ពិធីបុណ្យមាឃបូជា
មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា ដែលរួមពិធីបុណ្យមាន: មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា) ។ បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនា ឡើងក្នុងលោកនៅ ប្រទេសឥណ្ឌា កាលពី ៥៨៨ ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី ១៥ កើតខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់ ការបង្កើត ព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនា
មួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន ១.២៥០ អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនូវគោលការណ៍ចំនួន១១ ប្រការសម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀតឲ្យបានយល់អំពី ពុទ្ធសាសនា គោលការណ៍ទាំង១១ ប្រការនេះមានឈ្មោះជាភាសាបាលីថា "ឱវាទបាដិមោក្ខ" ដែលពុទ្ធសាសនិកជនម្នាក់ៗត្រូវយកមកសិក្សាឲ្យយល់ដឹងនិងអនុវត្តដូចតទៅ:
១-គោលបំណង
គោលបំណងរបស់ ព្រះពុទ្ធសាសនា ឬក៏ដូចជា
គោលបំណងរបស់ពុទ្ធសាសនិកម្នាក់ៗ គឺសែ្វងរកនិព្វានដែលប្រែថា សភាវ:ប្រាសចាកទុក្ខ
មិនមានសេចក្តីទុក្ខ មិនមានបញ្ហានៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ
មានន័យស្មើនិងពាក្យថា "សន្តិ" ដែលប្រែថា "សេចក្តីស្ងប់" ។
យើងអាចនិយាយថា គោលបំណង របស់ ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវ
សន្តិភាព ក្នុងដួងចិត្តនេះដែរ
ក៏ជាមូលដ្ឋានគ្រឹះនៃសន្តិភាពក្នុងសង្គមដែលខ្លួនរស់នៅផង ។ ការកាន់ ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែងដើម្បីបង្កើតសន្តិភាពដល់ខ្លួន
និងចូលរួមចំណែកដល់សន្តិភាពសង្គម និង ពិភពលោក នេះជាកាតព្វកិច្ចដែលពុទ្ធសាសនិកម្នាក់ៗត្រូវប្រឹងប្រែងធ្វើអោយសម្រេច
។
២-គោលដៅ
សន្តិភាព
ឬនិញ្វន មិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ
និងក៏មិនអាចកើតឡើងដោយសារផ្តល់ឬប្រទានឲ្យដោយចិត្តស្រឡាញ់មេត្តារបស់អាទិទេព
ឬព្រះជាម្ចាស់អង្គណាមួយឡើយ សន្តិភាពនេះកើតដោយសារការសន្សំរបស់សកម្មភាព ៣ យ៉ាងគឺ:
១-ការមិនធ្វើអាក្រក់
ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទមិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី
។
២-ការធ្វើអំពើល្អ
បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យស្ថិតសេ្ថរគង់វង្សក្នុងជីវិតរស់នៅប្រចាំថៃ្ង
ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី ។
៣-ពង្រឹងចិត្តដែលជាមូលដ្ឋាននៃអំពើ
ដោយកម្ចាត់កិលេស ឬមេរោគដែលតោង ចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ
មិនមានសភាវៈអាក្រក់ស្ថិតនៅ ។
៣-លក្ខណៈរបស់ព្រះពុទ្ធសាសនិកជន
លក្ខខណ្ឌទី
១ ៖ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និងកម្ចាត់អំពើអាក្រក់ ។
លក្ខខណ្ឌទី
២ ៖ មិនប្រើអំពើហិង្សាក្នុងការរស់នៅ ។
លក្ខខណ្ឌទី
៣ ៖ មិនប្រើពាក្យបៀតបៀននិងតិះដៀលអ្នកដទៃ ។
លក្ខខណ្ឌទី
៤ ៖ រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ ។
លក្ខខណ្ឌទី
៥ ៖ បរិភោគ ប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ ។
លក្ខខណ្ឌទី
៦ ៖ ចូលចិត្តភាពស្ងប់ស្ងាត់ និងបង្កើតបរិយាកាសស្ងប់ស្ងាត់ ។
លក្ខខណ្ឌទី
៧ ៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ ។
៤-មេរៀនពីបុណ្យមាឃបូជា
ថៃ្ងនេះជាថៃ្ងដែលព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង១១ ប្រការនេះ សម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់ៈ
ចំណុច
១ ៖ ក្នុងឋានៈជាបរិស័ទ ការអនុវត្តតាមប្រការទាំង ១១
នេះនឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ ។
ចំណុច
២ ៖ ក្នុងឋានៈជាពលរដ្ឋ ក្នុងសង្គម ការមានគោលបំណងរួម មានគោលដៅដូចគ្នា
និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវ សន្តិភាព
និងការអភិវឌ្ឍដែលប្រកបដោយនិរន្តរភាព ។
ចំណុច
៣ ៖ ក្នុងឋានៈជាក្រុមបក្សនៅក្នុងសង្គម
ឬប្រទេសជាតិមួយដែលព្យាយាមសែ្វងរកនូវឱកាសដើម្បីរក្សាសន្តិភាព
និងជំរុញដល់ការអភិវឌ្ឍដល់ ប្រទេសជាតិតែឯងនោះ ការគោពតាមគោលការណ៍ទាំង ១១
ប្រការនេះនឹងកាត់បន្ថយបាននូវអស្ថិរភាព ជម្លោះ
និងអំពើហិង្សាដែលកើតមកពីការប្រគួតប្រជែងគ្នាបាន ។
ចំណុច
៤ ៖ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំឲ្យមានការយោគយល់
ការផ្តល់កិត្តិយស ដល់គ្នានិងគ្នា និងការរស់នៅជុំគ្នា ក្នុងឋានៈជាមនុស្សជាតិបាន
បើទោះជាមាន សាសនាខុសគ្នាៗក៏ដោយ
។
ចំណុច
៥ ៖ ក្នុងឋានៈជាអន្តរជាតិ ការគោរពតាមគោលការណ៍នេះ
នឹងនាំមកនូវនិរន្តរភាពរបស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ
និងអាកាសធាតុដ៏យូរអងែ្វងបាន ដោយមិនបាច់ព្រួយបារម្ភក្នុងការដណ្តើមគ្នា ដើម្បីរស់ឡើយ
។
សង្ឃឹមថា
យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះ
នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្តរបស់ខ្លួនក្នុងថៃ្ងនេះ
ដើម្បីបូជានិងរំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានបង្កើត ព្រះពុទ្ធសាសនាសម្រាប់ជាមាគ៌ាជីវិតដល់ពួកយើងទាំងអស់គ្នា ។
ឯកសារយោង
អត្ថបទរបស់លោកធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍
No comments:
Post a Comment