មានរឿងនិទានមួយថា អណ្ដើក
និងស្វា វាសុំធ្វើដន្លងគ្នាតែគ្មានកូនចៅទៅចងព័ន្ធអ្វីទេ
គ្រាន់តែនិយាយថា សុំគ្នាធ្វើដន្លង ។ សត្វទាំងពីរ ស្រឡាញ់រាប់អានគ្នា
ដូចដន្លងអ្នកទាំងពួងនោះដែរ ។ លុះចំណេរយូរទៅ ដន្លងខាងស្វានោះ
គេមានកូនត្រូវរៀបការគេហៅភ្ញៀវពួកស្វា សន្មតថ្ងៃនឹងស៊ីការ
ទើបនឹកឃើញអណ្ដើកជាដន្លងថា៖ យើងការកូននេះ ហៅភ្ញៀវអស់ហើយ
នៅតែអណ្ដើកជាដន្លងមិនទាន់បានទៅប្រាប់ឥឡូវ
ជិតថ្ងៃការណាស់ទៅហើយបើដូច្នោះឲ្យបំរើទៅអញ្ជើញគាត់ផង
បំណាច់យើងរាប់អានគ្នាយូរឆ្នាំណាស់មកហើយ! គិតហើយក៏ចាត់បំរើឲ្យទៅអញ្ជើញ
។ ថ្ងៃដែលគេប្រជុំញាតិស៊ីការនោះ
អណ្ដើកក៏ទៅដល់ដែរតែនឹងឡើងទៅស៊ីផឹកនឹងគេមិនរួច ។
ពួកស្វាបានឃើញក៏ទៅប្រាប់ដន្លងស្វាថា ត្បិតដន្លងអណ្ដើកមកដល់ហើយ
នៅឯក្រោមដើមឈើ !។ ដន្លងស្វាចុះមក
ឃើញអណ្ដើកក៏ប្រាប់ថាដន្លងឯងឡើងមិនរួចនឹងគេ
មានតែដន្លងឯងខាំវល្ល៍នេះចុះ
យើងនឹងស្រាវឡើងប៉ុន្តែបើមិនទាន់ដល់ទៅកន្លែងដែលយើងអង្គុយទេដន្លងឯងកុំនិយាយឲ្យសោះ
ទោះបីឃើញអ្វី ឬគេថាអ្វីក៏ដោយ, តែនិយាយធ្លាក់មកស្លាប់ហើយ ។
អណ្ដើកទទួលបណ្ដាំដន្លងនោះសព្វគ្រប់ហើយ ក៏ទទួលខាំវល្លិ៍ ។
ពួកស្វាទាំងប៉ុន្មាន ក៏ស្រាវវល្លិ៍នោះឡើង នាំអណ្ដើកទៅឯថ្នាក់លើ ។
លុះទៅជិតដល់កន្លែង ដែលគេនឹងដាក់នោះ ជួនជាដន្លងស្រីស្វា
ឃើញអណ្ដើកក៏សួរដោយរាប់អានថា « ដន្លង ! សុខសប្បាយទេឬ ? » ។
អណ្ដើកភ្លេចពាក្យបណ្ដាំ ហាមាត់ស្ដីទៅនឹងដន្លងក៏របូតមាត់
ធ្លាក់ខ្លួនដល់ដីបែកស្នូកដូចគេបោកនឹងថ្មស្លាប់នៅវេលានោះ
ខានស៊ីការនោះទៅ ។

No comments:
Post a Comment