(ន.) យានមានកង់ មានទ្រង់ទ្រាយច្រើនបែបប្លែកៗពីគ្នា
(ដោយជំនាងតាមកាលតាមសម័យ) សម្រាប់ទឹមគោ, ទឹមក្របីឬប្រើអូស.
រុញក៏បាន; ទោះបីយានទឹមសេះឬយានដែលលឿនដោយកម្លាំងចំហាយកម្ដៅភ្លើងជាដើម
ក៏ហៅ រទេះ បានដែរ (តាមទម្លាប់ពាក្យធម្មតា) ។ រទេះក្រង់
រទេះមានក្រង់ទូលាយសម្រាប់ផ្ទុកទំនិញបានច្រើន ។ រទេះក្របី រទេះសម្រាប់ទឹមក្របី ។
រទេះគោ រទេះសម្រាប់ទឹមគោ ។ រទេះចាម រទេះធំស្រោង
មានផ្ទុរក្រឡូមខាងមុខខ្ពស់ជាងខាងក្រោយបន្តិច ត្រង់អណ្ដាលទាបអែនពាប់
(ធ្វើតាមបែបចាម) ។ រទេះជើងគុល រទេះមានកង់ជាបន្ទះទាំងផ្ទាំងឥតកាំ ដូចជាកង់ជើងគុល,
សម្រាប់បរក្នុងផ្លូវដែលមានភក់ផុងច្រើន ។ រទេះដឹក ឬ រទេះបន្ទុក
រទេះធំសម្រាប់ផ្ទុកដឹករបស់ធ្ងន់ ។ រទេះដែក រទេះកង់ដែក
ប្រើរុញតាមផ្លូវដែកសម្រាប់ដឹកដី ។ រទេះត្រដួស រទេះមានថ្នាក់ពីរជាន់
មួយជាន់ក្រោមសម្រាប់ដាក់អីវ៉ាន់, មួយជាន់ខាងលើ ហៅ ត្រដួស
សម្រាប់មនុស្សជិះ ។ រទេះបំបោល រទេះលាតតូចជាងរទេះសាឡី
សម្រាប់ទឹមគោបរបំបោលភ្នាល់ឬប្រណាំងគ្នា ។ រទេះផ្ទុរ រទេះមានផ្ទុរ (ហៅ រទេះដំបូល
ក៏បាន) ។ រទេះភ្លើង
រទេះមានក្បាលប្រកបដោយគ្រឿងចក្រគ្រប់ព្រម, ប្រើដុតឧសឬធ្យូងថ្មយកកម្លាំងកម្ដៅភ្លើង
... បើកឲ្យរអិលតាមផ្លូវដែកឲ្យលឿនខ្លាំងបាន (រថភ្លើង; បារ. Chemin
de fer) ។ រទេះម៉ឺនដា រទេះមានតួរាងជាគ្រែ, មានជើងទៀន, មានដំបូល ...
វិចិត្រដោយក្បាច់រចនាលាបលនរំលេចព័ណ៌មានលំអដ៏រុងរឿង, សម្រាប់ទឹមគោឬក្របី,
ជាយានជំនិះសម្រាប់ឥស្សរជននៅកម្ពុជរដ្ឋ ក្នុងសម័យបុរាណ, សម័យសព្វថ្ងៃនេះក្នុងខែត្រក្រៅនៅមានប្រើខ្លះដែរ ។ រទេះរុញ រទេះតូចរាងជម
មានកង់តែមួយ មានឈើពីរកំណាត់បោះភ្ជាប់ជាចន្ទល់មានដងពីរសម្រាប់កាន់រុញ, យកភាគខាងមុខជាខាងក្រោយ, ប្រើដាក់អីវ៉ាន់ល្មមកម្លាំងមនុស្សម្នាក់រុញបាន
(ពួកអារាមបាលឬឧយ្យានបាលច្រើនប្រើរទេះនេះ) ។ រទេះលាត
រទេះដែលលាតឥតទ្រពងឥតដំបូល សម្រាប់ដឹកសសរឬឈើហុបជាដើម ។ រទេះវាល រទេះឥតផ្ទុរ ។
រទេះសាឡី រទេះវាលមាត្រធំជាងរទេះបំបោល សម្រាប់ទឹមគោបរបំបោលតាមធម្មតា (ហៅត្រឹមតែ
សាឡី ក៏បាន) ។ រទេះសេះ រទេះទឹមសេះ (រថ) ។ រទេះសំឡី
ពាក្យសាមញ្ញសម្រាប់ហៅរទេះទាំងធំទាំងតូចរួមគ្នា (ក្លាយមកពី រទេះសាឡី គឺរទេះនិងសាឡី
សំដៅសេចក្ដីថា រទេះធំនិងរទេះតូច ទេដឹង ?) ។ រទេះអូស រទេះវាល
មានជញ្ជាំងទាបទាំងពីរខាង, ពីខាងមុខខាងក្រោយមានក្តារបន្ទះសម្រាប់លើកដាក់បាន,
មានទូកឬដងពីរឃ្លាតឆ្ងាយពីគ្នា, ប្រើចងខ្សែពួរទាក់នឹងចុងដងទាំងពីរសម្រាប់មនុស្សអូសដឹកសារពើទំនិញឬវត្ថុធ្ងន់ៗ
មានឧសជាដើម ។ល។ (ម. ព. រថ ផង) ។ ព. ទ. បុ.
រទេះបាក់ត្រង់ណា ល្អិតត្រង់ណោះ (ព. ប្រ.) សេចក្ដីថា
ភ្ញៀវច្រើននាក់ឈប់សម្នាក់ស៊ីចុកយូរថ្ងៃនៅផ្ទះអ្នកណា រមែងតែពង្រេចពង្រឹលអ្នកនោះ ។
រទេះបាក់មិនគិត ទៅគិតឯគោលូចដាំង (ព. ប្រ.) ការធំដុំមិនគិត
បែរជាគិតឯការរប៉ិចរប៉ីទៅវិញ, ដូចជាម្ចាស់រទេះៗ
បាក់មិនគិតជួសជុល បែរជាគិតឯគោ ដែលបញ្ចេញអង្គជាតទៅវិញ ។ បាក់រទេះ (ព. ប្រ.) លង់ទ្រនេស :
ខ្លាបាក់រទេះ គឺខ្លាត្រូវរបួសលង់ទ្រនេស ។
វចនានុក្រម សម្តេចសង្ឃពោធិញាណ ជួន ណាត
No comments:
Post a Comment