‹‹មេរៀនស្រាវជ្រាវ បង្កើតឡើងក្នុង គោលបំណង ដើម្បើប្រមូល ព័ត៌មាន និង កំណត់ត្រាព្រឹត្តិការណ៍ និងប្រវត្តិសាស្រ្ត ផ្សេងៗ ដូចជា ចំណេះដឹងទូទៅ សេដ្ឋកិច្ច កសិកម្ម ប្រវត្តិសាស្រ្ត សុខភាពជាដើមចេញពីប្រភពផ្សេងៗ ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ គេហទំព័រ ជាដើម សម្រាប់ មិត្តអ្នកអាន ទាំងអស់ ទុកជាដំណឹង បទពិសោធន៍ ចំណេះដឹងថ្មី ។ ទំព័រនេះគឺជាប្រភេទ បណ្តាល័យ អេឡិកត្រូនិកតូច មួយ ដែល ចារឹក ប្រមូលផ្តុំ រក្សាទុក និង ចែករំលែក ឯកសារ ដែលបាន ចេញផ្សាយ ជាសាធារណៈ ដល់ មិត្តអ្នកអានទូទៅ ទុកជា ចំណេះដឹង ឯកសារយោងសម្រាប់ ការសិក្សា ការងារ និង បុព្វហេតុត្រឹមត្រូវ ។ ខ្ញុំសង្ឃឹមថាគេហទំព័រនេះអាចជាជ្រុងមួយសម្រាប់ជាជំនួយដល់បងប្អូនរួមជាតិក្នុងការសិក្សាស្រាវជ្រាវ សូមអរគុណ!

Tuesday, October 14, 2025

ពិធីបុណ្យចូលព្រះវស្សា



តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ។

ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោចខែអាសាធដល់ ១៥កើតខែអស្សុជ) ។ ក្នុងរយៈវេលា៣ខែនេះនៅគ្រប់ព្រះវហារនៃទីវត្តទាំងឡាយ គេតែងរក្សាភ្លើងទៀនព្រះវស្សាឲ្យនៅឆេះជានិច្ច ។ តួទៀនធ្វើអំពីឈើមានទំហំប្រមាណ ២ចាប់ កំពស់២ហត្ថ មានរចនាក្បាច់យ៉ាងល្អ និង រំលេចពណ៌ដ៏ប្រណិតផង ។ ខាងក្នុងតួពុម្ពទៀនមានដោតអំបោះឆៅជាប្រឆេះហើយគេបង្ហូរក្រមួនឃ្មុំចូលទៅក្នុងពុម្ពនោះ ប៉ុន្តែដោយក្រមួនពុំសូវសំបូរ គេនិយមប្រើប្រេងជំនួសវិញហើយចាក់ក្រមួនឲ្យមានកំរាស់តែ៥ធ្នាប់ខាងលើទេ។ លុះឆេះអស់សាច់ក្រមួនហើយទើបឆេះដល់ប្រេងគេធ្វើ ដូច្នេះដើម្បីឲ្យទៀននោះឆេះជាប់ដរាបគ្រប់ ៣ខែ។

កាលដល់ថ្ងៃកំណត់ចូលព្រះវស្សាហើយ ព្រះករុណា ឬ ព្រះរាជវង្សានុវង្សមួយអង្គ ទ្រង់យាងចេញអុជទៀនវស្សាទាំង៤ យ៉ាងឧឡារិកជារៀងរាល់ឆ្នាំ បណ្តាទៀនវស្សាទាំង ៤នោះ​ទៀន១​ត្រូវ​តំកល់នៅហោព្រះរូប ក្នុងព្រះបរមរាជវាំង ដែលជាកន្លែងតំកល់ ព្រះពុទ្ធរូប ។ ទៀន ១ទៀតតំកល់នៅក្នុងហោព្រះអដ្ឋ នៅក្នុងព្រះទីនាំងទេវិនិច្ឆ័យ ដែលជាទីតំកល់នូវកោដ្ឋអដ្ឋធាតុរបស់ក្រុមព្រះរាជវង្សានុវង្ស ។ ទៀនទី៣តំកល់នៅក្នុងហោព្រះខាន់ ទៀនទី៤ តំកល់នៅក្នុងវិហារព្រះកែវមរកត ។

ម្យ៉ាងទៀត ព្រះករុណាទ្រង់តម្រូវឲ្យធ្វើទៀនទៅតំកល់នៅទីវត្ត ក្នុងព្រះរាជធានី និងទីវត្តជិតៗ នាទីក្រុងផងដែរ។ ហេតុនេះហើយទើបទៀនវស្សាព្រះរាជទ្រព្យមានដល់ទៅ១៩ដើម។ នៅថ្ងៃដែលធ្វើពិធីអុជទៀនព្រះវស្សានៅព្រះបរមរាជវាំងក្រុមបារគូបុរោហិតក៏រៀបធ្វើពិធីអញ្ជើញព្រះមហាក្សត្រឲ្យចូលទៅកាន់ព្រះវស្សាដែរ។

ចាប់តាំងពីថ្ងៃពេញបរមីខែអាសាធគឺមុនថ្ងៃចូលព្រះវស្សា១ថ្ងៃ គេសង្គេតឃើញភាពអ៊ូអរស្ទើរ​តែគ្រប់វត្តអារាម។​ពីព្រលឹមព្រះសង្ឃទាំងឡាយដែលនៅក្នុងវត្ត និមន្តចូលទៅក្នុងព្រះវហារ ដើម្បី​ថ្វាយបង្គំព្រះរតនត្រ័យនិងស្វាធ្យាយធម៌ដារបញ្ជផលានិសង្ឃ ដល់វិញ្ញាណក្ខន្នដែលធ្វើមរណកាល​ទៅហើយ ដល់ថ្ងៃត្រង់ពួកទាយកទាយិការៀបចំចង្ហាន់ប្រគេនព្រះសង្ឃឆាន់ពេលល្ងាចព្រះសង្ឃ​សម្តែងធម៌ទេសនាជាការស្រេច។ ថ្ងៃជាបន្ទាប់មកជាថ្ងៃចូលព្រះវស្សា នៅវេលារសៀលគេធ្វើពិធី​ហែ​ទៀន ព្រះវស្សា និងគ្រឿងបរិក្ខាផ្សេងៗមានសំពត់វស្សិកសាដកជាដើម ប្រទក្សិណព្រះវិហារ​ ៣ជុំជាមុន ទើបនាំទៀនចូលទៅ គេវេរទៀនរួចទើបអុជទៀននោះជាក្រោយ ។

នៅឪកាសនេះគេនិមន្តព្រះសង្ឃឲ្យគង់តាមលំដាប់វស្សា ចាស់-ខ្ចី ព្រះសង្ឃដែលចាស់វស្សា​ជាងគេប្រកាសប្រាប់ទីប្រជុំថា ថ្ងៃនេះជាថ្ងៃចូលព្រះវស្សា ដែលមានថេរវេលា៣ខែនោះព្រះសង្ឃពុំអាចនិមន្តទៅផ្ទះឯកជនបាន បើប្រសិនជាគេនមន្ត ឬ បើមានធុរៈ ញោម ឈឺ ឬ ក៏ ឧបជ្ឃាយ៍អាចារ្យឈឺ លោកអាចចេញទៅគង់ក្រៅអារាមបានប៉ុន្តែត្រូវកុំឲ្យហួសពីប្រាំពីរថ្ងៃ ។ មុននឹងចេញទៅលោកត្រូទៅទូលលោកគ្រូជាមេវត្តសិនដោយសន្យានឹងលោកថា នឹងវិលមកវិញឲ្យទាន់អរុណរះនៃថ្ងៃទី៧ ជាមិនខាន ។ ដល់ពេលត្រលប់ចូលទីអារាមវិញភ្លាមត្រូវចូលទៅបង្ហាញខ្លួនដល់លោកគ្រូមេវត្តជាដំណឹង។

ជួនកាលមានព្រះសង្ឃខ្លះពុំបានចូលព្រះវស្សាតាមកំណត់កាលវេលា ដោយមានធុរៈអ្វីមួយ ឬ ដោយរោគាពាធនោះលោកអាដចចូលបច្ឆិមិកវស្សាបានគឺលោកចូលនៅថ្ងៃ ១រោជ ខែ ស្រាពណ៌ ហើយត្រូវគិតវស្សា ឲ្យគ្រប់៣ខែ ដូចលោកដែលចូលមុនគឺត្រូវចេញវិញនៅថ្ងៃ១រោជខែ កត្តិក។

 ពិធីចូលវស្សា ដកស្រង់ពីសៀវភៅ ពិធីប្រចាំដប់ពីរខ្មែរ(ក្រុមជំនុំ ទំនៀមទម្លាប់ខ្មែរ)

--Eeng Kiaheng (ការពិភាក្សា) ម៉ោង០៩:០៨ ថ្ងៃច័ន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១២ (UTC)


 


No comments:

Post a Comment