‹‹មេរៀនស្រាវជ្រាវ›› បង្កើតឡើងក្នុង គោល បំណង ដើម្បើប្រមូល ព័ត៌មាន និង កំណត់ត្រា ផ្សេងៗ ដូចជា ចំណេះដឹងទូទៅ សេដ្ឋកិច្ច កសិកម្ម ប្រវត្តិសាស្រ្ត សុខភាព ។ល។ ពី ប្រភពផ្សេងៗ ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ គេហទំព័រ ជាដើម សម្រាប់ មិត្តអ្នកអាន ទាំងអស់ ទុកជាដំណឹង បទពិសោធន៍ ចំណេះដឹងថ្មី ។ ‹‹មេរៀនស្រាវជ្រាវ›› គឺជាប្រភេទ បណ្តាល័យ អេឡិកត្រូនិកតូច មួយ ដែល ចារឹក ប្រមូលផ្តុំ រក្សាទុក និង ចែករំលែក ឯកសារ ដែលបាន ចេញផ្សាយ ជាសាធារណៈ ដល់ មិត្តអ្នកអានទូទៅ ទុកជា ចំណេះដឹង ឯកសារយោងសម្រាប់ ការសិក្សា ការងារ និង បុព្វហេតុត្រឹមត្រូវ ។ ខ្ញុំសង្ឃឹមថាគេហទំព័រនេះអាចជាជ្រុងមួយសម្រាប់ជាជំនួយដល់បងប្អូនរួមជាតិក្នុងការសិក្សាស្រាវជ្រាវ សូមអរគុណ!

Tuesday, October 7, 2025

រឿងឆ្កែមើលឃើញខ្មោច


តាមចាស់ៗ តែងនិទានថា ៖ បើឮឆ្កែលូ ឬព្រុសនៅពេលកណ្ដាលអធ្រាត្រស្ងាត់ នៅភូមិណា ស្រុក​ណាដែល​​ក្រៅអំពីក្រុង  ព្រោះពុំសូវមានមនុស្សកុះករក្នុងពេលយប់ ស្រុកភូមិនោះ  ច្រើនកើតជំងឺពុំសូវបានសេចក្ដីសុខទេក្បិត​ខ្មោចបិសាច វាដើររាតត្បាតធ្វើមនុស្សឱ្យឈឺចាប់សឹងតែគ្រប់ៗគ្នា ព្រោះឆ្កែមើលឃើញខ្មោច។ ដំណើរចាស់​ៗថា ឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថា​៖យូរយារណាស់មកហើយ មានបុរសម្នាក់ដើរទៅមើល​គេលៀងមេមត់ ប៉ុន្ដែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរដីទូលមួយដែលមានព្រៃស៊ុបទ្រុប គេកប់ខ្មោចក្នុងព្រៃនោះជាច្រើន។ លុះដល់ទន្ទឹមព្រៃមានខ្មោចស្រែកហៅគាត់ថា ៖

ពូៗផ្ដាំទៅប្រាប់ ប្រពន្ធខ្ញុំឱ្យមកផង។ បុរសនោះមិនចេះខ្លាចខ្មោចទេ គាត់ដឹងថាខ្មោចហៅពិតណាស់គាត់ធ្វើព្រងើយ ហើយឆ្លើយទៅវិញថា ៖

ប្រពន្ធឯងនៅឯណា? 

ខ្មោចឆ្លើយវិញថា ៖  ប្រពន្ធខ្ញុំ នៅឯផ្ទះលៀងអារក្សឯណោះ! 

បុរសឮហើយ សួរទៅវិញថា៖ ចុះឯងឱ្យអញ​​​ប្រាប់ម៉េចបាន? បើអញមើលប្រពន្ធឯងមិនឃើញនោះ! ក្នុងពេលនោះខ្មោចក៏ឱ្យប្រទាលប្រហោង គឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់។ ខ្មោច​ឱ្យប្រទាលនោះទៅ ហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផង។ បុរសនោះកាលបើបានប្រទាលប្រហាង​នោះហើយ  មើលឃើញខ្មោចនៅពេញតែព្រៃ  គាត់ចេះតែដើរទៅៗ  គ្មានភិតភ័យខ្លាច​​​អ្វីឡើយ។ គាត់ដើរតម្រង់ទៅរកផ្ទះដែលគេលៀងអារក្ស លុះដល់ផ្ទះនោះ គាត់ឃើញខ្មោចស្រីៗ កំពុងស៊ីពែសំណែន​ដែលគេសែននៅពោរពេញជាច្រើនគ្នាណាស់។ បុរសនោះស្រែកហៅ ទៅតាមឈ្មោះដែល​ប្ដីវាផ្ដាំមកហើយបោយដៃហៅចំពីមុខនិយាយថា ៖

ប្ដីហងឱ្យទៅឱ្យឆាប់ ព្រោះកូនយំខ្លាំងណាស់ ! ខ្មោចនឹកឆ្ងល់ណាស់ម៉េចក៏បុរសនេះមើលឃើញអញ ទើបដើរសំដៅហើយសួរថា ៖ ចុះអ្នកឯង ម៉េចក៏មើលអញឃើញ? បុរសនោះក៏បង្ហាញប្រទាលប្រហាងហើយឆ្លើយថា ៖ នេះប្រទាលដែលប្ដីហងឱ្យអញ បានអញមើលឃើញ។ ខ្មោចនោះគ្រាន់តែឃើញប្រទាលភ្លាម ស្ទុះទៅដណ្ដើមយក ប៉ុន្ដែបុរសពុំព្រមឱ្យ ក៏មានការប្រវាយប្រតប់គ្នាដណ្ដើមប្រទាលប្រ​ហោងនោះ។ បុរសចេះតែស្រែកហៅឱ្យគេឯងជួយ ប៉ុន្ដែអ្នកណាក៏មើលទៅមិនឃើញជាប្រយុទ្ធជាមួយនរណាសោះ ឃើញតែស្ទុះស្ទាតែម្នាក់ឯង ម្លោះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើត។ លុះប្រតាយប្រតប់អស់មួយសន្ទុះធំ បុរសក៏រសាយដៃរបូតប្រទាលនោះពីដៃទៅ។ ខ្មោចស្ទុះប្រុងមករើសយកតែពេលនោះឆ្កែឃើញ​​​ភ្លាមស្ទុះភ្លែតមក ត្របាក់លេបចូលទៅក្នុងពោះបាត់ទៅ។ ហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញ។ ដោយ​សារមានរឿងនិទានយ៉ាងនេះ បានជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវាឃើញខ្មោចដើរ។ មួយវិញទៀត មានមនុស្សច្រើនណាស់ ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហាង ដើ​ម្បីយកមកប្រើការស័ក្ដិសិទ្ធផ្សេងៗ។

ប្រភពដើមៈ ​សៀវភៅប្រជុំរឿងព្រេងខ្មែរ

 

No comments:

Post a Comment