ក្នុងកាលកន្លងទៅហើយមានមនុស្សពីរនាក់ជាប្តីប្រពន្ធ។
ថ្ងៃមួយប្តីចេញទៅរកអន្ទង់ដើម្បីជាអាហារ បានអន្ទង់១
យកមកប្រគល់ឲ្យប្រពន្ធ ប្រាប់ថា៖ «ចូរឯងយកអន្ទង់នេះទៅស្លស៊ី»។ ប្រពន្ធឆ្លើយថា «ចុះបើអន្ទង់នេះវែងម្ល៉េះ
បានឆ្នាំងវែងពីណានឹងយកមកស្ងោរអន្ទង់នេះបាន?»។
ប្តីឮហើយ នឹកក្នុងចិត្តថា «ប្រពន្ធអញល្ងង់អីម្ល៉េះ!» ហើយប្រាប់ប្រពន្ធថា «បើឯងរកឆ្នាំងវែងពុំបានទេ
ឯងយកអន្ទង់នេះទៅព្យួរទុកទៅ!» ។
ប្រពន្ធក៏យកអន្ទង់ទៅព្យួរទុក ហើយគេចទៅដេកបំបៅកូនក្នុងមុងទៅ។
ប្តីក៏យកអន្ទង់នោះមកកាប់ចិញ្រ្ចាំ ហើយយកឆ្នាំងមកដាក់ស្លកកូរ លុះឆ្អិនក៏ដោះដួស
រួចហៅប្រពន្ធឲ្យមកស៊ីៗ
រួចលាងចានទុកតែសម្លអន្ទង់នោះសល់បន្តិចនៅបាតឆ្នាំង, ប្តីមិនលាងឆ្នាំងនោះទេ
ហើយចេញទៅភ្ជួរស្រែបាត់ទៅ។ ឯប្រពន្ធ ដឹងថាប្តីចេញទៅបាត់ហើយ
នឹកដល់សម្ល-កកូរអន្ទង់ដែលឆ្ងាញ់ ក៏ស្ទុះក្រោកឡើង
ទៅយកឆ្នាំងនោះមកលិទ្ធ, ដល់ខំលិទ្ធណាស់ទៅ
ក្បាលនាងនោះ ចូលទៅក្នុងឆ្នាំងៗ គ្របជាប់ពីលើ, មិនដឹងធ្វើដូចម្តេចនឹងយកឆ្នាំងនោះចេញបាន
ក៏វារទៅពួនក្នុងមុង។ លុះប្តីត្រឡប់មកពីភ្ជួរស្រែវិញ
រកប្រពន្ធពុំឃើញក៏ស្រែកហៅ ឮសូរឆ្លើយសម្លេងនោះគ្រលរ
ហាក់ដូចជាចំឡែកណាស់ប្តីដើរចូលមករកមើល
ទើបរកដំបងវាយឆ្នាំងនោះបំបែកទៅ ។ ប្រពន្ធលាន់មាត់ស្រែកថា «យ៉ា!អញពួននឹងគាត់ឯងសោះ» ។ ប្តីនឹកអស់សំណើច
ក៏ដើរចេញទៅ ។
អន្ទង់វែងឆ្នាំងវែង
ប្រភពដើមៈ សៀវភៅប្រជុំរឿងព្រេងខ្មែរ

No comments:
Post a Comment