​ហេតុអ្វីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ? នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមីនាដើម្បីអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រ និងទូទាំងប្រទេសលើពិភពលោក។ ទិវានេះ ត្រូវបានគេស្គាល់ផងដែរថា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ។ ប្រវត្តិ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ការប្រជុំគ្នាថ្ងៃទី៨ ខែមីនា នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹកឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។ ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទ ប្រឆាំងនឹងបុរសដើម្បីបញ្ចប់ សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក "សេរីភាព សមភាព ភាតរភាព" ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។ គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។ ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖ ឆ្នាំ១៩០៩ យោងតាមសេចក្ដីថ្លែងការណ៍របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរពអបអរសាទរទូទាំងសហរដ្ឋ អាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយនៃខែនោះនាឆ្នាំ១៩១៣។ ឆ្នាំ១៩១០ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវានារីមួយដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកល សម្រាប់នារី។ សំណើនេះត្រូវបានទទួលអបអរដោយមានការអនុមតិជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់មកពីប្រទេស១៧ដែលរួមមាននារីដំបូងគេ បីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធីអបអរនិងគោរពទិវានេះទេ។ ឆ្នាំ១៩១១ ជាលទ្ធផលនៃកិច្ចពិភាក្សាដែលបានសម្រេចនៅទីក្រុង Copenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង (នៅ ថ្ងៃទី១៩ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់បានមកចូល រួមគាំទ្រទាំងអស់គ្នា។ ជាបន្ថែមទៅលើសិទ្ធិក្នុងការបោះឆ្នោតនិងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិ ទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះ ការងារ។ ជិតមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សាបណ្ដាលមកពីអគ្គីភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។ ព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះត្រូវបានគេ ស្មិងស្មាធិ៍ រំលឹកប្រតិស្ឋ អធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ដើម្បីរំលឹកទិវានារី អន្តរជាតិ។ ឆ្នាំ១៩១៣-១៩១៤ ជាផ្នែកមួយនៃចលនាសន្តិភាពដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សីបានធ្វើពិធីរំលឹកខួបទិវានារីអន្តរជាតិរបស់គេជាលើក ទីមួយ នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុង[អឺរ៉ុប] នៅថ្ងៃ ឬប្រហែលថ្ងៃទី៨ខែមិនា នៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នាដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬមួយដើម្បីសម្ដែងសាមគ្គីភាពជាមួយបងប្អូននារីៗរបស់គេ។ ឆ្នាំ១៩១៧ ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀតបានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ "ចំណីអាហារហូបចុក និង សន្តិភាព"។ មេដឹកនាំនយោបាយបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។ ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្នបានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ជាប្រវត្តិសាស្ត្រនោះបាន ប្រព្រឹត្តឡើងចំថ្ងៃទី២៣ខែកុម្ភៈ តាមប្រតិទិន ជូល្យ៉ិនៀ [Julian Calendar =ប្រតិទិនបង្កើតដោយរដ្ឋបុរស Julius Caesar ក្នុងឆ្នាំ៤៦មុនគ្រិស្តសករាជ ដែលកំណត់ពេល១ឆ្នាំម្ដង មាន១២ខែ មួយខែៗមាន៣០ឬ ៣១ថ្ងៃ លើកលែងតែខែកុម្ភៈចេញ] ដែលកាលនោះត្រូវបានគេប្រើប្រាស់ក្នុងប្រទេសរុស្សី ប៉ុន្តែវាត្រូវចំថ្ងៃទី៨មិនា តាមប្រតិទិន Gregorian [(គឺប្រតិទិនជូល្យ៉ិន ដែលត្រូវគេ កែទម្រង់និងដែលគេប្រើប្រាស់សព្វថ្ងៃ] ដែលត្រូវគេប្រើនៅទីដទៃទៀត។ |ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការរីកធំធាត់នៃចលនារីអន្តរជាតិ ដែលត្រូវពង្រឹងដោយសន្និសីទនារីជាសកលរបស់អង្គការសហប្រជាជាតិ ចំនួនបួន បានជួយធ្វើឲ្យពិធីបុណ្យរំលឹកខួប ទិវានេះជាចំណុចប្រមូលផ្ដុំមួយសម្រាប់សម្របសម្រួលកម្លាំងដើម្បី ទាមទារសិទ្ធិនារី និងទាមទារឲ្យនារីអាចចូលរួមក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ច។ ទិវានារីអន្តរជាតិកាន់តែប្រែក្លាយទៅជាពេលវេលាមួយសម្រាប់ឆ្លុះ បញ្ចាំង លើការរីកចម្រើនដែលទទួលបាន ដើម្បីអំពាវនាវឲ្យមានការប្រែប្រួល និងធ្វើពិធីអបអរសាទរសកម្មភាពទាំងឡាយដែលធ្វើដោយសេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដោយនារីសាមញ្ញដែលបានបំពេញតួនាទីវិសាមញ្ញ ក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិរបស់នារី។

Recent Comments

នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! On International Women's Day, March 8, 2019, we would like to wish everyone a happy, healthy, prosperous, healthy, wise person if they wish. Special wishes, let's be beautiful, thank you !!

Monday, February 18, 2019

ទស្សនៈរបស់ Thomas Hobbes ( ១៥៨៨-១៦៧៩ នៃគ.ស.​ )

ទស្សនៈរបស់ Thomas Hobbes ( ១៥៨៨-១៦៧៩ នៃគ.ស.​ )

ជីវប្រវត្តិរបស់​ Thomas Hobbes



Thomas Hobbes កើតនៅថ្ងៃ​ទី ​៥ ​ខែ​មេសា ​ឆ្នាំ ​១៥៨៨ ក្នុងតំបន់ Westport សព្វថ្ងៃ គឺជាផ្នែកមួយ នៃ​ ទីក្រុង Malmesbury នៅក្នុងខេត្រ Wiltshire នៃប្រទេសអង់គ្លេស ។​ ហើយបានទទួលមរណកាលនៅ ថ្ងៃទី​ ៤​ ខែធ្នូរ ឆ្នាំ​ ១៦៧៩​ ក្នុងខេត្ត Derbyshire នៃប្រទេសអង់គ្លេស​ ក្នុងជន្មាយុ​ ៩១ ឆ្នាំ​ ។​ គាត់ជាទស្សនវិទូ​ និងជាអ្នកទ្រឹស្តី​នយោបាយ​ ជនជាតិអង់គ្លេស​ ។​ Thomas Hobbes កើតមកមិនគ្រប់ខែទេ ​ពីម្តាយដែលមានភាពភ័យខ្លាច នៅពេលដែលកងនាវាចរ​ Armada របស់ស្តចអេស្ប៉ាញ​ ឈ្មោះហ្វីលីប​ទី ២ ​ប្រឆាំង នឹងប្រទេសអង់គ្លេស​ ដើម្បីទម្លាក់រាជ្យអេលិស្សាបែតទី ១​ នៅឆ្នាំ​ ១៥៨៨​​ ។ ទោះបីជាសង្រ្គាមនោះ ត្រូវចាញ់ល្បិចកលរបស់អង់គ្លេសក៏ដោយ ​ក៏ភាពភ័យខ្លាចនៅជាប់នឹង Thomas Hobbes ​ជានិច្ច​ ។ លើសពីនេះទៅទៀត​ គាត់ធ្លាប់បានឃើញ​ការកាប់សម្លាប់មនុស្ស នៅប្រទេសអង់គ្លេស ក៏ដូចជានៅប្រទេសបារាំង​ ​ដែលគាត់ធ្លាប់រស់នៅ​ ហើយគាត់តែងតែគេចវេសរត់ទៅ​ជ្រកការពារខ្លួន ចៀសចេញឲ្យឆ្ងាយពីអ្នកកាន់អំណាច​ ។ ​ពេលខ្លះគាត់និយាយកំប្លែងថា «គាត់កើតមក នាំភាពភ័យខ្លាចមកជាមួយ​» 
ទស្សនៈទូទៅរបស់​ Thomas Hobbes
Thomas Hobbes ចង់ផ្តល់ឲ្យមនុស្សនូវសន្តិភាព​ ។​ សេចក្តីបា្រថ្នាតែមួយគត់របស់គាត់ គឺការចង់បានការធានា ឲ្យមានភាពសុខសាន្ត និងការរួបរួមគ្នាតែមួយ​ ។​ ប៉ុន្តែមិនមានលទ្ធភាពណាមួយ ​ដែលអាចផ្តល់នូវសន្តិភាពនេះបានទេ​ ដរាបណា នៅមានការប្រឆាំងតទល់គ្នា​ រវាងនយោបាយ​ និងសាសនា​នោះ ។ ​នាឆ្នាំ ១៦៥០​ ក្នុងប្រទេសអង់គ្លេស មានបដិវត្តិន៍​គហបតីមួយផ្ទុះឡើង​ គឺជាការរួបរួមគ្នាតស៊ូរបស់ពួកនាយទុន ​និងពួកអភិជនថ្មី ក្នុងគោលបំណងប្រឆាំង នឹងរាជានិយមផ្តាច់ការ គឺប្រឆាំងនឹងទ្រឹស្តីថា​ «អំណាចរដ្ឋកើតចេញពីអាទិទេព» ។ ​ដោយឈរលើទស្សនរូបធាតុនិយម​ ហើយបូកផ្សំ នឹងបទពិសោធន៍ ​នាសម័យសង្រ្គាមនោះ ​បានធ្វើឲ្យ​ Thomas Hobbes ក្លាយជាមនុស្សដ៏សំខាន់​ នៅក្នុងបដិវត្តិន៍គហបតី​ ។​ ដោយឃើញនូវអំពើហឹង្សា​ និងទំនាស់ឥតឈប់ឈរ ក្នុងរវាងពួកគហបតី​ និងអភិជន​ថ្មី​​​ Thomas Hobbes បានប្រឹងប្រែងរកច្រកចេញ ឲ្យផុតពីការភ័យខ្លាចរបស់គាត់​ ដោយដាក់បុគ្គលរបស់ខ្លួន​ ឲ្យស្ថិនក្រោមការគាំពារ នៃរបបផ្តាច់ការនិយម ​ដោយប្រគល់អំណាចទាំងអស់ដល់ព្រះមហាក្សត្រ ព្រោះមានតែព្រះមហាក្សត្រទេ​ ដែលធានាបាន ឲ្យមានសន្តិសុខ និងភាពសុខសាន្ត​ ។ គំនិតនេះ​ ឃើញមាននៅក្នុងស្នាដៃទីមួយរបស់គាត់​ឈ្មោះ​ « The Element of Law » សៀវភៅនេះ ​បោះពុម្ព នៅក្នុងឆ្នាំ​ ១៦៥០​ 
ការភ័យខ្លាច ជាកម្លាំងចលករ ​ជុំរុញឲ្យ​ Thomas Hobbes ក្លាយទៅជាអ្នករដ្ឋនិយម ​ដ៏ស្មោះត្រង់ម្នាក់​ ។​ជំរកសង្រ្គោះជីវិតគាត់ឲ្យមានភាពសុខសាន្ត ​​ត្រូវបានប្តូរ ជាមួយនឹងតួនាទី​បុគ្គលខ្លួនឯងទាំងអស់​ ប៉ុន្តែការចុះចាញ់នេះ​ មិនបានធ្វើឲ្យមូលដ្ឋានគំនិត​របស់គាត់ផ្លាស់ប្តូរទេ​ ។​ Thomas Hobbes ក៏មិនខុសពីអ្នកនិពន្ធ​ដទៃទៀត របស់សាលាច្បាប់ជាតិ​ និងសាលាច្បាប់អន្តរជាតិ​ដែរ ​គឺគាត់ខិតខំស្រាវជ្រាវ​រកឃើញមូលដ្ឋានគ្រឹះ​ របស់អំណាច​ និងល័ក្ខណ្ឌរបស់វា​ តាមការវិភាគ រកមូលហេតុដែលនាំឲ្យមនុស្សសុខចិត្ត ​សុខកាយ​ ហើយមកផ្តុំគ្នារួមរស់ជាមួយគ្នា ក្នុងសង្គម ​ដោយការធ្វើកិច្ចសន្យាសង្គម​ (Social Contract)​ ។​ Thomas Hobbes យល់ឃើញថា «​ជំរៅធម្មជាតិរបស់មនុស្ស​ គឺអត្តទត្ថភាព​ អាត្មានិយម ​មិនមានការចង់រស់នៅ ជាមួយអ្នកដទៃឡើយ​ ។ ​កាលណា មនុស្សរត់ទៅរក​កន្លែងថ្មី ដើម្បីរស់នៅក្នុងសង្គម​ គឺមិនមែនដោយសារ គេចង់បានការរីកចម្រើនលូតលាស់ របស់សង្គមនោះទេ​ តែគឺដើម្បីផលប្រយោជន៍ផ្ទាស់ខ្លួនតែប៉ុណ្ណោះ​»  សង្គម កើតឡើងពីការខ្លាច​ រវាងមនុស្ស​ និងមនុស្ស​មិនមែនដោយសារការស្វាគមន៍ ​រកគ្នាទៅវិញទៅមកនោះទេ​ ។ ​សភាពធម្មជាតិ​ ដែលមនុស្សរស់នៅ​ មុននឹងមកចុះចូលរស់នៅជាមួយគ្នានេះ​ ជាសភាពមួយប្រកបដោយគ្រោះថ្នាក់​ និងការវិនាស​ ។​ បានន័យថា​​ «​មនុស្ស​ ជាឆ្កែចចក​សម្រាប់មនុស្សគ្នាឯ​ង​»​ ​គឺថា​មនុស្ស នៅក្នុងសភាពធម្មជាតិ ​តែងច្បាំងគ្នា​ ប្រឆាំងគ្នា​ ប្រណាំងគ្នា ​ឈ្លោះគ្នា​ឯង ជានិច្ច​​ និងប្រឆាំងអ្នកដទៃ​​ នៅក្នុងក្រុមផ្សេងៗ ទៀតផងដែរ ​​ដោយសារមនុស្ស មានសិទ្ធិស្មើគ្នា​ ចំពោះអ្វីដែលមាន​​ ពួកគេ ក៏ដណ្តើមគ្នាយកនូវអ្វីនោះ​ គេមានគំនិត បំផ្លិច​បំផ្លាញ​គ្នា​ទៅវិញទៅមក ​។ ​គេទាំងអស់គ្នារៀងៗខ្លួន ​​ជាប្រភពនៃគ្រោះថ្នាក់ ​​និងការភ័យខ្លាច​ ។ ​នៅក្នុងសភាពធម្មជាតិ​ មានតែសង្រ្គាមជាអចិន្រ្តៃយ៍​​ មានតែអសន្តិសុខ​​ ដែលមនុស្សខ្សោយ​ តែងតែជាអ្នករងគ្រោះ​ របស់អ្នកខ្លាំងជាងខ្លួន​ ឬរបស់អ្នកដែលមានល្បិចជាងខ្លួន​។​ ច្បាប់ធម្មជាតិ​ ក្នុងគោលការណ៍​របស់វា មានលក្ខណៈ​ ជាអត្តទត្ថភាព​ ​ប៉ុន្តែ នៅក្នុងសភាពធម្មជាតិ​ បញ្ហារបស់ច្បាប់ធម្មជាតិ​ មិនមែនជាកាតព្វកិច្ច ​ត្រូវគោរព្ធទេ​ ។​ ល្គិកណា​ គេមិនប្រាកថា​ អ្នកដទៃ​បានបំពេញកិច្ច​សន្យា របស់គេ​ហើយ យើងធ្វើ​តែយើងនោះ​ ប្រាកដជាគ្មាន​បានប្រយោជន៍អ្វីឡើយ ​។ ​ផលប្រយោជន៍តែមួយគត់ គឺ​ត្រូវចេញពីសភាពធម្មជាតិ​ ដើម្បីមករស់នៅក្នុងសង្គមវិញ​ ​។
Thomas Hobbes បានបង្ហាញ នូវទិដ្ឋភាពអនាធិបតេយ្យ មហន្តរាយសង្គម ​​មុនពេលកកើតរដ្ឋ​ នៅពេលនោះ​ មនុស្ស​ បានធ្វើសង្រ្គាម​កាប់ចាក់ ឥតឈប់ឈរ ​​គឺជាសង្គ្រាមទាំងអស់គ្នា​ ប្រឆាំងទាំងអស់គ្នា​  ​​ប៉ុន្តែមនុស្ស មានវិចារញ្ញាណ ​​ហើយទទួលស្គាល់ នូវភាពមិនរឹងមាំ​ ក្នុងការរស់នៅ​របស់ពួកគេ​ ទីបំផុត គេក៏បានរកឃើញ នូវមធ្យោបាយ​ ដើម្បីរំដោះខ្លួនគេ​ ​ឲ្យចេញពីមហន្តរាយ​របស់មនុស្ស​ ហើយមករួបរួមផ្តុំគ្នា​ ជាចំនួនច្រើនឥតគណនា​ ដើម្បីបង្កើតសម្ព័ន្ធភាព​មួយ សម្រាប់ធានាប្រឆាំង​ នឹងអសន្តិសុខ​ ដែលតែងតែយាយី​​ កាលគេរស់នៅក្នុងសភាពធម្មជាតិ ​។ ​​ការរួបរួមនេះ​ បង្កើតបានជារដ្ឋ​ ដូច្នេះ គឺនៅពេលដែលមនុស្សបោះបង់ចោលការរស់នៅ​ក្នុងសភាពធម្មជាតិ ​ទើបកើតមានឡើង នូវសង្គមមួយ​ មានច្បាប់ទម្លាប់ ​គឺរដ្ឋ ដែលបានបង្កើត​ឲ្យមានអ្វីជារបស់ខ្ញុំ​ អ្វីជារបស់អ្នក ​ហើយបង្ខំឲ្យមាន​ការគោរពកម្មសិទ្ធិ​អ្នកដទៃ​ ​។
Thomas Hobbes បានពុះពារ ដើម្បីឲ្យការសិក្សា​ មានលក្ខណៈវិទ្យាសាស្រ្ត​  ​មូលដ្ឋាន នៃការសិក្សា​របស់​ Thomas Hobbes គឺការសិក្សាអំពីធម្មជាតិ​ និងតណ្ហារបស់មនុស្ស​ ដែលជាប្រភពនៃកំណើតច្បាប់​ និងរដ្ឋ​ ។​ តណ្ហា​ និងធម្មជាតិរបស់មនុស្ស ​ស្តែងឡើងក្នុងរូបភាព​ជាការប្រកួតប្រជែងគ្នា​ ការមិនទុកចិត្តគ្នា​ និងមហិច្ឆិតា​  តណ្ហាទាំងនេះហើយ ​​ដែលធ្វើឲ្យមនុស្ស ជាសត្រូវនឹងគ្នា​  ​លោកមើលឃើញមនុស្ស​ប្រខាំគ្នាឯង ​ដូចសត្វឆ្កែចចក ​។ ​ហេតុនេះហើយ ​ទើបនៅក្នុងស្ថានភាពបែបធម្មជាតិ​ ​បើទីណាមួយ​ អវត្តមានអំណាច​ ដែលជាអ្នកឃាត់ឃាំង​មនុស្សឲ្យផុតពីតណ្ហានោះ​ មនុស្សទាំងអស់​នឹងស្ថិតនៅក្នុងស្ថានភាព​ជា​​​ «សង្រ្គាមទាំងអស់​ ប្រឆាំងទាំងអស់​»​ ។​ សង្រ្គាមទាំងអស់​ ប្រឆាំងទាំងអស់​ នឹងនាំទៅរកក្តីវិនាស ​ព្រោះវាជាសង្រ្គាមឥតព្រំដែន ​ហើយមិនអាចបញ្ចប់បានឡើយ​  ​មនុស្សទាំងអស់ នៅក្នុងសង្គម​ បានយល់ព្រមទាំងអស់គ្នា​ លើដំណោះស្រាយណាមួយ​ ដោយផ្តល់ជាមតិឯកភាព ​យកសម្លងភាគច្រើន​ ​ឬដោយការចុះកិច្ចសន្យា​នឹងគ្នា​  ​ប្រជាជនទាំងអស់​ បានឯកភាពគ្នា ​ប្រគល់នូវអ្វីដែលជាសទ្ធិ​របស់ពួកគេ ពីធម្មជាតិ​ទៅឲ្យព្រះមហាក្សត្រ​ ​ដោយទាមទារមកវិញ​​ នូវច្បាប់ដែលជាអ្នកកំណត់​ នូវសទ្ធិសេរីភាពរបស់ពួកគេ​ 
រដ្ឋ កើតឡើង ដើម្បីធ្វើឲ្យមានសន្តិភាព​​ ដូច្នេះ​មនុស្សនៅក្នុងរដ្ឋ​ ត្រូវលះបង់សិទ្ធិឥតព្រំដែន របស់ខ្លួន​ដែលមានជាប់ ជាមួយនឹងសភាពធម្មជាតិ​ទាំងអស់​ ឬមួយផ្នែក ដើម្បីប្តូរយកអ្វី​ផ្សេងទៀត ​។ ​​មនុស្ស សម្រេចបញ្ចប់ភាពអសន្តិសុខ ​​ដែលមាននៅក្នុងសភាពធម្មជាតិ​​ ដោយចុះកិច្ចសន្យាជាមួយគ្នា​ ពីព្រោះជាមធ្យោបាយតែមួយគត់​ ដែលអាចរក្សាសន្តិភាពបាន ​​ប៉ុន្តែរដ្ឋអាចកើតឡើងបាន ​ទាល់តែមានការរួបរូមគ្នាមួយ ​មិនមែនមានត្រឹមតែការព្រមព្រៀងគ្នាមួយទេ ​។ ​មនុស្ស ត្រូវឈប់រស់នៅ​ជាបុគ្គលរៀងៗ ខ្លួន​​ ឯករាជ្យដោយឡែក​ ដោយបង្កើតឲ្យមានឆន្ទៈតែមួយ​ ។​ ដូច្នេះ មនុស្សត្រូវលះបង់ឆន្ទៈ និងសិទ្ធិរបស់គេ ដែលមាននៅក្នុងដៃ​ ។​អំណាចទាំងអស់ ត្រូវប្រគល់ទៅឲ្យរដ្ឋ ​​ដោយព្រមលះបង់ មិនប្រឆាំង​​មិនប្រែក្រឡាស់សម្តី​ ចំពោះអ្វីដែលគេបានផ្ទេរទៅឲ្យបុគ្គលម្នាក់ៗ​​ ឬច្រើននាក់​ ដែលនឹងត្រូវដឹកនាំគ្រប់គ្រងពួកគេ ​។ ការលះបង់នេះ​​ ​មិនមានការស្តាយក្រោយទេ​  ​នោះជាលក្ខខណ្ឌ​សំខាន់ សម្រាប់បង្កបង្កើតអធិបតេយ្យ​ ។​ Thomas Hobbes យល់ថា​ «រដ្ឋ គឺសង្គមសិប្បនិមិត្ត​»​ ក្នុងគុណភាពជារបស់មនុស្ស​ តែមិនមែនជារបស់អាទិទេពឡើយ​  ​រដ្ឋ កើតឡើងដោយឈរលើមូលដ្ឋាន ​នៃការព្រមព្រៀងសង្គម ​ដែលមានអត្ថិភាព​ ចាប់ពីស្ថានភាព​ធម្មជាតិដំបូង របស់មនុស្ស​ម្ល៉ះ ​​គឺចាប់តាំងពីពេលដែលមនុស្សរស់នៅ​ជាមួយគ្នា​ហើយ គ្មាននរណា​ ស្តាប់នរណាពិសេស ​គឺក្នុងស្ថានភាពសង្រ្គាមទាំងអស់​ ប្រឆាំងទាំងអស់​  លោកយល់ថា​ «រដ្ឋ ​ប្រៀបបានទៅនឹងបុគ្គលរួមមួយ ​ដែលទទួលខុសត្រូវ ស្ថានភាពរបស់ខ្លួន ​និងត្រូវបានបង្កើតឡើង ​ដោយមានការឯកភាពគ្នា​ រវាងមនុស្ស​ និងមនុស្ស ក្នុងសង្គម ​។ ​បុគ្គលក្នុងរដ្ឋនេះ ​អាចប្រើប្រាស់កម្លាំង​ និងមធ្យោបាយនានា ​ដើម្បីការពារសុវត្ថិភាពសង្គមជារួម​»៕​​
ការបកស្រាយអំពីកិច្ចសន្យា
ចំពោះ​ Thomas Hobbes កិច្ចសន្យា ​ដែលមនុស្សព្រមព្រៀងគ្នាចុះនោះ​ ជាកិច្ចសន្យា រវាងមនុស្ស​ និងមនុស្សគ្នាឯង ​មិនមែនជាកិច្ចសន្យា​ដែលសមាគមន៍ថ្មី ​​ធ្វើជាមួយអ្នក ដែលខ្លួនបានប្រគល់អំណាចទាំងអស់ ឲ្យទៅនោះទេ​  ​ដូច្នេះ​ កិច្ចសន្យាដែល​ Thomas Hobbes បាននិយាយនេះ​ ជាកិច្ចសន្យារបស់សមាគមន៍​ របស់បុគ្គលទាំងអស់ ​ដែលធ្វើការសម្រេចរួមរស់ជាមួយគ្នា ​​ដើម្បីឲ្យឆន្ទៈរបស់ពួកគេម្នាក់ៗ​ ក្លាយជាឆន្ទៈតែមួយ​  ​កិច្ចសន្យានេះ ​ជាកិច្ចសន្យាចំណុះ​ ពោលគឺបុគ្គលជាសមាជិក របស់សមាគមន៍ ​ចេះស្តាប់បង្គាប់ មិនរឹងរូស​  ​វាជាកិច្ចសន្យាមួយ ​ដែលបុគ្គលលះបង់សិទ្ធិ​របស់ខ្លួនទាំងអស់​ ដើម្បីប្តូរយកសន្តិសុខ​ផ្ទាល់ខ្លួន ​និងការពារទ្រព្យសម្បត្តិរបស់ពួកគេ​  ​តាមរយៈនៃកិច្ចសន្យានេះ​ បុគ្គលទាំងអស់ ត្រូវលះបង់សិទ្ធិរបស់ខ្លួន​ ដើម្បីអ្នកដែលកាន់អធិបតេយ្យ ទោះបីជាអ្នកនោះ ​ជាព្រះមហាក្សត្រក្តី​ ឬជាអ្នកណាមួយក្តី​ ។​ អត្ថន័យ នៃកិច្ចសន្យារបស់​ Thomas Hobbes គឺជាការផ្ទេរសិទ្ធិពិតៗ របស់បុគ្គល ឲ្យទៅអ្នកកាន់អធិបតេយ្យ​ ​មិនមែនជាការបែងចែកសិទ្ធិទេ​​ ហើយអ្នកកាន់អធិបតេយ្យ​ ស្ថិតនៅក្រៅកិច្ចសន្យា  ​គេគ្មានបានចុះហត្ថលេខា​ ជាមួយនរណាទាំងអស់​ គេគ្មានបានជាប់នឹងកាតព្វកិច្ចណាមួយឡើយ  ​ចំណុចនេះហើយ ​ដែលគេអាចនិយាយបានថា​​ Hobbes បានទទួលជោគជ័យ​ក្នុងការបង្កើតអធិបតេយ្យ​​មួយ​ផ្តាច់មុខ ​ដែលអំណាច មិនអាច​ចែកបានតាមរយៈកិច្ចសន្យានេះ​ ។​ ​​កិច្ចសន្យានេះ​ មិនមែនជាការកំណត់​ព្រំដែន ទៅលើអំណាចផ្តាច់ការទេ​ តែវាជាគ្រឹះរបស់អំណាចផ្តាច់ការទៅវិញ​  កិច្ចនស្យានេះ​ ប្រែជាមិនបានការអ្វីទាំងអស់​ បើវាគ្មានបង្កើត​ ឲ្យមានអំណាច​ដែលបង្ខិតបង្ខំមួយទេនោះ​ 
សារៈសំខាន់របស់​កិច្ចសន្យាសង្គម​ (Social Contract)​ នេះ គឺការបង្រួមពហុភាព ​(ហ្វូងមនុស្ស) ​ឲ្យមកជាឯកភាពតែមួយ​ ។​ Thomas Hobbes បានឲ្យឈ្មោះ​រដ្ឋរបស់គាត់ថា​ «Leviathan» ។​ Leviathan គឺជាសត្វចំឡែកមួយ ​ដែលដកស្រង់ចេញពីគម្ពីរបីប​ (Bible) ដែលនៅលើខ្លួនរបស់វា​ មានហ្វូងមនុស្សតូចៗ ​ជាប់ស្អិត​ ។​សត្វចំឡែកនេះ​ មានកាន់ដំបង​​ និងដាវនៅក្នុងដៃ​ ដែលជាតំណាងឲ្យអំណាចទាំងពីរ ​គឺអំណាចសាសនាចក្រ ​និងអំណាចអាណាចក្រ​ ។​
រដ្ឋប្រៀបបាននឹងសមាសភាពផ្សំខាងក្រោមនេះគឺ
-អំណាចកំពូលរបស់រដ្ឋ ​ស្មើនឹងព្រលឹងរបស់រដ្ឋ​ 
-ចៅក្រម​ និងមន្រ្តីផ្លូវការ ​ស្មើនឹងសន្លាក់តភ្ជាប់ឆ្អឹង ​។​
-ទីប្រឹក្សា​ ស្មើនឹងការចងចាំ​ 
-ច្បាប់ ស្មើនឹងសតិបញ្ញា​ និងឆន្ទៈ​ ។
-ពលរដ្ឋ ស្មើនឹងកម្លាំង​ 
-សុវត្ថិភាពរបស់ប្រជាជន ​ស្មើនឹងពាណិជ្ជកម្ម​អាជីព ​។​
-សន្តិភាពពលរដ្ឋ ​ស្មើនឹងសុខភាព​ 
-ការលំបាក ស្មើនឹងជំងឺ​ 
-សង្រ្គាមស៊ីវិល ​ស្មើនឹងសេចក្តីស្លាប់​ ។​
ទស្សនៈរបស់​ Thomas Hobbes ចំពោះរាជានិយម
រដ្ឋ ដែលកើតឡើង ដោយការរលាយបញ្ចូលគ្នា​នៃបុគ្គល នោះ​ជារដ្ឋ ដែលកាន់កាប់អធិបតេយ្យ​ផ្តាច់ការមួយ ​។ ​អធិបតេយ្យផ្តាច់ការនេះ ​ស្របគ្នានឹងរាជាធិបតេយ្យផ្តាច់ការ​  ​ចំពោះរបបរាជាធិបតេយ្យផ្តាច់ការនេះ​ ដែល​ Thomas Hobbes ចូលចិត្តជាងរបបដទៃនោះ​ ជារបបដែលអាចរក្សាសន្តិភាពបាន​ ហើយដើម្បីរក្សាសន្តិភាពនេះ បាន​ចាំបាច់ត្រូវឲ្យព្រះមហាក្សត្រ​​ មានអំណាចពេញលេញ​  ​ព្រះមហាក្សត្រ​​ មិនស្ថិតនៅក្រោម​ច្បាប់ណាផេ្សងទៀត​ ទោះជាច្បាប់ធម្មជាតិក្តី​ ឬជាច្បាប់សាសនាក្តី​  ​ដោយហេតុនេះ​ ប្រជារាស្រ្ត ​មិនមានសទ្ធិជំទាស់​ និងអំណាចព្រះមហាក្សត្របានទេ ​​ហើយកាលណា គេបានប្រតិបត្តិត្រឹមត្រូវ តាមបញ្ជារបស់ព្រះមហាក្សត្រហើយនោះ​ គឺគេគ្មានបានប្រព្រឹត្តកំហុសណាមួយឡើយ ​។​ បើព្រះរាជា​ មិនអាចការពារសន្តិភាពបាន ​នោះប្រជារាស្រ្ត​ នឹងប្រឆាំងចំពោះស្តេច ជាមិនខាន​ ។​ តាមទស្សនៈរបស់​ Thomas Hobbes រដ្ឋ​ និងសង្គម​ជាធាតុពីរផ្សេងគ្នា ​គឺរដ្ឋ គ្រប់គ្រងពីលើសង្គម​ និងបុគ្គល​ ។​ រដ្ឋខ្លាំង ​គឺជាមធ្យោបាយមួយ​ ដើម្បីបោសសំអាតភាព មិនគ្រប់គ្រាន់​ចេញពីមនុស្ស ​។ ​​គាត់យល់ឃើញថា ​នៅក្នុងច្បាប់ ក៏ដូចជានៅក្នុងរដ្ឋ​ មិនត្រូវឲ្យមានលក្ខណៈសីលធម៌អ្វីឡើយ ​។​ឧទាហរណ៍៖​ មានតែច្បាប់រដ្ឋប្បវេណីទេ ​ដែលអាចកំណត់ពីកំហុស ​ឬគ្មានកំហុស​  ដូច្នេះ កាតផិតក្បត់​ មិនមែនជាកំហុសទេ​ ​ពីព្រោះវាជាអំពើរំលោភ​ខាងផ្នែកសីលធម៌តែប៉ុណ្ណោះ​​​ ​ប៉ុន្តែដោយអំណាចហាមឃាត់ មិនឲ្យមានទំនាក់ទំនងបែបនេះ​ ទើបច្បាប់រដ្ឋប្បវេណី​​ ហាមមិនឲ្យមានដូច្នេះដែរ ​។ លោកយល់​ថា «អំណាចរដ្ឋ ​ត្រូវតែផ្តាច់ការ​ និងមានអធិបតេយ្យភាព​  អ្វីដែលជាកម្មសិទ្ធិរបស់រដ្ឋ ​គឺសិទ្ធិបង្កើតច្បាប់​ សិទ្ធិត្រួតពិនិត្យច្បាប់ សិទ្ធិទាមទារពន្ធដារ​ សិទ្ធិតែងតាំងមន្រ្តីរាជការ ​និងចៅក្រម​» ​ ​ប្រមុខរដ្ឋ ត្រូវកំណត់យកសាសនា ដែលត្រូវដើរតាម​ និងសាសនាដែលមិនត្រូវដើរតាម ​គឺត្រូវយកសាសនាណា​​ ជាសាសនារបស់រដ្ឋ ។​​ Thomas Hobbes ចាត់ទុកព្រះមហាក្សត្រ​ ជាមេសាសនាផង ​ជាអាទិទេពផង​  ​ព្រះមហាក្សត្រ ជាអ្នកកាន់អំណាចទាំងពីរ ​។ ​អំណាចសាសនា​ មិនអាចជាគូប្រឆាំង នឹងអំណាចព្រះមហាក្សត្យ​បានឡើយ​ ​។ ​ការគោរពព្រះមហាក្សត្រ ​មិនមែនជាកាតព្វកិច្ចទេ​​ តែជាកាតព្វកិច្ចខាងនយោបាយ  សាសនា​ ជាជំនឿ​ មិនមែនជាកាតព្វកិច្ចខាងសាសនាទេ ​តែជាកាតព្វកិច្ចខាងនយោបាយ​  សាសនា​ ជាជំនឿ​ មិនមែនជាវិទ្យាសាស្រ្តទេ​​ ហើយជំនឿ​ ក៏គ្មានការទាក់ទងនឹងនយោបាយដែរ ។​លោកយល់ថា​​ រាជានិយម​ ជាទំរង់រដ្ឋ​ដែលប្រសើរជាងគេបំផុត ​ប៉ុន្តែលោកមិនបានទទួលស្គាល់នូវអត្ថិភាពនៃអំណាចឋានសួគ៌របស់ព្រះមហាក្សត្រឡើយ​  លោកញ្ជាក់បន្ថែមថា ​​​«ប្រភពដើមនៃអំណាច របស់ព្រះមហាក្សត្រ ​គឺកិច្ចសន្យាសង្គម​ ដែលមហាជនប្រគល់ជូន​» ​
ការវិភាគទៅលើទម្រង់ដឹកនាំ​
ក្នុងករណី មិនទាន់មានទម្រង់ដឹកនាំច្បាស់លាស់ ​លោកចាត់ទុកថា ​ទម្រង់រដ្ឋណាមួយក៏ដោយ ​ឲ្យតែអាចមានអត្ថិភាព ​និងអាចឈរជើងជាប់ នៅក្នុងសង្គមណាមួយនោះបាន ​គឺសុទ្ធតែជាទម្រង់ដ៏ល្អទាំងអស់​  ​នេះបានន័យថា​ ឲ្យតែមានការគាំទ្រ​ពីសំណាក់មហាជន ​ទោះជាមហាជន​ ជាមនុស្សប្រភេទណាក៏ដោយ​  ចំពោះទស្សនទាន ស្តីពីអំណាចរបស់​ Thomas Hobbes គាត់យល់ថា​​ «ច្បាប់ក្តី​ រដ្ឋក្តី​ សុទ្ធតែកើតឡើង ដោយសារកម្លាំង​»​ ។​នៅក្នុងសភាពធម្មជាតិ​ ការខ្លាចជាមូលហេតុ​ ធ្វើឲ្យបាត់សណ្តាប់ធ្នាប់​ តែនៅក្នុងសភាពនយោបាយ គឺពេលដែលមនុស្សមកនៅក្នុងសង្គម​ ការខ្លាច ជាមូលហេតុ ធ្វើឲ្យមានសណ្តាប់ធ្នាប់ទៅវិញ​ ។​ លក្ខណៈបស់រដ្ឋ ​គឺត្រូវធ្វើឲ្យគេខ្លាច​ ហើយក្នុងការកាន់កាប់រដ្ឋ​​ ត្រូវមានកម្លាំងបង្ខំ​ ឬឧបករណ៍អំណាច ​។ ​បេសកកម្មទាំងពីរ របស់រដ្ឋ​ គឺបេសកកម្មបង្រ្កាបខាងក្នុង និងបេសកកម្មការពារខាងក្រៅ​ ។​ ហេតុនេះហើយ ​​ត្រូវមានកងទ័ពខ្លាំង ​​និងអចិន្រ្តៃយ៍​ 
រដ្ឋផ្តាច់ការ ​គឺមិនមែនរដ្ឋ ​ដែលអំណាចព្រះមហាក្សត្រ មានលក្ខណៈផ្តាច់ការនោះទេ ​តែជារដ្ឋដែលមានអំណាចធំជាងគេ​ មិនរណប​ ជាពិសេស​ជាមួយ នឹងអំណាចសាសនា​ ។​ ក្នុងទំនាក់ទំនងរវាងពលរដ្ឋ ​និងពលរដ្ឋ​អ្នកដឹកនាំត្រូវតែផ្តល់នូវយុត្តិធម៌​ ដល់ពួកគេ ឲ្យបានស្មើៗ គ្នា​ ។​ ជាគោលការណ៍​រដ្ឋ ​មិនត្រូវដកហូតនូវអ្វី ដែលជាកម្មសិទ្ធិ​របស់ពលរដ្ឋនោះឡើយ​ ។​ កម្មសិទ្ធិឯកជន​ គឺជាលក្ខខណ្ឌ នៃការរួមរស់ជាមួយគ្នា ​។ ​កម្មសិទ្ធិឯកជន ​គឺជាមធ្យោបាយចាំបាច់ សម្រាប់ឈានទៅរកសន្តិភាព ។​ តែកម្មសិទ្ធិទាំងនេះ មិនអាចគេចផុតពីការទន្រ្ទានពីសំណាក់អ្នកដឹកនាំឡើយ ​​ដូចជាករណីបង់ពន្ធជូនរដ្ឋ ​គឺប្រជាជនម្នាក់ៗ​ ត្រូវតែបំពេញដោយខានពុំបាន​ ។​​
សេរីភាព ត្រូវបានលោកយល់ថា ​ជាសិទ្ធិធ្វើអ្វីៗ គ្រប់យ៉ាង​​ ដែលច្បាប់ មិនហាមឃាត់​  ​លោកអះអាងថា​ «ទីណា ដែលព្រះមហាក្សត្រ មិនបាន​សរសេរហាមពីអ្វីមួយនោះ ​ទីនោះ​ពលរដ្ឋ មានសេរីភាពគ្រប់គ្រាន់ ​អាចធ្វើអ្វីមួយ​ ឬមិនធ្វើអ្វីមួយ​​​បាន ​អាស្រ័យដោយការប្រុងប្រយ័ត្ន​រៀងៗ ខ្លួន ​។ ​​សេរីភាព​អាចលក់​ និងទិញបាន​ ដោយគ្រាន់តែចុះកិច្ចសន្យា​ រវាងគ្នា​នឹងគ្នា ​៕

No comments:

Post a Comment