‹‹មេរៀនស្រាវជ្រាវ›› បង្កើតឡើងក្នុង គោល បំណង ដើម្បើប្រមូល ព័ត៌មាន និង កំណត់ត្រា ផ្សេងៗ ដូចជា ចំណេះដឹងទូទៅ សេដ្ឋកិច្ច កសិកម្ម ប្រវត្តិសាស្រ្ត សុខភាព ។ល។ ពី ប្រភពផ្សេងៗ ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ គេហទំព័រ ជាដើម សម្រាប់ មិត្តអ្នកអាន ទាំងអស់ ទុកជាដំណឹង បទពិសោធន៍ ចំណេះដឹងថ្មី ។ ‹‹មេរៀនស្រាវជ្រាវ›› គឺជាប្រភេទ បណ្តាល័យ អេឡិកត្រូនិកតូច មួយ ដែល ចារឹក ប្រមូលផ្តុំ រក្សាទុក និង ចែករំលែក ឯកសារ ដែលបាន ចេញផ្សាយ ជាសាធារណៈ ដល់ មិត្តអ្នកអានទូទៅ ទុកជា ចំណេះដឹង ឯកសារយោងសម្រាប់ ការសិក្សា ការងារ និង បុព្វហេតុត្រឹមត្រូវ ។ ខ្ញុំសង្ឃឹមថាគេហទំព័រនេះអាចជាជ្រុងមួយសម្រាប់ជាជំនួយដល់បងប្អូនរួមជាតិក្នុងការសិក្សាស្រាវជ្រាវ សូមអរគុណ!

Tuesday, October 7, 2025

រឿង ប្រាសាទនៅឃុំស្វាយអង្គ

     


នៅក្នុងឃុំស្វាយអង្គ ស្រុកស្វាយរៀង ខេត្ដស្វាយរៀង ចម្ងាយប្រមាណជា ១០ គ.ម អំពីថ្នល់ជាតិលេខ១(គឺថ្នល់​​ពីភ្នំពេញទៅស្វាយរៀង) មានទួលមួយខ្ពស់មិនដែលលិចទឹកទេ។ អ្នកស្រុកជំនាន់មុនៗមក  បានសន្មត់ឈ្មោះ​ថា «ទួលស្វាយអង្គ» ទួលនេះហើយ ដែលជាគោលសន្មត់នាមនៃឈ្មោះឃុំនេះ​។ នៅលើទួលនេះ​ មានកំ​ពែង និងប្រាសាទថ្មបុរាណមួយមានសណ្ឋាណជាព្រះវិហារ មានក្បាច់ចម្លាក់​របៀបរចនាបុរាណ គួរឱ្យចាប់អារម្មណ៏ ដែលគេ តាក់តែងឡើងដោយឥដ្ឋខ្លះ ដោយថ្មបាយ​ក្រៀម​​ខ្លះ មានបណ្ដោយប្រមាណជា ៨៣ម ទទឹង ៤៦ម។

សព្វថ្ងៃប្រាសាទ នេះបែកបាក់អស់ទៅហើយ នៅមានសល់តែកំទេចឥដ្ឋថ្ម និងសណ្ឋានខ្លះតែប៉ុណ្ណោះ។ នៅចំកណ្ដាលទួលមានដើមជ្រៃមួយដើមធំ និងពីខាងមុខប្រាសាទបាក់បែកនេះ គេឃើញមានអង្គលិង្គព្រះឥសូរ ឬ(សិវលិង្គ)។ អ្នកផងធ្វើដំណើរទៅកាន់បុរាណដ្ឋាននេះបានងាយស្រួលតែនៅរដូវរំហើយ គឺរដូវដែលអស់ភ្លៀង ទៅបានតែផ្លូវជើង និងផ្លូវលំប៉ុណ្ណោះ។ រឿងព្រេងដែលមានទាក់ទងដោយនាម «ស្វាយអង្គ» មានដូចតទៅ៖ មានសេចក្ដីដំណាលថា កាលពីរាជធានីនៅលង្វែកមានបុរសម្នាក់ឈ្មោះ«សំរិទ្ធ» ជាអ្នកខ្លាំងពូកែអង់អាចណាស់មាន​​​ទំលំនៅលើទួលនេះ។ កាលដែលស្រុក កើតមានចម្បាំងជាមួយសៀម ព្រះរាជាក៏ទ្រង់អំពាវនាវដល់អាណាប្រ​ជា​​នុរាស្រ្ដគ្រប់ខេត្ដខ័ណ្ឌ បើនរណា​​ខ្លាំងពូកែ អង់អាចនោះ សូមឱ្យចូលខ្លួនទៅបម្រើក្នុងកងទ័ព ដើម្បីបង្ក្រាបខ្មាំងសៀម ដែលចូលមករាតត្បាតអាណាខេត្ដខ្មែរ ឯតំបន់ប្រទល់ដែនក្នុងខេត្ដបាត់ដំបង និងសៀមរាប។ បុរសសំរិទ្ធ
ក៏ស្ម័គ្រចិត្ដចូលខ្លួនទៅតាមព្រះរាជតម្រាអំពាវនាវនោះ។ គាត់បានប្រុងប្រៀបរៀបចំខ្លួន និងប្រដាប់ប្រដា មានគ្រឿងសាស្រ្ដាវុធ និងអាវតេជៈជាដើមរួចស្រេច លាប្រពន្ធកូនធ្វើដំណើរឆ្ពោះទៅកាន់រាជធានីលង្វែក ដោយដំ​ណើរថ្មើរជើងទទេ។ លុះទៅដល់លង្វែកហើយ គាត់បានទៅរកជួបមេទ័ព ដើម្បីប្រគល់ខ្លួនគាត់តាមរដ្ឋត្រូវការ។

ឯលោកមេទ័ព កាលបើបានពលរេហ៍ល្មមគ្រប់គ្រាន់ហើយ ក៏តាំងបុរសសំរិទ្ធជាមេទ័ពធំ ឱ្យលើកព្យុះហយាត្រាឆ្ពោះទៅបាត់ដំបង ដើម្បីកំចាត់ពួកសត្រូវ។ លុះទៅដល់សមរភូមិ បុរសសំរិទ្ធក៏ចាប់ប្រយុទ្ធយ៉ាងស្វាហាប់ លុះត្រាតែទ័ពសៀមបរាជ័យរត់ខ្ចាត់ខ្ចាយអស់។ ដោយឬទ្ធីតេជៈរបស់បុរស សំរិទ្ធ ទ័ពសៀមក៏បាក់បបខ្លបខ្លាច លែងហ៊ានចូលមករុករាតត្បាតទឹកដីខ្មែរតទៅទៀត  ស្រុកក៏បានសាន្ដត្រាណ។  បុរស សំរិទ្ធ ក៏លើកទ័ពមករាជធានីលង្វែកវិញ ហើយបានទួលព្រះរាជាតាមដំណើរដែលខ្លួនបានទទួលជ័យជំនះលើទ័ពសៀម ហើយសុំព្រះរាជានុញ្ញាតក្រាបទូល ត្រឡប់ទៅស្រុកកំណើតវិញ។ ព្រះរាជាទ្រង់ព្រះរាជានុញ្ញាតតាមការសុំ។ បុរស សំរិទ្ធបានធ្វើដំ​ណើរត្រឡប់ឆ្ពោះទៅ ស្វាយរៀងវិញ មកដល់ភូមិដូនពេញុក៏ឈប់សំរាកនៅទីនោះ១យប់ ទើបធ្វើដំណើរ តទៅទៀត ទៅដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់ស្រាយសំពាយរបស់គាត់មើល។ លុះស្រាយទៅទើបដឹងថា សំពាយនេះ មិនមែនជារបស់គាត់​ទេ នៅក្នុងបង្វិចនេះឃើញមានតែសំពត់១ និងផ្លែស្វាយទុំ២-៣តែប៉ុណ្ណោះ។ គាត់ក៏ដឹងថា
បង្វិច​​នេះច្រឡំក្នុងពេលដែលមកពីច្បាំង ហើយឈប់សម្រាកនៅអង្គរនោះហើយព្រោះពេលនោះមានការច្រឡូកច្រឡំគ្នាខ្លះ ហើយផ្លែស្វាយនេះទៀត ក៏ជាផ្លែស្វាយដែលបានពីអង្គរដែរ។ បុរសសំរិទ្ធក៏ខំរូតរះធ្វើដំណើរទៅដល់លំនៅ អាត្មាដោយសុខសាន្ដ។ កាលដែលបានទៅដល់ហើយប្រពន្ធគាត់បានយកគ្រាប់ស្វាយដែលទុំរលួយសាច់អស់នៅក្នុងបង្វិចគាត់ ទៅកប់ដាំនៅជាយរបង មិនយូរប៉ុន្មានស្វាយក៏ដុះឡើងបែកមែកធាង មានផ្កាផ្លែជាហូរហែរៀងមក។ ស្វាយនេះអ្នកស្រុក នាំគ្នាហៅថា
«ស្វាយអង្គរ» ព្រោះជាពូជស្វាយបានមកពីអង្គរ ប៉ុនែ្ដតៗមកពាក្យ«អង្គរ» ហៅកាត់ខ្លីមកនៅត្រឹម«អង្គ» បានជាជាប់ពាក្យថា «ស្វាយអង្គ» ដល់សព្វថ្ងៃ។ ខាងក្រោយមកបុរសសំរិទ្ធនិងភរិយាក៏ស្លាប់បាត់ទៅ នៅតែតំណកូនចៅរបស់គាត់។ កូនចៅនេះខ្លះក៏ទៅនៅឯនោះ ខ្លះក៏ទៅនៅឯនេះ បែក​​
គ្នា​ទៅនៅតាមប្ដីតាមប្រពន្ធ លុះយូរៗទៅទីភូមិរបស់គាត់នេះ ក៏លែងមានមនុស្សនៅ។ អ្នកស្រុកក៏នាំគ្នាសាងជាវត្ដអារាមមួយឡើង ដាក់នាមថា
«វត្ដស្វាយអង្គ» ដោយមានលោកគ្រូចៅអធិការជាអ្នកគ្រប់គ្រង ព្រមទាំងមានភិក្ខុ-សាមណេរគង់នៅជា ច្រើន។ កន្លងមកទៀតដោយមានការទទើសទទែងក្នុងទីវត្ដផង មានសត្វស្លាបផ្សេងៗទុំនៅលើដើមស្វាយនោះ នាំឱ្យមិនស្អាតផង មានការខ្វះខាតគ្រឿងសេនាសនៈផង លោកគ្រូចៅអធិការក៏ឱ្យភិក្ខុ-សាមណេរ កាប់រលំដើមស្វាយនោះ
   តែដោយឫទ្វដើមស្វាយធំនោះ   ភិក្ខុ-សាមណេរកាប់ ១ថ្ងៃ បានតែពាក់​កណ្ដាល​​ដើម នៅសល់ប៉ុន្មាននឹងកាប់ថ្ងៃខាងមុខទៀត លុះព្រឹកឡើងស្រាប់តែស្នាមកាប់ទាំងប៉ុន្មាន ដែលបានកាប់ខ្លះទៅហើយនោះក៏ដុះសាច់ ដុះសំបកគ្រប់ជិតដើមវិញ។ គួរឱ្យអស្ចារ្យណាស់ លោកគ្រូក៏ឱ្យលោក ភិក្ខុ-សា​មណេរកាប់ទៀត។ កាប់១ថ្ងៃទល់ល្ងាច ដោយខំយ៉ាងណាក៏បានត្រឹមតែពាក់កណ្ដាលដើម លុះព្រឹកឡើង ឃើញ​​ដុះសាច់ ដុះសំបកដូចដើមដដែលទៀត។ លោកគ្រូចង់ទាល់គំនិត។ ថ្ងៃមួយលោកបានឱ្យភិក្ខុ-សាមណេរយ៉ាង
ច្រើន ដោយមានពូថៅនឹងដឹងគ្រប់ដៃ ហើយលោកប្រាប់ថា នាំគ្នាកាប់ឱ្យរលំក្នុងថ្ងៃនេះឱ្យហើយស្រេចតែម្ដង។

ដើមស្វាយទ្រាំមិនបាននឹងពូថៅ-ដឹងច្រើនពេកក៏រលំ។ រលំហើយ ស្លឹកវាក៏មិនស្រពាប់ស្រពោនទៀត បែរទៅជាដុះមែកខ្នែងចេញផ្លែផ្កា ដូចធម្មតា។ នៅពេលយប់គេឮសូរតែសព្ទភ្លេងពិណពាទ្យ ប្រគុំយ៉ាងលន្លងលន្លោច ធ្វើឱ្យអ្នកស្រុកស្ងើចអស្ចារ្យ មិនយូរប៉ុន្មាន លោកគ្រូចៅអធិការក៏កើតជំងឺឈឺជាខ្លាំង រវើរវាយរហូតដល់ក្លាយទៅជាឆ្កួតវង្វេងអស់។ ចំណែកភិក្ខុ-សាមណេរ កាលបើឃើញហេតុអស្ចារ្យដូច្នេះ ក៏រត់ចោលអារាមនោះអស់ទៅ។ ឧបា​-សក ឧបាសិកា ក៏នាំគ្នាទៅកសាងវត្ដថ្មីទៀតនៅចម្ងាយប្រមាណជា១គ.ម អំពីវត្ដស្វាយអង្គ ចាស់នេះ ដែលសព្វថ្ងៃគេឱ្យឈ្មោះថា «វត្ដស្វាយផ្អែម » វិញ។ ឯកន្លែងវត្ដចាស់នោះវិញ សព្វថ្ងៃនៅមានដើមស្វាយ ជំនាន់ក្រោយៗមក និងដើមឈើព្រមទាំងកូនឈើឯទៀតៗ ជាច្រើនដុះស៊ុបទ្រុបទៅវិញ។ រឿងរ៉ាវនេះហើយជាប្រភព នៃបុរាណដ្ឋានទាំងនេះ តាមបែបរឿងព្រេងតែ បើសង្កេតតាមប្រវត្ដិទីកន្លែងផ្ទាល់ទៅវិញ ឃើញពាក្យថា «អង្គ» នេះពុំសមក្លាយមកពីពាក្យអង្គរទេ គឺមកពីទិនេះជាសរណដ្ឋានបុរាណ ខាងសាសនាព្រាហ្មណ៏ ដោយមានសាងជាសិវលិង្គតម្កល់ធ្វើជាវត្ថុសក្ការៈក្នុងគ្រានោះ។ សីវលិង្គនេះហើយដែលអ្នកស្រុកហៅថា «អង្គ» បានជាក្រោយៗមក គ្រាដែល យើងវិលត្រឡប់មកគោរពព្រះពុទ្ធសាសនាវិញ ទីសក្ការៈរបស់លទ្ធិព្រាហ្មណ៏ទាំងអម្បាលនេះ ក៏ត្រូវផ្លាស់ប្ដូរជាអារាម ពុទ្ធសាសនាទៅវិញ តែនៅសល់ជាប់ឈ្មោះទីនោះៗថា «អង្គៗ» រហូតមកដូចនេះដែរ ដូចជាអង្គប្រា​សាទ អង្គប្រិយ អង្គស្នួល។ ល។

ប្រភពដើមៈ ​សៀវភៅប្រជុំរឿងព្រេងខ្មែរ

No comments:

Post a Comment