ពិធីអុជទាន
ពេលប្រារព្ធខួបកំណើត
តាមបែបប្រពៃណីខ្មែរបុរាណបច្ចុប្បន្ននេះ
មានមនុស្សជាច្រើន បាននាំគ្នា ប្រារព្ធខួបកំណើត តាមបែបលោកខាងលិច ដែលគេនិយមហៅថា Birth Day ប៉ុន្តែ ពួកគេ ប្រហែលជាភ្លេចហើយថា ពិធីខួបកំណើតបែបខ្មែរក៏មានដែរ ។
តាមក្បួនខ្នាត ដែលមានសេសសល់ពីបុរាណ និងកំពុងអនុវត្ត នៅក្នុងសង្គមខ្មែរ សព្វថ្ងៃ
ពិធីខួបកំណើតខ្មែរនេះ គេធ្វើឡើងដោយមិនប្រកាន់ក្មេង ចាស់ ប្រុស ស្រី ព្រះសង្ឃ
និងព្រះរាជានោះទេ គឺគ្រាន់តែការហៅខុសគ្នា និងពេលវេលានៃការប្រារព្ធធ្វើ តែប៉ុណ្ណោះ
។ សម្រាប់ព្រះមហាក្សត្រ និងព្រះសង្ឃគេហៅថា ពិធីចម្រើនព្រះជន្ម
តែសម្រាប់មនុស្សសាមញ្ញវិញគេហៅថា ចម្រើនអាយុ ឬខួបកំណើត ។
ការធ្វើបុណ្យខួបកំណើតបែបប្រពៃណីខ្មែរ
ដែលស្ទើរតែបាត់បង់ទាំងស្រុងទៅហើយនោះ ត្រូវបានគេបង្ហាញតាមកញ្ចក់ទូរទស្សន៍ជារឿយៗ
ឡើងវិញ ក្រៅពីនោះ ពិធីនេះ ត្រូវបានគេប្រារព្ធតែ ចំពោះព្រះមហាក្សត្រ
ញាតិវង្សានុវង្ស មន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ និងបណ្ដាជន ដែលមានធនធានសម្បូរហូរហៀរ
។ កាលពីសម័យបុរាណ ពិធីនេះគេច្រើនប្រារព្ធធ្វើរវាង១២ឆ្នាំម្ដង
គឺកំណត់យកតាមថ្ងៃខែឆ្នាំ របស់ម្ចាស់ពិធី តាមប្រតិទិនចន្ទគតិ (ប្រតិទិនពុទ្ធសាសនា) តែដល់សម័យក្រោយមក
គេក៏ឃើញមានការផ្លាស់ប្ដូរ ពីធ្វើរវាង១២ឆ្នាំម្ដង
មកប្រារព្ធធ្វើមួយឆ្នាំម្ដងវិញទៅតាម ធនធាន ។ ជាក់ស្ដែងសព្វថ្ងៃនេះ ពិធីខួបកំណើត
ច្រើនតែរៀបចំសម្រាប់ព្រះមហាក្សត្មនកកករ មន្ត្រីរដ្ឋាភិបាលធំៗ
និងអ្នកមានធនធានមួយចំនួនតែប៉ុណ្ណោះ ។
អត្ថន័យនៃពិធីខួបកំណើតខ្មែរ
ពិធីខួបកំណើតបែបប្រពៃណីខ្មែរ
មានបង្កប់អត្ថន័យអប់រំ ដាស់តឿនមនុស្ស តាមបែបទស្សនវិជ្ជាខ្មែរ
ព្រោះនៅក្នុងពិធីនីមួយៗ សុទ្ធតែបង្កប់នូវអត្ថន័យអប់រំមនុស្ស ឲ្យដើរទៅរកផ្លូវល្អ
មិនមែនចេះតែប្រឌិត ធ្វើដោយគ្មានគោលបំណងពិតនោះទេ នេះបើតាមការឲ្យដឹងរបស់លោក ជា គាន អគ្គលេខាធិការរង គណៈកម្មការបុណ្យជាតិ
និងអន្តរជាតិ ។
លោកបន្តថា
តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ ប្រជាជនខ្មែរបានភ្ជាប់ខ្លួនជានិច្ច
ទៅនឹងរូបភាព អច្ឆរិយៈ ផ្សេងៗដូចជា៖ ដងទន្លេមេគង្គ ទួល ឬអង្គ ភ្នំ សត្វដំរី ជំនឿលើទេវតា អារក្សអ្នកតា
ប្រាង្គប្រាសាទនានា និងសាសនាជាដើម ។
ជំនឿទាំងអស់នេះជាធាតុសំខាន់មួយ
នៅក្នុងខឿនវប្បធម៌ខ្មែរ ដែលគេពុំអាចកាត់ផ្ដាច់ចេញ បានឡើយ លោក ជា គាន បញ្ជាក់ថា
ពិធីខួបកំណើតបែបប្រពៃណីខ្មែរកើតចេញពីជំនឿសាសនាសុទ្ធសាធ ហើយពិធីនេះ
នឹងព្យាបាលចិត្តគំនិត របស់ម្ចាស់ពិធី និងអ្នកចូលរួមពិធី ឲ្យយល់ពីតម្លៃនៃជីវិត
ដែលបានចាប់បដិសន្ធិមក ហើយត្រូវខិតខំធ្វើអំពើល្អ ចេះយោគយល់អាណិតអាសូរ
និងស្រឡាញ់គ្នា ទៅវិញទៅមក។
បើតាមការឲ្យដឹងរបស់លោក ជា គាន បច្ចុប្បន្នប្រជាជនខ្មែរមួយចំនួន
នៅតាមបណ្ដាខេត្តនានា នៅតែធ្វើ ពិធីនេះនៅឡើយ ប៉ុន្តែមានអ្នកខ្លះ ធ្វើចំថ្ងៃកំណើត
អ្នកខ្លះក៏រើសយកថ្ងៃផ្សេង ដែលគេយល់ថា ល្អតាមក្បួនតម្រាផ្សេងៗ និងជាពិសេស
គេច្រើនឃើញមានធ្វើនៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរជាថ្ងៃដែលប្រជាជនខ្មែរយល់ថា
មានជ័យមង្គលបំផុត លើសអស់ថ្ងៃទាំងពួង នៅក្នុងឆ្នាំនីមួយៗ ។
ដំណើរការនៃការប្រារព្ធពិធី
លោកស្រី ស៊ុន សុវណ្ណនី ប្រធានមន្ទីរវប្បធម៌
និងវិចិត្រសិល្បៈខេត្តសៀមរាបបាននិយាយថា ពិធីខួបកំណើត
បែបប្រពៃណីខ្មែរ បានចាប់ផ្ដើមពិធីទីមួយរបស់ខ្លួន ដោយការនិមន្តព្រះសង្ឃមក
សូត្រមន្តរំដោះគ្រោះចង្រៃទាំងឡាយ ឲ្យចៀស ចេញឆ្ងាយ និងនាំចូលមកវិញ នូវសិរីសួស្ដី
ជ័យមង្គល និងលាភសំណាងទាំងពួង ។
បន្ទាប់មកទៀត
គឺពិធីសំពះម្ដាយដើម ដែលសាមីពិធី ត្រូវសំពះនៅចំពោះមុខទៀនមួយគូ ហើយនៅក្នុងទៀននីមួយៗ
មានសរសៃអំបោះចំនួន១២សរសៃ តំណាងឲ្យគុណម្ដាយទាំង១២ ។ រីឯពិធីទីបីវិញ គឺជាពិធីបង្វិលពពិល ការបង្វិលពពិលមានច្រើនបែបដូចជា៖
·
បង្វិល៣ជុំ មានន័យថា
មនុស្សយើងមុននឹងចូលមកចាប់បដិសន្ធិ ក្នុងផ្ទៃមាតាត្រូវដើរក្រឡឹង ចំនួន៣ជុំសិន ។
·
បង្វិល៥ជុំ គឺតំណាងឲ្យគុណព្រះពុទ្ធទាំង៥អង្គ (ព្រះពុទ្ធ
ព្រះធម៌ ព្រះសង្ឃ គុណមាតា និងបិតា) ។
លោកស្រីបញ្ជាក់ថា
ក្នុងការបង្វិលពពិលនោះ គេមិនអនុញ្ញាតឲ្យបុរសចូលរួមបង្វិលទេ គឺមានតែស្ត្រីប៉ុណ្ណោះ
ដែលអាចចូលអង្គុយបង្វិលបាន ។
ពិធីទី៤ គឺពិធីចងដៃ ឬចងព្រលឹង គឺគេយកអំបោះមកចងដៃ
ដែលក្នុងអំបោះមួយខ្សែមានសរសៃអំបោះចំនួន១២ វេញបញ្ចូលគ្នាតំណាង ឲ្យគុណម្ដាយទាំង១២ ហើយនៅចុងបញ្ចប់គឺ
ពិធីស្រោចទឹកកម្ចាត់គ្រោះកាចចង្រៃ ។ លោកស្រី ស៊ុន សុវណ្ណនី បញ្ជាក់ថា
មានពិធីខួបកំណើតខ្មែរខ្លះបានប្រព្រឹត្តធ្វើដល់ទៅ៦ពិធី គឺមានពិធីសែនក្រុងពាលីមួយទៀត ប៉ុន្តែនេះជាពិធីធំមួយដែលត្រូវ ចំណាយច្រើនទាំងពេលវេលា និងធនធានដែល
ជាទូទៅ មានតែអ្នកមានឋានៈខ្ពង់ខ្ពស់ និងព្រះសង្ឃជាដើមដែលត្រូវធ្វើ ។
ពិធីខួបកំណើត
ឬចម្រើនព្រះជន្មអាចនិយាយបានថា ក៏មានប្រើពាក្យរួមមួយទៀតដែរ គឺពិធីអាយុវឌ្ឍនៈមង្គល
ដែលជាទូទៅគេធ្វើរៀងរាល់១២ឆ្នាំម្ដង គឺនៅអាយុ១២ឆ្នាំ អាយុ២៤ឆ្នាំនិង អាយុ៣៦ឆ្នាំ
។នៅពេលធ្វើពិធី អ្នកចូលរួមត្រូវជាភ្ញៀវកិត្តិយសក្ដី ជាសាច់ញាតិក្ដី
ត្រូវប្រសិទ្ធិពរជ័យ សិរីមង្គល និងស្រោចទឹក លាងជម្រះសេចក្ដី មន្ទិលសៅហ្មងទាំងឡាយ
ដែលកើតមាននៅឆ្នាំចាស់កន្លងមក ។
លោក មៀច ប៉ុណ្ណ សមាជិកក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បាននិយាយថា តាមការសិក្សាស្រាវជ្រាវ
ពិធីខួបកំណើត អាចកើតឡើងប្រហាក់ប្រហែលគ្នា ជាមួយពិធីកោរជុក ក្នុងសម័យប្រទេសកម្ពុជាកាន់ព្រហ្មញ្ញសាសនា ព្រោះរបៀបរៀបចំក្នុង ពិធីទាំងមូលស្ទើរតែដូចគ្នាទាំងស្រុង
។
មានពិធីប្រពៃណីខ្មែរផ្សេងៗជាច្រើន
រួមទាំងពិធីខួបកំណើតខ្មែរ នេះផង បានបាត់បង់ និងស្ទើរតែគ្មានអ្នកចងចាំ
និងប្រតិបត្តិឡើយ លោក មៀច ប៉ុណ្ណ និយាយថា
នេះគឺដោយសារតែរយៈពេល នៃការប្រារព្ធធ្វើម្ដងៗយូរពេកគឺរហូត ដល់១២ឆ្នាំធ្វើម្ដង
ទើបធ្វើឲ្យពិធីនេះត្រូវបានគេភ្លេចអស់ ហើយបែរជាំនាំគ្នាមកធ្វើតាមបែបបស្ចិមប្រទេស
ដូចសព្វថ្ងៃវិញ។
ម្ដាយដើមរបស់មនុស្ស
តាមគម្ពីរព្រះពុទ្ធសាសនាម្ដាយដើមមាន៩គឺ៖
·
ម្ដាយទី១៖ ជាអ្នកបង្កើតអាត្ម័នសង្ខារ ។
·
ម្ដាយទី២៖ ជាអ្នកថែរក្សា ។
·
ម្ដាយទី៣៖
ជាអ្នកជូនផ្លូវឲ្យមកចាប់បដិសន្ធិនាឋានកណ្ដាល ។
·
ម្ដាយទី៤៖ ជាអ្នកសង់ផ្ទះឲ្យនៅ
ឬរកផ្ទៃឲ្យកំណើត ។
·
ម្ដាយទី៥៖ ជាអ្នកបង្កើត បំពេញឲ្យមើលឃើញ
ដឹងឮនូវអ្វីៗទាំងឡាយ ។
·
ម្ដាយទី៦៖ គឺម្ដាយដែលបានបង្កើត
និងចិញ្ចឹមថែរក្សាសព្វថ្ងៃនេះ ។
*ចំណែកម្ដាយ៣ទៀតក្នុងសាស្ត្រាលោកថា
ពុំគួរឲ្យសម្ដែងឡើយ បានន័យថា ម្ដាយ៣ទៀតនេះគឺជាអ្នកទទួលជីវិតឲ្យត្រលប់ទៅវិញ ៕
អាចារ្យ ជាអ្នកប្រដៅ
No comments:
Post a Comment