ការបោះបាយបិណ្ឌជាជំនឿមួយដែលជនជាតិខ្មែរយើងនិយម
ធ្វើជារៀងរាល់វេលាទៀបភ្លឺនៅតាមទីវត្តអារាមក្នុងរដូវ បុណ្យកាន់បិណ្ឌ
ដើម្បីបញ្ជូន ឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដាន សាច់សាលោហិត
ដែលបានចែកឋានទៅបរលោក ។
ព្រះមហាគង់ ផែង គង់នៅវត្តសំពៅមាសនៃរាជធានីភ្នំពេញ មានថិរដីកាប្រាប់កោះសន្តិភាពឱ្យដឹងថា ចំពោះជំនឿលើការបោះបាយបិណ្ឌនេះ ប្រជាជនយើងមួយចំនួនមានគំនិតខ្វែងគ្នា ដោយសារតែពិធីបោះបាយបិណ្ឌនេះមិនមានចែងនៅក្នុងគម្ពីរទេ ក៏ប៉ុន្តែពិធីបោះបាយបិណ្ឌមាននៅក្នុង ជំនឿព្រហ្មញ្ញសាសនាដែលនៅក្នុងព្រហ្មញ្ញសាសនាមានពិធីបោះបាយបិណ្ឌដូច គ្នាដែរ។ ដូច្នេះហើយអ្នកដែលអានគម្ពីរបានរិះគន់ចំពោះច្បាប់ទំនៀមទម្លាប់ខ្មែរ នៅក្នុងពុទ្ធសាសនាមានលក្ខណៈមិនអាចខុសទាំងស្រុងទេនៅក្នុងការបោះ បាយបិណ្ឌនេះ ។
ព្រះសម្មាសម្ពុទ្ធបានត្រាស់សម្តែងអំពីពពួកប្រេតថា មានច្រើនប្រភេទ គឺមានប្រភេទ១២ពួក ប្រភេទ២១ពួក និងប្រភេទ៣ពួក ។ មានប្រេតខ្លះមិនអាចទទួលបានការឧទិ្ទផលបុណ្យពីសាច់ញាតិទេ។ ប្រេតដែលទទួលការឧទិ្ទសកុសលបាននោះ គឺមានតែពពួកប្រេតដែលមានឈ្មោះថា បរាតទោបជីប្រេតប៉ុណ្ណោះ។ ចំណែកឯប្រេតមួយប្រភេទទៀតមានឈ្មោះកុណបាសិក្កកប្រេត គឺអាចស៊ីបានតែរបស់ដែលគេបោះចោលនឹងដីដូចជាស្លេស្ម៍ ខ្ទុះ កំហាក ឈាម សំរាម សំបោរ ជាដើម ដូច្នេះហើយក៏មានការបោះបាយបិណ្ឌឡើង គឺជាពិធីបែបទំនៀមទម្លាប់ ។
ចំណែកឯប្រេតប្រភេទ១២ពួកមាន ៖
ប្រេតទី១- ឈ្មោះវន្តាស ៖ ប្រេតនេះមានភ្នែកគ្រលួង មានមុខក្រញូវ
ដុះរោមច្រើនស្រមូវ មាត់វៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះប៉ោង
ខ្លួនធុំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្គ្រោង
ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់បាយ
ស៊ីតែកំហាកដែលស្តោះចេញពីមាត់គេ ។
ចំពោះប្រេតទាំងនេះមកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លាស្តោះដាក់
អាហារឲ្យអ្នកមានសីលខ្ពស់ ។
ប្រេតទី២-ឈ្មោះកុណបាស
៖ គឺមានពោះធ្លាក់ត្រយោក មុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កាយារស្តោក
ធ្មេញធំប៉ុនដប សក់វែងអូសដី ច្រមុះខើចខ្លី កស្តួចដូចដប
ក្បាលធំជាងខ្លួនមិនសមប្រកប ។ ធុំក្លិនខ្លួនស្អុយអសោចិ៍ ស៊ីតែសពខ្មោច ។
ប្រេតនេះអត់បាយរាប់កោដិឆ្នាំ
ស៊ីតែខ្ទុះឈាមនៃសពខ្មោចឥតបានប្រយោជន៍ទេ បើស៊ីណាស់កាន់តែឃ្លានណាស់
ព្រោះមានផលកម្មចាស់ដែលខ្លួនបានសាងឡើង ។
ប្រេតទី៣-ឈ្មោះគូថខាទក៖
ប្រេតនេះភ្នែករឹលទទឹង មាត់ខើចសំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង
កខ្លីដូចហ៊ីង ។ ក្បាលធំត្រមោង សក់ដុះខាងៗ កណ្តាលរលីង ត្រចៀកកំប៉ិត
ពោះធំកំភ្លឹងរូបរាងស្គមកំព្រឹង ស៊ីតែលាមក ក្លិនស្អុយ
ខ្មោះៗសាច់ស្រែងកក្រោះ ដៃជើងធំស្ទក់ ខំដើរស្កាត់រកគំនរលាមកមកធ្វើចំណី
។ ចំពោះប្រេតនេះ គឺរស់នៅរបៀបនេះរាប់រយកោដិឆ្នាំ រស់ដោយផលកម្ម
គឺពៀរវេរាពីជាតិមុន ជាជនពាលអត់មានសទ្ធាកោងកាចអប្រិយ។
ប្រេតទី៥-ឈ្មោះសូចិមុខ៖
មុខមាត់ស្រួចដូចម្ជុល ក្បាលធំត្រមោង រន្ធមាត់ប៉ុនរន្ធគូទម្ជុល
ដៃជើងធំបែករាងទុលមុល ធំប៉ុនភ្នំ ភ្នែកលៀនក្រឡោត
ក្រចកដៃសោតស្រែងស៊ីសុសដុំ ដុះវែង ក្រាស់ចោតដូចជើងភ្នំ សក់ក្បាល ពុកមាត់
ពុកចង្កាដុះដូចព្រឹក្សា ។
ប្រេតទី៦-ឈ្មោះតណ្ហដិ្ឋត
៖ មានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើង ធំៗ ខ្លួនធំដូចយក្ស សាច់ពព្លាក់ពពាល
ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀង ច្រមុះធំខ្លី រោមដុះស្រមាង
ដៃជើងក្រញាង ធ្មេញសំញេញ បបូរមាត់ស្ពែះយារធ្លាក់សំយេះ ពោះប៉ោងក្រអាញ
ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញដុះស្លែស្រមាញ ។
ប្រេតទី៧-ឈ្មោះសុនិជ្ឈាមក ៖ មានរូបរាងកាយគ្រាំគ្រាគ្មានពេលស្បើយទេ ។ ប្រេតនេះគឺមានកម្មក្រាស់ណាស់ បើមានចំណីគឺពុំអាចស៊ីបានទេ គឺមាត់ដុះកន្ទុយ។ ចំពោះរូបរាងវិញគឺអាក្រក់ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀនស្អុយ ច្រមុះកញ្ឆត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មួរខ្មោះ សាច់ខ្មៅក្ងិត រាងខ្ពស់ស្គមស្វិតដៃជើងក្រោះ ម្រាមដៃដុះចង្កា ។ ត្រចៀកបាក់ធ្លាក់យារដាបដល់ស្មា សក់ក្បាលវែងអាក្រក់ពេកក្រៃ ។
ប្រេតទី៨-ឈ្មោះសត្ថង្គ
៖ មានដំបៅពេញរាងកាយ ក្នុងសាច់សុទ្ធតែពងរុយ មានខ្ទុះពាសពេញខ្លួនប្រាណ
ក្លិនស្អុយគគ្រុក ភ្នែកធំលៀន ច្រមុះធំវែង ពោះធ្លាក់ទ្រយុក
ស្រែកថ្ងូររងទុក្ខ ។ ដោយមានសេចក្តីស្រេកឃ្លាន ខំយកដៃខ្វារពាសពេញប្រាណ
ក្រចកវែងមុត ខ្វេះហែកសាច់បានគឺសាច់ខ្លួនឯង យកមកស៊ីជាអាហារ ប៉ុន្តែបើស៊ីណាស់រឹតតែឃ្លាន
ព្រោះវាមានកម្មក្រាស ណាស់។ នៅក្នុងព្រៃជ្រៅលើកោះ ក៏មានច្រើនណាស់
គគោករាប់ម៉ឺនសែនលាន កាលពីជាតិមុនអត់បានធ្វើបុណ្យ មានចិត្តកាច ។
ប្រេតនេះច្រើនរស់នៅឫស្យា ប្រកែកជាមួយម៉ែឪ ព្រមទាំងវាយគាត់
ប្រើពាក្យប្រមាថជីដូន ជីតា ឬញាតិសន្តានបំភ្លេចគុណគេ បែរជាឲ្យទោសគេទៅ
វិញ ។
ប្រេតទី៩-ឈ្មោះបព្វតង្គ
៖ មានដៃខ្លីជើងខ្លី ខ្លួនវែងជ្រងក់ ធំខ្ពស់ដូចភ្នំ ក្បាលតូច កខ្លី
សាច់រឹងដូចដំរី ។ ចំពោះខ្លួនប្រាណវិញ
គឺមានភ្លើងឆេះរងំឆេះទាំងយប់ទាំងថ្ងៃ ដូចភ្លើងឆេះភ្នំ ។
ស្រេកឃ្លានអាហាររាប់កោដិឆ្នាំ ឃ្លានឥតមានស្រាក តែមិនស្លាប់ព្រោះបានធ្វើបាបកម្មច្រើន
និងទ្រាំរស់នៅបែបបនេះរាប់រយឆ្នាំទៀតលុះអស់កម្មពៀរ។
ប្រេតនេះច្រើនរស់នៅក្នុងដងព្រៃជ្រៅនាហេមពាន្តភ្នំគិជ្ឈកូដ
កាលពីជាតិមុនគឺមនុស្សទុរជន មានចិត្តរឹងរូសចងគំនុំឈ្លោះប្រកែក
និងតាមព្យាបាទគេឯងឥតកោតក្រែងអំពើអាក្រក់ដែលខ្លួនបានសាង ។
ប្រេតទី១០-ឈ្មោះអជគរង្គ
៖ មានក្បាលច្រើនប្រភេទ ដូចជាពស់ថ្លាន់ សត្វខ្លា ឆ្មា គោ ក្របី…។
ប្រេតនេះចម្លែកមានរូបរាងប្លែកខុសប្រក្រតី ខ្លួនជាពស់ថ្លាន់ធំវៀនលើដី
ធំវែងដូចភ្នំ។ ភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃ
ស្រេកឃ្លានអាហារគ្រប់ពេលវេលា ចេះតែថ្ងូរស្រែក ទុក្ខខ្លាំងពេកក្រៃ។
ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅ ឬបុព្វតា ក្បែរសមុទ្រលើដុំសិលា ។
ប្រេតនេះពីជាតិមុនមិនបានធ្វើបុណ្យ ប្រព្រឹត្តប៉ោឡែ មិនខ្លាចម៉ែឪ ជីដូនជីតា ជេរអ្នកមានគុណថាឆ្កែឆ្មា ។ ចំពោះព្រះសង្ឃក៏មិនខ្លាចប្រើពាក្យប្រមាថទៅទៀត ទើបធ្វើឲ្យប្រេតនេះមានក្បាលច្រើនបែបនេះឯង មានភ្លើងគ្រប់ពេលវេលាបែបនេះ ។
ប្រេតទី១១-ឈ្មោះវិមានិក
៖ មានរូបធំទ្រមឹង រាងធាត់ក្រអាញ ដុះរោមជិតឈឹង
ពោះប៉ោងត្រង់ភ្លឹងសម្បើមអស្ចារ្យ ប៉ុន្តែសុខ ទុក្ខស្មើគ្នា ។
តាមធម្មតាដៃកាន់អាវុធ ចិត្តកាចក្លៀវក្លា ។
ប្រេតនេះគេហៅថាយមរាជទៅកាប់សត្វនរកឈាមប្រឡាក់ព្រាច ពីព្រឹកដល់ល្ងាចអត់បាយអត់ទឹកវាយសួរចម្លើយ
កាត់ទោសគ្រប់នរក ត្រួតត្រាលើគេទាំងអស់ ។ ពេលដែលសោយសុខ
គឺក្លាយខ្លួនទៅជាទេវបុត្រកម្លោះ មានរូបល្អឥតខ្ចោះនៅក្នុងឋានសួគ៌
ស្រីទេពអប្សរចោមរោមសុំស្នេហ៍។
ដល់ពេលសោយទុក្ខកើតជាប្រេតចង្រៃរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ។
ប្រេតនេះកាលពីជាតិមុនជាមនុស្សស៊យប្រព្រឹត្តលេលា
បានធ្វើទានខ្លះធ្វើតាមទម្លាប់ គឺបុណ្យក៏ធ្វើបាបក៏ធ្វើក្នុងន័យប្រមាថ
ដូចនេះហើយទើបផលកម្មសងទាំងពីរបែបនេះ ។
ប្រេតទី១២-ឈ្មោះមហិទ្ធិក
៖ រូបល្អពេញទីជាស្តេចនៃប្រេតអ្នកមានឫទ្ធីល្អឥតមានពីរស្មើរូប ទេព្តា
មានគ្រឿងស្លៀកពាក់ស្រស់ស្អាតពេកក្រៃទាស់តែស្រេកឃ្លានអាហារ
អ្វីៗត្រេកអរលើសលន់ខំស្ទុះទៅចាប់ភ្លើងឆេះពេកពន់ បើមិនដូចនោះទេ
ឃើញហើយខំស្ទុះចាប់កើបស្រវាបានដាក់ក្នុងមាត់លេបទៅកាលណា
ស្រាប់តែក្លាយជាដុំដែកក្រហមច្រាលឆ្អៅ ឆេះឆាបក្នុងមាត់ស្រេកឃ្លានណាស់ ព្រោះមានកម្មច្រើន
ក្លិនស្អុយអស្ចារ្យ ល្អតែរូបកាយ ។
ប្រេតនេះកាលពីជាតិមុនបួសក្នុងសាសនាប្រមាថសុសសាយ បួសមិនប្រព្រឹត្តវិន័យ
បួសឆាន់តែបាយ ប្រព្រឹត្តអាក្រក់ធ្វើមិច្ឆាចារ ឆបោកគ្រហស្ថ
ប្លន់លាភសាសនាវិន័យសិក្ខាមិនប្រតិបត្តិ ។


No comments:
Post a Comment