ដល់គេទាំងអស់គ្នាត្រឡប់មកលំនៅវិញ
កូនឈ្នួលកំឡោះនោះក៏បន់ស្រន់ អ្នកតាដែលនៅទីនោះថា «សូមឱ្យលោកតាជួយខ្ញុំផង
ខ្ញុំបានជាភ្នាល់ជាមួយដង្ខៅធ្នោះទៅហើយ សូមកុំឱ្យមានមូសខាំខ្ញុំឱ្យសោះ
សូមឱ្យខ្ញុំបានរស់ជីវិត ហើយឱ្យបានកូនក្រមុំមេធ្នោះ និងមានទ្រព្យសម្បតិ្ដ
បើបានដូចប្រាថ្នាមែន ខ្ញុំសន្យាថានឹងទិញមាសបិទដើមស្ដីនេះ តាំងពីគល់រហួតដល់ចុង
ហើយធ្វើខ្ទមគ្រឿងឈើប្រក់ក្បឿង ថ្វាយលោកតាទៀតផង»។
ចំណែកមេធ្នោះនឹកថា អាកូនឈ្នួលដែលវាហ៊ានឱ្យចងហាលមូសនេះ មុខជានឹងស្លាប់ដោយមូសខាំ
ដោយខ្សោះឈាមមិនខាន។តែបើវាទ្រាំមិនបាន វាហៅឱ្យស្រាយពាក់កណ្ដាលអាធ្រាតនោះ
វាមុខជានៅធ្វើខ្ញុំបម្រើអញអស់មួយជីវិត មិនខាន។ នៅពេលយប់នោះអ្នកតាដើមស្ដី
លេងបៀចាញ់អ្នកតាឯទៀត យកមូសទៅសងគេអស់ មូសដែលធ្លាប់តែមានដូច
គេបាចអង្កាមក្លាយទៅជាស្ងាត់់ឈឹង ឥតសេសសល់បន្ដិចបន្ដួចឡើយ ហើយឈ្នួលនេះទៀតក៏គ្មានមូស
ខាំបន្ដិចសោះដែរ ដោយហេតុតែវាមាននិស្ស័យត្រូវជាគូរព្រេងជាមួយនិងកូនក្រមុំមេធ្នោះ
ហើយត្រូវវាឡើងធ្វើជាអ្នកមានផង។ លុះភ្លឺឡើងដង្ខៅធ្នោះ និងកូនឈ្នួលឯទៀតនឹកថា «អាកូនឈ្នួលដែលចងនៅដើមស្ដីនោះវាស្លាប់ស្រេចទៅហើយ» ក៏បបួលគ្នាដើរទៅមើល
ស្រាប់តែឃើញអានោះសើចដាក់ដង្ខៅ និងកូនឈ្នួលឯទៀតទៅវិញ។ពេលនោះអ្នកឃើញទាំងប៉ុន្មានក៏កោតស្ងប់ស្ងែង
ខ្លាចអំណាចកូនឈ្នួលនោះគ្រប់ៗគ្នា។ ដង្ហៅនឹកអស់សង្ឃឹម និយាយនិងកូនឈ្នួលឯទៀតថា «កិច្ចសន្យាដែលអញនិយាយគ្នាពីល្ងាចនោះ ឥឡូវទុកជាកូនឈ្នួលនេះឈ្នះអញហើយ
ត្រូវអញលើកទ្រព្យសម្បតិ្ដ និងកូនក្រមុំអញផ្សំផ្គុំឱ្យវា» ។
ក្នុងថ្ងៃដដែលនោះមេធ្នោះឱ្យកាប់ជ្រូក មាន់ទាធ្វើស្បៀងអាហាររៀបការកូនឈ្នួល
និងកូនក្រមុំរបស់ខ្លួន រួចប្រគល់ទ្រព្យសម្បត្ទិ និងមុខរបរដង្ខៅ ឱ្យកូនប្រុសស្រីកាន់កាប់តទៅ។
ដង្ខៅនោះក៏នាំប្រពន្ធ ចុះចេញទៅនៅលំនៅដើមវិញ។ ដង្ខៅធ្នោះថ្មី (ប្ដីប្រពន្ធ)
និយយគ្នាថា«យើងត្រូវឱ្យគេទិញមាសសន្លឹកមកបិទដើមស្ដី
ហើយធ្វើខ្ទមឱ្យលោកតា តាមតែបងបានបន់ស្រន់បួងសួង»។
លុះធ្វើស្រេចហើយអ្នកតាទីនោះ
ក៏មានឫទ្ធានុភាពពូកែ ហើយមិនត្រឹមតែមេធ្នោះប៉ុណ្ណោះទេដែលគោរព ទោះបីអ្នកស្រុកឬអ្នកដំណើរតាមដងស្ទឹង
ក៏គោរពអ្នកតានោះយកជាទីពឹងពំនាក់ដែរ។ អ្នកតានោះក៏មានឈ្មោះថា «អ្នកតាដើមស្ដីបិតមាស»
តាំងពីត្រឹមនោះមក។ តែសម័យឥឡូវនេះ ដើមស្ដីនោះងាប់បាត់ទៅហើយ
ឯខ្ទមដែលមេធ្នោះធ្វើនោះ ក៏ពុកបាក់បែកបាត់ទៅហើយដែរ នៅសល់តែកន្លែងដើមស្ដី
នឹងខ្ទមអ្នកតាប្រក់ស្បូវប៉ុណ្ណោះ។ព្រោះហេតុដូចរៀបរាប់នេះ
បានជាភូមិនៅតាមមាត់ស្ទឹងក្បែរខ្ទមអ្នកតាទាំងអស់ បានជាប់ឈ្មោះថា «ភូមិដើមស្ដីបិតមាស»ហៅក្លាយមកត្រឹមតែ «ភូមិស្ដីបិតមាស» ជាប់រហូតមកដល់សព្វថ្ងៃនេះឯង។
ប្រភពដើមៈ សៀវភៅប្រជុំរឿងព្រេងខ្មែរ

No comments:
Post a Comment