បុរសទី១ ៖ ចាប់អធិប្បាយរឿងកុហកជាដំបូងឡើងថា : កាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន៣ខែ
ម្ដាយខ្ញុំគាត់ចង់ពិសាផ្លែធុរេននៅមុខផ្ទះខ្ញុំ ដើមវា
មានកំពស់ប្រហែល៨ព្យាមហើយមានផ្លែតែមួយផង គាត់មិនដឹងជាគិតដូចម្ដេចនឹងបានផ្លែឈើនោះមកពិសា
។ លុះខ្ញុំបានដឹងថាគាត់ចង់ពិសាផ្លែនោះខ្ញុំក៏ចេញពីផ្ទៃគាត់
តាមទ្វារមាសទៅឡើងបេះធុរេននោះ យកមកជូនគាត់ពិសា, រួចស្រេចខ្ញុំត្រឡប់ចូលទៅក្នុងផ្ទៃគាត់វិញ។
បុរសទី២ថា ៖ កាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន៦ខែ
ឃើញគាត់នឿយហត់លំបាកនឹងធ្វើស្រែ ចម្ការ
ច្បារដំណាំពេកខ្ញុំចេញពីផ្ទៃគាត់មក នៅធ្វើស្រែចម្ការ ឃ្វាលគោ
ក្របី ដណ្ដាំបាយដងទឹក ជំនួសគាត់ ពីព្រឹកព្រហាម លុះល្ងាច, អស់ការធ្វើខ្ញុំចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញ
ជារៀងរាបដរាបមក ។
បុរសទី៣ថា ៖ ឱ ! តាយាយអើយ
ខ្លួនខ្ញុំនេះ
ជាទេវបុត្រច្បុតចុះមកចាប់បដិសន្ធិនឹងម្ដាយខ្ញុំសព្វថ្ងៃនេះខ្ញុំចេញពីទ្វារមាសវេលាណា
បានមកបម្រើគាត់សព្វសារពើ, ដល់ខ្ញុំចាស់ទៀបនឹងស្លាប់ខ្ញុំសុំចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញ
ដើម្បីកុំឲ្យស្លាប់ទាន់ហើយកើតម្ដងទៀតឲ្យបានជាក្មេងឡើងវិញ ។
បុរសទី៤ថា ៖ ខ្លួនខ្ញុំនេះចាប់តាំងតែចេញពីផ្ទៃម្ដាយកាលណាមក
ខ្ញុំរក្សាសីល៥ ចាំសីល៨តែសីលខ្ញុំ
ប្លែកពីសីលអ្នកទាំងពួងចង់ផឹកស្រា ជក់អាភៀនសម្លាប់ជីវិតគេក៏បាន , លុះដល់ខ្ញុំស្លាប់ទៅៗកើតជាទេវតា
សោយរាជសម្បត្តិនៅឋានសួគ៌ ។
បុរសទាំង៤នាក់នោះ
និយាយភូតកុហកគ្រប់គ្នាហើយក៏សួរទៅតាចាស់ដូនចាស់ថា៖ រឿងខ្ញុំនិទានជំរាបទាំងប៉ុន្មាននេះតើតាយាយជឿឬទេ ? តាយាយឆ្លើយតបទៅវិញថា « រឿងនោះតាយាយជឿហើយចៅ ! » ។
តែក្នុងគំនិតគាត់ទាំង២នាក់ គិតឃើញជាស្រេចថា « បុរសទាំងនេះ
សុទ្ធតែនិយាយកុហកទាំងអស់ » ។
ដល់បុរសទាំង៤នាក់នោះ
ទាល់ប្រាជ្ញា ក៏ឲ្យតានោះនិយាយរឿងប្រាប់ម្ដងវិញ, ប៉ុន្តែមុននឹងនិយាយរឿងតាចាស់នោះគាត់បានសន្យាដូចបុរសទាំង៤នាក់នោះដែរ , លុះព្រមព្រៀងទាំងអស់គ្នាទើបតាចាស់និយាយ
។
តាថា « ឱ ! ចៅអើយ ! កាលតានិយាយមកធ្វើចម្ការកប្បាសនេះបាន
៥-៦ឆ្នាំ មានទ្រព្យសម្បត្តិប្រាក់មាសល្មមនឹងចិញ្ចឹមចៅទាំង៤នាក់នេះបាន តែនៅឆ្នាំមួយមុននោះកប្បាសមិនផ្លែសោះ
មិនដឹងជារឿងហេតុអ្វី, មានមួយថ្ងៃតាដើររុកក្នុងចម្ការទៅ
ឃើញដើមកប្បាស១ដើម ទំហំប៉ុនដើមត្នោត
មានផ្លែមួយធំតាក៏ឡើងបេះយកមកផ្ទះដល់តានិងយាយនាំគ្នាមកមើលឃើញមានគ្រាប់៤
ក្នុងមួយគ្រាប់ៗ មានកុមារ ម្នាក់ៗ គ្រប់គ្រាប់ទាំង៤, តាបានឲ្យយាយគាត់បំបៅបីបាច់រក្សា, លុះដល់កុមារទាំង៤នាក់នោះធំវេលា
ណាឡើង ក៏នាំគ្នារត់ចោលតានិងយាយទាំងអស់ទៅ, ឥឡូវតាឃើញចៅទាំង៤នាក់នេះត្រឡប់មកវិញហើយ
។
បុរសទាំង៤នាក់
ភិតភ័យខ្លាំងក៏នាមគ្នាឆ្លើយប្រកែកទៅនឹងតាចាស់ ដូនចាស់វិញថា មិនមែនទេ»តាយាយសួរទៅវិញថា «ហេតុអ្វី
ក៏ចៅថាមិនមែន, បើចៅចេះតែប្រកែកយ៉ាងនេះនុះឃើញថាទាស់ខុសនឹងកិច្ចសន្យាហើយ បើដូច្នេះត្រូវចៅទាំង៤នាក់
មកនៅបម្រើតា ទើបត្រូវនឹងពាក្យសន្យា » បុរសកុហក៤នាក់
គេចមិនរួច ក៏នៅបម្រើតាយាយទៅ ។
ប្រភពដើមៈ សៀវភៅប្រជុំរឿងព្រេងខ្មែរ

No comments:
Post a Comment