ពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជា
ក្រោយការភ្ជាប់ពាក្យ
ការរៀបការត្រូវតែប្រារព្ធធ្វើឡើងតាមប្រពៃណីជាតិ បន្ទាប់ពីបានសុំការអនុញ្ញាតច្បាប់
ពិធីរៀបមង្គលការ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស
ស្រីឲ្យក្លាយជាប្ដីប្រពន្ធ នៅក្នុងប្រទេសកម្ពុជាយើង គូស្វាមីភរិយាថ្មីតែបានទទួលដំបូន្មានពីអាចារ្យ មាតាបិតា
និងចាស់ទុំញាតិមិត្តទាំងសងខាង។ ដំបូន្មានទាំងនោះទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ
ដើម្បីលើកកំពស់ ទំនាក់ទំនងប្រកបដោយសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍របស់គេ។
ហេតុអ្វីបានជាគេត្រូវរៀបអាពាពិពាហ៍?
មនុស្សត្រូវតែរៀបការព្រោះមូលហេតុដូចខាងក្រោម៖
កសាងគ្រួសារមួយដោយមានការទទួលស្គាល់
ពីច្បាប់ ពីប្រពៃណី និងពីសង្គម
បង្កើត និងចិញ្ចឹមបីបាច់ថែរក្សាកូន
ដើម្បីបន្តពូជពង្សវង្សត្រកូល
បំពេញតម្រូវការខាងជីវសាស្ត្រ
មានមិត្តរួមជីវិត
ធ្វើឲ្យអ្នកដែលយើងស្រឡាញ់មានចិត្តសប្បាយរីករាយ
ធានាសុវត្ថិភាព សេចក្ដីស្រឡាញ់ និងអារម្មណ៍រស់នៅដោយខ្លួនឯង
មិនពឹងផ្អែកលើម្ដាយឪពុក។
ការរៀបអាពាហ៍ពិពាហ៍អាចមានហេតុផលផ្សេងៗទៀត
ប៉ុន្តែចំណុចសំខាន់ដែលត្រូវចងចាំគឺការរួមរស់ស្របច្បាប់រវាងបុរស និងស្ត្រី។
ការរៀបការមានសារៈសំខាន់ណាស់ព្រោះវាជាសញ្ញានៃការចាប់ផ្ដើមជីវិតគ្រួសារថ្មី។
គូស្វាមីភរិយាថ្មីមានទំនួលខុសត្រូវដូចខាងក្រោម៖
រក្សាទំនាក់ទំនងក្នុងគ្រួសារឲ្យល្អប្រកបដោយសុភមង្គល
រៀបចំ និងអនុវត្តផែនការគ្រួសារ
មានមុខជំនាញដើម្បីងាយរកការងារធ្វើ
ថែរក្សា និងរៀបចំគេហដ្ឋានឲ្យស្អាត
មានអនាម័យ
រក្សាទំនាក់ទំនងល្អ និងយោគយល់ចំពោះសាច់ថ្លៃ
និងញាតិមិត្តជិតឆ្ងាយ
លើកកម្ពស់សុខភាព
និងសុខុមាលភាពគ្រួសារ
គោរព ទទួលខុសត្រូវ យោគយល់
និងថែរក្សាគ្រួសារគ្រប់ពេលវេលា។
ច្បាប់អាពាហ៍ពិពាហ៍នៅកម្ពុជា
អាយុ
អាយុរៀបការ
គឺជាបញ្ហាដ៏សំខាន់ក្នុងការយកមកគិតពិចារណានៅមុនពេលរៀបការ នៅក្នុងមាត្រាទី៥ នៃច្បាប់អាពាហ៍ពិពាហ៍ចែងថា បុរសអាចរៀបការនៅអាយុ២០ឆ្នាំ
ហើយស្ត្រីត្រូវតែមានអាយុចាប់ ពី១៨ឆ្នាំឡើងទៅ ។
មូលហេតុនៃការកំណត់អាយុនេះ
គឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលលើសុខភាព
និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដែលមានបំណងកសាងគ្រួសារឲ្យបានរឹងមាំ
មានសុភមង្គល និងធានាការចិញ្ចឹមបីបាច់ថែរក្សាអប់រំកូនរបស់គេបានល្អប្រសើរ។
ទោះជាយ៉ាងនេះក៏ដោយ
ដើម្បីឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងគ្រួសារមួយប្រកបដោយសុភមង្គល
បុរសគួររៀបការក្នុងអាយុ ២៥ឆ្នាំ និងស្ត្រី ២១ឆ្នាំ។
ការជ្រើសរើសគូស្រករ
ប្រទេសកម្ពុជា ជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិស្ដីពីផែនការសកម្មភាពប្រជាករ និងអភិវឌ្ឍន៍ (ICPD ១៩៩៤) នៅក្នុងកិច្ចព្រមព្រៀងនោះ ប្រទេសកម្ពុជាបានយល់ព្រមទទួលយកមកអនុវត្តលើច្បាប់អាពាហ៍ពិពាហ៍នៅក្នុងប្រទេស តាមមាត្រាដូចខាងក្រោម៖
១.មាត្រាទី១៦ការប្រកាសអំពីសិទ្ធិមនុស្ស
បុរសស្ត្រីដែលមានអាយុរៀបការមានសិទ្ធិរៀបការ
និងបង្កើតគ្រួសារដោយមិនប្រកាន់សញ្ជាតិ ជនជាតិ និងសាសនាឡើយពួកគេមានសិទ្ធិស្មើៗក្នុងការរៀបការ និងដំណោះស្រាយក្នុងជីវិតអាពាហ៍ពិពាហ៍ ការរៀបអាពាហ៍ពិពាហ៍
ត្រូវតែធ្វើឡើងដោយមានការព្រមព្រៀងរវាងសាមីខ្លួនទាំងពីរដោយគ្មានការគំរាមកំហែង
និងបង្ខិតបង្ខំពីនរណាម្នាក់ឡើយ។ គ្រួសារជាកោសិកាសង្គមតាមបែបធម្មជាតិ មានសារៈសំខាន់
និងមានសិទ្ធិទទួលការការពារពីសង្គម និងពីរាជរដ្ឋាភិបាល។
២. មាត្រាទី២៣
ស្ដីអំពីសន្ធិសញ្ញាអន្តរជាតិអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងនយោបាយ
គ្មានការរៀបអាពាហ៍ពិពាហ៍ណាមួយដែលត្រូវធ្វើឡើងដោយគ្មានការព្រមព្រៀង
និងដោយគ្មានការស្ម័គ្រចិត្តពីភាគីទាំងសងខាងទេ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ទោះបីមានគ្រួសារមួយចំនួនជ្រើសរើសគូស្រករតាមរយៈម្ដាយឪពុកក៏ដោយ
ក៏សាមីខ្លួនភាគច្រើនបានធ្វើការសម្រេចចិត្តដោយខ្លួនគេផ្ទាល់ក្នុងការជ្រើសរើសគូអនាគត។
ពិធីរៀបអាពាហ៍ពិពាហ៍
ពិធីរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសកម្ពុជាត្រូវបានរៀបចំឡើងតាមលំដាប់លំដោយដូចខាងក្រោម៖
ស្វែងយល់ថា
តើភាគីទាំងសងខាងអាចរស់នៅបានសេចក្ដីសុខនឹងគ្នាឬទេ?
-ដំណាក់ចែចូវ
-ការកំណត់វេលាភ្ជាប់ពាក្យ
-ពិធីរៀបមង្គលការ។
ការរៀបចំមុន
ជាធម្មតាមុននឹងឈានចូលដល់ថ្ងៃរៀបមង្គលការប្រជាជនកម្ពុជា ត្រូវគោរពតាមទំនៀមទម្លាប់ប្រពៃណីជាតិ
និងច្បាប់អាពាហ៍ពិពាហ៍។
មាតាបិតាទាំងសងខាង
និងសាមីខ្លួនទាំងពីរត្រូវរៀបចំឯកសារមួយចំនួនដើម្បីសុំការអនុញ្ញាតពីរដ្ឋអំណាចមូលដ្ឋាន
និងរៀបចំពិធីមង្គលការដូចខាងក្រោម៖
-សំបុត្រកំណើតមួយច្បាប់
-វិញ្ញាបនប័ត្របញ្ជាក់ទីលំនៅ
និងនៅលីវ
-សេចក្ដីប្រកាសពីកន្លែងរៀបការ
-លិខិតយល់ព្រមពីរដ្ឋអំណាច
ដោយសុំសំបុត្រអាពាហ៍ពិពាហ៍ពីរដ្ឋអំណាច និងបិទប្រកាសជាសាធារណៈឲ្យបាន១0ថ្ងៃមុនថ្ងៃរៀបការចូលមកដល់
-រៀបចំបញ្ជីឈ្មោះភ្ញៀវ
និងសំបុត្រអញ្ជើញ
-រកអាចារ្យ និងនិមន្តព្រះសង្ឃ
-រៀបចំកន្លែង
និងអាហារសម្រាប់ទទួលភ្ញៀវ
-រៀបចំអញ្ជើញភ្ញៀវឲ្យបានយ៉ាងតិច
៥ថ្ងៃមុនពេលរៀបការ
-សម្អាត
និងតុបតែងផ្ទះសម្បែងឲ្យបានមុនពេលរៀបការ ១ថ្ងៃ ឬ២ថ្ងៃ។
ពិធីរៀបអាពាហ៍ពិពាហ៍
តាមប្រពៃណីខ្មែរ
ពិធីរៀបមង្គលការត្រូវធ្វើឡើងរយៈពេលបីថ្ងៃ តាមកម្មវិធីដូចខាងក្រោម៖
ថ្ងៃទី១ជាថ្ងៃចូលរោង
គឺថ្ងៃដែលគេដង្ហែកូនកម្លោះចូលទៅរោងដែលគេសង់នៅក្បែរផ្ទះកូនក្រមុំមុននឹងនាំឡើងទៅផ្ទះខាងស្រី។
នៅពេលដង្ហែនោះមានភ្លេងលេងកំដរផង។
ថ្ងៃទី២ ជាថ្ងៃដែលគេប្រារព្ធពិធី
-ពិធីលើកកំណត់៖
គេដង្ហែគ្រឿងភស្តុភារបណ្ណាការ(ជំនូន)ឡើងទៅលើផ្ទះខាងស្រី។
-ពិធីសែនជំនាងផ្ទះ៖ គេដាក់ចំណីក្នុងកន្ទោង
លើកដាក់ទៅក្នុងច្រម ជាកន្លែងសម្រាប់តង្វាយជូនដល់ជំនាងផ្ទះ។
-ពិធីសែនដូនតា៖ គេរៀបចំសែនដូនតាទាំងសងខាង។
-ពិធីស៊ីស្លា៖
គេលើកម្លូស្លាជូនមេបាចាស់ទុំពិសា។
-ពិធីកាត់សក់៖ ជាដំបូងអាចារ្យបួងសួងសុំរបស់ទិព្វពីទេវតា និងវត្ថុស័ក្តិសិទ្ធិ
រួចឧទ្ទិសរំងាប់ចង្រៃ
ហើយឧបកិច្ចកាត់សក់បីកន្ត្រៃដាក់ក្នុងកន្ទោងដែលដាក់បណ្តែតក្នុងផ្តិល។
បន្ទាប់មកអ្នកច្រៀងកំប្លែងបានបួងសួងសុំកន្ត្រៃ ក្រាស កាំបិតកោរ កញ្ចក់...
រួចច្រៀងរៀបរាប់ពីព្រៃព្រឹក្សា និងការដើរលក់កន្ត្រៃ។
-ពិធីសូត្រមន្ត៖ គេនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។
ពិធីរៀបភោជនាហារជូនភ្ញៀវ៖
គេនិយមរៀបចំពិធីជប់លៀងភ្ញៀវនៅពេលយប់។
ថ្ងៃទី៣ ជាថ្ងៃផ្ទឹម ដែលគេមានរៀបចំពិធីដូចតទៅ ៖
-ពិធីលាងជើងឲ្យកូនប្រុស
-ពិធីសំពះផ្កាស្លា៖កូនប្រុសយកដៃកែផ្កាស្លាចំនួនបីដង
-ពិធីរាំបើកវាំងនន៖គេច្រៀងអញ្ជើញកូនស្រីឲ្យចេញមកផ្ទឹម។
-ពិធីធ្វើធ្មេញ ពិធីបុកល័ក្ខ
ពិធីរៀបផ្លែឈើ
គឺថ្ងៃនេះហើយ ដែលគូស្វាមីភរិយាសន្មតជាថ្ងៃជោគមង្គលសម្រាប់ការចាប់ផ្ដើមដំណើរជីវិតរួមគ្នា ប៉ុន្តែសព្វថ្ងៃនេះ គេបានបំព្រួញពិធីរៀបអាពាហ៍ពិពាហ៍ឲ្យមកនៅត្រឹមតែមួយថ្ងៃប៉ុននោះ គឺចាប់ពីព្រលឹម គេហែកូនកម្លោះទៅផ្ទះកូនក្រមុំដោយនាំគ្រឿងភស្តុភារទៅជាមួយផង។ បន្ទាប់មកគេរៀបចំពិធីផ្សេងៗទៀតជាបន្តបន្ទាប់ ដូចបានរៀបរាប់ខាងលើ។
ដល់ពេលល្ងាចគេរៀបចំពិធីជប់លៀងនៅគេហដ្ឋានខាងស្រី ឬនៅភោជនីយដ្ឋានជាកិច្ចបញ្ចប់ពិធី។ ដោយមានគូស្វាមីភរិយាថ្មី អមដោយយុវជន យុវនារីកិត្តិយស(អ្នកកំដរ) ឈរនៅច្រកចូលរោងពិធី ចាំទទួល និងជូនផ្កាថ្លែងអំណរគុណចំពោះភ្ញៀវដែលបានអញ្ជើញមកចូលរួម។ មាតាបិតាទាំងសងខាងត្រូវឈរទទួលភ្ញៀវដែលអញ្ជើញមកចូលរួមជិតកូនកម្លោះ កូនក្រមុំ៕
ឯកសារវិភាគ
សៀវភៅសិក្សាសង្គមថ្នាក់ទី៩ ពិធីរៀបមង្គលការ ក្រសួងអប់រំឆ្នាំ១៩៩៩
No comments:
Post a Comment