីដែលអ្នកលក់បានដាក់ប្រាតិភោគ ឫ ចាត់ចែងវិធានការដើម្បីរំលត់ការបារម្ភនោះ ។
៧.២ ករណីយកិច្ចរបស់អ្នកលក់
ចំពោះអ្នកលក់វិញ កាតព្វកិច្ចសំខាន់ទីមួយរបស់គាត់
គឺត្រូវប្រគល់វត្ថុ ឬផ្ទេរសិទ្ធិលើទ្រព្យសម្បត្តិ ដែលគាត់បានព្រមព្រៀងលក់
ទៅឲ្យអ្នកទិញ។
ក ករណីយកិច្ចទូទៅរបស់អ្នកលក់(មាត្រា
៥៣០)
អ្នកលក់មានករណីយកិច្ច
ត្រូវផ្ទេរសិទ្ធិលើទ្រព្យសម្បត្ដិដែលខ្លួនបានលក់ ត្រូវប្រគល់វត្ថុដែលបានលក់ ត្រូវថែរក្សាទុកនូវវត្ថុដែលបានលក់រហូតដល់ពេលប្រគល់ ព្រមទាំងត្រូវប្រគល់លិខិតផ្សេងៗដែលចាំបាច់ដើម្បីបញ្ជាក់នូវសិទ្ធិ ចំពោះអ្នកទិញ តាមកិច្ចសន្យា ។ សិទ្ធិលើទ្រព្យ ឬវត្ថុ ដែលត្រូវប្រគល់ទៅឲ្យអ្នកទិញនេះ
ត្រូវតែមានបរិមាណ និងគុណភាព ដូចអ្វី ដែលបានព្រមព្រៀងគ្នា។
ម្យ៉ាងទៀត ប្រសិនបើការប្រគល់វត្ថុ
ឬការផ្ទេរសិទ្ធិលើទ្រព្យ ត្រូវធ្វើ នៅក្រោយការបង្កើតកិច្ចសន្យាទិញលក់ អ្នកលក់
មានករណីយកិច្ចថែរក្សាវត្ថុ ឬទ្រព្យនោះឲ្យបានគង់វង់ល្អ
រហូតដល់ពេលប្រគល់ទៅឲ្យអ្នកទិញ (មាត្រា ៥៥២)។
ច្បាប់តម្រូវឲ្យអ្នកលក់ថែរក្សាវត្ថុ
ឬទ្រព្យ ដែលជាកម្មវត្ថុនៃការលក់នេះ ឲ្យបានហ្មត់ចត់ “ក្នុងនាមជាអ្នកគ្រប់គ្រងដ៏ល្អ (គឺថែរក្សាដូចជាការថែរក្សាទ្រព្យផ្ទាល់ខ្លួនឯងផ្សេងទៀតអ៊ីចឹងដែរ) មិនមែនអាងតែបានចុះកិច្ចសន្យាលក់រួចហើយ
ទុកវត្ថុនោះចោល លែងរវីរវល់ថែទាំ នាំឲ្យបាត់បង់ ឬខូចខាត នោះទេ។
ខ ករណីយកិច្ចត្រូវពន្យល់របស់អ្នកលក់
(មាត្រា ៥២៩)
អ្នកលក់មានករណីយកិច្ច ត្រូវពន្យល់ឲ្យបានច្បាស់លាស់
នូវខ្លឹមសារនៃករណីយកិច្ចដែលអ្នកលក់ទទួលបន្ទុក ទំនាក់ទំនងគតិយុត្ដដែលទាក់ទងនឹងវត្ថុ ឫ សិទ្ធិដែលជាកមវត្ថុនៃការលក់ទិញ ហើយជាពិសេសក្នុងករណីលក់អចលនវត្ថុ ត្រូវពន្យល់ដល់អ្នកទិញឲ្យបានច្បាស់លាស់នូវខ្លឹមសារនៃសិទ្ធិ ការទទួលបន្ទុក និងព្រំដែននៃអចលនវត្ថុ ជាអាទិ៍ ។
ករណីយកិច្ចសំខាន់មួយទៀតរបស់អ្នកលក់
គឺករណីយកិច្ចផ្តល់ព័ត៌មាន ចំពោះអ្នកទិញ គឺព័ត៌មានចាំបាច់ ដែលជាប់ពាក់ព័ន្ធនឹងវត្ថុ
ដែលខ្លួនលក់នេះ ជាពិសេស ក្នុងករណីលក់ផ្ទះ ឬក៏ដីធ្លី
អ្នកលក់ត្រូវពន្យល់ដល់អ្នកទិញឲ្យបានច្បាស់លាស់ អំពីខ្លឹមសារនៃសិទ្ធិលើអចលនវត្ថុ
អំពីព្រំដែននៃអចលនវត្ថុ និងពីបន្ទុកផ្សេងៗ ដែលអាចមានលើអចលនវត្ថុនេះ ដូចជា
ករណីមានសេវភាពតម្រូវឲ្យបើកផ្លូវឆ្លងកាត់ ទៅដីអ្នកជិតខាង ជាដើម។
ប្រសិនបើអ្នកលក់មិនបំពេញតាមករណីយកិច្ចផ្តល់ព័ត៌មាននេះទេ
ឬផ្តល់ព័ត៌មានមិនគ្រប់គ្រាន់ ឬមិនច្បាស់លាស់
គាត់ជាអ្នកទទួលខុសត្រូវចំពោះការខូចខាតណាមួយ ដែលកើតឡើង
ដោយសារការខកខានមិនបានផ្តល់ព័ត៌មាននេះ។ ម្យ៉ាងទៀត
ប្រសិនបើអ្នកលក់ផ្តល់ព័ត៌មានមិនពិត ឬលាក់បាំងការពិតដោយចេតនា ហើយព័ត៌មានមិនពិត
ឬព័ត៌មានដែលលាក់កំបាំងនេះ គឺជាចំណុចសំខាន់
ដែលមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកទិញ ក្នុងករណីនេះ
អ្នកទិញអាចសុំលុបចោលកិច្ចសន្យានេះវិញបាន ដោយលើកយកការឆបោកមកធ្វើជាមូលហេតុ។
គ ក្នុងករណីដែលអ្នកលក់ធ្វើឲ្យបាត់បង់
ឬធ្វើឲ្យខូចខាត
ក្នុងករណីដែលអ្នកលក់ធ្វើឲ្យបាត់បង់
ឬធ្វើឲ្យខូចខាតវត្ថុ ដែលជាកម្មវត្ថុនៃការលក់ ដោយសារតែមានការធ្វេសប្រហែស
មិនបានគោរពករណីយកិច្ចថែរក្សាវត្ថុ ដូចមានចែងក្នុងច្បាប់នេះទេ
គាត់នឹងត្រូវទទួលខុសត្រូវចំពោះអ្នកទិញ ទៅតាមអ្វីដែលបានចែងក្នុងកិច្ចសន្យា
ឬត្រូវសងសំណងខូចខាត ទៅតាមការចែងក្នុងក្រមរដ្ឋប្បវេណី
ទាក់ទងនឹងសំណងខូចខាតក្នុងករណីមិនគោរពកាតព្វកិច្ចតាមកិច្ចសន្យា ។
VIII. ការរំលាយកិច្ចសន្យា
៨.១ ការរំលាយដោយមូលហេតុមិនអនុវត្ដកាតព្វកិច្ច
(មាត្រា ៤០៧)
ភាគីម្ខាងនៃកិច្ចសន្យាអញ្ញមញ្ញអាចរំលាយកិច្ចសន្យាបានភ្លាមៗ ក្នុងករណីដែលភាគីម្ខាងទៀតបំពាន
កិច្ចសន្យាយ៉ាងធ្ងន់ធ្ងរ ។
៨.២ ការបំពានកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរ
(មាត្រា ៤០៨.)
១-ការបំពានកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរ សំដៅទៅលើករណីដែលភាគីម្ខាងមិនអាចសម្រេចនូវគោលបំណងនៃកិច្ចសន្យាបាន ដោយសារការបំពានរបស់ភាគីម្ខាងទៀត ។
ត្រូវចាត់ទុកថាមានការបំពានកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរ ក្នុងករណីដូចខាងក្រោមនេះ ៖
ក- ភាគីម្ខាងបានដាស់តឿនភាគីម្ខាងទៀតដែលមិនបានអនុវត្ដកាតព្វកិច្ច
តាមពេលកំណត់ ដោយកំណត់អំឡុងពេលសមរម្យដើម្បីឲ្យអនុវត្ដកាតព្វកិច្ច
ហើយកាតព្វកិច្ចមិនត្រូវបានអនុវត្ដក្នុងអំឡុងពេលនោះ
ខ-ភាគីមិនបានអនុវត្ដកាតព្វកិច្ចតាមពេលកំណត់ក្នុងកិច្ចសន្យា
ក្នុងករណីដែលគោលបំណងនៃកិច្ចសន្យាមិនបានសម្រេចសោះ បើភាគីមិនអនុវត្ដកាតព្វកិច្ចតាមពេលកំណត់នោះ ។
គ-ភាគីមិនអាចអនុវត្ដករណីយកិច្ចផ្ដល់តាវកាលិកចម្បងរបស់ខ្លួនបានទេ ។
ឃ-ការបំពានកិច្ចសន្យាមានភាពហួសហេតុ
ដែលធ្វើឲ្យបាត់បង់នូវទំនុកចិត្ដរវាងគូភាគី ហើយមិនអាចជឿជាក់ថា នឹងអនុវត្ដកាតព្វកិច្ចនាអនាគតបាន ។
២-ភាគីដែលបំពានកិច្ចសន្យា មិនអាចរារាំងការរំលាយកិច្ចសន្យាដោយផ្អែកលើ
បញ្ញត្ដិនៃកថាខណ្ឌទី ១ ខាងលើនេះ ដោយយកមូលហេតុថាខ្លួននាកំហុសចំពោះការមិនអនុវត្ដកាតព្វកិច្ចរបស់ខ្លួន បានឡើយ។
IX. វិធីអនុវត្ដសិទ្ធិរំលាយកិច្ចសន្យា
៩.១ វិធីអនុវត្ដសិទ្ធិរំលាយកិច្ចសន្យា
(មាត្រា ៤០៩.)
១-ភាគីម្ខាងដែលមានសិទ្ធិរំលាយ អាចរំលាយកិច្ចសន្យា ដោយបង្ហាញឆន្ទៈរំលាយចំពោះភាគីម្ខាងទៀតបាន ។ ការបង្ហាញឆន្ទៈរំលាយនេះអាចធ្វើឡើងក្រៅតុលាការបាន ។
២-ការបង្ហាញឆន្ទៈរំលាយនេះ មិនអាចដកវិញបានទេ ។
៣-ការបង្ហាញឆន្ទៈរំលាយនេះ អាចដាក់ល័ក្ខខ័ណ្ឌបង្អង់បាន ។
៩.២ ការរំលាយកិច្ចសន្យាដែលភាគីម្ខាងមានច្រើននាក់
(មាត្រា ៤១០)
១-ក្នុងករណីដែលភាគីម្ខាងមានច្រើននាក់ ការរំលាយកិច្ចសន្យាត្រូវធ្វើឡើងដោយបុគ្គលទាំងអស់នោះចំពោះភាគីម្ខាងទៀត ឫ ដោយភាគីម្ខាងទៀតចំពោះបុគ្គលទាំងអស់នោះ ។
២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១
ខាងលើនេះ ប្រសិនបើសិទ្ធិរំលាយកិច្ចសន្យាបានរលត់ចំពោះបុគ្គលណាម្នាក់ ក្នុងចំណោមបុគ្គលនៃភាគីដែលមានច្រើននាក់សិទ្ធិរំលាយនោះក៏ត្រូវរលត់ចំពោះបុគ្គលផ្សេងទៀតនៃភាគីនោះដែរ ។
៩.៣ អានុភាពនៃការរំលាយកិច្ចសន្យា
(មាត្រា ៤១១.)
១-ការរំលាយកិច្ចសន្យានាំឲ្យគូភាគីរួចផុតពីករណីយកិច្ចក្នុងកិច្ចសន្យា លើកលែងតែករណីយកិច្ចសងការខូចខាត ។
២-ភាគីដែលបានទទួលតាវកាលិកនៃកិច្ចសន្យាតែមួយភាគ
ឫទាំងអស់ ត្រូវមានករណីយកិច្ចសងតាវកាលិកនោះទៅភាគីម្ខាងទៀត ដើម្បីឲ្យភាគីនោះទទួលបដិទានឡើងវិញ ដោយសារការរំលាយ ។
ក្នុងករណីដែលភាគីទាំងសងខាង មានករណីយកិច្ចធ្វើបដិទានទៅវិញទៅមក ករណីយកិច្ចទាំងនោះត្រូវអនុវត្ដនៅពេលជាមួយគ្នា ។
៣-ភាគីដែលមានករណីយកិច្ចសងជាប្រាក់ដោយការរំលាយកិច្ចសន្យា
ត្រូវសងជាមួយនឹងការប្រាក់ដោយគិតចាប់ពីថ្ងៃដែលបានទទួលប្រាក់ដើមនោះ ភាគីដែលមានករណីយកិច្ចបង្វិលជាវត្ថុ ឫ ជាតាវកាលិកផ្សេងដែលខ្លួនបានទទួល ទៅភាគីម្ខាងទៀតដោយសារការរំលាយ
ត្រូវសងទាំងផលដែលបានទទួលពីវត្ថុ ឫតាវកាលិកនោះផងដែរ ។
៤-ការរំលាយកិច្ចសន្យាមិនអាចធ្វើឲ្យខូចផលប្រយោជនត្រឹមត្រូវរបស់តតិយជនបានឡើយ ។
៩.៤ សិទ្ធិរំលាយក្នុងករណីដែលកមវត្ថុនៃកិច្ចសន្យាត្រូវបានខូចខាត ឫ បាត់
បង់ (មាត្រា ៤១២.)
១-សិទ្ធិរំលាយត្រូវរលត់ ក្នុងករណីភាគីដែលមានសិទ្ធិរំលាយបានធ្វើឲ្យមានការខូចខាត ឫ ការបាត់បង់ដល់វត្ថុដែលជាកមវត្ថុនៃកិច្ចសន្យា
ឫ មិនអាចសងវត្ថុនោះវិញបានដោយចេតនា ឫ ធ្វើឲ្យវត្ថុនោះក្លាយជាវត្ថុប្រភេទផ្សេង ដោយការកែច្នៃ ឫ ការផ្លាស់ទម្រង់ដោយចេតនា ។
២-ក្នុងករណីដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះ បើភាគីបានអនុវត្ដសិទ្ធិរំលាយភាគីនោះត្រូវសងជាប្រាក់នូវតម្លៃនៃវត្ថុដែលជាកមវត្ថុនោះ ត្រឹមកម្រិតតម្លៃដែលបានកំណត់ក្នុងកិច្ចសន្យា។
៣-ក្នុងករណីដែលភាគីម្ខាងទៀតមានកំហុស ឫ
មានមូលហេតុក្នុងការខូចខាត ឫការមិនបានសងវត្ថុដែលជាកមវត្ថុនោះភាគីដែលមានសិទ្ធិរំលាយ នាករណីយកិច្ចក្នុងការសងជាប្រាក់នូវតម្លៃនៃវត្ថុនោះ ដូចបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះឡើយ ។
X. អាជ្ញាយុកាលនៃការរំលត់សិទ្ធិរំលាយកិច្ចសន្យា (មាត្រា ៤១៣)
អាជ្ញាយុកាលនៃការរំលត់សិទ្ធិរំលាយកិច្ចសន្យាដោយមូលហេតុ
នៃការមិនអនុវត្ដកាតព្វកិច្ច និងសិទ្ធិទាមទារបដិទាន មានអំឡុងពេល ៥ (ប្រាំ) ឆ្នាំ ក្រោយពីពេលដែលមិនបានអនុវត្ដកាតព្វកិច្ច ។
១០.១ សិទ្ធិរំលាយដែលបានកំណត់ក្នុងកិច្ចសន្យា និង ការរំលាយដោយការព្រមព្រៀងគ្នា (មាត្រា ៤១៤.)
១-គូភាគីនៃកិច្ចសន្យាអាចសន្យាឲ្យភាគីម្ខាង
ឫសងខាងមានសិទ្ធិរំលាយ នៅក្នុងកិច្ចសន្យានោះបាន
បញ្ញត្ដិពីមាត្រា ៤០៩ (វិធីអនុវត្ដសិទ្ធិរំលាយកិច្ចសន្យា) ដល់មាត្រា៤១២ (សិទ្ធិរំលាយក្នុងករណីដែលកមវត្ថុនៃកិច្ចសន្យាត្រូវបានខូចខាត ឫ បាត់បង់) នៃក្រមនេះ ស្ដីពីការរំលាយដែលច្បាប់បានកំណត់ត្រូវយកមកអនុវត្ដដូចគ្នាផងដែរ
ចំពោះវិធីអនុវត្ដ និងអានុភាពនៃសិទ្ធិរំលាយ ដែលបានកំណត់ដោយកិច្ចសន្យាលើកលែងតែមានការព្រមព្រៀងគ្នាផ្សេង ។
២-ទោះបីជានាការកំណត់សិទ្ធិរំលាយក្នុងកិច្ចសន្យាក៏ដោយក៏គូភាគីអាចរំលាយកិច្ចសន្យាដោយការព្រមព្រៀងគ្នាបានដែរ។ ប៉ុន្ដែការរំលាយនោះមិនអាចធ្វើឲ្យខូចផលប្រយោជនរបស់តតិយជនបានទេ។
សេចក្ដីសន្និដ្ឋាន
កិច្ចសន្យា គឺជាកិរិយារបស់បុគ្គលពីរនាក់
ឬច្រើននាក់មានឆន្ទៈត្រូវគ្នា ព្រមគ្នាបង្កើត កែប្រែ ឬរំលត់កាតព្វកិច្ច។
កិច្ចសន្យាទិញលក់ គឺជាកិច្ចសន្យាមួយ ដែលភាគីម្ខាង ហៅថា “អ្នកលក់” មានករណីយកិច្ចត្រូវផ្ទេរកម្មសិទ្ធិលើវត្ថុណាមួយ
ទៅឲ្យភាគីម្ខាងទៀត ហៅថា “អ្នកទិញ” ហើយអ្នកទិញនេះ
មានករណីយកិច្ចទូទាត់លុយ ជាថ្លៃវត្ថុនោះ ទៅឲ្យអ្នកលក់។ យើងឃើញថា កិច្ចសន្យាទិញលក់
គឺជាកិច្ចសន្យា ដែលយើងធ្វើញឹកញាប់ជាងគេ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ហើយកិច្ចសន្យាទិញលក់នេះចែកចេញជាពីរគឺ កិច្ចសន្យាទិញលក់ដោយផ្ទាល់មាត់
និង កិច្ចសន្យាទិញលក់ជាលាយលក្ខណ៍អក្សរ ។
ក្រៅពីក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ ការទិញលក់នេះ
ក៏មានចែងនៅក្នុង មាត្រា ៦៥នៃច្បាប់ភូមិបាល និងមាត្រា ៣៤ នៃក្រឹត្យច្បាប់ លេខ ៣៨ ផងដែរ។
ការព្រមព្រៀងរបស់គូភាគីនៅក្នុងកិច្ចសន្យា
កិច្ចសន្យាទិញលក់អាច
ត្រូវបានបង្កើតឡើងដោយមានការព្រមព្រៀងគ្នារវាងភាគីទាំងសងខាងតែប៉ុណ្ណោះ
លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេសក្នុងច្បាប់។
កិច្ចព្រេមព្រៀងនេះអាចចែកចេញជាពីរប្រភេទគឺ ការព្រមព្រៀងដោយសេរី និងការព្រមព្រៀងដោយមានវិការៈ។
សមត្ថភាពអ្នកលក់
ចំពោះអ្នកលក់វិញ
ក្នុងន័យនេះមានន័យថា អ្នកលក់ត្រូវតែជាមនុស្សដែលមានសមត្ថភាព ពោលគឺត្រូវតែជានីតិជន
ឬអនីតិជន ដែលទទួលបានអត្តាធិនភាព ដោយតាមការកំនត់របស់ច្បាប់។
ករណីយកិច្ចរបស់អ្នកលក់
ចំពោះអ្នកលក់វិញ
កាតព្វកិច្ចសំខាន់ទីមួយរបស់គាត់ គឺត្រូវប្រគល់វត្ថុ ឬផ្ទេរសិទ្ធិលើទ្រព្យសម្បត្តិ
ដែលគាត់បានព្រមព្រៀងលក់ ទៅឲ្យអ្នកទិញ។
សមាសភាពចំពោះអ្នកទិញ
ចំពោះអ្នកទិញ
មិនមែនមានន័យថាឲ្យតែ រូបវន្តបុគ្គល ឬនីតិបុគ្គល
សុទ្ធតែអាចក្លាយជាអ្នកទិញបានទាំងអស់នោះទេ មានបុគ្គលមួយចំនួន
ដែលច្បាប់បានធ្វើការហាមឃាត់ មិនឲ្យក្លាយជាអ្នកទិញហើយការដែលច្បាប់ធ្វើការហាមឃាត់នេះ
គឺដើម្បីផលប្រយោជន៏របស់ភាគីអ្នកលក់់។
ករណីយកិច្ចរបស់អ្នកទិញ
ចំពោះអ្នកទិញ
កាតព្វកិច្ចមានតិចជាងអ្នកលក់ ហើយកាតព្វកិច្ចធំបំផុតរបស់អ្នកទិញ គឺបង់ថ្លៃទិញ
ទៅតាមកិច្ចសន្យា។ ការបង់ថ្លៃទិញនេះ គឺត្រូវធ្វើទៅតាមកាលបរិច្ឆេទ
និងទីកន្លែងដែលបានកំណត់ នៅក្នុងកិច្ចសន្យា។
ការរំលាយកិច្ចសន្យាដោយមូលហេតុមិនអនុវត្ដកាតព្វកិច្ច(មាត្រា ៤០៧)
ភាគីម្ខាងនៃកិច្ចសន្យាអញ្ញមញ្ញអាចរំលាយកិច្ចសន្យាបានភ្លាមៗ ក្នុងករណីដែលភាគីម្ខាងទៀតបំពាន
វិធីអនុវត្ដសិទ្ធិរំលាយកិច្ចសន្យា(មាត្រា ៤០៩)
ភាគីម្ខាងដែលមានសិទ្ធិរំលាយ អាចរំលាយកិច្ចសន្យា ដោយបង្ហាញឆន្ទៈរំលាយចំពោះភាគីម្ខាងទៀតបាន ។
ការបង្ហាញឆន្ទៈរំលាយនេះអាចធ្វើឡើងក្រៅតុលាការបានការបង្ហាញឆន្ទៈរំលាយនេះ មិនអាចដកវិញបានទេ ការបង្ហាញឆន្ទៈរំលាយនេះ អាចដាក់ល័ក្ខខ័ណ្ឌបង្អង់បាន។
អាជ្ញាយុកាលនៃការរំលត់សិទ្ធិរំលាយកិច្ចសន្យា(មាត្រា ៤១៣)
អាជ្ញាយុកាលនៃការរំលត់សិទ្ធិរំលាយកិច្ចសន្យាដោយមូលហេតុនៃការមិនអនុវត្ដកាតព្វកិច្ច និងសិទ្ធិទាមទារបដិទានមានអំឡុងពេល ៥(ប្រាំ) ឆ្នាំ ក្រោយពីពេលដែលមិនបានអនុវត្ដកាតព្វកិច្ច ។
សូមអរគុណ!!!
ឯកសារយោង
-ក្រមរដ្ឋប្បវេណី
នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី ០៨-១២-ឆ្នាំ២០០៧ ។
-មេរៀនស្ដីពី
នីតិកាតព្វកិច្ច របស់លោកស្រី ចាំង ស៊ីណាត ។
-មេរៀន នីតិកាតព្វកិច្ច
របស់លោកសាស្រ្ដាចារ្យ ស៊ន គឹមអុល ឆ្នាំសិក្សា២០១៨
www.google.com
https://besdoungnisith.wordpres.com
https://thimhorn.wordpress.com
https://chournpisey.blogspot.com
https://kkrhd.blogspot.com
https://konkhmerone.blogspot.com
https://www.facebook.com/យល់ដឹងអំពីច្បាប់
http://bizdoctors.asia/
No comments:
Post a Comment