​ហេតុអ្វីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ? នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមីនាដើម្បីអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រ និងទូទាំងប្រទេសលើពិភពលោក។ ទិវានេះ ត្រូវបានគេស្គាល់ផងដែរថា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ។ ប្រវត្តិ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ការប្រជុំគ្នាថ្ងៃទី៨ ខែមីនា នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹកឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។ ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទ ប្រឆាំងនឹងបុរសដើម្បីបញ្ចប់ សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក "សេរីភាព សមភាព ភាតរភាព" ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។ គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។ ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖ ឆ្នាំ១៩០៩ យោងតាមសេចក្ដីថ្លែងការណ៍របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរពអបអរសាទរទូទាំងសហរដ្ឋ អាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយនៃខែនោះនាឆ្នាំ១៩១៣។ ឆ្នាំ១៩១០ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវានារីមួយដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកល សម្រាប់នារី។ សំណើនេះត្រូវបានទទួលអបអរដោយមានការអនុមតិជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់មកពីប្រទេស១៧ដែលរួមមាននារីដំបូងគេ បីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធីអបអរនិងគោរពទិវានេះទេ។ ឆ្នាំ១៩១១ ជាលទ្ធផលនៃកិច្ចពិភាក្សាដែលបានសម្រេចនៅទីក្រុង Copenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង (នៅ ថ្ងៃទី១៩ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់បានមកចូល រួមគាំទ្រទាំងអស់គ្នា។ ជាបន្ថែមទៅលើសិទ្ធិក្នុងការបោះឆ្នោតនិងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិ ទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះ ការងារ។ ជិតមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សាបណ្ដាលមកពីអគ្គីភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។ ព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះត្រូវបានគេ ស្មិងស្មាធិ៍ រំលឹកប្រតិស្ឋ អធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ដើម្បីរំលឹកទិវានារី អន្តរជាតិ។ ឆ្នាំ១៩១៣-១៩១៤ ជាផ្នែកមួយនៃចលនាសន្តិភាពដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សីបានធ្វើពិធីរំលឹកខួបទិវានារីអន្តរជាតិរបស់គេជាលើក ទីមួយ នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុង[អឺរ៉ុប] នៅថ្ងៃ ឬប្រហែលថ្ងៃទី៨ខែមិនា នៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នាដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬមួយដើម្បីសម្ដែងសាមគ្គីភាពជាមួយបងប្អូននារីៗរបស់គេ។ ឆ្នាំ១៩១៧ ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀតបានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ "ចំណីអាហារហូបចុក និង សន្តិភាព"។ មេដឹកនាំនយោបាយបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។ ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្នបានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ជាប្រវត្តិសាស្ត្រនោះបាន ប្រព្រឹត្តឡើងចំថ្ងៃទី២៣ខែកុម្ភៈ តាមប្រតិទិន ជូល្យ៉ិនៀ [Julian Calendar =ប្រតិទិនបង្កើតដោយរដ្ឋបុរស Julius Caesar ក្នុងឆ្នាំ៤៦មុនគ្រិស្តសករាជ ដែលកំណត់ពេល១ឆ្នាំម្ដង មាន១២ខែ មួយខែៗមាន៣០ឬ ៣១ថ្ងៃ លើកលែងតែខែកុម្ភៈចេញ] ដែលកាលនោះត្រូវបានគេប្រើប្រាស់ក្នុងប្រទេសរុស្សី ប៉ុន្តែវាត្រូវចំថ្ងៃទី៨មិនា តាមប្រតិទិន Gregorian [(គឺប្រតិទិនជូល្យ៉ិន ដែលត្រូវគេ កែទម្រង់និងដែលគេប្រើប្រាស់សព្វថ្ងៃ] ដែលត្រូវគេប្រើនៅទីដទៃទៀត។ |ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការរីកធំធាត់នៃចលនារីអន្តរជាតិ ដែលត្រូវពង្រឹងដោយសន្និសីទនារីជាសកលរបស់អង្គការសហប្រជាជាតិ ចំនួនបួន បានជួយធ្វើឲ្យពិធីបុណ្យរំលឹកខួប ទិវានេះជាចំណុចប្រមូលផ្ដុំមួយសម្រាប់សម្របសម្រួលកម្លាំងដើម្បី ទាមទារសិទ្ធិនារី និងទាមទារឲ្យនារីអាចចូលរួមក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ច។ ទិវានារីអន្តរជាតិកាន់តែប្រែក្លាយទៅជាពេលវេលាមួយសម្រាប់ឆ្លុះ បញ្ចាំង លើការរីកចម្រើនដែលទទួលបាន ដើម្បីអំពាវនាវឲ្យមានការប្រែប្រួល និងធ្វើពិធីអបអរសាទរសកម្មភាពទាំងឡាយដែលធ្វើដោយសេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដោយនារីសាមញ្ញដែលបានបំពេញតួនាទីវិសាមញ្ញ ក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិរបស់នារី។

Recent Comments

នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! On International Women's Day, March 8, 2019, we would like to wish everyone a happy, healthy, prosperous, healthy, wise person if they wish. Special wishes, let's be beautiful, thank you !!

Monday, February 18, 2019

ទស្សនៈរបស់​អារីស្តូត (​៣៨៤-៣២២ មុន គ.ស.)

ទស្សនៈរបស់​អារីស្តូត (​៣៨៤-៣២២ មុន គ.ស.)

ជីវប្រវត្តិរបស់អារីស្តូត

អារីស្តូត (Aristotle) ជាទស្សនវិទូក្រិច ​(៣៨៤-៣២២) ​មុនគ្រឹះសករាជ​ ។​ ចំពោះទស្សនវិជ្ជា​ លោកក៏បានចាប់អារម្មណ៍ផងដែរ ​ទៅលើបញ្ហានយោបាយ​ ។ ​លោកបានពោលថា​ «វិទ្យាសាស្រ្តនយោបាយ​ គឺជាកិច្ចការរបស់រដ្ឋ​ឬសង្គម» ​។ ​តាមគំនិតរបស់អារីស្តូត (Aristotle) ​រដ្ឋ​គឺជាសង្គម​ ។ ​ហើយរដ្ឋ កើតឡើង​ដោយសារតែពលរដ្ឋរួមផ្តុំគ្នាជាច្រើន ​។

តាមគំនិតរបស់អារីស្តូត (Aristotle) ថា​ «មនុស្សលោក​ គឺជាសត្វចេះធ្វើនយោបាយ ពីធម្មជាតិមក​ ដែលជាលក្ខណៈវិសេសរបស់មនុស្ស​ មានលក្ខណៈវិសេសមួយទៀត ​គឺមនុស្សព្យាយាម រស់នៅក្នុងសង្គមរួមទាំងអស់គ្នា ​ពោលគឺរស់នៅក្នុងរដ្ឋតែមួយ» ​។ តាមទស្សនៈ របស់អារីស្តូត (Aristotle) ថា​ «រដ្ឋ​ កកើតឡើងដោយសារតែហេតុផលចាំបាច់មួយ ​គឺធ្វើយ៉ាងណា​ស់ ឲ្យជីវិតរស់នៅរបស់ពលរដ្ឋ មានភាពប្រសើរជាងមុន ​។​ហើយមានតែនៅមជ្ឈមណ្ឌលខាងក្នុងរដ្ឋទេ​ ដែលបង្កលក្ខខណ្ឌល្អៗ ឲ្យមនុស្សរស់នៅក្នុងភាពសុខដមរម្យនា ​និងសុភមង្គល ​ពីព្រោះភាពយុត្តិធម៌​ និងសិទ្ធិដែលបានបម្រើផលប្រយោជន៍​ ឲ្យប្រជាពលរដ្ឋគ្រប់រូប​ ដែលនៅក្នុងរដ្ឋប៉ុណ្ណោះ​» 
លោកអារីស្តូត (Aristotle) ជាសិស្សម្នាក់ ក្នុងចំណោមសិស្សជាច្រើនរបស់ ផ្លាតូ (Plato) ។ ​ភាពខុសគ្នា​របស់អារីស្តូត​ ទៅនឹងលោកគ្រូរបស់ខ្លួន​ គឺមកពីប្រភពមូលដ្ឋាននៃទស្សនៈវិជ្ជាផ្សេងៗ​គ្នា​ ដែលជាមូលហេតុ​ធ្វើឲ្យគំនិតនយោបាយ របស់មហាទស្សនៈវិទូរទាំងពីរនេះ​ ក៏មិនដូចគ្នាដែរ ​។ ​អារីស្តូត​ បានកំណត់នូវគោលការណ៍បួនយ៉ាងដំបូងបង្អស់នៃការកកើតគំនិត​រូបធាតុ​ មូលហេតុ​ និងគោលបំណង​ ។ ​អារីស្តូត ​ខុសពីផ្លាតូ​ត្រង់គិតថា «​រូបធាតុកើតមុន​ រីឯគំនិត​កើតក្រោយ​» ។ ​រូបធាតុ​ និងគំនិត​មានលក្ខណៈឯកភាពគ្នា​ មិនអាចកាត់ផ្តាច់ពីគ្នាបានទេ ​។ ​សម្រាប់អារីស្តូត​ រូបធាតុ​ជាដំបូងមានលក្ខណៈ អសកម្ម​ ចំណែកគំនិត​ មានលក្ខណៈសំខាន់ជាង ​ហើយគំនិត ដែលអាចកើតឡើងបាន ​ទាល់តែមានសកម្មភាពជាមួយរូបធាតុ​ ។​ ម្យ៉ាងទៀត​ សម្រាប់អារីស្តូត​ ខ្លឹមសារ ​និងបាតុភូតដែលបានកើតឡើង​ គឺលោកបានបង្ហាញថា​ «ខ្លឹមសារ​ កើតមានឡើងតាមរយៈរូបធាតុនិយម» ​។
ស្នាដៃដ៏សំខាន់របស់អារីស្តូត​ បានបង្ហាញនូវទស្សនៈទាន ​របស់ខ្លួនជាច្រើន​ ពាក់ព័ន្ធនឹងនយោបាយ ​។ ​ដូចជាផ្លាតូដែរ ​អារីស្តូត បានចាប់ផ្តើមនូវការបែងចែកលក្ខណៈ​ នៃរបបនយោបាយ​ និងទំរង់គ្រប់គ្រងរដ្ឋ​ ។ ការបែងចែកទំរង់គ្រប់គ្រងរដ្ឋរបស់ផ្លាតូ​ មានលក្ខណៈខុសគ្នាខ្លះៗ​ អំពីការបែងចែកទំរង់គ្រប់គ្រងរដ្ឋរបស់អារីស្តូត ​។​ទស្សនៈទានរបស់ផ្លាតូ បានគិតថា «​គោលការណ៍សំខាន់របស់រដ្ឋ​ គឺគុណធម៌​»  ​អារីស្តូត ​បានកំណត់នូវរចនាសម្ព័ន្ធនយោបាយ​ ដែលមានសម្បទានមានបីប្រភេទ​ ដោយអាស្រ័យ នឹងគុណធម៌ ​ហើយកំណត់ ទំរង់នយោបាយ​ដែលមិនមានសម្បទាន​ ៣ ប្រភេទទៀត​ ។ ​ប្រភេទរបបនយោបាយ​មានសម្បទាន ​តាមទស្សនៈអារីស្តូត​ គឺរបបរាជានិយម (Monarchy) ​របបអភិជនាធិបតេយ្យ​ ឬពួកវណ្ណៈខ្ពស់ (Aristocracy) និងមជ្ឈិមវិថីអធិបតេយ្យ (Polity) ។​ហើយរបបនិមួយៗ​ នៃរបបទាំង ៣ នេះ​ សុទ្ធតែមានលក្ខណៈ អវិជ្ជមានរបស់វា ​។​ តាមទស្សនៈអារីស្តូត​ បើរបបរាជានិយម ​មិនប្រកាន់គោលការណ៍របស់ខ្លួន ​គឺក្លាយជារបបផ្តាច់ការ (Tyranny) ​ចំណែកឯរបបអភិជនាធិបតេយ្យ​ អាចកើតមានឡើង នូវរបបគណាធិបតេយ្យ (Oligarchy) រីឯ Polity វាអាចក្លាយទៅជារបបប្រជាធិបតេយ្យ(Democracy) ។​ ភាពខុសគ្នា នៃរបបនយោបាយរបស់ផ្លាតូ​ និងអារីស្តូត​បានរកឃើញ នូវរបបនយោបាយមួយទៀត​គឺ​ Polity ។​ Polity គឺជារបបនយោបាយមួយ​ ដែលអំណាចស្ថិតនៅ ក្នុងដៃវណ្ណៈកណ្តាល​ ។​ ការកំណត់របស់អារីស្តូតនេះ​ បានចេញជារូបរាង នៅក្នុងរបបប្រជាធិបតេយ្យ (Democracy) នៃប្រទេសលោកខាងលិច​ ដែលសព្វថ្ងៃនេះ ​គេអាចចាត់ទុកថា​ ជារបបប្រជាធិបតេយ្យមួយដ៏ខ្ពង់ខ្ពស់ នៅក្នុងលោក ដែលប្រឹងប្រែង​ដើម្បីសេចក្តីចម្រើនលើគ្រប់វិស័យ នៃសង្គមមនុស្ស (Human Society)​  ការបែងចែករបបនយោបាយ​ ដែលអារីស្ដូត​បានបង្ហាញនៅ ក្នុងស្នាដៃរបស់ខ្លួន​ ឃើញថា​ការបែងចែកនេះ ​អារីស្តូត ​បានចាប់អារម្មណ៍​ ចំពោះរចនាសម្ព័ន្ធរដ្ឋ​ពីរប្រភេទ ​គឺទម្រង់រដ្ឋសម្បទាន​ និងទំរង់រដ្ឋមិនសម្បទាន​ (សម្រាប់អារីស្តូត​របបនយោបាយ​ និងទំរង់គ្រប់គ្រង រដ្ឋ​ពុំទាន់មានលក្ខណៈច្បាស់នៅឡើយទេ)​ លោកគិតថា «​ទំរង់រដ្ឋសម្បទាន ​មានលទ្ធភាពដើម្បីបង្កើតនូវគុណធម៌មួយចំនួន ​រីឯទំរង់រដ្ឋមិនសម្បទានវិញ​មិនអាច» ​។ ​លោកអារីស្តូត​ បានកំណត់នូវរបបនយោបាយ​ និងទំរង់គ្រប់គ្រងរដ្ឋ​ គឺស្ថិតនៅលើអំណាចពិតប្រាកដ របស់រដ្ឋ​ ។​ អារីស្តូត បានធ្វើការអះអាងថា «​ភាពខុសគ្នា រវាងរបបនយោបាយផ្សេងៗ​ គ្នា​ គឺនៅត្រង់ចំនួនមេដឹកនាំរដ្ឋ​ » ។ ​អារីស្តូត បានបង្ហាញ​ នូវរបបនយោបាយ​ និងទំរង់គ្រប់គ្រងរដ្ឋ​ ដែលស្ថិតនៅក្នុងការកំណត់​ និងការបែងចែកប្រភេទទាំងពីរផ្សេងពីគ្នា​ នៃរចនាសម្ព័ន្ធរដ្ឋគំរូ​ ។
រដ្ឋគំរូទី១​ អារីស្តូត​ ចាប់អារម្មណ៍ទៅនឹងរដ្ឋគំរូ ​ដែលមានលក្ខណៈខុសពីគេទាំងអស់​ ។ ​រដ្ឋគំរូ​ បានផ្តល់ការបំពេញជូនសង្គម នូវស្ថេរភាពយូរអង្វែង​ ជាអតិមរមា​ រដ្ឋបែបនេះ​ សម្រាប់អារីស្តូត​ ជារដ្ឋគំរូនៅក្នុងការអនុវត្តន៍នយោបាយ​ ។ ​អារីស្តូតបានគិតថា ‍«Polity ​ជារបបនយោបាយគំរូ​ ព្រោះនៅក្នុងរបបនេះ​ អំណាចស្ថិតនៅក្នុងការគ្រប់គ្រងដោយវណ្ណៈកណ្តាល» ​។ ​តាមទស្សនៈរបស់អារីស្តូត ​Polity គឺចំពោះរដ្ឋណា​ ដែលដឹកនាំប្រកបដោយគតិវិញ្ញូ​ និងភាពទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន ​ហើយអំណាច ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សភាគច្រើន​ ។​ ហើយទោះជាយ៉ាងណាក្តី ​ក៏ទម្រង់​ Polity នេះ​ខ្លាំងជាងប្រព័ន្ធចុងម្ខាងៗ ​​មានន័យថា​​ ចុងទាំងសង្ខាង ​គឺមានកម្លាំងស្មើគ្នា ​ហើយអាចរារាំងសត្រូវបាន ​។
រដ្ឋគំរូទី២ ​អារីស្តូត​ បានឲ្យតំលៃដោយគិតថា ​ប្រសើរបំផុត ចំពោះទស្សនៈប្រកបដោយសីលធម៌ ​នៅក្នុងរបប​ដែលនៅទីនោះ ​ប្រជាពលរដ្ឋ ប្រឹងប្រែងដើម្បីបានទទួលនូវកិត្តិយស ​និងគុណធម៌ នៅក្នុងជីវិត ​។ ​រចនាសម្ព័ន្ធរដ្ឋ ដែលល្អបំផុត​ គឺជាអង្គការមួយ ​ដែលផ្តល់នូវលទ្ធភាព​ដល់មនុស្ស​ ដើម្បីរស់ក្នុងភាពរុងរឿង ​និងសុភមង្គល​។​ រដ្ឋគំរូ​ អារីស្តូត បានចាប់អារម្មណ៍ជាខ្លាំង​ ចំពោះស្ថានភាពខាងក្រៅ នៃអត្ថិភាពរបស់រដ្ឋ​ ជាបឋម គឺចំនួនប្រជាពលរដ្ឋ​ ស្ថានភាពរស់នៅ ជាមួយនឹងការឧបត្ថម្ភគ្រប់បែបយ៉ាង​ និងស្ថនភាពទឹកដី​ ដើម្បីការពារ​ និងទប់ទល់សត្រូវឈ្លានពាន​ ។​ តាមទស្សនៈរបស់អារីស្តូត​ ដែលបានចារនៅក្នុងរបបនយោបាយ​បានឲ្យយើងដឹងថា ​ក្នុងចំណោមប្រជាជន​ ត្រូវបានបែងចែកចេញពួកសិប្បករ ​និងឈ្មួញ ​ព្រោះក្នុងកិច្ចការជីវិតរបស់គេ​ មិនឆ្លើយតបទៅនឹងគុណធម៌ទេ ​ដើម្បីមានតួនាទីជាពលរដ្ឋចំតួ ​គឺមានតែពួកកសិករទេ ​។​ ប្រជាពលរដ្ឋទាំងអស់​ ត្រូវតែចូលរួមជួយគ្នាទៅវិញទៅមក ក្នុងគ្រប់សកម្មភាព ​និងគ្រប់មធ្យោបាយទាំងអស់​ ដែលជាកិច្ចការកសិកម្ម ក្នុងសង្គម​ ។ ​អារីស្តូតបានគិតថា​ «នៅក្នុរដ្ឋគំរូ​ ត្រូវតែបែងចែកដីធ្លី​ ជាសម្បត្តិរួម​ និងជាសម្បត្តិឯកជន​» ។​ ចំពោះដីរួម​ អារីស្តូតបានគិតថា ​«ត្រូវតែបែងចែកជាពីរផ្នែក ​។ ​ប្រាក់ចំណូល ដែលបានមកពីចំណែកមួយ ​ក្នុងចំណោមនេះ ​ត្រូវគេប្រើ សម្រាប់សេចក្តីត្រូវការនៅក្នុងសាសនា​ រីឯចំណែកទីពីរ ​គឺសម្រាប់មូលនិធិសង្គម (Social​ foundation)» ​។​
ដូច្នេះ ភាពខុសគ្នា ជាមូសដ្ឋាននៃទស្សនទាននយោបាយ របស់អារីស្តូត​ និងផ្លាតូ ស្ថិតនៅត្រង់ថា​ អារីស្តូត​មានទស្សនៈផ្ទុយនឹងលោកគ្រូរបស់ខ្លួន ​ត្រង់កន្លែងតថភាព​ និងលក្ខណៈ​ជាគំរូ ដែលបាន​កំណត់តំលៃ​ និងទិសដៅ​ជាក្រឹតក្រមចំពោះការស្រាវជ្រាវបញ្ហានយោបាយ​ ។ ​រដ្ឋគំរូ របស់អារីស្តូត​ អាចកើតឡើងបាន អាស្រ័យកត្តាពីរយ៉ាង​ កត្តាទីមួយ គឺ​ស្ថេរភាព ​និងកត្តាទីពីរ ​គឺក្រមសីលធម៌​ ។​ ដូច្នេះ សម្រាប់អារីស្តូត​ មានរចនាសម្ព័ន្ធរដ្ឋគំរូពីរយ៉ាង ​។ ​ម្យ៉ាង ​គឺរដ្ឋដែលគិតគូរដល់ប្រយោជន៍រួម នៃវណ្ណៈកណ្តាលជាអតិបរមា ​ម្យ៉ាងទៀត​ គឺរចនាសម្ព័ន្ធ​ សំដៅទៅលើគោលការណ៍បុគ្គលិកភាព ​ដែលជាមនុស្សប្រកាន់ខ្ជាប់ នូវគុណធម៌​ ដែលជាទិសដៅនយោបាយសង្គមដ៏សំខាន់បំផុត ​ជាពិសេស​ គឺនយោបាយទំនាក់ទំទងគ្នា​ របស់ប្រជាជន ដែលរស់នៅក្នុងរដ្ឋ​ ។​ និយាយអំពីរដ្ឋ​អារីស្តូតបានបង្ហាញថា​ «មនុស្ស​ គឺជាសត្វចេះធ្វើនយោបាយ ពីធម្មជាតិ​ ហើយដឹកនាំខ្លួន​ ការប្រឹងប្រែងជាសភាវគតិ​ ដើម្បីរស់នៅជាមួយគ្នា ​រីឯការរីកចម្រើនសង្គម ​គឺចេញពីគ្រួសារ ទៅជាសង្គម ​និងពីសង្គមទៅជារដ្ឋ» ​។
បើតាមទស្សនៈរបស់អារីស្តូត​ ដែលបាននិយាយនៅក្នុងស្នាដៃ នៃនយោបាយ​ គឺរដ្ឋ​បើតាមលក្ខណៈធម្មជាតិ របស់ខ្លួននាំមុខបុគ្គល​ ពីព្រោះលក្ខណៈធម្មជាតិ របស់រដ្ឋ​ មានទីតាំងនៅមុនលក្ខណៈធម្មជាតិរបស់គ្រួសារ ​ និងបុគ្គល ​។ ​កត្តាចាំបាច់ ដើម្បីឲ្យរដ្ឋនាំមុខបុគ្គល ​តាមអារីស្តូតថា​ «រដ្ឋ ត្រូវបង្កលក្ខ័ណ្ឌល្អប្រសើរ​ សម្រាប់ជីវិតពលរដ្ឋ ​។ ​មានតែនៅក្នុងរដ្ឋទេ​ ទើបមនុស្សអាចមានការជឿនលឿន​ ពីព្រោះរដ្ឋ​នាំមក នូវយុត្តិធម៌ ​និងសីលធម៌​ ដែលបម្រើ ផលប្រយោជន៍រួម​របស់ប្រជាជន» ​។ ​ត្រង់នេះ អារីស្តូត​ បាននិយាយអំពីរដ្ឋ ដូចជាការចុះកិច្ចព្រមព្រៀងសង្គម របស់ប្រជាពលរដ្ឋ​ ដែលជាទស្សនទាន នៃការកកើតសង្គមពលរដ្ឋ​ និងនីតិរដ្ឋ​ ។​ ថ្វីបើអារីស្តូត​ ពុំបានបែងចែក ឲ្យដាច់រវាងរដ្ឋ​ និងសង្គមពលរដ្ឋយ៉ាងណាក៏ដោយ​ ក៏អារីស្តូត បាននិយាយថា​ «រដ្ឋ ត្រូវតែឆ្លុះបញ្ចាំង នូវផលប្រយោជន៍ របស់ប្រជាពលរដ្ឋ​» ។ ​នៅក្នុងទ្រឹស្តីរបស់អារីស្តូត​ ក៏ដូចជានៅក្នុងទ្រឹស្តីរបស់ផ្លាតូដែរ ​មានបង្កប់នូវលក្ខណៈផ្តាច់ការនិយម​ ។ ​មនុស្ស​ គឺជាផ្នែកមួយរបស់រដ្ឋ​ ផលប្រយោជន៍បុគ្គល​ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍រួម​ ។​ នៅក្នុងការវាយតំលៃរបស់អារីស្តូត​ ពលរដ្ឋ ​គឺជាផ្នែកមួយ នៃនយោបាយរួម​ ។ ​អារីស្តូតបានហៅពាក្យថា​ ពលរដ្ឋ​ គឺជាមនុស្សដែលមានសេរីភាព​ ប៉ុន្តែសេរីភាព មានអត្ថន័យត្រឹមតែពាក្យផ្ទុយ នឹងទាសភាព​ប្រជាពលរដ្ឋ​ មិនមែនជាទាសករទេ​ គ្មាននរណាដឹកនាំគេទេ​ ។​ ពលដ្ឋ​ធ្វើការងារ តែជាយោធា​ និងការងារទាក់ទង នឹងតុលាការ ​រីឯការងារធ្វើស្រែចំការ ​និងផលិតកម្ម​ គឺជាការងារទាសករ ​។ ​អារីស្តូត​ បានកំណត់គោលការណ៍​របស់អភិជនាធិបតេយ្យ​ គឺគុណធម៌​ ។​ គោលដៅរបស់អភិជនាធិបតេយ្យ ​គឺទ្រព្យសម្បត្តិ​ ។​ គោលដៅរបស់ប្រជាធិបតេយ្យ​ គឺសេរីភាព​ ។ ​គឺមានតែ​ Polity ទេ​ ដែលចាត់ទុកដូចជាទំរង់គ្រប់គ្រងរដ្ឋគំរូ​ មានអំណោយផលល្អ ​ហើយរបបនយោបាយគំរូ ដ៏ល្អ​បង្ខំទៅដោយសារធាតុបីយ៉ាងខាងលើនេះ​ ។ ហើយអ្វីទៅ​ ដែលហៅថា​ របបនយោបាយអភិជនាធិបតេយ្យត្រឹមត្រូវពិតប្រាដក ​គឺនៅពេលណា ​មានការដឹកនាំល្អ ​បានបង្រួបបង្រួមប្រយោជន៍​ទាំងអ្នកមាន​ ទាំងអ្នកក្រ​ ។ ​វណ្ណៈកណ្តាល ​ដែលកំណត់មុខមាត់របស់​ Polity គឺស្ថិតនៅចន្លោះ រវាងអ្នកមាន ​និងអ្នកក្រ​ ហើយថែមទាំង ជួយថែរក្សាសង្គម ឲ្យមានស្ថេរភាព​ និងគ្មានព្រឹត្តិការណ៍បដិវត្តន៍​ដូ ច្នេះហើយ របបនេះ​ គឺជារបបដ៏ល្អ​ រក្សាមិនឲ្យមានចលាចល ​អស្ថេរភាព ​ដែលអារីស្តូត​បានចាត់ទុកថា ​ជាទំរង់គ្រប់គ្រងរដ្ឋគំរូ​ ត្រឹមត្រូវសម្រាប់ជម្រើសរបស់អ្នកដឹកនាំ​ ៕​​​​​​​

No comments:

Post a Comment